ខេត្ត​សៀមរាប​និង​មាន​ផលិតផល​ទេសចរណ៍​ឌីជីថល​ទំនើប​មួយ​នៅ​ចុង​ឆ្នាំ​២០២៥ នោះ​គឺ «សារមន្ទីរ អ៊ីមមើស៊ីវ​អង្គរ» ដែល​នឹង​អាច​ទទួល​អ្នក​ទស្សនា​បាន​ ១៥០០​នាក់​ក្នុង​មួយ​ថ្ងៃ ដើម្បី​ទស្សនា​ប្រវត្តិសាស្ត្រ ​និង ​វប្បធម៌​ខ្មែរ ជា​ពិសេស​នៅ​តំបន់​អង្គរ។

ក្រុមហ៊ុន​អ៊ីមមើស៊ីវ អង្គរ បាន​ចាប់​ដៃគូ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សារា​តាម​រយៈ​​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​មួយ​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី២៦ ខែ​កញ្ញា​នេះ ដើម្បី​បង្កើត​បទពិសោធន៍​ផ្នែក​វប្បធម៌​ប្លែក ​ដែល​ធ្វើ​ឱ្យ​ប្រវត្តិសាស្រ្ត​អង្គរ​មាន​ភាព​រស់​រវើក ដោយ​ប្រើប្រាស់​បច្ចេកវិជ្ជា​ទំនើប។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម។​

អាជ្ញាធរជាតិ​អប្សរា​នឹង​ផ្តល់​ការ​ណែនាំ​ផ្នែក​វិទ្យាសាស្ត្រ ដើម្បី​ធានា​នូវ​ភាព​ត្រឹមត្រូវ​នៃ​ប្រវត្តិសាស្រ្ត និង​បញ្ហា​រសើប​ផ្នែក​វប្បធម៌ ខណៈ​ដែល​ ក្រុមហ៊ុន​អ៊ីម​មើស៊ីវអង្គរ នឹង​អភិវឌ្ឍ ​និង​គ្រប់គ្រង​សារមន្ទីរ​នេះ។

លោក ហង់ ពៅ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​មាន​បាន​ថ្លែង​ថា៖ «ការ​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​អ៊ី‍មមើស៊ីវ​អង្គរ​ អនុញ្ញាត​ឱ្យ​យើង​ធ្វើ​ឱ្យ​បទពិសោធន៍​សម្រាប់​អ្នកទស្សនា​ប្រសើរ​ឡើង និង​រួមចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​អភិរក្ស​បែប​ឌីជីថល ធ្វើ​ឱ្យ​អង្គរ​ជា​រូប​តំណាង​ផ្នែក​វប្បធម៌​ពិភពលោក​ដ៏​រឹង​មាំ»។

លោក កែប៊ិន សូរស្មី នាយក​ប្រតិបត្តិ​ក្រុមហ៊ុនអ៊ីម​មើស៊ីវអង្គរ កិច្ចសហការ​នេះ​មាន​សារ​សំខាន់​សម្រាប់​ចែក​រំលែក​ប្រវត្តិសាស្រ្ត​អង្គរ​តាម​រយៈ​បច្ចេកវិទ្យា​ថ្មី។ លោក​ថា សារមន្ទីរអ៊ីម​មើស៊ីវ អង្គរ នឹង​ផ្តល់​ជូន​នូវ​ការធ្វើ​ដំណើរ​ឆ្លង​កាត់​ពេល​វេលា ធ្វើ​ឱ្យ​អ្នក​ទស្សនា​យល់​ដឹង​កាន់​តែ​ស៊ី​ជម្រៅ​អំពី​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុ‍ជា ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​ក៏​ធានា​បាន​នូវ​ការ​អភិរក្ស​កេរដំណែល​នៃ​បេតិកភណ្ឌ​វប្បធម៌។

ដើម្បី​ទទួល​បាន​ទម្រង់​ឌីជីថល​អំពី​ប្រាសាទ​អង្គរ ក្រុម​ការងារ​នឹង​ស្កែន​ប្រាសាទ​ទ្រង់​ទ្រាយ​ធំ​ដើម្បី​បង្កើត​រក្សា​ទុក​នៅ​ក្នុង​បណ្ណាល័យ​ឌីជីថល ដែល​អាច​ធានា​បាន​នូវ​កេរ​ដំណែល​របស់​ប្រាសាទ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។ ក្រុមហ៊ុន​អ៊ីមមើស៊ីវ​អង្គរ នឹង​បណ្តុះ​បណ្តាល​ដល់​ក្រុម​របស់​អាជ្ញាធរ​ជាតិ​អប្សរា​អំពី​បច្ចេកវិទ្យា​ស្កែន​ថ្មី​បំផុត ដែល​ធ្វើ​ឱ្យ​មាន​ការ​ផ្ទេរ​ចំណេះ​ដឹង​​ជាធាតុ​ផ្សំ​ដ៏​សំខាន់​នៃ​គម្រោង​នេះ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ គម្រោង​ត្រូវ​បាន​បង្ហាញ​ទៅ​គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ​សម្រាប់​ការ​ការពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ (ICC Angkor) កាល​ពី​ខែធ្នូ ឆ្នាំ ២០២២។

លោក សូរស្មី ថ្លែង​ថា៖ «យើង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចាប់​ផ្តើម​ការងារ ដោយ​ការ​អភិវឌ្ឍ​ខ្លឹមសារ​កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាងល្អ​។ យើង​មាន​បំណង​បើក​សារមន្ទីរនៅ​ចុង​ឆ្នាំ​២០២៥។ ខណៈ​ពេល​ដែល​យើង​ផ្តោត​សំខាន់​ទៅ​លើ​ការ​ធ្វើ​ឱ្យ​អ៊ីម​មើស៊ីវ អង្គរ ជោគជ័យ ​យើង​តែង​តែ​​រិះរក​​មធ្យោបាយ​​ដើម្បី​​លើក​​កម្ពស់​​ការ​ផ្តល់​ជូនផ្នែក​វប្បធម៌​របស់​​សៀមរាប​​បន្ថែម​ទៀត»។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ធ្លាប់​បាន​គាំទ្រ​គម្រោង​នេះ​ក្នុង​ពេល​លោក​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​នៅ​ប្រទេស​បារាំង​ កាល​ពី​ខែ​មករា កន្លង​ទៅ។ លោក​ចាត់​ទុក​គម្រោង​នេះ​ថា​ជា​គម្រោង​មួយ​ល្អ ក្នុង​ការ​ជួយ​ផ្ដល់​ចំណេះ​ដឹង​អំពី​មរតក​វប្បធម៌ និង​អរិយធម៌​ខ្មែរ៕