សម្តេចប៉ាប ​ហ្វ្រង់ស៊ីស​ នឹង​បញ្ជូន​គណ:​ប្រតិភូ​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​សៀមរាប-អង្គរ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ និង​បាន​កោត​សរសើរ​កម្ពុជា​លើ​កិច្ច​ការងារ​មនុស្សធម៌​ដើម្បី​លុប​បំបាត់​គ្រោះ​ថ្នាក់​ដោយសារ​គ្រាប់​មីន។

ការ​បញ្ជាក់​របស់​សម្ដេច​ប៉ាប ហ្វ្រង់ស៊ីស អំពី​ការ​ចូលរួម​របស់​បុរី​វ៉ាទីកង់ ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​សម្ដែង​ការ​គួរ​សម​របស់​លោក​ លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី១ អាជ្ញាធរ​មីន និង​ជា​ប្រធាន​អនុសញ្ញា​អូតាវ៉ា ​ជាមួយ​ស្ដេច ប៉ាប នៅ​វិមាន​វ៉ាទីកង់ កា​ពី​ថ្ងៃ​ទី២១ ខែ​កញ្ញា​កន្លង​ទៅ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​​អាជ្ញាធរ​មីន។

កម្ពុជា​កំពុង​រៀបចំ​ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​សៀមរាប-អង្គរ នៃ​អនុសញ្ញា​អូតាវ៉ា និង​ធ្វើ​ជា​ប្រធាន​រៀបចំ​កិច្ច​ប្រជុំ​ត្រួតពិនិត្យ​ឡើង​វិញ​លើក​ទី៥ នៃ​អនុសញ្ញា​អូតាវ៉ា នៅ​សប្ដាហ៍​ទី៤​ នៃ​ខែវិច្ឆិកា។

ក្នុង​ជំនួប​នោះ លោក លី ធុជ បាន​ថ្លែង​អំណរគុណ​ដល់​សម្តេច​ប៉ាប និង​ប្រទេស​វ៉ាទីកង់ ក៏​ដូចជា​រដ្ឋាភិបាល ​Holy See ដែល​តែង​តែ​ផ្តល់​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សង្គម​នៅ​កម្ពុជា តាម​រយៈ​អង្គការ​មនុស្សធម៌​បែប​សាសនា។

អាជ្ញាធរ​មីន​បាន​បញ្ជាក់​ថា៖ «សម្តេចប៉ាប ហ្វ្រង់ស៊ីស​ កោត​សរសើរ​កម្ពុជា​ដែល​ចូលរួម​យ៉ាង​សស្រាក់​សស្រាំ​បំផុត​លើ​កិច្ច​ការងារ​មនុស្សធម៌​ដើម្បី​លុប​បំបាត់​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន​នៅ​លើ​ពិភពលោក និង​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ថ្នាក់​ដោយសារ​គ្រាប់​មីន​ ជាពិសេស​ការដឹកនាំ​កិច្ច​ប្រជុំ​អនុសញ្ញា​អូតាវ៉ា​ដ៏​មាន​សារសំខាន់​ដែល​នឹង​នាំ​ឱ្យ​មនុស្ស​ជាតិ​មាន​ស្មារតី​ចាក​ឆ្ងាយ​ពី​សង្គ្រាម និង​ឈាន​មក​ស្រលាញ់​សន្តិភាព»។

អាជ្ញាធរ​មីន​បន្ត​ថា៖ «សម្តេច​ ប៉ាប ​បាន​សង្កត់​ធ្ងន់​លើ​ពាក្យ យើង​ត្រូវ​ប្រយុទ្ធ​ដើម្បី​សន្តិភាព យើង​ត្រូវ​ប្រយុទ្ធ​ដើម្បី​ជួយ​ជន​រងគ្រោះ​ដោយសារ​មីន ​យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​ជំរុញ​ឱ្យ​មាន​សន្តិភាព»។

ក្នុង​ជំនួប​បោះ លោក លី ធុជ បាន​លើក​ឡើង​ថា ​កម្ពុជា​ ជា​ប្រទេស​ស្រលាញ់​សន្តិភាព ហើយ​កម្ពុជា​មាន​មោទនភាព​ជា​ខ្លាំង ​ដែល​ទទួល​បាន​ការ​គាំទ្រ​ឱ្យ​ធ្វើ​ជា​ប្រធាន និង​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ឡើង​វិញ​លើក​ទី៥ នៃ​អនុសញ្ញា​អូតាវ៉ា។

លោក​ថា ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​នេះ ឆ្លុះ​បញ្ចាំង​អំពី​សមត្ថភាព​របស់​កម្ពុជា ក្នុង​ការ​ដឹកនាំ និង​រៀបចំ​កិច្ច​ប្រជុំ​កម្រិត​សកល​ដ៏​សំខាន់​នេះ។

លោក​​បាន​ថ្លែង​អំណរគុណ​ដល់​បុរីវ៉ាទីកង់​ ដែល​ផ្តល់​ការ​គាំទ្រ​ដល់​អនុសញ្ញា​អូតាវ៉ា និង​បាន​ជួយ​ផ្សព្វផ្សាយ រំលឹក​ដល់​មនុស្ស​ជាតិ​ទាំង​អស់ ​អំពី​កាតព្វកិច្ច​ក្នុង​ការ​ការពារ​ភព​ផែនដី និង​ការពារ​សន្តិភាព។

លោក​ក៏​បាន​ស្នើ​ដល់​បុរី​វ៉ាទីកង់ ​បន្ត​គាំទ្រ​ដល់​អនុសញ្ញា​អូតាវ៉ា និង​បន្ត​អំពាវនាវ ដល់​ពិភពលោក​ទាំង​មូល​ឱ្យ​រួបរួម​គ្នា​លុប​បំបាត់​ការ​រងទុក្ខ​វេទនា​របស់​មនុស្ស ​ដែល​បង្ក​ដោយ​គ្រាប់​មីន ដោយ​បញ្ឈប់​ការផលិត និង​ការ​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស និង​បង្កើន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​បោស​សម្អាត​តំបន់​មាន​មីន និង​កិច្ចសង្គ្រោះ​ជន​រងគ្រោះ​ដោយសារ​មីន៕