ភ្នំពេញៈ មន្រ្តីជំនាញ​រដ្ឋបាល​ជល​ផលបាន​លើកឡើងថា ប្រភេទ​ត្រីកម្រ ឬត្រី​កំពុងតែមាន​ពងមួយក្បាល អាច​កើត​កូន​បាន​រហូ​ត​ដ​ល់​ទៅ​ពី៦០ម៉ឺនក្បាល​ទៅ១លានក្បាល ហើយវាជា​ការបាត់បង់​មច្ឆាជាតិ​មួយដ៍​សំខាន់ នៅ​ពេលដែល​មានការបំផ្លាញ ឬបរិភោគ​ត្រីពង ជាពិសេស​គឺ ប្រភេទ​ត្រីកម្រ ដូចជា ត្រីរាជ​ជាដើម។

ការលើកឡើងនេះត្រូវបានធ្វើឡើង ក្នុងរដូវបើកការនេសាទ ដែលជាសារអប់រំ ផ្សព្វផ្សាយមួយ ដើម្បីជម្រុញ​និង​លើក​ទឹ​ក​ចិត្តដល់ប្រជាពលរដ្ឋ ក៏ដូចជាប្រជានេសាទឱ្យធ្វើការដោះលែងប្រភេទត្រី កម្រ និងជិតផុតពូជ ជាពិសេសគឺត្រីពង។

តាមការសិក្សារបស់វិទ្យាស្ថាន​ស្រាវជ្រាវ​ និ​ងអភិវឌ្ឍន៍ជលផលទឹកសាប នៃ​រដ្ឋបាល​ជល​ផល របស់ក្រសួងកសិកម្ម​ ត្រី​​ពងមួយក្បាល គឺវាអាចមានកូនចន្លោះពី៦០ម៉ឺនក្បាល ទៅ១លានកូន។ នេះជាការថ្លែងរបស់ លោក​ ថាច់ ផាណារ៉ា ប្រ​ធាន​មន្ទីរ​ពិសោធន៍ នៃវិទ្យាស្ថាន​ស្រាវជ្រាវ​ និ​ងអភិវឌ្ឍន៍ជលផលទឹកសាប ក្នុងពិធីប្រលែងត្រីរាជមួយក្បាល ទម្ងន់ ១៣២គីឡូក្រាម និងប្រវែងដងខ្លួនជាង២.២ម៉ែត្រ ចូលបឹងធម្មជាតិវិញ ក្នុងខណ្ឌជ្រោយចង្វារ នាពេលថ្មីៗនេះ។

លោកមានប្រសាសន៍ដូច្នេះថា៖«យើងហូបត្រីមួយក្បាល ​ស្មើនឹងយើងហូបត្រី១លានកូន។ អញ្ជឹង​សូមកុំ​ចាប់ត្រី​នៅរដូវ​ពង​កូន ទុកឱ្យវាពងកូន ហើយរដូវបើកនេសាទ សូមបងប្អូនរកចុះ។ កុំប្រើឧបករណ៍នេសាទខុសច្បាប់ ស្បៃមុង ឬឧ​បករ​ណ៍​ឆក់​»។

លោកបានឱ្យដឹងថា ជាទូទៅមន្រ្តីរដ្ឋបាលជលផល តែងតែចុះទៅធ្វើការផ្សព្វផ្សាយដល់ប្រជានេសាទទាំងអស់​តាម​ទ​ន្លេ​សាប ចាប់​ពី​រដូ​វបើ​កនេ​សា​ទ គឺថ្ងៃទី១ ខែតុលា ឱ្យពួកគាត់ប្រលែងត្រីកម្រ រឺត្រីពងចូលបឹងធម្មជាតិវិញ ព្រោះថា ពេលនេះ គឺពេលវេលាត្រីចុះ ហើយ​គន្លង​ដាយ​ត្រី​ចា​ប់​ផ្តើមដាក់ផងដែរ។  

លោកអំពាវនាវថា៖«បើគាត់ចាប់បានឱ្យផ្តល់ឱ្យរដ្ឋបាលជលផល ដើម្បីចុះមកកិបស្លាកសញ្ញា ដើម្បី​លែងវា​ចូល​ធម្ម​ជាតិវិញ ទុកសម្រាប់វាបន្តពូជ ទៅឆ្នាំក្រោយៗទៀត ព្រោះត្រីរាជ ជាត្រីធំជាងគេ នៅទន្លេមេគង្គយើងនេះ»។

ក្រោយពីមានការចុះផ្សព្វផ្សាយជារៀងរាល់ឆ្នាំមក រដ្ឋបាលជលផលបានសង្កេតឃើញថា ប្រជានេសាទកាន់តែច្រើន​បានយល់ដឹង ហើយ​ចូលរួមក្នុងការ អភិរក្សត្រីកកម្រទាំងនេះ។

លោកពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ប្រធានរដ្ឋបាលជលផល បានឱ្យដឹងថា ប្រជាពល​រដ្ឋមួយ​ចំនួន​បាន​ប្រែក្លាយពីការរិះគន់ ទៅជាចូលរួមសហការជាមួយអាជ្ញាធរ ក៏ដូចជាមន្រ្តីជលផលវិញ តាមរយៈការរាយការណ៍ នៅ​ពេល​ដែល​ឃើញ​ប​ទ​ល្មើសនេសាទកើតឡើង។ បន្ថែមពីនោះ ការប្រលែងប្រភេទត្រីកម្រក៏កាន់តែមានច្រើនផងដែរ។

លោកមានប្រសាសន៍ថា៖«ជារឿងល្អមួយទៀត ដែលប្រជាពលរដ្ឋចូលរួម ប្រាប់ពីបទល្មើស។ ចំណុចសំខាន់គឺគាត់​ចាប់បានហើយ លែងទៅវិញតែម្តង ដើម្បីការពារ នូវត្រីកម្រ ត្រីពូជ»។

ត្រីរាជមួយក្បាលនេះ ត្រូវអ្នកនេសាទចាប់បានដោយចៃដន្យ នៅដាយត្រីគន្លងលេខ៣A ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជ​ធានីភ្នំពេញកាលពីថ្ងៃទី៦​ខែធ្នូនេះ។ បន្ទាប់មក លោក​លី សារី ជាម្ចាស់អាជីវ​កម្មឡូលេខ​៣Aបាន​ទាក់ទង​ទៅ​មន្រ្តី​រដ្ឋបាលជលផល ដើម្បីធ្វើការដោះលែងទៅក្នុងបឹងធម្មជាតិវិញ ក្រោមកិច្ចសហការជាមួយ​នឹងគម្រោង​អច្ឆរិយភាព​ទន្លេមេគង្គ។

លោក​លី សារី ដែលបើកអាជីវកម្មនេសាទជិត២០ឆ្នាំ តពីឪពុក និងជីតា តាំងពីសម័យសង្គមរាស្រ្តនិយមបានអំពាវនាវ​ថា៖«ពេលបងប្អូនប្រជានេសាទនេសាទចាប់បានត្រីកម្រនេះហើយ សូមទាក់ទងទៅរដ្ឋបាលជលផល ដើម្បី​ចូល​រួមប្រ​លែង ដើម្បីអភិរក្សត្រីប្រភេទកម្រនេះទាំងអស់គ្នា ឱ្យវាមានច្រើន សម្បូរដូចពីមុនវិញ»។  

វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ ក៏បានលែងត្រីរាជមួយចំនួន ៤ក្បាល ចូលទៅក្នុងបឹងធម្មជាតិវិញផងដែរ នៅថ្ងៃទី១០ ខែធ្នូនេះ។

ប្រភេទ​ដែល​កំពុង​តែ​រង​គ្រោះ​ថ្នាក់ មាន​៥៨ប្រភេទ ដែលក្នុង​នោះ ត្រី​២៩​ប្រភេទ ជាប្រភេទត្រីទឹកប្រៃ និងត្រី​២៩​ប្រ​ភេទ​​ទៀត ជាត្រីទឹកសាប។ ក្នុងនោះរួមមាន ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ បបែល ត្រីប៉ាសាណាក ត្រីកន្រ្តប់ខ្លា ឬ​ប្រភេទត្រីកម្រផ្សេងទៀតជាដើម។ នេះបើយោងតាមរដ្ឋបាលជលផល៕