ភ្នំពេញៈ​ ក្រសួង​អភិវឌ្ឍន៍ជន​បទ​គ្រោង​នឹង​សាង​សង់​ផ្លូវ​ដែល​ធន់​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ឱ្យ​បាន​៧៥​ភាគ​រយ​នៃ​ភូមិ​ទាំង​ជាង​​ ១ម៉ឺន​ភូមិ​ត្រឹម​ឆ្នាំ ​២០៣០ ខណៈ​ពេល​បច្ចុប្បន្ន​ស្ទើ​តែ​គ្រប់​ភូមិ​ទាំង​អស់​មាន​ផ្លូវ​ត​ភ្ជាប់​គ្នា​នៅ​ទាំង​ប្រទេស។ 

រដ្ឋមន្ត្រីក្រ​សួង​អភិវឌ្ឍន៍ជនបទ ​លោក​ឆាយ ​ឫទ្ធិសែន​បាន​ពន្យល់​ថា ​ផ្លូវ​ដែល​ធន់​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ​គឺ​ជា​ប្រភេទ​ផ្លូវ​ដែល​ចាក់​កៅស៊ូ ​និង​ផ្លូវ​ចាក់​បេតុង ​ហើយ​ពលរដ្ឋ​អាច​ប្រើ​ប្រាស់បាន​២រ​ដូវ​ គឺ​ទាំង​រដូវ​វស្សា ​និង​ប្រាំង​ផង​ដែរ​។ រីឯ​ផ្លូវ​ដែល​ប្រើ​ប្រាស់​បាន​តែ​មួយ​រដូវកាល​គឺ​ជា​ផ្លូវ​ដី ​ឬក្រាល​គ្រួស​ក្រហម ​ដែល​មាន​ប្រមាណ​ជា ៨០​ភាគរយ​នៅ​ទី​ជន​បទ។

លោក​មាន​ប្រសាសន៍​ថា៖«ផ្លូវ​កៅ​ស៊ូ និង​បេតុង​ហៅថា​ផ្លូវ​ធន់​នឹង​អាកាស​ធាតុ ដែល​មាន​ប្រហែល​១ម៉ឺន​គីឡូម៉ែត្រ។ គ្រោង​ពិសេស​ឆ្នាំ​២០៣០​នេះ ​ធ្វើយ៉ាង​ណា​ឱ្យ​បាន​គ្រប់​ភូមិ ​ឬ​ភូមិ ៧៥​ភាគរយ​នៃភូមិ​ទាំង​ ១៤ ៥៧៧​ភូមិ​នេះ​មាន​ផ្លូវ​តភ្ជាប់​ដោយ​ផ្លូវ​ដែល​ក្រាល​កៅស៊ូ និង​បេតុង។ មាន​ន័យ​ថា ជាផ្លូវ​ដែល​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ ផ្លូវខ្លះ ​ដែលមិន​ធន់​ទៅ​នឹង​ការ​ប្រែ​ប្រួល​អា​កា​ស​ធាតុ​ទេ​ គឺប្រើបាន​តែ​រដូ​វប្រាំង​ទេ។  រដូវ​ស្សាមក​ដល់​លិច​ទឹក ឬ​ដាច់ខូច​ខាត​ដោយ​សារ​តែ​គ្រោះ​ធម្មជាតិ»។ 

លោក​បាន​បន្ត​ថា ​នាពេលបច្ចុប្ប​នេះ ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​គឺ​មាន​ប្រព័ន្ធ​ផ្លូវតភ្ជាប់ទាំង​អស់​រួច​ហើយ ​តែ​បញ្ហា​នៅ​ត្រង់​ថា ​ផ្លូវ​ខ្លះ​អាច​ប្រើ​ប្រាស់​បាន​២​រដូវ​កាល ​និង​ខ្លះ​ទៀត​បាន​តែ​១រដូវកាល។

លោករ​ដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា៖«ចឹង​ទៅ​ថ្ងៃ​អនាគត​នេះ ​យើង​នឹង​ខិត​ខំ​ ធ្វើ​យ៉ាង​ណា​ឱ្យ​បាន​យ៉ាង​ហោច ​ភូមិ​ប្រ​មាណ៧៥​ភាគរយ ​នៃភូមិ​ទាំងអស់​មាន​ប្រព័ន្ធផ្លូវ​ដែល​ធន់​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ​ ដែល​ជា​ផ្លូវ​មាន​កំ​រាល ​បេតុង​ក្តី ​ក្រាល​កៅ​ស៊ូក្តី ​ពោល​គឺ​ធ្វើម៉េច​ឱ្យ​មាន​សមភាព​ក្នុង​ការ​តភ្ជាប់។ នេះជា​កិច្ច​ការ​បន្ត​ត្រូវ​ធ្វើ​ពី​កិច្ចការ​ចាស់»។ 

បច្ចុប្បន​នេះ ​សរុប​ផ្លូវ​ជន​បទ​ដែលបា​នអភិវឌ្ឍ​រួច​ ដែល​ភ្ជាប់​ពី​ភូមិ ​ទៅ​ភូមិ ​ពី​ភូមិ​ទៅឃុំ​ និង​ពីឃុំទៅដល់​ស្រុក​គឺមាន​រហូតទៅដល់​ប្រមាណជា៥ម៉ឺន​គី​ឡូ​ម៉ែត្រ ​ដែល​ស្មើ​នឹង​១៦ ៦០០​ខ្សែ។ 

លោកបាន​ពន្យល់​ថា ​ប្រព័ន្ធផ្លូវ​ជន​បទ​ត្រូវបាន​ចែក​ចេញ​ជាបួន​ប្រភេទ។ ប្រភេទ​ទី ១ ត​ភ្ជាប់ពី​ស្រុក​ទៅស្រុក ដែល​មាន​ប្រហែល​១​ម៉ឺន​គីឡូ​ម៉ែត្រ។ ​វាជាផ្លូវគោល ដែ​លជា​ឆ្អឹង​ខ្នងដ៏​សំខាន់​សម្រាប់​បំរើសេវា​ដល់​ពលរដ្ឋ។ ប្រ​ភេទ​ទី២​ជាផ្លូវភ្ជាប់​ពីស្រុកទៅដល់​ឃុំ ​ឱ្យមាន​ទំនាក់ទំនឹង​រវាង​ឃុំ​និង​ស្រុក ​ប្រហែល១​ម៉ឺន​គីឡូ​ម៉ែត្រ​ដែរ។ ប្រ​ភេទទី ៣​ភ្ជាប់​ពីឃុំទៅ​ឃុំ ដែល​មាន​ច្រើន​ជាងគេ ​គឺ​ជាង​១២ ០០០គីឡូ​ម៉ែត្រ ​ហើយ​ប្រភេទ​ទី ​៤ភ្ជាប់​ពីភូ​មិ​ទៅ​ភូ​មិ មាន​ច្រើនលើស​លុប​គឺជា​២ម៉ឺន​គីឡូ​ម៉ែត្រ។ 

លោក​ថ្លែង​ដូច្នេះ​ថា៖«បើយើង​ស្រម៉ៃ​មើល​ទៅ​តាម​អ្វីដែល​ខ្ញុំ​ជំរាប​នេះ មាន​ន័យ​ថា​ជន​បទ​របស់​យើង​ គ្រប់​ភូមិ​ទាំង​អស់​៩០​ភាគ​រយ ឬ​លើស​ពី​ហ្នឹង​ផង​តាម​ពិត​ គឺ​ត្រូវបាន​តភ្ជាប់គ្នា​ មិនមាន​ដាច់ទេ។ រក​ភូមិ​ណា​ដែល​គ្មាន​ផ្លូវ​ទៅដល់​ប្រហែលជាគ្មាន​ទៀត​ទេរហូត​មក​ដល់​ពេល​នេះ»។

ក្រសួង​ក៏កំពុងតែយកចិត្ត​ទុកដាក់​ថែមទៀត ​ក្នុងការ​ពង្រឹង​គុណ​ភាព​ផ្លូវ​ ក្នុងនោះ​គឺការ​ស្វែង​រកនូវវ​ត្ថុធាតុ​ដើម​ថ្មី​ ឬ​បច្ចេកទេស​ថ្មី ដែល​អាចមាន​តម្លៃ​សាងសង់​ថោក​ជាង​មុន។ ក្នុង​ចំនួន​ការ​ចំណាយ​ទឹក​ប្រាក់​ដដែល តែ​បាន​បរិមា​ណ​ច្រើន​ជាង​មុន និង​ប្រកបដោយ​គុណភាព។​

យន្តការ​នៃការសាង​សង់​ផ្លូវ​រប​ស់ក្រសួង​មាន​ការ​ឯកភាព​យក​ថវិការ​ជាតិទៅ​អនុវត្ត​ហើយ។ ពេល​អនុវត្តមាន​ក្រុម​ការ​ងារ​បច្ចេកទេស​ចុះត្រួត​ពិនិត្យ​តាម​ដាន​គ្រប់​ពេល​វេលា​ ហើយ​បើផ្លូវ​ធ្វើ​អត់​ទាន់ពេល​វេលា​កំណត់​ ក្រុម​ហ៊ុន​នោះនឹង​ត្រូវ​ផាក​ពិន័យ ដូចជា​ដាក់​ក្នុង​បញ្ជី​ខ្មៅ ហើយ​ឱ្យ​ធ្វើ​សង​ឱ្យ​គ្រប់​។

លោករដ្ឋ​មន្រ្តី​បាន​លើក​ឡើង​ថា ចំពោះ​គម្រោង​ស្ថាបនា​ផ្លូវ​គឺ​មាន​ការ​ដេញ​ថ្លែ ​និង​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវផងដែរ។ 

លោក​បានថ្លែង​ដូច្នេះថា៖«កន្លែង​ប្រើ​ប្រាស់ច្រើន ​សឹក​ច្រើន ​គឺសាង​ផ្លូវបេតុង​តែម្តង ​ដែល​លែង​មាន​ហានិភ័យ។ ចំពោះផ្លូវ​ដែលមិន​សូវ​ប្រើ​ប្រាស់ ​ឬឆ្លង​កាត់ ​ធ្វើ​ក្រាល​កៅស៊ូ២​ជាន់។ ចឹងយើង​បាន​បង្ខិត​ភាពអវិជ្ជមាន​ឱ្យកាន់​តែ​រួម​តូចផង​ដែរ​ ដើម្បី​ឆ្លើយ​តបជាមួយ​នឹង​តម្រូវ​ការ​នៃ​ភាព​រឹងមាំ​រប​ស់ផ្លូវនេះ​ឯង​ទៅ​ថ្ងៃអនាគត»។​

លោកពិត ​ករុណា ​អ្នកនាំពាក្យ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​បាន​ថ្លែង​ថា​គម្រោង​សាងសង់​ផ្លូវ​ដែល​ធន់​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ​នោះ​គឺ​មិន​មាន​កំណត់​ថា​នឹង​ធ្វើ​នៅ​ក្នុង​ខេត្ត​ណាមួយ​នោះ​ទេ ​គឺ​អាស្រ័យ​ទៅ​លើ​ភាព​ចាំ​បាច់ ​និង​តំរូវ​ការ​ជាក់​ស្តែង។   

លោកបាន​បញ្ជាក់​ថា៖«ចំពោះ​ការ​ស្ថាប័នា​ផ្លូវ​ជា​គោល​ការ​គឺ​យើង​ស្ថាបនាថ្មី​៣០​ភាគ​រយ និង​ពង្រឹង​គុណភាពផ្លូវ៧០​ភាគ​រយ។ អ្វី​ដែល​យើង​ពង្រឹងនេះ​គឺ​យើង​ព្យា​យាម​លើក​កម្ពស់​ធ្វើ​ម៉េច​ផ្លូវ​យើង​ដែល​អាច​ធន់​នឹង​អា​កាស​ធាតុ ​ដែល​ជា​ប្រភេ​ទ​កៅ​ស៊ូ២ជាន់​ និង​ផ្លូវ​បេ​តុង»។ 

រដ្ឋ​បាល​ខេត្ត​កំពត​ក៏​គ្រោង​នឹង​ផ្លាស់​ប្តូរ​ផ្លូវ​កៅ​ស៊ូ​ក្នុង​ក្រុង ​ឱ្យ​ទៅ​ជា​ផ្លូវបេតុង ​ដើម្បី​ប្រើប្រាស់​បាន​យូរ​អង្វែង ដែល​ធន់​ទៅ​នឹង​អាកាស​ធាតុ​ផង​ដែរ។ នេះ​ដោយ​សារ​តែ​ខេត្ត​កំពត ​គឺ​ជាខេត្តជាប់​នឹង​តំបន់ឆ្នេរ​សមុទ្រ ​ដែល​អាកាស​ធាតុ​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន ​ហើយប​ណ្តាល​ឱ្យផ្លូវ​ក្រាលកៅស៊ូ​ងាយ​នឹង​រង​ការ​ខូច​ខាត។ 

អភិ​បាល​ខេត្ត ​លោក ​ម៉ៅ ធនិន បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំគណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តនា​ថ្ងៃ​ទី២២ ​ខែ​ឧស​ភា​កន្លង​មក​ថា៖«ដោយ​សារ​ខេត្ត​កំពត​ គឺ​ជា​ខេត្ត​ដែល​ជាប់​នឹង​តំបន់​ឆ្នេរ ហើយ​អាកាសធាតុ​អាច​មាន​ការ​ប្រែ​ប្រួស​ឆាប់​រហ័ស ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​ដើម ដែល​អាច​បណ្តាល​ឱ្យផ្លូវ​ដែលក្រាល​កៅស៊ូ​ឆាប់​ទទួល​រង​ការ​ខូច​ខាត​ ពិសេស​នៅ​រដូវ​វស្សា ​ដូច្នេះ​ដើម្បី​ឱ្យផ្លូវ​ក្នុង​ក្រុងទាំង​អស់​មាន​គុណភាព​ប្រើប្រាស់​បាន​យូរ​ ចំណេញ​ថវិកាជាតិ ​រដ្ឋបាល​ខេត្តនឹង​ផ្លាស់​ប្តូរការ​ស្ថាបនា​ផ្លូវ​ក្រាល​កៅ​ស៊ូ ទៅជា​ផ្លូវ​បេតុង​ទាំង​អស់​ក្នុង​ក្រុង ​និង​ផ្លូវ​តភ្ជាប់​ទៅកាន់​តំបន់​សំខាន់ៗ​មួយ​ចំនួន​ទៀត»។ នេះ​បើយោងតាម​មន្ទីរ​ព័ត៌​មាន​ខេត្ត​កំពត៕