លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកមូលហេតុដែលលោក ឬរដ្ឋាភិបាលមិនធ្វើអត្ថាធិប្បាយអំពីអធិបតេយ្យភាពទៅលើកោះគុត ដោយបញ្ជាក់ថា កម្ពុជានិងថៃនៅបន្តចរចាព្រំដែនទឹក ហើយមិនដែលបានឯកភាពគ្នានោះទេ។ ដូច្នេះភាគីទាំងសងខាងនៅទាមទារកោះនេះរៀងៗខ្លួន។
ការលើកឡើងបែបនេះ ធ្វើឡើងឆ្លើយតបទៅនឹងមតិរិះគន់ពីមជ្ឈដ្ឋានអ្នកប្រឆាំង និងមតិសាធារណជនខ្លះដែលថា រដ្ឋាភិបាលមានភាពស្ងប់ស្ងាត់ទៅនឹងការអះអាងរបស់ថៃដែលថា កោះគុត ជារបស់ថៃ។ លោកថា ការលើកឡើងនៅក្នុងប្រទេសថៃអំពីកម្មសិទ្ធិលើកោះគុត គឺធ្វើឡើងដោយបក្សប្រឆាំងថៃ។
ថ្លែងនៅក្នុងប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា បញ្ហានេះជារឿងប្រទេសជាតិ និងបូរណភាពទឹកដី ដែលមិនអាចចេះតែនិយាយបានទេ។
លោកថា៖ «គេថារដ្ឋាភិបាលនៅស្ងាត់ច្រៀបដូចចោរលួចសេះ អត់ហ៊ានតតាំងជាមួយថៃពេលដែលគេនិយាយថា ស្អីៗចឹងទៅ។ គេថារដ្ឋាភិបាលជំនាន់ខ្ញុំនេះធ្វើឲ្យបាត់កោះគុត ធ្វើឲ្យបាត់ដែនសមុទ្រខ្មែរ។ គេចោទថា រដ្ឋាភិបាលត្រូវតែប្ដឹងទៅICJ ត្រូវតែពន្យល់»។
លោកបន្តថា៖ «ចម្លើយហេតុអ្វីបានជារដ្ឋាភិបាលនៅស្ងៀមមិននិយាយស្ដី។ ចម្លើយផ្អែកលើមូលដ្ឋានពីរ។ ទីមួយគឺភាពចាស់ទុំខាងនយោបាយ និងទីពីរគឺការទទួលខុសត្រូវចំពោះជាតិ និងប្រជាជន ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ មូលដ្ឋានពីរនេះដែលរដ្ឋាភិបាលមិននិយាយស្ដីពីរឿងនេះ ព្រោះវាមិនមែនជាភាពចាស់ទុំ»។
ចំពោះភាពចាស់ទុំផ្នែកនយោបាយ លោកសំដៅទៅលើការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជានិងថៃ ដោយផ្អែកលើការចរចាតាមយន្តការផ្លូវការ មិនមែនតាមរយៈការឆ្លើយឆ្លងនៅលើបណ្ដាញសង្គម ឬសារព័ត៌មាន។
លោកលើកឡើងថា៖ «រដ្ឋាភិបាលមិនមែនចេះតែនិយាយដូចអ្នកវិភាគទេណា។ អ្វីដែលយើងនិយាយទៅគឺមានទម្ងន់។ សួរថាតើយើងត្រូវលូកដៃចូលប្រទេសគេទេ? គេការពារជារឿងរបស់គេ។ មួយថាបាត់ទឹកដី គេថាខ្មែរយក មួយទៀតថាអត់បាត់។ អីចឹងយើងចាំបាច់យកភ្លើងមកចូលផ្ទះធ្វើអី។ នេះជាភាពចាស់ទុំនៃការសម្រេចចិត្ត។ បើយើងក្មេង លោតលិចលោតកើត លោតមិនស្រួលនាំភ្លើងចូលផ្ទះ»។
លោក ហ៊ុន ម៉ាណែត ថ្លែងថា កម្ពុជានិងថៃ មានគណៈកម្មការពីរសម្រាប់ដោះស្រាយជាមួយថៃ គឺគណៈកម្មការកិច្ចការព្រំដែនគោកចម្រុះ JBC និង គណៈកម្មាធិការបច្ចេកទេសចម្រុះ JTC ដែលធ្វើការចរចាខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក និងកំណត់ព្រំដែនសមុទ្រ។
លោកថា៖ «ទាំងនេះជាយន្តការផ្លូវការ។ រដ្ឋាភិបាលធ្វើការ គឺអីចឹង។ រឿងអ្នកឯង (ថៃ) ជារឿងរបស់អ្នកឯង ខ្ញុំមិនដឹង។ បើអ្នកឯងតវ៉ា ត្រូវនិយាយទល់មុខជាមួយគ្នា ទើបអាចយកជាផ្លូវការបាន»។
បើតាមលោក ហ៊ុន ម៉ាណែត រហូតមកទល់ពេលនេះ ការចរចាកំណត់ព្រំដែនរវាងកម្ពុជានិងថៃ ធ្វើឡើងសម្រាប់តែព្រំដែនគោកប៉ុណ្ណោះ ដោយភាគីបានឯកភាពគ្នាលើចម្ងាយ ៨០៥គីឡូម៉ែត្រ ដែលមានបង្គោល៧៣បង្គោល។
លោកថ្លែងថា៖ «យើងរកឃើញហើយ សន្ធិសញ្ញាបារាំង-សៀម ១៩០៧ កំណត់ព្រំដែនគោក ដែលមានប្រវែង ៨០៥ គីឡូម៉ែត្រនេះ និងបង្គោល ៧៣ យើងរកឃើញអស់ហើយ ដែលយើងបានចរចាគ្នា។ ឥឡូវបានឯកភាពគ្នាបាន ៤២ បង្គោល នៅខ្វះ៣១បង្គោលទៀត។ មិនមែនឃើញហើយឯកភាពនោះទេ គឺមួយមិល្លីម៉ែត្រ [ទៅ] មួយមិល្លីម៉ែត្រ យើងធ្វើការច្បាស់លាស់ណាស់ អស់រយៈពេល ១៨ឆ្នាំហើយ»។
លោកបន្តថា៖ «ដោយឡែកព្រំដែនសមុទ្រ យើងមានដែលធ្លាប់ឯកភាពគ្នាពីអង្កាល់? បានចរចាគ្នាច្រើនដងហើយ នៅតែមិនទាន់មានការឯកភាព។ បើមិនទាន់មានការឯកភាព តើយើងបាត់ស្អី? ខ្ញុំសួរ! ចេះតែថា ក្បត់ជាតិ បាត់កោះ បាត់អី គឺចេះតែថា ព្រោះមិនទាន់មានការឯកភាពគ្នាផងហ្នឹង។ ប្ដឹងទៅ ICJ យ៉ាងម៉េចបើយើងមិនទាន់មានការឯកភាពគ្នា»។
រដ្ឋាភិបាលប្ដេជ្ញាការពារបូរណភាពទឹកដី និងប្រើយន្តការសន្តិវិធី ផ្អែកលើបច្ចេកទេស។ រាជរដ្ឋាភិបាល តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីធ្វើការចរចាជាមួយថ្ងៃលើបញ្ហាព្រំដែនតទៅទៀត។ នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី។
លោកថែមទាំងបានលើកឡើងថា ផ្ទៃដីកម្ពុជាអាចមានទំហំធំជាងផ្ទៃដីផ្លូវការ ១៨១០៣៥ គីឡូម៉ែត្រការ៉េ រហូតដល់ទៅជាង ៤០០គីឡូម៉ែត្រ ពោលគឺមានផ្ទៃក្រឡា ១៨១៤៣៦ គីឡូម៉ែត្រការ៉េ ដោយផ្អែកលើការវាស់សាកល្បងប្រើបច្ចេកវិទ្យា GPS នៅឆ្នាំ២០១២៕