ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ថា កម្ពុជា​មិន​ទាន់​មាន​ការ​ចាំបាច់​ក្នុង​ការ​ហាម​ឃាត់​ការ​នាំចូល​រថយន្ត​ចាស់ៗ​នោះទេ ប៉ុន្តែ​លោក​ណែនាំ​ឱ្យ​​ពង្រឹង​ការ​ត្រួត​ពិនិត្យ​បច្ចេកទេស​រថយន្ត​ឱ្យ​បាន​ច្បាស់​វិញ។

លោកថ្លែងថា កាល​ពី​កន្លង​មក មន្ត្រី​រាជរដ្ឋាភិបាល​បាន​លើក​យោបល់​ទៅកាន់​លោក​ក្នុង​ការ​គិតគូរ​អំពី​ការ​នាំចូល​រថយន្ត​កំណត់​ឆ្នាំ​​ ប៉ុន្តែ​លោក​ច្រាន​ចោល​យោបល់​នេះ ហើយ​លោក​ណែនាំ​ឱ្យ​​ពង្រឹង​ប្រព័ន្ធ​ឆែក​បច្ចេកទេស​រថយន្ត (ឆៀក) ឱ្យ​បាន​រឹងមាំ​វិញ។

លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «កាល​មុន​មាន​ប្រជុំ ដល់​ឧត្តម អូន ព័ន្ធមុនីរ័ត្ន [ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ] ដាក់​សុំ​យោបល់​ខ្ញុំ។ មាន​ប្រជុំ​លើក​យោបល់ ដោយសារ​គិតគូ​ពី​រឿង​បរិស្ថាន។ អ៊ីចឹង ក៏​បាន​គិតគូ​ស្នើ​សុំ​ថា ឥឡូវ​គួរ​តែ​ហាម។ ឆ្នាំ ២០២៤ នេះ​ហាម​មិន​ឱ្យ​នាំចូល​រថយន្ត​ដែល​លើស​អាយុ ១០ឆ្នាំ។ ដល់​ឆ្នាំ ២០៣០ ហាម​មិន​ឱ្យ​នាំ​ចូលរថយន្ត​លើស​អាយុ ៥​ឆ្នាំ​ដើម្បី​យើង​ធានា​រថយន្ត​ឱ្យ​មាន​ល្អ ហើយ​កុំ​ឱ្យ​ខូច​បរិស្ថាន។ ​ខ្ញុំ​ថា ដកចោល​ទៅ»។

លោកថ្លែង​ដូច្នេះ ក្នុង​ពិធី​បើក​ការដា្ឋន​សាងសង់​ស្ពាន​អាកាស​ភ្លោះ ចំណុច​ប្រសព្វ «មហាវិថី សម្ដេច​តេជោ ហ៊ុន សែន» និង​ផ្លូវជាតិ​លេខ​២ ស្ថិត​នៅ​ព្រំប្រទល់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល នា​ថ្ងៃទី​១៧ មិថុនា។

លោក ហ៊ុន ម៉ាណែត ថ្លែង​បន្ត​ថា៖ «មក​ដល់​ម៉ោង​នេះ មិន​ទាន់​មាន​ការ​ចាំបាច់។ ព្រោះ​អ្នកខ្លះ សូម្បី​ឡាន​រត់​តាក់ស៊ី​មួយ​ចំនួន​គាត់​មិន​អាច​ទៅ​រក​អា ៥ឆ្នាំ​មក​ទេ! ​វាថ្លៃ។ ត្រូវ​ពង្រឹង​ប្រព័ន្ធ​ឆែកបច្ចេក​ទេស ព្រោះ​១ឆ្នាំ​យើង​ឆៀក​រថយន្ត​ម្ដង។ ទោះ​រថយន្ត​ហ្នឹង​ក្រោម​ ៥ឆ្នាំ ក្រោម ១០ឆ្នាំ តែបើ​បច្ចេកទេស​វា​អត់ត្រូវ កុំ​ឱ្យ​វារត់ ព្រោះ​អ្នកខ្លះ​ឥឡូវ​ជួន​កាល​យក​រថយន្ត​ពី​ជំនាន់​ដើម Mercedes អីឆ្នាំ​៦៨ [១៩៦៨] យក​មក​ជិះពេញ​ហ្នឹង!»។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​យល់​ពី​ការ​ថែទាំ​បរិស្ថាន។ យើង​មិន​ចង់​ឱ្យ​យក​រថយន្ត​ដែល​ចាស់​យក​មក​ពិបាក ខុស​បច្ចេកទេស​អាច​គ្រោះថ្នាក់​អី​ផ្សេងៗ។ អ៊ីចឹង​ ខ្ញុំ​ថា​មិន​បាច់​ដាក់​កំណត់​ឆ្នាំ​ទេ ប៉ុន្តែ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​បច្ចេក​ទេស​រថយន្ត​ឱ្យ​បាន​ច្បាស់​ នេះទើប​ត្រឹមត្រូវ ហើយ​យើង​ធ្វើបែប​នេះ​ទៅ»។

លោក​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ប្រទេស​មួយ​ចំនួន​បាន​ហាម​មិ​នឱ្យ​នាំចូល​រថយន្ត​ចាស់​នោះ​ទេ ដើម្បី​លើក​ស្ទួយ​ជីវភាព និង​កម្រិត​នៃ​ឧស្សាហកម្ម​រថយន្ត​នៅ​ក្នុង​ប្រទេស​ដែល​ដំឡើង​រថយន្ត។ ប៉ុន្តែ​ចំពោះ​កម្ពុជា លោក​ថា មិនចាំបាច់​ហាម​មិន​ឱ្យ​នាំចូល​រថយន្ត​ចាស់​នោះទេ ហើយ​ថា ក្រុមហ៊ុន​ថ្មី​ដែល​មក​ដំឡើង​រថយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​រាជរដ្ឋាភិបាល​លើកទឹក​ចិត្ត ប៉ុន្តែ​ត្រូវ​មានសិទ្ធិ​ប្រកួត​ប្រជែង​ជាមួយ​នឹង​ការ​នាំចូល​រថយន្ត​ប្រើ «មួយទឹក»។

លោកថ្លែងថា៖  «គាត់​ត្រូវ​ធានា​ថា តម្លៃ​របស់​គាត់​សមរម្យ ធ្វើបាន​ល្អ ប្រជាជន​ទិញ​ហើយ​កុំពិបាក​ពេក! យើង​ចង់ឱ្យ​បាន​រថយន្ត​ល្អ តម្លៃ​កាន់​តែ​ធូរ ឱ្យ​ប្រជាពលរដ្ឋ​យើង​មាន​លទ្ធភាព​ទិញ​ឱ្យ​បាន​ច្រើន។ ប្រើប្រាស់​ទៅ! កម្ពុជា​មិន​ទាន់​ឈាន​ទៅ​ដល់​ការ​ហាម​មិន​ឱ្យ​ផ្ទះ​មួយ​ត្រូវ​តែ​មាន​ឡាន​ប៉ុន្មាន មិនឱ្យ​លើស​ប៉ុន្មាន​ទេ។ យើង​មិនមាន​ទេ។ រដ្ឋ​មាន​តែ​ខិតខំ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​គមនាគមន៍​ឱ្យ​បាន​ល្អ​ជូន​ប្រជាពលរដ្ឋ។ បើគាត់​មាន​លទ្ធភាព ទិញ​ទៅ!»៕