មណ្ឌលគិរី៖ «កាប់​ឈើ១​ដើម​ត្រូវ​បាត់​ប្រយោជន៏​២។ ទី១ ​បាត់​កាបូន ​ដែល​ខ្លួន​វា​ត្រូវ​បញ្ចេញ ​ទី២​បាត់​មុខងារ​ត្រូវ​ស្រូប​ឧស្ម័ន​កាបូនិច»។​ នេះ​ជា​ការ​ថ្លែង​របស់​រដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន ​លោក​ជួប ប៉ារីស៍​ ក្នុង​ពិធី​បើក​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ «ពន្លកបៃតង» ទៅ​ដល់​សិស្សានុ​សិស្ស​ និង​ពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា​នា​ចុង​សប្តាហ៍​មុន។

ត្រូវបាន​ចាប់​ផ្តើម​កាល​ពី​ខែ​កក្កដា​កន្លង​មក​ យុទ្ធនាការ​«ពន្លកបៃតង»ដែល​ត្រូវ​ផ្សព្វ​ផ្សាយ​ក្នុង​ទឹក​ដី​ដើម​កំណើត​ជន​ជាតិ​​ដើម​ភាគតិច​ព្នង ​(ពូនង) បាន​ផ្សាភ្ជាប់​ទៅ​នឹង​គម្រោង​មួយ​ទៀត​ គឺ​«គម្រោងរេដបូកកែវសីមា» ដែល​ដំណើរ​ការ​ឡើង​ក្រោម​កិច្ចស​ហកា​រ​រវាង ​ក្រសួង​បរិស្ថាន​ និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS)។ 

ការ​ផ្សាភ្ជាប់​នេះ​ច្បាស់​ណាស់ ​គឺ​ដើម្បី​ធានានិរន្តភាព ​គម្រោង​រេដបូកកែវសីមា​ ដែល​បាន​ដំណើរ​ការ​អស់​រយៈពេល ​១៤​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​សហគមន៍​ជន​ជាតិដើម​ភាគតិច​ចំនួន ​២០ភូមិ​។

គម្រោង​រេដបូកកែវសីមា​បានចាប់​ផ្តើមកាល​ពីឆ្នាំ​ ២០១០ និង​កំពុង​តែ​អនុវត្ត​លើ​ផ្ទៃដី​ព្រៃ​ទំហំ ១៦៦ ៩៨៣ហិកតា ក្នុង​ចំ​ណោម​ផ្ទៃដី​ជាង ៣០០ ០០០​ហិកតា​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា។ ថវិកាមួយ​ផ្នែកធំ​ ដែល​បាន​មកពីការ​លក់​ព្រៃកាបូន​ក្នុង​គម្រោង​នេះ ​ត្រូវ​បាន​បែង​ចែក​ដល់​សហគមន៍ ​ដែល​មាន​សមាជិក​ប្រហែល ២ម៉ឺននាក់​កំពុង​ទទួលផល​តាម​រយៈ​​កម្មវិធី ​«ថវិកា​រេដបូកសម្រាប់​សហគមន៍»​(C4C)។

រហូត​មក​ដល់​ពេល​បច្ចុប្បន្ននេះ ​សហគមន៍​ទទួល​បាន​ថវិកា​ដោយ​ផ្ទាល់​ពី​គម្រោង​នេះ ប្រហែល​២​លាន​ដុល្លារ​អា​មេ​រិក​ហើយ ដើម្បី​អភិវឌ្ឍ​សហគមន៍​ និង​លើក​ស្ទួយ​ជីវភាព​រស់នៅ​ក្នុង​សហគមន៍​តាម​រយៈ​ជម្រើស​អាទិភាព​របស់ពួកគាត់​ ។

ក្នុង​នោះ​រួម​មាន​ ប្រព័ន្ធ​ទឹក​ស្អាត ​អណ្តូងស្នប់ ​គ្លីនិកចល័ត ​ជួសជុលផ្លូវ​ក្នុង​ភូមិ សាងសង់ស្ពាន ​ដាក់​លូ​កាត់​ផ្លូវ​ សាងសង់​រោង​ប្រជុំ​សហគមន៍ ​​បង្គន់ ​ផ្តល់​សម្ភារសិក្សា ​ជួសជុល​សាលារៀន ​ទុនថវិកា​សម្រាប់​ក្រុម​សន្សំ​ ពូជ​សត្វគោមាន់ ឧបករណ៍​កសិកម្ម​មួយចំនួន ​និង​អាហារ​ពេលព្រឹក​ដល់​សិស្ស។ល។

លោក​ ជួប ប៉ារីស៍​ បាន​លើក​ឡើង​ប្រាប់​បង​ប្អូន​ជន​ជាតិ​ដើម​ថា ការ​អនុវត្ត​គម្រោងរេដបូកកែវសីមា ​ដែល​ជាគម្រោង​ដំ​បូង​របស់​កម្ពុជា​បាន​បង្ហាញ​ទៅ​កាន់​អន្តរ​ជាតិ​ថា «កម្ពុជា​យើង​ឥលូវនេះ​ឈប់​កាប់​ឈើ​ហើយ​។ ពីមុន​យើង​កាប់​ឈើ​ដើម្បី​បាន​ប្រាក់​ចំណូល ​តែ​ឥលូវ​នេះ យើង​ថែរក្សាព្រៃ​ឈើបាន​ល្អ ហើយ​បាន​ថវិកា​ពី​ហ្នឹង​មក​វិញ»។

រដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន ​លោក​ជួប ប៉ារីស៍​ ថ្លែង​ក្នុង​ពិធី​បើក​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ «ពន្លកបៃតង» ទៅ​ដល់​សិស្សានុ​សិស្ស​ និង​ពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា​នា​ចុង​សប្តាហ៍​មុន។ រូបថត ក្រសួងបរិស្ថាន

លើស​ពី​នោះ​ ការ​បើក​យុទ្ធនាការ​«ពន្លកបៃតង»គម្រោង​រេដបូកកែវសីមា ​ក៏​ដើម្បី​បង្ហាញ​ពីកិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​កម្ពុជា​ក្នុង​ការគ្រប់​គ្រង​​ធនធាន​ធម្មជាតិ​ព្រៃឈើ ​ក៏​ដូច​ជា​ការ​លើក​កម្ពស់ជីវភាព​សហគមន៍នៅ​តំបន់​ការពារធម្ម​ជាតិ​ ហើយក៏ចូលរួម ​ដោះ​ស្រាយ​បញ្ហា ​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ផង​ដែរ។

គម្រោង​រេដបូក​ (REDD+) គឺជាកម្ម​វិធី​ជាតិ​កាត់​បន្ថយ​ការ​បំភាយ​ឧស័្មន​ផ្ទះ​កញ្ចក់ ​ពី​ការ​បាត់បង់​និងរេចរឹល​ព្រៃឈើ​។​រេដ​បូក​មាន​គោល​បំណង​ធំៗ​២ គឺការ​ពារ​ព្រៃ​ឈើ​ឱ្យ​បាន​គង់​វង្ស​សម្រាប់​ជា​ប្រយោជន៍​ជាតិ ​និង​ការ​ចូល​រួមកាត់​បន្ថយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​សកល ក្នុង​អនុ​សញ្ញាក្រ​បខ័ណ្ឌ​សហ​ប្រជាតិ​ស្តីពីការ​ប្រែ​ប្រួលអាកាស​ធាតុ។​ ក្រៅ​ពី​ផល​ប្រ​យោ​ជន៍​ជា​ឈើ​ប្រើប្រាស់ ​និង​ជា​មុខងារ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី ​ព្រៃឈើ​នៅមាន​មុខងារ​ដ៏​សំខាន់​មួយ​ទៀត​គឺ​ការ​ស្រូប​យក​ឧស័្មន​កាបូនិច ​(ឧស័្មនផ្ទះកញ្ចក់)​ ពីបរិយាកាស​ ដែល​មុខ​ងារ​នេះ​ដើរ​តួនាទី​យ៉ាង​សំខាន់ក្នុង​ការ​កាត់​បន្ថយ​ឧស័្មនផ្ទះ​កញ្ចក់​សកល។ 

លោក​មាន​ប្រសាស​ន៍​ថា៖«គម្រោង​រេដ​បូកនេះ ​គឺ​ថវិកា​មិន​ទៅ​ណា​ទេ ​គឺ​យក​មក​បំរើ​ឱ្យ​ការ​ងារ ការពារ​ព្រៃ​ឈើ ​អភិ​រក្ស​ជីវ​ចម្រុះ ​ជួយ​សហគមន៍​មូលដ្ឋាន​ ជួយ​ដល់​អភិបាលកិច្ច​ល្អ។ គម្រោង​រេដបូក​គឺ​មាន​តម្លាភាព​ណាស់​ អ្វីៗ​ដាក់​លើ​វេប​សាយ​របស់​អន្តរ​ជាតិ​ទាំង​អស់ ​មិន​អាច​កុហក​បាន​ទេ»។ 

លោក​រដ្ឋលេខា​ធិការ​លើកឡើង​ថា ដើម្បី​លក់​កាបូន​បាន​ត្រូវ​មាន​តួ​អង្គ​សំខាន់ៗ​ចំនួន​៣។ ក្នុង​នោះ​មាន​ដូចជា ​អាជ្ញា​ធររដ្ឋ ​ដែល​មាន​ក្រសួង​បរិស្ថាន ​ក្នុង​នាម​រដ្ឋាភិ​បាល ​ជា​ម្ចាស់។ មួយ​វិញ​ទៀត ​គឺ​អ្នក​លើក​ និង​អនុវត្តគម្រោង​ ដែល​នៅ​ដែន​ជម្រក​សត្វ​កែវ​សីមា​នេះ មាន​អង្គការ​WCS។ តួអង្គ​ចុងក្រោយ ​គឺ​ត្រូវ​មាន​អ្នក​ផ្ទៀងផ្ទាត់ ​គណនា ​ឬវាយត​ម្លៃ​កាបូន បញ្ជាក់​ថា​ វាមាន​លក្ខណៈ​ស្តង់ដា​អន្តរជាតិ​ ហើយ​អាច​លក់​បាន ដែលកន្លងត្រូវបានធ្វើឡើងដោយទីភ្នាក់ងារ​អន្តរជាតិ វេរ៉ា​(VERRA)​។

លោក​ពន្យល់​ថា ព្រៃ​ឈើ​មាន​តួនាទី​ជា​អ្នក​ស្រូប​ឧស្ម័ន​កាបូនិច ​ហើយ​បញ្ចេញនូវ​ឧស្ម័ន​អ៊ុកស៊ីហ្សែន។ ​ការ​ស្រូប​នេះ ​គឺ​ជា​សមត្ថ​ភាព នៃ​ឥណ​ទានកាបូន​ ដែល​ទទួល​បាន។ ហេតុ​នេះ​ ព្រៃ​ឈើ​មាន​តួនាទី​សំខាន់ៗ​ចំនួន២​ ដូចជា​ វាផ្ទុក​កាបូន​ខ្លួន​វា និង​មួយ​ទៀតគឺ​ វាបឺត​ឧស្ម័ន​កាបូនិច​ពី​បរិយាកាស។

លោក​ថ្លែង​ដូច្នេះ​ថា៖«អញ្ជឹង​លក់​កាបូន ​មិន​មែន​លក់​ឈើ​ទេ គឺលក់​មុខ​ងារ​ស្រូប​ឧស្ម័ន​កាបូនិច​របស់​ព្រៃ​ឈើ។ លក់​កា​បូន​ គឺ​លក់​នូវ​បរិមាណ​ឧស្ម័នកាបូនិច ​ដែល​ព្រៃ​ឈើ​ស្រូប​ចូល​ខ្លូន​វា។ វាស្រូប​បាន​ច្រើន​លក់​បាន​ច្រើន​ អញ្ជឹង​យើង​ត្រូវ​ការ​ការ​ពារ​ព្រៃ​ឈើ​ឱ្យ​ខាង​តែ​បាន។ កាប់​ព្រៃ​ឈើ១​ដើម ​ត្រូវ​បាត់​ប្រយោជន៍​ចំនួន២។​ ទី១ បាត់​កាបូន​ខ្លួន​វា​ត្រូវ​បញ្ចេញ ២​បាត់​មុខ​ងារ​ត្រូវ​ស្រូប​ឧស្ម័ន​កាបូ​និច»។

កម្ពុជា​មាន​គម្រោង​រេដបូក​យ៉ាង​ហោច​ណាស់​៧ ដែល​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា​នៅ​ឡើយ ​ដូចជា ​គម្រោង​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ តំបន់​ជួរ​ភ្នំ​ក្រវាញ​កណ្តាល ដែន​ជម្រក​សត្វព្រៃ​ភ្នំត្នោត តំបន់​ទេសភាព​វាល​ទំនាប​ខាង​ជើង ដែន​ជម្រក​សត្វព្រៃ​សៀមប៉ាង ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ និង ដែន​ជម្រក​សត្វព្រៃ​ភ្នំសំកុស។​ នេះ​បើ​យោង​តាមUSAID ​អភិរក្ស។ 

ក្រៅ​ពី​គម្រោង​រេដបូ​កែវ​សីមា ​កម្ពុជា​នៅ​មាន​គម្រោង​រេដបូក​ជួរ​ភ្នំ​ក្រវាញ​ខាង​ត្បូង (Southern Cardamom Redd+ project)​​ របស់​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ (Wildlife Alliance) ​​ដែល​កំពុង​តែ​ដំណើរ​ការ។ នៅ​ឆ្នាំ​ ២០២៥​ ខាង​មុខ ​កម្ពុជា​សង្ឃឹម​ថា ​គម្រោង​មួយ​ចំនួន​ទៀត​នឹង​ដំណើរ​ការ​ដែរ ដូច​ជានៅ​ដែន​ជម្រក​សត្វ​ព្រៃគូ​លែន​ព្រហ្ម​ទេព ដែន​ជម្រក​សត្វព្រៃ​ភ្នំ​សំកុស និង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់​ជា​ដើម។ គម្រោង​ផ្សេង​ទៀត​ ដែល​មាន​សក្តានុ​ពល​អាច​នឹង​ដំ​ណើរ​ជា​បន្ត​បន្ទាប់​។ នេះ​បើ​យោង​តាម​លោក ​ជួប ​ប៉ារីស៍។ ទោះ​យ៉ាង​ណា ​លោក​មិន​ទាន់​អាច​ធ្វើ​ការ​ប៉ាន់​ស្មាន​ពី​បរិមាណ​កា​បូន ​និង​តម្លៃ​ដែល​នឹង​ទទួល​បាន​នោះ​ទេ។ 

លោក​បញ្ជាក់​ថា៖«គម្រោង​រេដបូក​នេះ ​យើង​មិន​មែន​ចេះ​តែ​ធ្វើ​បាន​ទេ ​វា​ទាល់​តែ​ព្រៃ​ឈើ​មាន​សក្តានុពល ហើយ​បង្កើត​កាបូន​បាន​ទើប​ធ្វើ។ បើ​សិក្សា​ទៅ ​ធ្វើ​មិន​បាន​ មិន​ធ្វើ​ទេ​ បើ​ធ្វើ​នឹង​បរាជ័យ។ អញ្ជឹង​ត្រូវ​ជ្រើស​រើស ​មិន​ចេះ​តែ​ធ្វើបាន​គ្រប់​ព្រៃ​ឈើ​នោះ​ទេ។ ទាល់​តែ​ប្រាកដ​ថា ​គ្រប់​គ្រង​បាន ​ការពារ​បាន​នឹង​ទើប​ធ្វើ»។ 

លោក ​ងិន សុវិមាន​ អភិបាល​រង​ខេត្ត​មណ្ឌលគីរី ​បាន​លើក​ក្នុង​ពិធី​នេះ​ថា អាជ្ញាធរ​ខេត្ត​គាំទ្រ​គម្រោង​រេដ​បូក​នេះ ព្រោះ​វា​ជួយ​ការ​ពារ​ព្រៃ​ឈើ បង្កើន​ជីវភាព​សហគមន៏​ និង​ជួយ​ដល់​មន្រ្តីរាជការ​ខេត្ត​រួម​មាន​ការ​ផ្តល់​សម្ភារ​ការិយាល័យ​ដូចជា​កុំព្យូទ័រ​ជា​ដើម។ លើស​ពីនោះ ​ការការពារ​ព្រៃ​ឈើ​បានល្អ ​ក៏មាន​ប្រយោជន៍​ចំពោះ​វិស័យ​ទេសចរណ៍​ផង​ដែរ​ដែល​នេះ វា​ឆ្លើយ​តប​ទៅ​នឹង​ការលើកកម្ពស់​វិស័យ​ទេសចរណ៍ ​ដែល​រដ្ឋ​បាល​ខេត្ត​ចង់​បាន។ 

លោក​អះ​អាង​ថា៖«ការ​អនុវត្ត​ច្បាប់​នេះ ​យើង​ត្រូវ​តែ​អនុវត្ត​១០០​ភាគរយ ​ដោយ​គ្មាន​ការ​លើក​លែង។ ចំពោះ​មន្រ្តី​ដែល​ពាក់​ព័ន្ធ​មាន​ការ​លើក​ឡើង​ មាន​ការ​ផ្សាយ ​ប៉ុន្តែវា​គ្រាន់​តែ​ជាការ​លើក​ឡើង ​អត់​មាន​អី្វ​ជាភ័ស្តុតាង។ បើ​សិន​ជា​មាន​ពាក្យ​បណ្តឹង ​ឬ​ក៏​ភស្តុ័តាង​ច្បាស់លាស់ ​គណៈ​បញ្ជា​ការឯក​ភាព​ខេត្ត​នឹង​ចាត់​ការ ​អនុវត្ត​ទៅ​តាម​គោល​ការ​ច្បាប់​»។ 

លោក​ នេត វិបុល ​នាយករង​អង្គការ​WCS​បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ប្រមាណជា ​២០ បាន​ទិញ​កាបូន​ពី​គម្រោង​រេដ​បូក​កែ​វ​សីមា​នេះ។ ប៉ុន្តែ​ទិន្នន័យ​ច្បាស់​លាស់​ពី​ការ​លក់​គឺ​មិន​មាន​នោះ​ទេ។ ទោះ​យ៉ាង​ណា​លោក​បាន​ឱ្យ​ដឹង​ថា ​កន្លង​មក ថវិកា​ដែល​បាន​មក​ពីការ​លក់​កាបូន​ក្នុង​គម្រោង​នេះ​ប្រមាណ ១១ លានដុល្លារបានចូលជាថវិការដ្ឋ ២លាន​ដុល្លារ​ផ្សេង​ទៀត​ត្រូវ​បាន​​ប្រើប្រាស់​សម្រាប់​អភិវឌ្ឍ​សហគមន៍ ​ចំណាយ​លើការ​ចុះ​ល្បាត​របស់​មន្រ្តី​ឧទ្យានុ​រក្សជិត​ ១លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ​ហើយ​ក្រៅ​ពី​នោះ​នៅ​មាន​ការ​ផ្តល់​មូល​និធិ​ដល់​ដៃគូ​គម្រោង​ចំនួន ​១៥​ទៀត​ផង​ដែរ។  

លោក​បញ្ជាក់​ថា៖«គម្រោង​បាន​ប្រើ​ប្រាស់​ថវិកា​ដែល​លក់​បាន​នេះ​ផ្តោត​លើ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ចុះ​ល្បាត​ជាប្រ​ចាំ ​លើ​កកម្ពស់​ជីវភាព​សហគមន៍...ការ​កសាង​សមត្ថភាព​របស់​មន្រ្តី​ពាក់ព័ន្ធ ​ដើម្បី​ចូល​រួមចំ​ណែក​គ្រប់​គ្រង​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សី​មា​ឱ្យ​មាន​និរន្តរភាព»។ 

ថវិកា​ពី​គម្រោង​រេដបូក​នេះ​ប្រមាណ​ជា៩ម៉ឺន​ដុល្លារ​អាមេរិក ​ក៏ត្រូវ​បាន​ប្រើប្រាស់​ផង​ដែរ ​ចាប់​តាំង​ពី​ឆ្នាំ២០១៨​មក​ដើម្បី​ផ្តួច​ផ្តើម​បង្កើត​តំបន់​អេកូ​ទេសច​រណ៍ ​មួយ​ឈ្មោះ​ថា​ ទឹ​កធ្លាក់​ឡែង​កៅ​ ​ទំហំ​ជាង​១៨​ហិកតា​ស្ថិត​ក្នុង​ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោរម្យ ​ស្រុក​អូររាំ​ង។ ​តំបន់ទេសចរណ៍​នេះ​បាន​ចាប់​ផ្តើម​ដំណើរ​ទទួល​ភ្ញៀវ​ជាតិ​ និង​អន្តរ​ជាតិ​កាល​ពី​ឆ្នាំ​២០២៣​កន្លង​មក។  

អ្នក​ស្រី​ សែន ទី ​គណៈ​កម្មការ​អេកូទេសចរណ៍​ឡែងកៅ ​បានឱ្យ​ដឹង​ថា​គម្រោង​ទេសចរណ៍​នេះ​បាន​នឹង​កំពុង​ជួយ​បង្កើន​ប្រាក់​ចំណូល​បន្ថែម​ដល់​សហគមន៍ ​ការពារ​ធនធាន​ធម្មជាតិ ​ថែរក្សាវ​ប្បធម៌​ជន​ជាតិ​ដើម​ភាគ​តិច ​និង ជួយ​ផ្សព្វ​ផ្សាយ ​ក៏​ដូច​ជា​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ផង​ដែរ។

អ្ន​កស្រី​និយាយ​ថា៖«គម្រោង​រេដ​បូកនេះ​សំខាន់​មែន​ទែន​ ជួយ​កាត់​បន្ថយ​ការ​ខ្វះ​ខាត​។ គម្រោង​បាន​ជួយ​អភិវឌ្ឍ​ស​ហគមន៍​ពួក​ខ្ញុំ​ ហើយ​ជួយ​ពន្យល់​សមាជិក​ខ្លះ ​ដែល​មិន​សូវ​យល់ ​ឱ្យ​មក​ជួយ​ការ​ពារ​ព្រៃ​ឈើ​ទាំង​អស់​គ្នា ​ទើប​មាន​ការ​បង្កើត​តំបន់​ទេស​ចរណ៍​នេះ​ឡើង»។ 

ដោយ​សារ​តែ​មើល​ឃើញ​ពី​អត្ថ​ប្រយោជន៍​រួម​ដ៏​ធំធេង​បែប​នេះ ​អ្នក​ស្រី​ចង់​ឱ្យ​មាន​គម្រោង​រេដបូក​បែប​នេះ​ថែម​ទៀត​នៅ​តំបន់​ផ្សេងៗ​ទៀត ដើម្បី​ឱ្យ​ពលរដ្ឋ​ទទួល​បាន​ការ​អភិវឌ្ឍន៍​ដូចគ្នា​នឹង​សហគមន៍​អ្នក​ស្រី​ផង​ដែរ។ 

យុទ្ធនាការ​ផ្សព្វ​ផ្សាយ«ពន្លកបៃតង» ​លើក​ទី១​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខេត្តពោធិ៍សាត់​នា​ខែ​កក្កដា​កន្លង​មក ​ហើយ នៅ​មណ្ឌល​គីរី​នេះ​គឺ​ជា​ខេត្ត​ទី​២​ហើយ ដើម្បី​ជំរុញ ការ​ដាំ​ស្តារ​ព្រៃ​ឡើង​ឡើង​វិញ​ឱ្យ​បាន​៦០​ភាគ​រយ​នៃ​ផ្ទៃ​ប្រទេស​ត្រឹម​ឆ្នាំ​២០៥០។ រហូត​មក​ដល់​ពេល​បច្ចុប្បន្ននេះ ​កូន​ឈើ​សរុ​បចំនួន ២៣៥ ៣៨៩ ​ដើម​ត្រូវ​បាន​ចែក​ជូន​សាធារណ​ជន​យក​ទៅ​ដាំ។ ក្នុង​នោះ​កូន​ត្នោត​ចំនួន ​២៩ ៤៩៩ ដើម ​កូន​ឈើព្រៃ​១៩៥ ៨១៩​ ដើម ​និងកូន​ឈើ​ហូប​ផ្លែ​ចំនួន ​១០ ០៧១ ដើម​ផង​ដែរ។ ដោយ​ឡែក​កាល​ពី​ថ្ងៃ​ទី២៣ ​ខែ​កញ្ញា​នេះ ​មន្ទីរបរិស្ថាន​ខេត្តមណ្ឌលគិរី ​បាន​ផ្តល់​កូន​ឈើ​សរុប​ចំនួន ២ ១១០ ​ដើម ​ជូន​អាជ្ញាធរ ​និង​ប្រជា​ពលរដ្ឋ យក​ទៅ​ដាំ​នៅ​តាម​មូល​ដ្ឋាន​របស់​ខ្លួន។​ នេះ​បើ​យោង​តាម​ក្រសួងប​រិស្ថាន។​

លោក​រដ្ឋ​លេខាធិការ​ក៏​គូស​បញ្ជាក់​ប្រាប់​ដល់​សហគមន៍ពី​យុទ្ធសាស្ត្រ​ចក្រា​ក្នុងវិស័យ​បរិស្ថាន​ឆ្នាំ២០២៣-២០២៨​ ដែល​ផ្តោត​លើស​សរស្តម្ភ​ទាំង៣​សម្រាប់​កម្ពុជា គឺភាព​ស្អាត​ បៃតង ​និង​និរន្តរភាព។ យុទ្ធ​សាស្រ្ត​នេះ​ ធានា​បាន​នូវ​ការ​ឆ្លើយ​តប​ខាង​វិស័យ​បរិ​ស្ថាន​ស្អាត ​អនាម័យ​ល្អប្រសើរ ​ការគ្រប់គ្រង​ព្រៃ​ឈើ​ធន​ធានធម្ម​ជាតិ​ឆ្លើយតប​ទៅ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​និង​លើក​កម្ពស់​ការ​អភិវឌ្ឍ​ន៍បៃ​តង។​

គោល​ដៅ​ចុង​ក្រោយរបស់​យុទ្ធសាស្រ្ត​របស់​ក្រសួង​បរិស្ថាន​គឺ​សម្រេច​បាន​នូវ​សេចក្តី​ប្រាថ្នា​ដូច​មាន​ចែង​ក្នុង​យុទ្ធ​សា​ស្រ្ត​បញ្ចកោណ​អំពី​ការ​ប្រែ​ក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​ដែល​មាន​អព្យាក្រឹត​ភាព​កាបូន​ដែល​មាន​គម្រប​ព្រៃ​ឈើ៦០​ភាគរយ​នៅ​ឆ្នាំ​២០៥០៕