ភ្នំពេញ៖ លោក​នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានបញ្ជាក់​ជាថ្មី និង​ប្រកាស​អាសន្ន​ចំពោះ​ការ​ទទួលទាន​ភេសជ្ជៈ​ផ្អែម​របស់​កុមារ​តូច​ៗ​ ដែល​ប៉ះពាល់​សុខភាព​របស់ពួកគេ​ ជាពិសេស​ពេល​ឈាន​ដល់មជ្ឈិមវ័យ។

លោក​បាន​ព្រមាន​ថា​៖ «ទឹក​ប៉ូវ​កម្លាំង​មិន​មែន​សម្រាប់​ក្មេងៗ​ តែ​ [ពួកគេ​] ប្រើច្រើន​។ រឿងនេះ​គឺជា​រឿងមួយ​ដែល​ត្រូវ​ប្រកាស​អាសន្ន​ ហើយ​វាជា​បញ្ហា​រយៈ​ពេល​វែង​។ បើ​ឈឺ​ជំងឺ​ទឹកនោម​ផ្អែម វា​ក្លាយជា​បន្ទុក​ហើយ វា​មិន​មែន​ជា​ទ្រព្យ​ទេ​»។

លោក​នាយករដ្ឋមន្ដ្រី បាន​ក្រើន​រំឭក និង​ព្រមាន​ពីហានិភ័យ​សុខភាព​របស់កុមារ​នៅ​ក្នុង​ពិធីបិទ​​សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ ក្រោមប្រធានបទ «អភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅថ្ងៃទី​ ២៦ ម្សិលមិញ។

លោក​បាន​ស្នើ​សុំ​ឪពុកម្ដាយ​ ប្រជាពលរដ្ឋ អ្នកផ្ដល់​ការអប់រំ រួមទាំង​អ្នក​លក់​ដូរ​គិតគូរ​អំពី​បញ្ហា​នេះ​ ដោយ​លោក​បាន​លើកឡើងថា នៅមន្ទីរពេទ្យ​គន្ធបុប្ផា​មាន​ក្មេងៗ​កើត​ជំងឺ​ទឹក​ផ្អែម​ច្រើន​។

លោក​បាន​ថ្លែងថា ពេល​ខ្លះ​ វាពាក់ព័ន្ធទៅនឹងការ​យល់​ដឹង​របស់​ឪពុកម្ដាយ ដែល​មិន​យកចិត្ដទុក​ដាក់ចំពោះ​ការ​ទទួលទាន​ភេសជ្ជៈ​ផ្អែម​របស់​កូន​នៅ​តូច​ ដែល​វា​នឹង​ជះ​ឥទ្ធិពល​ដល់​សុខភាព​របស់​ពួកគេ​នៅ​ពេល​ធំពេញ​វ័យ​។

លោក​នាយករដ្ឋមន្ដ្រី បាន​ថ្លែងថា៖ «ខ្ញុំ​បានជួប​គ្រូពេទ្យ​ស្គាល់គ្នា​ម្នាក់​នៅ​សិង្ហបុរី ​ដោយ​គាត់​និយាយថា លោកសង្កេតឃើញថា នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​ មនុស្ស​អាយុ ៣០ -៤០ ឆ្នាំ កើត​ជំងឺ​ទឹក​នោម​ផ្អែម​។ យើង​គិតថា មនុស្ស​អាយុ​ប៉ុណ្ណឹង​បាន​ចេះ​ផឹក និង​កើត​ជំងឺទឹកនោមផ្អែម​។ វា​មិន​មែន​ទេ! [ពួកគេផឹក​] តាំងពី​ក្មេង»។

លោកស្រីវេជ្ជបណ្ឌិត អ៊ីវ ម៉ាឡែន អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ពិគ្រោះជាមួយក្រុមគ្រួសារនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។ រូបថត សហការី​

ក្តីបារម្ភ​ចំពោះ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​លើ​សុខភាព​កុមារ​

​ការ​ថ្លែង​របស់លោក​នាយករដ្ឋមន្ត្រី​ធ្វើឡើងជាថ្មីម្ដងទៀត ​​ស្របពេល​ដែល​ប្រទេស​កម្ពុជា​ប្រឈម​នឹង​ការកើនឡើង​នៃ​ការព្រួយបារម្ភ​ផ្នែក​សុខភាព ជាពិសេស​ក្នុងចំណោម​ប្រជាជន​វ័យក្មេង​។

នៅក្នុង​ខែធ្នូ ឆ្នាំ ២០២៤​ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចាត់វិធានការ​ដោយ​ចេញ​សេចក្តីណែនាំ​មួយ​ដើម្បី​ហាមឃាត់​ការប្រើប្រាស់ ចែកចាយ តាំង​បង្ហាញ​ និង​ពាណិជ្ជកម្ម​នៃ​ផលិតផល​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នៅក្នុង និង​ជុំវិញ​គ្រឹះស្ថាន​អប់រំ​សាធារណៈ និង​ឯកជន​។

សេចក្តីណែនាំ​នេះ​ដែលមាន​គោលបំណង​ទប់ស្កាត់​វិបត្តិ​សុខភាព​សាធារណៈ​បាន​អនុវត្តតាម​វិធានការ​ ​របស់​រដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​សុខ​ភាព អនាម័យ និង​សុវត្ថិភាព​ចំណីអាហារ​នៅក្នុង​សាលារៀន​។

​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ការកើនឡើង​នៃ​ចំនួន​កុមារ​ដែល​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​ទឹកនោមផ្អែម​បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​។

​ក្នុង​រយៈពេល ៣ ទសវត្សរ៍​កន្លងមក​នេះ កុមារ​ជិត ៧០០ នាក់​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ១ នៅ​ទូទាំង​សាខា​របស់​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។​

​ខណៈពេលដែល​ចំនួន​ករណី​ថ្មី​មាន​ស្ថិរភាព មន្ទីរពេទ្យ​នៅតែមាន​ការព្រួយបារម្ភ​អំពី​ផលប៉ះពាល់​នៃ​ជម្រើស​របៀប​រស់​នៅលើ​សុខភាព​កុមារ​។

​លោក​វេជ្ជបណ្ឌិត យ៉ៃ ចន្ទនា ប្រធាន​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧ បានឱ្យដឹងថា​ មូលហេតុដែល​នាំ​ឱ្យ​កុមារ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ គឺបណ្ដាល​មកពី​ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន​ទៅ​បំផ្លាញ​កោសិកា​​ បែតា ដែល​ស្ថិត​នៅ​ក្នុង​លំពែង​ មាន​តួនាទី​ផលិត​អាំងស៊ុយលីន​។

លោក​បាន​ពន្យល់ថា ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ មិន​បណ្ដាល​មកពី​កុមារ​មាន​ប្រវត្ដិ​ទទួលទាន​ស្ក​រច្រើន​មក​ទេ​។ ប៉ុន្ដែ​នៅពេល​កុមារ​មាន​ផ្ទុក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ហើយ​ចាប់ផ្ដើម​ការព្យាបាល​ដោយ​ការ​ចាក់​អាំងស៊ុយលីន របប​អាហារ​របស់​កុមារ​ត្រូវ​មាន​ការ​ផ្ទៀងផ្ទាត់​ឱ្យ​បាន​ត្រឹម​ត្រូវ គឺ​មិន​ឱ្យ​លើស​ជាតិ​ស្ក​រច្រើន ជាតិ​ខ្លាញ់​ច្រើន ដែល​ទទួល​បាន​ការ​ណែនាំពី​គ្រូពេទ្យ​។

លោក​វេជ្ជបណ្ឌិត​បាន​បន្ដថា​៖ «នៅពេល​រក​រោគ​វិនិច្ឆ័យ​ឃើញថា កុមារ​នោះ​មាន​ជំងឺទឹក​នោមផ្អែម​ប្រភេទ​ទី ១ វិធីព្យាបាលតែ​មួយគត់​គឺ​គឺ​អាំងស៊ុយលីន​នេះ​ឯង​ ហើយ​អាំង​ស៊ុយលីន​នេះគឺជា​​អ័រម៉ូន បង្កើតឡើងដោយ​លំពែង​​របស់​យើង​។ កូន​ក្មេង​កើត​ជំងឺ​ទឹក​នោម​ផ្អែម ត្រូវការ​ចាក់​អាំងស៊ុយលីន​មួយ​ជីវិត»។

ឥទ្ធិពល​សកល​នៃ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ

​គ្រោះថ្នាក់​នៃ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​មានឥទ្ធិពល​ខ្លាំង​មិន​ត្រឹមតែនៅ​​ប្រទេស​កម្ពុជាប៉ុណ្ណោះទេ​ ដោយ​ការសិក្សា​ជា​សកល​បានបង្ហាញ​ពី​ផលប៉ះពាល់​ដ៏​អាក្រក់​របស់​វា​។

​អង្គការ​សុខភាព​ពិភពលោក (WHO) រាយការណ៍​ថា ភេសជ្ជៈ​មាន​ជាតិ​ស្ករ (SSBs) ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ជំងឺ​ធាត់ ការពុក​ធ្មេញ និង​បញ្ហា​សុខភាព​ផ្សេងៗ​ទៀត​។

អង្គការ​សុខភាព​ពិភពលោក​បានផ្តល់​អនុ​សាសន៍​ថា ​កុមារ​កាត់បន្ថយ​ការទទួល​ទាន​ជាតិ​ស្ក​​រមក​តិចជាង ១០ភាគរយ​នៃ​ការប្រើប្រាស់​ថាមពល​សរុប​របស់​ពួកគេ ជាមួយនឹង​អត្ថប្រយោជន៍​សុខភាព​បន្ថែម​ដែល​អាច​សម្រេចបាន​ដោយ​កាត់បន្ថយ​ការទទួល​ទាន​ស្ករ​នេះ​ឱ្យនៅ​ខាងក្រោម ៥ភាគរយ​។

​វិធានការ​បង្ការ​

អង្គការ​សុខភាព​ពិភពលោក ស្នើឱ្យ​ផ្តល់​ទឹក និង​ទឹកដោះគោ​ដល់​កុមារ​អាយុ​ក្រោម​មួយឆ្នាំ បង្កើត​ទម្លាប់​ដុសធ្មេញ​ជាប្រចាំ និង​កំហិត​ការ​ទទួលទាន​​ភេសជ្ជៈ​ផ្អែម ដើម្បី​លើកកម្ពស់​ជម្រើស​អាហារ​ដែលមាន​សុខភាព​ល្អ​។

​អង្គការ​សុខភាព​ពិភពលោក បាន​​ណែនាំ​យុទ្ធសាស្ត្រ​ជាច្រើន​ដើម្បី​ជួយ​កុមារ​ជៀសវាង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ និង​បង្កើត​ទម្លាប់​ដែលមាន​សុខ​ភាពល្អ​តាំងពី​តូច​។

​បង្កើត​ទម្លាប់​​កុមារ​ឱ្យ​ផឹក​ពី​ពែង​ជំនួស​ឱ្យ​ដប​អាចជួយ​កាត់បន្ថយ​ការប៉ះពាល់​យូរ​ទៅនឹង​ភេសជ្ជៈ​ដែលមាន​ជាតិ​ស្ករ ដែល​អាចរួមចំណែក​ដ​ល់​ការពុក​ធ្មេញ​។​

លើសពីនេះ ការកំណត់​ភេសជ្ជៈ​មាន​ជាតិ​ស្ក​​រអាចជួយ​រក្សា​ចំណង់​អាហារ​របស់​កុមារ​សម្រាប់​អាហារ​ដែលមាន​ជីវជាតិ​កាន់តែច្រើន លើកកម្ពស់​សុខភាព និង​សុខុមាលភាព​ទូទៅ​។​

ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ ដើម្បី​ការពារ​សុខភាព​សាធារណៈ សារ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​កិច្ចសហការ​រវាង​មាតាបិតា អ្នក​អប់រំ និង​ភ្នាក់ងារ​រដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ការកើនឡើង​នៃ​បញ្ហា​សុខភាព​ទាក់ទង​នឹង​ការ​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​ស្ក​រ៕