ភ្នំពេញៈ កម្ពុជា និង​អូស្ត្រាលី បាន​ឯកភាព​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ស៊ី​ជម្រៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆ្លងដែន ខណៈ​អូស្ត្រាលី​បាន​ឯកភាព​ផ្ដល់​ការ​​បណ្ដុះ​បណ្ដាល​ជំនាញ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ដល់​មន្ត្រី​នគរបាល​ជំនាញ​កម្ពុជា។

ការ​ឯកភាព​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​មន្ត្រី​ជាន់ខ្ពស់​អូស្ត្រាលី​ និង​លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា​ក្នុង​ឱកាស​លោក​ដឹក​នាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​​​បំពេញ​ទស្សនកិច្ច​នៅ​អូស្ត្រាលី​រយៈពេល​១​សប្តាហ៍ ដែល​បាន​បញ្ចប់​នា​ថ្ងៃទី១៦ ខែ​មិថុនា។

ក្នុង​ជំនួប​ជាមួយ​លោក ស សុខា ​លោកស្រី Michelle Chan អនុ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម នៃ​ប្រទេស​អូស្ត្រាលី បាន​វាយ​តម្លៃ​ខ្ពស់​អំពី​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា-អូស្ត្រាលី នា​ពេល​កន្លង​មក ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​ផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​រវាង​ថ្នាក់​ដឹកនាំ​កម្ពុជា-អូស្ត្រាលី។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​មហាផ្ទៃ​កម្ពុជា​នា​ថ្ងៃទី​១៦ មិថុនា។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «ភាគី​ទាំងពីរ ក៏​មាន​ការ​យល់ឃើញ​ដូចគ្នា​អំពី​ភាព​ចាំបាច់​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ស៊ី​ជម្រៅ​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆ្លងដែន ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់ ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online) ការ​ជួញដូរ​មនុស្ស និង​ការ​រត់ពន្ធ​មនុស្ស តាម​រយៈ​ក្របខ័ណ្ឌ​ទ្វេភាគី និង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន-អូស្ត្រាលី»។ 

ក្នុង​ជំនួប​ជាមួយ​លោក Andrew Giles រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អន្តោប្រវេសន៍ សញ្ជាតិ និង​ពហុ​វប្បធម៌​នៃ​ប្រទេស​អូស្ត្រាលី ភាគី​ទាំងពីរ​បាន​ផ្លាស់ប្ដូរ​យោបល់ និង​បទពិសោធន៍​លើ​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍ បទល្មើស​បច្ចេកវិទ្យា កំណែ​ទម្រង់​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ការងារ​អន្តោប្រវេសន៍ យុទ្ធសាស្ត្រ​ទេសន្តរប្រវេសន៍ និង​កំណែ​ទម្រង់​កម្មវិធី​ផ្ដល់​ទិដ្ឋាការ ព្រមទាំង​បាន​បញ្ជាក់​អំពី​ឆន្ទៈ​ក្នុង​ការ​បន្ត​ពង្រឹង​ពង្រីក កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ទាំងពីរ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​ថែម​ទៀត។ 

ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា លោក ស សុខា និង​លោក Andrew Giles ក៏​បាន​មើល​ឃើញ​អំពី​ភាព​ចាំបាច់​ក្នុង​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍ បច្ចេកទេស និង​ព័ត៌មាន​ឱ្យ​បាន​ទាន់​ពេលវេលា។ លោក Andrew Giles បាន​ទទួល​យក​សំណូមពរ​របស់​លោក ស សុខា លើ​ការងារ​បណ្ដុះបណ្ដាល​ជំនាញ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ដល់​មន្ត្រី​នគរបាល​ជំនាញ​កម្ពុជា។ 

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «[ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ] ភាគី​កម្ពុជា និង​ភាគី​អូស្ត្រាលី ក៏​បាន​បង្ហាញ​ឆន្ទៈ​ខ្ពស់ និង​ឯកភាព​ក្នុង​ការ​ពិនិត្យ​លទ្ធភាព​បង្កើត​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ការ​ទទួលខុសត្រូវ​របស់​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​មហាផ្ទៃ​អូស្ត្រាលី ក្រសួង​ទទួល​បន្ទុក​កិច្ចការ​អន្តោប្រវេសន៍ សញ្ជាតិ និង​ពហុ​វប្បធម៌ និង​នគរបាល​សហព័ន្ធ​អូស្ត្រាលី នា​ពេល​ខាងមុខ»។ 

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា គណៈ​ប្រតិភូ​កម្ពុជា​ក៏​បាន​ប្រមូល​និង​ច្បិច​យក​បទពិសោធន៍​ល្អៗ​នៃ​ការ​អនុវត្ត​ការងារ​ជំនាញ​បច្ចេកទេស​របស់​អង្គភាព និង​មន្ត្រី​ពាក់ព័ន្ធ​អូស្ត្រាលី ដើម្បី​មក​ធ្វើ​ជា​ធាតុ​ចូល​សម្រាប់​កំណែទម្រង់ និង​ការ​ធ្វើ​ទំនើបកម្ម​ការងារ​ដែល​ពាក់ព័ន្ធ​ផង​ដែរ។

លោក​ ថុង ម៉េងដាវិត អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ​និង​ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ ​និង​គោល​នយោបាយ​សាធារណៈ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ថ្លែង​ថា ការ​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ស សុខា បញ្ជាក់​ពី​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុជា និង​អូស្ត្រាលី ដោយ​អូស្ត្រាលី​មាន​សមត្ថភាព​ជឿនលឿន​ក្នុង​ការ​ប្រមូល​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់ ធនធាន​មនុស្ស និង​បច្ចេកវិទ្យា ដើម្បី​ដោះស្រាយ​ការ​គំរាមកំហែង​តាម​អ៊ីនធឺណិត និង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ស៊ើបការណ៍​សម្ងាត់។

លោក​ថ្លែង​ថា៖ «សន្តិសុខ​តាម​អ៊ីនធឺណិត​គឺជា​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​សន្តិសុខជាតិ ដោយសារ វា​មាន​លក្ខណៈ​សម្ងាត់ និង​ស្មុគស្មាញ។ អូស្ត្រាលី​គឺជា​ដៃគូ​ដ៏​សំខាន់​សម្រាប់​នគរបាល​ជាតិ​របស់​កម្ពុជា តាមរយៈ​ការ​ចែករំលែក​ជំនាញ និង​ព័ត៌មាន​របស់​អ្នក​ជំនាញ និង​មន្ត្រី​អូស្ត្រាលី​ដើម្បី​អាច​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​កម្ពុជា​អាច​កំណត់ និង​ការពារ​កុំ​ឱ្យ​មាន​ការ​គំរាមកំហែង​កើត​ឡើង»។

លោក​ ថុង ម៉េងដាវិត  ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​១៧ ខែ​មិថុនា ថា៖ «កិច្ច​សហប្រតិបត្តិការ​ដ៏​សំខាន់​មួយ ដែល​កម្ពុជា និង​អូស្ត្រាលី​អាច​ដំណើរ​ការ​បាន​គឺ​តាម​រយៈ​លំហាត់​អ៊ីនធឺណិត​រួមគ្នា​ដែល​អាច​ពង្រឹង​ការ​ត្រៀមខ្លួន​របស់​ប្រទេស​ទាំងពីរ​ក្នុង​ការ​ឆ្លើយតប​នឹង​ហេតុការណ៍​តាម​អ៊ីនធឺណិត»។

លោក​កត់​សម្គាល់​ថា ឌីជីថល​ភាវូបនីយកម្ម និង​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន (ICT) គឺ​មាន​សារសំខាន់​សម្រាប់​កំណើន និង​សន្តិសុខ​ជាតិ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​ទទួល​ស្គាល់​ថា ការ​គំរាមកំហែង​ផ្នែក​សន្តិសុខ​ពិភពលោក​បាន​វិវត្ត​កាន់​តែ​ស្មុគស្មាញ និង​គ្រោះថ្នាក់ ជា​ពិសេស​តាម​រយៈ ICT បញ្ញា​សិប្បនិម្មិត (AI) សន្តិសុខ​តាម​អ៊ីនធឺណិត និង​សង្គ្រាម​ដែល​ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក៕