ភ្នំពេញៈ ជំនន់​ទឹក​ភ្លៀង​បង្ក​ផល​ប៉ះ​ពាល់​យ៉ាង​ហោច​ណាស់​ខេត្ត​ចំនួន​៩ ​ក្នុង​នោះ​ខេត្ត​ក្រចេះមាន​ការ​ប៉ះ​ពាល់​ពលរដ្ឋ​ច្រើន​ជាង​គេ ​រហូត​ដល់​ទៅ​ជាង​១ម៉ឺន​គ្រួសារ​ចាប់​ទាំង​ពី​ថ្ងៃ​ទី​៥​ ខែ​កញ្ញា​នេះ​មក។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ លោក​ សុទ្ធ​ គឹម​កុលមុនី​បាន​ឱ្យ​ដឹង​ថា​ ខេត្ត​ដែល​ប៉ះ​ពាល់​ពី​ជំនន់​ទឹកភ្លៀង​មាន​ចំនួន​៩​ដូចជា ​ខេត្ត​ក្រចេះ ​ស្ទឹងត្រែង ​ព្រះសីហនុ ​មណ្ឌលគិរី​ សៀមរាប​ ត្បួងឃ្មុំ ​រតនគិរី កំពង់ចាម​ និង​កំពង់​ធំ។ ក្នុង​នោះ​ ខេត្ត​ក្រចេះ​មាន​ការ​ប៉ះ​ពាល់​ច្រើន​ជាង​គេ។ 

លោក​បញ្ជាក់​ថា៖«ខេត្តទាំង៩​នេះ​រង​ផល​ប៉ះពាល់​ពី​ជំនន់​ទឹក​ភ្លៀង ​ក៏​ដូច​ជាជំ​នន់​ទឹក​ទន្លេ ​ប៉ុន្តែ​មិន​មាន​សភាព​អីធ្ងន់​ធ្ងរ​ទេ។ ដោយ​ឡែក​ខេត្ត​ក្រចេះ​មាន​ផល​ប៉ះ​ពាល់​ច្រើន​ជាង​គេ។ ខេត្ត​ខ្លះ​ប៉ះ​ពាល់​តិច​តួច​ទេ»។ 

ខេត្ត​ក្រចេះ​មាន​ការ​ប៉ះពា​ល់ក្រុ​ងស្រុ​ក​ចំនួន​៦ ​ស្មើនឹង ​៣៦ឃុំ ​និង​ភូមិចំនួន ​១៨៩​ភូមិ ​ក្នុងនោះ​មាន​ប្រជាពល​រដ្ឋ​ប៉ះ​ពាល់​សរុប​ចំនួន​១២ ៩២៤​គ្រួសារ ​ស្មើនឹង ​៥១ ៧៥៦​នាក់ ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ចំនួន​១៣១​គ្រួសារត្រូវ​បានជម្លៀស​ចេញ​ពីផ្ទះ​ទៅ​កាន់​ទី​ទួល​សុវត្ថិ​ភាព។

បន្ថែម​ពី​នោះ​ក៏មាន​សាលារៀន​ចំនួន​៣៧​កន្លែង ​មណ្ឌល​សុខ​ភាព​ចំនួន​២កន្លែង​ វត្ត​អារាម​ចំនួន​១៦​កន្លែង ​អណ្តូង​ស្នប់​៣៣​គ្រឿង​ បង្គន់​អនាម័យ​២៧៨ ​និង ​អគារដ្ឋ​បាល​ឃុំ​ចំនួន​៦​កន្លែង​ផង​ដែរ។

លើស​ពី​នោះ ​ជំនន់​ទឹក​ភ្លៀង​នេះ​ក៏បា​នលិ​ចស្រូវ​សន្ទូង ​និង​ពង្រោះ​សរុប​ចំនួន​៧ ៩៣៤​ហិក​តាផង​ដែរ។ ក្នុង​នោះ ​បង្ក​ការខូច​ខាត​ចំនួន​៣ ៩៩៤​ហិកតា​។ រីឯ​ ដំណាំចម្ការ​ និង​ដំណាំ​រួម​ផ្សំ​ចំនួន​៥៩៦ ហិកតា ​ក្នុងចំណោម​៧៩៤ហិកតា​ត្រូវ​បាន​ខូច​ខាត។  

លោក​បាន​បន្តថា ​ចំពោះ​ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្តមួ​យចំនួន​បាន​ស្រក​ទៅ​វិញ​ហើយ ​ដែល​នៅ​សល់​តែ​ជំនន់​តាម​ទន្លេ ដែល​លិច​ចូល​វាល​តែ​ប៉ុណ្ណោះ​ដោយ​សារតែ ​ទឹក​ធ្លាក់​មក​ពី​ប្រទេស​ឡាវ ​និង​វៀត​ណាម​មក។

លោក​ថ្លែង​ថា៖«ទឹក​ធ្លាក់​មក​ពី​លើ​ ធ្វើ​ឱ្យទឹក​ទន្លេ​យើង​ឡើង..នៅ​ទីវាលកម្ពុជា​យើង​នៅ​មាន​ធាទ​ទួល​បាន​ច្រើន​តាម​ព្រែក​។ ការ​ឡើង​នេះ​ល្អ​វិញទេ ​ដែល​វាអាច​បែក​វាល​ចូល​ព្រែក ​ទំនាប​គ្រប់​គ្រាន់ ​ដើម្បី​នាំ​ជីជាតិ ​សម្លាប់​សត្វ​ចង្រៃផ្សេ​ងៗ​ ហើយ​ក៏បាន​លាង​ជាតិ​ពុល​មួយ​ចំនួន​ដែរ»។

ដោយ​ឡែក​ក្នុង​ខេត្ត​កំពង់​ចាម ​ការហក់ឡើង​នៃ​ទឹក​ទន្លេ​នេះ​បានប​ង្កការ​បាក់​ច្រាំង​ទន្លេ​ប្រវែង​៧ ៥០៣ម៉ែត្រ​ផង​ដែរនៅ​ក្នុង​ស្រុក ស្ទឹងត្រង់ ​កំពង់សៀម ​កោះសូទិន ​កងមាស ​និង​ស្រីសន្ធរ។ កម្លាំង​អាជ្ញាធរ​បាន​ធ្វើ​អន្តរាគមន៍​ ដោយ​ច្រក​ខ្សាច់​ក្នុង​បាវ​ចំនួន​៣០០ ដើម្បី​ទប់​ច្រាំង​នៅ​ស្រុក​កោះ​សូ​ទិន។

លោក​ទេស​រដ្ឋ​មន្ត្រី ​គន់ គីម ​អនុ​ប្រធានទី១ ​នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ​និង​អាជ្ញាធរ​ខេត្ត​កំពង់​ចាម ​ក៏បាន​ចុះ​ត្រួត​ពិនិត្យ​ស្ថាន​ភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ ​និង​សួរសុខ​ទុក្ខ​ពលរដ្ឋ ​ក្នុង​ស្រុក​កោះ​សូទិន​ផង​ដែរ នាថ្ងៃ​ ទី​២៦ ​ខែ​កញ្ញា​នេះ។ គណៈ​កម្មាធិការជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​គ្រប់​លំដាប់​ថ្នាក់ ​និង​អាជ្ញាធរ​ពាក់​ព័ន្ធ​បាន​ត្រៀម​លក្ខណៈ​ជាស្រេច ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថាន​ជំនន់​ទឹក​ភ្លៀង​នេះ៕