ភ្នំពេញៈ ក្រុមប្រតិភូកីឡាជនពិការកម្ពុជា បានបញ្ចប់បេសកកម្ម ការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៤ (The 4th Asian Para Games) នៅទីក្រុងហានចូវ ប្រទេសចិន ជាផ្លូវការហើយ ចំណែកប្រទេស នៅក្នុងតំបន់អាស៊ានចំនួន ៨ សុទ្ធតែដណ្តើមបានមេដាយ ហើយឥណ្ឌូនេស៊ី បានឈរនៅចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមប្រទេសទាំង ៣៣ ដែលឈ្នះបានមេដាយ។
នៅក្នុងប្រភេទកីឡាចំនួន ៦ សរុបមានអត្តពលិក ២៤ នាក់ ដែលកម្ពុជា បានបញ្ជូនឱ្យទៅចូលរួមការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេមនេះ គឺមានតែកីឡាករហែលទឹក ខូ កូយ ម្នាក់ទេ ដែលបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាហែលកង្កែបចម្ងាយ ១០០ ម៉ែត្រ លើពិការភាពប្រភេទ SB6 (Men’s 100m Breastroke-SB6) បន្ទាប់ពីរូបគេទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួត Heat 1 ដោយប្រើថិរវេលា ១:៣៨.៣២នាទី។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ រវាងកីឡាករជើងខ្លាំងទាំង៨នាក់ ដែលបានធ្វើឡើង កាលពីថ្ងៃទី២៦ ខែតុលា កន្លងមកនេះ ខូ កូយ បានទទួលត្រឹមចំណាត់ថ្នាក់លេខ៥ បើទោះបីជារូបគេធ្វើបានកាន់តែល្អ ជាមួយការប្រើថិរវេលា ១:៣៤.៧៧ នាទីក៏ដោយ ខណៈមេដាយមាស ប្រាក់ និងសំរឹទ្ធ សម្រាប់ការប្រកួតវិញ្ញាសាហែលកង្កែបចម្ងាយ ១០០ ម៉ែត្រ នេះ បានទៅលើកីឡាកររបស់ចិនទាំងអស់។
យ៉ាងណាមិញ ក្រុមកីឡាការិនីបាល់បោះជិះរទេះកម្ពុជាដែលជាក្តីសង្ឃឹមសម្រាប់កម្ពុជា ក្នុងការដណ្តើមបានមេដាយនោះបានត្រឹមចំណាត់ថ្នាក់លេខ ៥ ដោយការប្រកួតលើវិញ្ញាសា៥ទល់៥នាក់នេះ ក្រុមនារីកម្ពុជា បានយកឈ្នះក្រុមឡាវ ជាមួយពិន្ទុ ៦៥-១៥ សម្រាប់ការប្រកួតបើកឆាក កាលពីថ្ងៃទី១៩ ខែតុលា ប៉ុន្តែពួកគេបានចាញ់ក្រុមជប៉ុន ៨៨-១៨ ចាញ់ក្រុមម្ចាស់ផ្ទះចិន ៨៨-២៨ ចាញ់ក្រុមអ៊ីរ៉ង់ ៤៧-៤២ និងចាញ់ក្រុមនារីថៃ ៥៩-១៤។
ចំណែកការវិលមកជួបក្រុមនារីឡាវ ជាថ្មី ចំពោះការដណ្តើមយកលេខ៥ និងលេខ៦នោះ ក្រុមកីឡាការិនីបាល់បោះជិះរទេះនារីកម្ពុជា បានបន្តយកឈ្នះក្រុមឡាវ ក្នុងលទ្ធផល ៦៣-២០ ខណៈក្រុមនារីរបស់ម្ចាស់ផ្ទះចិន បានយកឈ្នះក្រុមនារីជប៉ុន ៦១-៣០ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីឈ្នះបានមេដាយមាស រីឯក្រុមនារីថៃ បានបន្តយកឈ្នះក្រុមនារីអ៊ីរ៉ង់ ៤៦-៣១ ក្នុងការប្រកួតដណ្តើមយកមេដាយសំរឹទ្ធ។
ដោយឡែកក្រុមកីឡាករបាល់ទះអង្គុយកម្ពុជា បានធ្លាក់ត្រឹមវគ្គជម្រុះតាមពូល ក្នុងនាមជាក្រុមចំណាត់ថ្នាក់លេខ៣ ក្នុងពូលB ដោយពួកគេបានចាញ់ក្រុមកាហ្សាក់ស្ថាន ៣សិតដាច់ (៣-០) សម្រាប់ការប្រកួតបើកឆាកកាលពីថ្ងៃទី២៣ ខែតុលា មុនពេលឈ្នះក្រុមថៃ ៣-១ តែការប្រកួតជម្រុះចុងក្រោយជាមួយក្រុមម្ចាស់មេដាយមាស អ៊ីរ៉ង់ ៣-០ គឺកម្ពុជា បានចាញ់ ៣-០។ ចំណែកការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៥ និងលេខ៦រវាងក្រុមធ្លាក់ដូចគ្នានោះ ក្រុមកម្ពុជា បានចាញ់ក្រុមជប៉ុន ៣-១។
ស្រដៀងគ្នានេះ កីឡាករវាយកូនឃ្លីតុរបស់កម្ពុជា យ៉យ កុសល ក៏បានធ្លាក់ចេញពីការប្រកួត លើវិញ្ញាសាឯកត្តជនបន្ទាប់ពីរូបគេបានចាញ់កីឡាករថៃ CHAIWUT Wanchaiក្នុងលទ្ធផល ៣-០ និងបន្តចាញ់កីឡាករហ្វីលីពីន CARTERA Smith Billy ៣-១។ចំណែកកីឡាករវាយសីសេន វ៉ារី ក៏បានធ្លាក់ចេញពីការប្រកួត លើវិញ្ញាសា Men’s Singles SL3 របស់ខ្លួនដូចគ្នា ព្រោះការប្រកួតនេះ វ៉ារី បានចាញ់កីឡាករឥណ្ឌូនេស៊ី RUKAENDI Ukunនិងកីឡាករថៃ BUNSUN Mongkhonក្នុងលទ្ធផល ២-០ ដូចគ្នា មុនពេលរូបគេបានយកឈ្នះកីឡាកររបស់ម៉ុងហ្គោលី MUNKHBAYAR Munkhzul ដោយលទ្ធផល ២-០។
ចំពោះការប្រកួតរបស់កីឡាករអត្តពលិកកម្ម វ៉ាន វ៉ុន លើវិញ្ញាសាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រ (Men’s 100m T54) វិញ ក៏បានបញ្ចប់ដោយលទ្ធផលមិនល្អដូចគ្នា ដោយរូបគេ បានធ្លាក់ក្នុងវគ្គជម្រុះ បន្ទាប់ពីទទួលបានត្រឹមលេខ ៥ ក្នុង Heat 1 ដោយប្រើថិរវេលា ១៥.៧៣ វិនាទី។
តែទោះបីជាយ៉ាងណា ការដណ្តើមមិនបានមេដាយ១ សោះ ពីការប្រកួតAsian Para Games នេះ វាមិនមែនជារឿងប្លែកនោះទេ សម្រាប់ក្រុមអត្តពលិកជនពិការកម្ពុជា ព្រោះការចូលរួមកីឡាអាស៊ីប៉ារ៉ាហ្គេម ចំនួន៣លើកកន្លងមក ក៏ក្រុមកីឡាជនពិការ មិនធ្លាប់ដណ្តើមបានមេដាយដូចគ្នា។ ចំណែកក្រុមអត្តពលិកជនពិការរបស់ប្រទេសឡាវ និងប្រ៊ុយណេ ក៏មិនដណ្តើមបានមេដាយដូចគ្នា។
ផ្ទុយពីនេះក្រុមអត្តពលិកជនពិការរបស់ប្រទេសចំនួន ៨ ទៀត នៅក្នុងតំបន់អាស៊ាន សុទ្ធតែដណ្តើមបានមេដាយ ដោយក្នុងនោះ ឥណ្ឌនេស៊ី បានបង្ហាញភាពលេចធ្លោខ្លាំងជាងគេ ដោយពួកគេអាចដណ្តើមបានមេដាយមាស ២៩ ប្រាក់ ៣០ សំរឹទ្ធ ៣៦ ដើម្បីឈរនៅចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមប្រទេសទាំង៣៣ ដែលបានឈ្នះមេដាយ ក្នុងព្រឹត្តិការណ៍នេះ ខណៈម្ចាស់ផ្ទះចិន បានឈរនៅលេខ ១ ដោយឈ្នះបានមេដាយមាស២១៤ ប្រាក់១៦៧ សំរឹទ្ធ១៤០ រីឯអ៊ីរ៉ង់ ឈរនៅលេខ ២ ដោយបានមាស ៤៤ ប្រាក់ ៤៦ សំរឹទ្ធ ៤១ និងជប៉ុន ឈរនៅលេខ ៣ ដោយឈ្នះបានមាស ៤២ ប្រាក់ ៤៩ និងមេដាយសំរឹទ្ធ ៥៩ រីឯកូរ៉េខាងត្បូង និងឥណ្ឌា ឈរនៅលេខ ៤ និងលេខ ៥។
ជាមួយគ្នានេះក្រុមអត្តពលិកជនពិការរបស់ថៃ ឈ្នះបានមេដាយមាស ២៧ ប្រាក់ ២៦ និងសំរឹទ្ធ ៥៥ ចំណែកប្រទេសហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី និងវៀតណាម ក៏ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ បានច្រើនពីការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេមនេះផងដែរ ចំណែកប្រទេសទីម័រខាងកើត បានឈ្នះមេដាយប្រាក់ ១ និងមីយ៉ាន់ម៉ា ដណ្តើមបានមេដាយសំរឹទ្ធ ៣៕