លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ថា ឥឡូវ​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ឯកភាព​ជាតិ ហើយ​ក្រុម​ប្រឆាំង​អស់​គ្រាប់​បាញ់​រដ្ឋាភិបាល បន្ទាប់​ពី​កម្ពុជា​បាន​ដក​ខ្លួន​ចេញ​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) កាល​ពី​ថ្ងៃ​ទី២០ ខែកញ្ញា។

លោក​ថ្លែង​ថា៖ «ឥឡូវ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​មូល​គ្នា​ហើយ ឯកភាព​គ្នា​ហើយ។ ឥឡូវ​កុំ​ឲ្យ​វា​ហ្មងសៅ​អា​រឿង​ DTA ហ្នឹង​ ទៅ [ដក​ទៅ] តែ​យើង​ត្រូវ​រួម​គ្នា​អភិវឌ្ឍ​ខ្លួន​ឯង រួម​ជាមួយ​ដៃគូ​ផ្សេងៗ ធ្វើ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​ទៅ ឥឡូវ​អស់​កង្វល់។ ខ្មែរ​រួម​គ្នា​ ឯកភាព​គ្នា អស់​អា​រឿង​តូច​តាច​ហ្នឹង​ទៀត អីចឹង​គឺ​ឯកភាព​គ្នា។ ដូច្នេះ អ្នក​ដែល​ចង់​ចិញ្ចឹម​ចលនា​នោះ​នឹង​អស់​គ្រាប់​ហើយ អស់​ដាវ​ហើយ»។

លោក​លើក​ឡើង​បែប​នេះ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​នៅ​ព្រឹក​ថ្ងៃ​ទី២៦ ខែ​កញ្ញា​នេះ។

កម្ពុជា​បាន​ជូនដំណឹង​ទៅ​ភាគី​ឡាវ និង​ វៀតណាម កាល​ពី​ថ្ងៃទី២០ ខែ​កញ្ញា អំពី​ការ​សម្រេច​ដក​ខ្លួន​ពី​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​រយៈ​ពេល ជាង ២០​ឆ្នាំ​នេះ ក្រោយ​មាន​មតិ​មិន​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្លះ រួម​ទាំង​ក្រុម​អ្នក​ប្រឆាំង​ដែល​ភាគ​ច្រើន​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស។

ទាំង​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច បាន​ថ្លែង​ថា ការ​ដក​ខ្លួន​ពី​កិច្ច​សហប្រតិបត្តិការ​នេះ​គឺ​ដើម្បី​ដក​អាវុធ​ពី​ក្រុម​ប្រឆាំង មិន​ឲ្យ​យក​បញ្ហា​នេះ​ធ្វើ​ជា​លេស​ដើម្បី​វាយ​ប្រហារ​រាជ​រដ្ឋាភិបាល ដោយ​លើក​ឡើង​ពី​ការ​បារម្ភ​រឿង​បាត់​បង់​ទឹកដី។

លោក​ ហ៊ុន ម៉ាណែត ថ្លែង​ថា៖ «ឥឡូវ​មិន​បាច់​ចាញ់​អា​រឿង DTA ឬ​មិន​ DTA នៅ​ឬ​មិន​នៅ​ទៀត​ទេ។ ឥឡូវ​ទៅ ធ្វើ​ម៉េច​អភិវឌ្ឍ​ខេត្ត​ទាំង​៤​របស់​យើង ទៅ​លេង​ខេត្ត​ទាំង​៤ ធ្វើ​ផ្លូវ​បន្ថែម​ទៀត​តាម​ព្រំដែន រុញ​ឲ្យ​ដល់​កន្ទុយ​នាគ​ដើម្បី​យើង​បាន​ដោះ​មីន​ឲ្យ​អស់ ហើយ​បង្កើត​ភូមិ​នៅ​តំបន់​នោះ​ទៅ។ នេះ​វា​សំខាន់​ជាង»។

លោក​បន្ត​ទៀត​ថា៖ «ឥឡូវ​តោះ ចូល​ភ្ជុំបិណ្ឌ​ហើយ ដើរលេង​ទាំង​អស់​គ្នា ហើយ​រួមគ្នា​សប្បាយ សាមគ្គី​ឯកភាព​ជាតិ​របស់​យើង»៕