ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក សុខ ចិន្តាសោភា បាន​បញ្ជាក់​សា​ជា​ថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​អនុវត្ត​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ២០២៥ ប្រកប​ដោយ​ប្រសិទ្ធភាព​ដើម្បី​ពង្រឹង​សហគមន៍​អាស៊ាន។

លោក សុខ ចិន្តាសោភា ដែល​ជា​ឧប​នាយករដ្ឋមន្ត្រី ​បញ្ជាក់​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៧ នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ នា​ថ្ងៃ​ទី២៥ ខែ​កក្កដា។

ក្រសួង​ការបរទេស​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃ​ទី​២៦ កក្កដា ​ថា៖ «ឯកឧត្ដម​ឧប​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​សាជាថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​អនុវត្ត​ឱ្យ​បាន​ពេញលេញ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ២០២៥ ក្នុង​គោលបំណង ពង្រឹង​សហគមន៍​អាស៊ាន ក៏ដូចជា​មជ្ឈភាព​និង​ឯកភាព​អាស៊ាន តាមរយៈ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឆ្លង​សសរស្ដម្ភ​សហគមន៍​ទាំង​បី»។ 

រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​បាន​ពិភាក្សា​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន និង​វឌ្ឍនភាព​ក្នុង​ការ​សម្រេច​បាន​នូវ​អាទិភាព និង​សមិទ្ធផល​សំខាន់ៗ​របស់​អាស៊ាន​សម្រាប់​ឆ្នាំ២០២៤ ស្រប​តាម​មូលបទ​នៃ​ភាព​ជា​ប្រធាន​អាស៊ាន​របស់​ឡាវ «អាស៊ាន ការ​ពង្រឹង​ការ​តភ្ជាប់ និង​ភាព​ធន់» ដើម្បី​ធានា​ថា​អាស៊ាន​នៅតែ​អាច​ឆ្លើយតប​ទៅ​នឹង​ការផ្លាស់ប្ដូរ និង​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ពេល​អនាគត ហើយ​នៅតែ​បន្ត​ដើរ​តួនាទី​ជា​មជ្ឈមណ្ឌល​នៃ​កំណើន​សាកល។ 

លោក សុខ ចិន្តាសោភា ក៏​បាន​ថ្លែង​កោត​សរសើរ​ក្រុមការងារ​ជាន់ខ្ពស់​ស្តីពី​ចក្ខុវិស័យ​ក្រោយ​ឆ្នាំ​២០២៥​ចំពោះ​វឌ្ឍនភាព និង​សន្ទុះ​ក្នុង​ការ​អភិវឌ្ឍ​ផែនការ​យុទ្ធសាស្ត្រ​សហគមន៍​នយោបាយ-សន្តិសុខ​អាស៊ាន ផែនការ​យុទ្ធសាស្ត្រ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ផែនការ​យុទ្ធសាស្ត្រ​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន និង​ផែនការ​យុទ្ធសាស្ត្រ​តភ្ជាប់​អាស៊ាន​ឱ្យ​បាន​ទាន់​ពេល​សម្រាប់​ការ​អនុម័ត​ទន្ទឹម​នឹង​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០៤៥ នៅ​ឆ្នាំ​ក្រោយ។

លោក ឯក ប៊ុនលី អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ខ្មែរ​សិក្សា​កិច្ចការ​តំបន់ (CCRS) ថ្លែង​ថា ការ​បញ្ជាក់​សាជាថ្មី​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា​នេះ​បើក​ចំហ​អំពី​ការ​គាំទ្រ និង​វឌ្ឍនភាព​របស់​ប្រទេស​កម្ពុជា​ទៅ​លើ​ផែនការ​របស់​សហគមន៍​អាស៊ាន​ដែល​បាន​អនុម័ត​តាំង​ពី​ឆ្នាំ២០១៥​នៅ​ប្រទេស​ម៉ាឡេស៊ី។ ចក្ខុវិស័យ​នេះ​បាន​ជំរុញ​ឱ្យ​ប្រទេស​នៅ​ក្នុង​សហគមន៍​អាស៊ាន​ពង្រឹង​នូវ​ភាព​សហការ​ទៅ​លើ​ផ្នែក​នយោបាយ​សន្តិសុខ ផ្នែក​សេដ្ឋកិច្ច និង​លើក​កម្ពស់​ការ​ផ្លាស់ប្ដូរ​ទំនាក់​ទំនង​សង្គម​និង​វប្បធម៌​រវាង​សមាជិក​អាស៊ាន​ទាំងអស់ រួម​ទាំង​កម្ពុជា​ផង​ដែរ។ 

លោក​ថ្លែង​ថា៖ «នៅ​ពេល​ទៅ​មុខ​ទៀត​ខ្ញុំ​គិត​ថា​ការ​សហការ​រវាង​សមាជិក​អាស៊ាន​នឹង​កាន់​តែ​ឆ្ពោះ​ទៅ​មុខ ជា​ពិសេស​ផ្នែក​សហការ​សេដ្ឋកិច្ច។ ប៉ុន្តែ​សំណួរ​ដែល​ពិបាក​ឆ្លើយ​ចំពោះ​អាស៊ាន​នៅ​ពេល​ឆ្នាំ​២០២៥​កន្លង​ផុត​ទៅ​នោះ​គឺ តើ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០១៥-២០២៥ ​នេះ​បាន​បង្រៀន​អ្វីខ្លះ​ដល់​អាស៊ាន​ដែល​អាច​ជា​មេរៀន​សម្រាប់​យក​ទៅ​អភិវឌ្ឍ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ក្រោយ​ឆ្នាំ២០២៥»។ 

លោក ឯក ប៊ុនលី បន្ថែម​ថា៖ «សំណួរ​ដែល​ពិបាក​ជាង​នេះ​សម្រាប់​អាស៊ាន ប៉ុន្តែ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សហគមន៍​ទៅ​ថ្ងៃ​មុខ​នោះ​គឺ តើ​វិស័យ​ណា​ខ្លះ​នៅ​ក្នុង​ចក្ខុវិស័យ​២០១៥-២០២៥​នេះ ដែល​អាស៊ាន​បរាជ័យ​សម្រេច​មិន​បាន? ហើយ​មក​ពី​មូលហេតុ​អ្វី? នៅ​ពេល​ដែល​សមាជិក​អាស៊ាន​មាន​ភាព​ស្មោះត្រង់​ក្នុង​ការ​វិភាគ និង​ឆ្លើយ​សំណួរ​ទាំង​នេះ ខ្ញុំ​គិត​ថា ចក្ខុវិស័យ​ក្រោយ​ឆ្នាំ ២០២៥ គឺ​ពិតជា​នឹង​កាន់តែ​ល្អ​ប្រសើរ​ឡើង​នៅ​ថ្ងៃ​អនាគត»។ 

លោក​បន្ត​ថា សហគមន៍​អាស៊ាន​គឺ​នៅ​មិនទាន់​ល្អ​ឥត​ខ្ចោះ​ទេ។ ប៉ុន្តែ ប្រសិន​បើ​សមាជិក​អាស៊ាន​មាន​ការ​ប្ដេជ្ញា​ចិត្ត​ប្រកប​ទៅ​ដោយ​ឆន្ទៈ និង​សកម្មភាព នោះ​នឹង​មិន​មាន​តែ​លក្ខណៈ​វោហារសាស្ត្រ ហើយ​លោក​ជឿជាក់​ថា សហគមន៍​នេះ​នឹង​ក្លាយ​ទៅ​ជា​សហគមន៍​មជ្ឈិម​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ ប្រមុខ​ការទូត​កម្ពុជា​ក៏​បាន​បញ្ជាក់​សាជាថ្មី​អំពី​សារសំខាន់​នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍ (TAC) ក្នុង​ការ​លើកកម្ពស់​ទំនាក់ទំនង​ប្រកប​ដោយ​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដែល​ជា​ផលប្រយោជន៍​រួម។ 

លោក​បាន​ប្រកាស​ស្វាគមន៍​នូវ​ចំណាប់​អារម្មណ៍​ជា​បន្តបន្ទាប់​របស់​ប្រទេស​ដែល​នៅ​ក្រៅ​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​ការ​ស្នើ​សុំ​ចូល​ជា​ភាគី​នៃ​សន្ធិសញ្ញា TAC ហើយ​ទន្ទឹង​រង់ចាំ​ការ​ចូល​ជា​ភាគី​នៃ​សន្ធិសញ្ញា TAC ដោយ​ប្រទេស​ហ្វាំងឡង់ លុចហ្សំបួរ អេស្ប៉ាញ ម៉ិកស៊ិក និង​អាល់ហ្សេរី។ កិច្ចប្រជុំ​ក៏​បាន​ស្វាគមន៍​ភាព​ជោគជ័យ​នៃ​ការ​រៀបចំ​សន្និសីទ​ភាគី​ហត្ថលេខី​នៃ​សន្ធិសញ្ញា TAC នៅ​ថ្ងៃទី២៦ ខែ​មិថុនា ឆ្នាំ២០២៤ នៅ​លេខាធិការដ្ឋាន​អាស៊ាន នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី។

នៅ​ក្នុង​ប្រជុំ​ចង្អៀត រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​ពិភាក្សា​អំពី​ការ​តាមដាន​ការ​វាយតម្លៃ និង​សេចក្ដី​សម្រេចចិត្ត​របស់​ប្រមុខ​ដឹកនាំ​អាស៊ាន​ស្ដីពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥ចំណុច និង​បាន​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​ទៅលើ​ទំនាក់ទំនង​ខាង​ក្រៅ​របស់​អាស៊ាន និង​មជ្ឈភាព​អាស៊ាន​នៅ​ក្នុង​និម្មាបនកម្ម​តំបន់​ដែល​កំពុង​វិវត្ត ក៏ដូចជា​បញ្ហា​តំបន់​និង​អន្តរជាតិ​ដែល​ជា​កង្វល់ និង​ប្រយោជន៍​រួម។

រដ្ឋមន្ត្រី​អាស៊ាន​ទាំងអស់​ក៏បាន​ពិភាក្សា​អំពី​វិស័យ​នៃ​កិច្ច​សហប្រតិបត្តិការ​មួយ​ចំនួន រួមមាន ​អន្តរកាល​បៃតង សេដ្ឋកិច្ច​ពណ៌ខៀវ ការ​ប្រែប្រួល​អាកាសធាតុ សន្តិសុខ​ថាមពល​និង​ស្បៀង ​បរិវត្ត​កម្ម​ឌីជីថល និង​ភាព​ធន់​នៃ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់។ល៕