អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ទូច សុខៈ បាន​អះអាង​ថា ក្នុង​រយៈ​ពេល ៧ ថ្ងៃ​គិត​ចាប់​ពី​ពេល​ដែល​លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​ចេញ​សារាចរ​ហាម​មិន​ឲ្យ​ផ្សព្វផ្សាយ​ល្បែង​ស៊ីសង  សមត្ថកិច្ច​បាន​ធ្វើ​សកម្មភាព​សកម្មភាព​យ៉ាង​សកម្ម​ ហើយ​ចាប់​ពី​ថ្ងៃ​ទី១១​នេះ​តទៅ អ្នក​ល្មើស​នឹង​ប្រឈម​នឹង​វិធានការ​ច្បាប់។

ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី១១ ខែ​ធ្នូ​នេះ​លោក ទូច សុខៈ បញ្ជាក់​ដូច្នេះ​ថា៖ «តាំង​ពី​ចេញ​សារាចរ​ណែនាំ​នេះ​មក យើង​សង្កេត​ឃើញ​ជាក់​ស្ដែង​ថា បង​ប្អូន​ដែល​ពាក់​ព័ន្ធ​ទាំង​អស់​បាន​អនុវត្ត​បាន​ច្រើន​អាច​ថា​ពី​៨០​ទៅ​៩០​ភាគរយ។ ក្នុង​ពេល​នេះ បង​ប្អូន​កង​កម្លាំង​នគរ​បាល​ជាតិ​តាម​រដ្ឋបាល​ដែន​ដី​បាន​ធ្វើ​សកម្មភាព​ចុះ​ណែនាំ​ជាក់​ស្ដែង​ចំពោះ​អ្នក​ដែល​ពាក់​ព័ន្ធ»។

លោក​បន្ត​ថា៖ «ផុត​ឱសានវាទ​នេះ ការងារ​របស់​សមត្ថកិច្ច​នឹង​ធ្វើ​បន្ត​ទៅ​លើ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​ប្រព្រឹត្ត។ បើ​ប្រព្រឹត្ត​ជា​លក្ខណៈ​បុគ្គល​ដែល​យើង​ឃើញ​ជាក់​ស្ដែង យើង​នឹង​កសាង​សំណុំ​រឿង​នៅ​អាច​នៅ​ត្រឹម​ដំណាក់​កាល​សមត្ថកិច្ច ឬ​អាច​ឈាន​ដល់​តុលាការ។

ចំពោះ​គេហទំព័រ​ ឬ​បណ្ដាញ​សង្គម​ដែល​បង្កើត​ដើម្បី​ប្រព្រឹត្ត​ល្បែង​ស៊ីសង​នេះ យើង​នឹង​រៀបចំ​ជា​របាយការណ៍​ជាក់​លាក់ និង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដើម្បី​បិទ​វិបសាយ ឬ​បណ្ដាញ​សង្គម​ទាំង​នោះ»។

យ៉ាង​ណា​ក៏​ដោយ លោក​បញ្ជាក់​ថា​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​នឹង​ពិនិត្យ​លើ​របាយការណ៍​អនុវត្ត​សារចរ​នេះ និង​សម្រេច​ថា​តើ​វិធានការ​បន្ទាប់​នឹង​ធ្វើ​អ្វី​​បន្ត​ទៀត ហើយ​នៅ​ថ្ងៃ​ទី១១​ ខែ​ធ្នូ​នេះ មិន​ទាន់​មាន​របាយការណ៍​អំពី​វិធានការ​ច្បាប់​លើ​បុគ្គល​ណា​មួយ​នោះ​ទេ។

កាល​ពី​កន្លង​ទៅ ការ​ផ្សព្វផ្សាយ​ល្បែង​ស៊ីសង ត្រូវ​បាន​គេ​សង្កេត​ឃើញ​មាន​ទាំង​នៅ​លើ​បណ្ដាញ​សង្គម​និង​នៅ​ក្នុង​សង្គម​ ដូចជា​ការ​ផ្សព្វផ្សាយ​តាម​រយៈ​រ៉ឺម៉ក​ទុក-ទុក និង​តាម​រយៈ​ការ​ផ្ញើរ​សារ​តាម​លេខ​ទូរស័ព្ទ។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា យល់​ឃើញ​ថា ការ​ហាម​មិន​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ល្បែង​អនឡាញ​នេះ​ជា​រឿង​ល្អ។

លោក​ថា​អ្វី​ដែល​រឹតតែ​សំខាន់​គឺ​ការ​ការ​អនុវត្ត​ក្នុង​ការ​ទប់ស្កាត់​និង​តាម​ដាន​ថាតើ​ការ​ទប់ស្កាត់​នេះ​មាន​ប្រសិទ្ធភាព​ឬ​អត់។

លោក​ថា៖ «បើ​យើង​មាន​តម្រុយ​ថា​មាន​ការ​ប្រព្រឹត្ត​ល្បែង​អនឡាញ​ផ្សេងៗ យើង​ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ធានា​បាន​ថា អ្នក​ធ្វើ​រឿង​ខុស​ច្បាប់​ត្រូវ​តែ​ប្រឈម​មុខ​ជាមួយ​ច្បាប់។ ដូច្នេះ គឺ​ផ្សំគ្នា​រវាង​ការ​ផ្សព្វផ្សាយ​អប់រំ និង​ការ៕