ខេត្ដបាត់ដំបង៖ បុរសម្នាក់អាយុ ២៧ឆ្នាំ ជាអតីតព្រះសង្ឃ និងជាអ្នកផលិតមាតិការលើបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងផ្តន្ទាទោសនៅសាលាដំបូង ខេត្តបាត់ដំបង ពីបទរំលោភសេពសន្ថវៈ (ស្ថានទម្ងន់ទោសជនរងគ្រោះជាកុមារ) និងបទល្មើសផលិតរូបភាពអាសអាភាសលើកុមារ។ ជនសង្ស័យនេះត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ។
ការចាប់ខ្លួននេះត្រូវបានធ្វើឡើងដោយក្រុមការងារចម្រុះ LIMA24 ដែលមានការចូលរួមពីក្រសួងមហាផ្ទៃ នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ការិយាល័យសន្តិសុខមាតុភូមី នៃសហរដ្ឋអាមេរិក (HSI) ការិយាល័យទប់ស្កាត់បទល្មើសលើកុមារតាមបណ្តាញអនឡាញ (ICAC) នៃអង្គភាពការពារកុមារ (CPU) និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
យោងតាមអង្គភាពការពារកុមារ (CPU) បានឱ្យដឹងកាលពីនៅថ្ងៃទី ១៣ នេះថា៖ «ក្រុមការងារចម្រុះ LIMA24 បានសហការធ្វើការតាមដានសកម្មភាពរបស់អតីតលោកសង្ឃម្នាក់នេះ បន្ទាប់ពីបានឃើញថាមានរូបភាពអាសអាភាសលើកុមារកម្ពុជា ផលិតដោយជនសង្ស័យនោះផ្ទាល់ ត្រូវបានរូបគេបង្ហោះទៅលើបណ្តាញអនឡាញ។ យើងបានសង្កេតឃើញថាគោលដៅជនរងគ្រោះរបស់គេ គឺកូននេននៅក្នុងវត្តមួយចំនួន ក្នុងខេត្តសៀមរាប និងបាត់ដំបង»។
ការស៊ើបអង្កេតនេះបានកំណត់ជនរងគ្រោះចំនួន ៨នាក់ មានអាយុរវាង ៩ឆ្នាំ ដល់១៤ឆ្នាំ។ ក្រុមការងារចម្រុះការស៊ើបអង្កេតនេះក៏កំពុងតែបន្ត និងធ្វើកោសល្យវិច្ច័យដោយឈានទៅដកហូតភស្តុតាងឌីជីថលជាច្រើន ដែលនឹងអាចកំណត់ជនរងគ្រោះបន្ថែមទៀត។
លោក James McCABE នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បានឱ្យដឹងថា៖ «បុគ្គលនេះគឺជាហានិភ័យដ៏ធំទៅដល់កុមារ ហើយខ្ញុំក៏សូមបង្ហាញជាការកោតសរសើរទៅដល់សមាជិកក្រុមការងារចម្រុះទាំងអស់គ្នា ជាពិសេសចំពោះការឆ្លើយតបរហ័សពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ការិយាល័យសន្តិសុខមាតុភូមិ (HSI) ដែលបានផ្តល់ជាការគាំទ្រក្នុងការស៊ើបអង្កេត និងការឃាត់ខ្លួនជនសង្ស័យផងដែរ»។
លោកបន្ដថា ការស៊ើបអង្កេតនេះគឺជាឧទាហរណ៍ដ៏ល្អប្រសើរមួយ ដែលបង្ហាញពីភាពប្តេជ្ញារបស់រាល់ស្ថាប័នពាក់ព័ន្ធ ក្នុងកិច្ចការពារកុមារពីជនប្រមាញ់តាមប្រព័ន្ធអនឡាញ ហើយក៏ជាសារដ៏សំខាន់មួយសម្រាប់រាល់បុគ្គលទាំងនោះដែលគិតថាប្រទេសកម្ពុជាមិនមានលទ្ធភាពក្នុងការស៊ើបអង្កេតទៅលើបទល្មើសលើកុមារតាមប្រព័ន្ធអនឡាញ។
អ្នកដែលផលិតរូបភាពអាសអាភាសលើកុមារ ហើយចែកចាយ ឬបង្ហោះទៅលើបណ្តាញអនឡាញ ពួកគេនឹងមិនអាចគេចផុតពីសំណាញ់ច្បាប់ឡើយ។
នៅឆ្នាំ ២០១៩ CPU បានបង្កើតអង្គភាពដែលខិតខំប្រឹងប្រែងដំបូងបង្អស់របស់កម្ពុជាដើម្បីដោះស្រាយឧក្រិដ្ឋកម្មអ៊ីនធឺណិតលើកុមារ ដែលចាប់តាំងពីពេលនោះមកបានធ្វើការស៊ើបអង្កេតជាង ១០០ករណី។
ប្រទេសកម្ពុជាបានជួបប្រទះនឹងការកើនឡើងយ៉ាងខ្លាំងនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតលើកុមារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្រុម Internet Crimes Against Children (ICAC) របស់ CPU បានឈានមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនេះ។
ក្រុមការងារ ICAC បានស៊ើបអង្កេតករណីរំលោភបំពានលើកុមារតាមអ៊ីនធឺណិតចំនួន ១១៨ ករណីចាប់តាំងពីការបង្កើតរបស់ខ្លួន ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារកុមារ និងនាំជនល្មើសមករកយុត្តិធម៌។
លោក McCabe បានព្រមានថា៖ «ឧក្រិដ្ឋកម្មកេងប្រវ័ញ្ចលើអ៊ីនធឺណិត និងកុមារអាចស្មុគស្មាញ ហើយអាចកើតឡើងគ្រប់ទីកន្លែងក្នុងពិភពលោក»៕