ភ្នំពេញៈ សំបុកសត្វត្រយងចង្កំក ស ត្រូវបានរកឃើញជាលើកដំបូងក្នុងឆ្នាំនេះ នៅក្នុងខេត្តមណ្ឌលគិរី ខណៈកម្ពុជាមានវត្តមាន ប្រភេទសត្វជិតផុតពូជក្នុងពិភពលោកនេះច្រើនជាងគេ រហូតដល់ទៅប្រមាណជា ៩៥ភាគរយ។
អង្គការ WWF-កម្ពុជាបានចាត់ទុកការរកឃើញនេះថា ជាដំណឹងពិសេសមួយ ដោយបានប្រកាសជាសាធារណៈនាថ្ងៃទី២៨ ខែវិច្ឆិកាថា ក្រុមការងាររបស់អង្គការ បានរាយការណ៍អំពីសំបុកសត្វត្រយងចង្កំក ស នៅជិតដែនជម្រកសត្វព្រៃស្រែពក កាលពីសប្តាហ៍មុន។
អង្គការបានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា៖«នេះគឺជាសំបុកដំបូងគេដែលបានរកឃើញក្នុងឆ្នាំនេះ។ ការរកឃើញនេះបានបង្ហាញពីក្តីសង្ឃឹមសម្រាប់ប្រភេទសត្វស្លាបនេះ ដែលមានវត្តមានរស់នៅតំបន់ដីសើម និងជាប្រភេទជិតផុតពូជ»។
អង្គការបានឱ្យដឹងថា ក្រុមការងារកំពុងតែខិតខំប្រឹងប្រែងការពារសំបុកនេះ ទប់ស្កាត់ការរំខានរបស់មនុស្ស ដើម្បីឱ្យសំបុករបសសត្វត្រយងចង្កំក ស អាចមានឱកាសល្អបំផុត សម្រាប់មានកំណើតកូនសត្វថ្មីៗ។
អង្គការ WWF-កម្ពុជាបានលើកឡើងថា ការងារអភិរក្ស និងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ចង់បង្ហាញមានការចូលរួមការពារសត្វព្រៃ និងធនធានធម្មជាតិដ៏មានតម្លៃរបស់កម្ពុជាទាំងអស់គ្នា។
លោក ឌិន ប៊ុនធឿន ប្រធានស្តីទីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា សហគមន៍មូលដ្ឋានបានចូលរួមការពារ សំបុកសត្វនេះ ដែលជាវិធីសាស្រ្តមួយក្នុងការងារអភិរក្សសត្វកំពុងតែជិតផុតពូជនេះ។
លោកថ្លែងថា ក្រៅពីមនុស្ស ក៏មានសត្វព្រៃផ្សេងៗទៀត ទៅរំខានសំបុកសត្វត្រយងផងដែរ។ ហេតុនេះ សហគមន៍បានដាក់វេនគ្នាការពារ។
កម្ពុជាមានវត្តមានសត្វត្រយងច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ ក្នុងនោះ ត្រយងចង្កំក ស ដែលត្រូវបានកត់ត្រាមានចំនួន ៧៨៤ក្បាលដែលស្មើនឹង ៨៧ភាគរយទៅ ៩៥ភាគរយ នៃចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកសដែលមាននៅក្នុងពិភពលោក។
នៅសល់ប្រមាណ ៥ភាគរយទៀតមាននៅក្នុងប្រទេស ឥណ្ឌូនេស៊ី និង ឡាវ ដែលនៅខេត្តជាប់នឹងកម្ពុជា ដូចជានៅស្ទឹងត្រែង និងព្រះវិហារ។
យោងតាមក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា(CIWG)កាលពីដើមខែវិឆ្ឆិកានេះបានឱ្យដឹងថា ការបន្តពូជរបស់សត្វត្រយងចង្កំកស ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយកូនកើតថ្មីចំនួន១៧៥ក្បាល បានហើរចេញពីសំបុកដោយជោគជ័យ។ លើសពីនោះ ការបង្កាត់ពូជសត្វត្រយងចង្កំកស បានជោគជ័យជាលើកដំបូងសំរាប់កម្ពុជា ក៏ដូចជាពិភពលោកកាលឆ្នាំ២០២៣។
ដោយ ឡែកចំពោះ ត្រយងយក្សវិញ នៅលើពិភពលោកមានតែប្រមាណជា ២៩០ក្បាលប៉ុណ្ណោះ។ ក្នុងនោះ វត្តមានវាស្ទើតែ ១០០ភាគរយមាននៅក្នុងប្រទេសកម្ពុជា។ ក្រៅពីនោះ មានសេសសល់បន្តិចបន្តួចនៅប្រទេសឡាវ ខណៈដែលប្រទេសផ្សេងៗទៀតបានផុតពូជអស់ទៅហើយ។
ខេត្តមណ្ឌលគិរី គឺស្ថិតក្នុងចំណោមខេត្តផ្សេងទៀត នៃភាគឦសានប្រទេសកម្ពុជា ដែលក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ទៅលើទីជម្រកដ៍សំខាន់ៗរបស់សត្វត្រយង៕