
ភ្ញៀវទេសចរទស្សនាប្រាសាទបាយ័ន កាលពីខែមករា ឆ្នាំ២០២៥។ យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
ក្រសួងទេសចរណ៍រំពឹងថា ភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជានឹងកើនឡើងប្រមាណពី ៧,២ ទៅ ៧,៥ លាននាក់ នៅឆ្នាំ២០២៥នេះ បន្ទាប់ពីមានសញ្ញាល្អនៅឆ្នាំ ២០២៤។ រដ្ឋាភិបាលក៏នឹងបន្តឆ្នាំផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន និងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា នៅឆ្នាំ២០២៥នេះ។
នៅឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ៦,៧ លាននាក់ កើនឡើងប្រមាណ ២៣ភាគរយ ធៀបនឹងឆ្នាំ២០២៣ ជាមួយទេសចរជាតិប្រមាណ ២២.៥២ លាននាក់ កើនឡើង ២០,១ភាគរយធៀបនឹងឆ្នាំ២០២៣។ នេះបើតាមក្រសួងទេសចរណ៍។
ក្រសួងបញ្ជាក់ថា៖ «យោងតាមនិន្នាការខាងលើ និងការបន្តដាក់ចេញវិធានការគន្លឹះនានាជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ក៏ដូចជាការជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រនានារបស់ក្រសួងទេសចរណ៍ យើងរំពឹងចំនួនភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងប្រមាណពី ៧,២ ទៅ ៧,៥ លាននាក់ នៅឆ្នាំ២០២៥នេះ»។
ក្រសួងទេសចរណ៍បិទសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ នៅថ្ងៃទី២៦ និង ២៧ ខែកុម្ភៈនេះ។
ថ្លែងក្នុងពិធីបិទសន្និបាតនេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លើកឡើងថា លទ្ធផលវិជ្ជមានខាងលើពុំកើតចេញតែពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងទេសចរណ៍តែឯកឯងនោះទេ គឺជាការចូលរួម និងកិច្ចខិតខំប្រឹងប្រែងពីគ្រប់ផ្នែក គ្រប់ថ្នាក់ទាំងអស់ រួមទាំងប្រជាពលរដ្ឋផងដែរ។
លោកថា ភាពជោគជ័យនៃវិស័យទេសចរណ៍កើតចេញពីសសរស្ដម្ភនៃកិច្ចសហប្រតិបត្តិការនៅថ្នាក់ជាតិ អន្តរក្រសួង ស្ថាប័ន, ថ្នាក់ក្រោមជាតិ វិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក, ស្ថានបរទេសនៅកម្ពុជា, ដៃគូអភិវឌ្ឍ, ស្ថានតំណាងកម្ពុជានៅបរទេស, និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្រិតទ្វេភាគី ពហុភាគី ក៏ដូចជាការផ្សព្វផ្សាយពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយនិងប្រជាពលរដ្ឋម្នាក់ៗ។

ក្រសួងទេសចរណ៍បិទសន្និបាតវិស័យទេសចរណ៍ឆ្នាំ២០២៤ លើកទិសដៅឆ្នាំ២០២៥ នៅថ្ងៃទី២៦ ខែកុម្ភៈ។ ក្រសួងទេសចរណ៍
លោកលើឡើងពីការកែសម្រួលនិងការដាក់ចេញកម្មវិធីថ្មីៗមួយចំនួនរដ្ឋាភិបាលដូចជា ការបញ្ចូលគ្នារវាង e-Visa និង e-Arrival នៅក្នុងប្រព័ន្ធតែមួយ ការបញ្ចុះតម្លៃទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ, ការកែសម្រួលការលក់សំបុត្រចូលទស្សនាតំបន់អង្គរ ការដាក់ដំណើរការប្រព័ន្ធទូទាត់បាគងសម្រាប់ភ្ញៀវទេសចរ ក៏ដូចជាការបង្កើតគណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាដើម។
ក្រៅពីនេះក៏មានការធ្វើយុទ្ធនាការមួយចំនួន ដូចជា «ទស្សនាសៀមរាប ឆ្នាំ២០២៤», «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» និង «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤»។
លោកបន្តថា៖ «ដោយឡែក រាជរដ្ឋាភិបាលក៏បានឯកភាពជាគោលការណ៍កំណត់យកឆ្នាំ២០២៥ ជា ឆ្នាំទេសចរណ៍កម្ពុជា-ចិន និងបន្តយកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា ផងដែរ។
ទោះយ៉ាងណា លោក ហួត ហាក់ បន្តថា វិស័យទេសចរណ៍នៅប្រឈមបញ្ហាស្មុគស្មាញជាច្រើន បន្ទាប់ពីកូវីដ១៩បានកន្លងទៅ ដូចជា វិបត្តិដ៏រ៉ាំរ៉ៃនៃសង្គ្រាមរវាងអ៊ុយក្រែន-រុស្ស៊ី បញ្ហានៅមជ្ឈិមបូព៌ា និងបញ្ហាភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាច។ ឆ្លើយតបនឹងបញ្ហាទាំងនេះ លោកស្នើឲ្យសន្និបាតរបស់ក្រសួងផ្ដោតលើការទាក់ទាញភ្ញៀវទេសចរតាមរយៈការបង្កើតកម្មវិធីថ្មីៗ៕