
កិច្ចប្រជុំរៀបចំផែនការហ្វឹកហ្វឺនចុងក្រោយ (ept) និងការបណ្តុះបណ្តាលអ្នកសម្របសម្រួលនៃ ARDEX-25 ថ្ងៃទី ២៤-២៨ ខែកុម្ភៈ នៅរាជធានីភ្នំពេញ។ ARDEX-25 នឹងប្រារឰឡើងនៅក្នុងប្រទេសកម្ពុជាក្នុងខែកក្កដា ឆ្នាំ ២០២៥។ រូបថត សហការី
ភ្នំពេញ៖ សហភាពអឺរ៉ុប (EU) បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រយន្ដការដោះស្រាយគ្រោះមហន្តរាយនៅទូទាំងប្រទេសកម្ពុជា និងតំបន់អាស៊ាន។
សហភាពអឺរ៉ុបផ្តល់មូលនិធិ និងជំនាញបច្ចេកទេសដល់មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre)។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក Igor Driesmans បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី ២៧ ខែកុម្ភៈនេះថា៖ «ត្រូវត្រៀមខ្លួនសម្រាប់គ្រោះធម្មជាតិ! យើងសង្ឃឹមថានឹងមិនកើតឡើង! សកម្មភាពហ្វឹកហាត់ឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់អាស៊ានរយៈពេលពីរឆ្នាំនឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំនេះដែលគាំទ្រដោយសហភាពអឺរ៉ុប»។
ស្របតាមកិច្ចខិតខំប្រឹងប្រែងទាំងនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកាហ្វឹកហ្វឺនឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់អាស៊ាន (ARDEX) នៅឆ្នាំនេះ។
ការរៀបចំនេះនឹងក្លាយជាឱកាសដ៏សំខាន់សម្រាប់រដ្ឋសមាជិកអាស៊ានក្នុងការអនុវត្ត និងវាយតម្លៃយុទ្ធសាស្ត្រឆ្លើយតបគ្រោះមហន្តរាយរបស់ពួកគេ។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក Igor Driesmans បានថ្លែងក្នុងកិច្ចប្រជុំរៀបចំផែនការហ្វឹកហ្វឺនចុងក្រោយ (ept) និងការបណ្តុះបណ្តាលអ្នកសម្របសម្រួលនៃ ARDEX-25។ រូបថត សហការី
ការហ្វឹកហ្វឺន ARDEX គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដែលកំពុងបន្តរវាងសហភាពអឺរ៉ុប និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង និងត្រៀមទប់ទល់គ្រោះមហន្តរាយក្នុងតំបន់។
យោងតាមសហភាពអឺរ៉ុបប្រចាំកម្ពុជា បានឱ្យដឹងថា ការគាំទ្ររបស់សហភាពអឺរ៉ុបដល់ប្រទេសដៃគូសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយបានកើនឡើងពី ១០ លានអឺរ៉ូ (១០,៤៧ លានដុល្លារអាមេរិក) ក្នុងឆ្នាំ ២០១៤ ដល់ ៨៤៥ លានអឺរ៉ូ (៨៨៥ លានដុល្លារ) ក្នុងឆ្នាំ ២០២០។
តាមរយៈថវិកាមនុស្សធម៌ សហភាពអឺរ៉ុបក៏បានបែងចែកថវិកាចំនួន ៧៦ លានអឺរ៉ូ (៧៩ លានដុល្លារអាមេរិក) ជារៀងរាល់ឆ្នាំដល់ការត្រៀមរៀបចំគ្រោះមហន្តរាយ។
នៅខែតុលា ឆ្នាំ ២០២៤ សហភាពអឺរ៉ុប និងអាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់មួយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ។
ភាពជាដៃគូនេះផ្តោតលើការផ្លាស់ប្តូរចំណេះដឹង ការដាក់ពង្រាយអ្នកជំនាញ និងការបង្កើតកម្មវិធីបណ្តុះបណ្តាល ដើម្បីកែលម្អសមត្ថភាពត្រៀម និងឆ្លើយតបនៅទូទាំងរដ្ឋសមាជិកអាស៊ាន។
ស្នងការអឺរ៉ុបសម្រាប់ការគ្រប់គ្រងវិបត្តិ លោក Janez Lenarčič បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះបង្ហាញពី «កិច្ចសហប្រតិបត្តិការ និងផ្ដល់លទ្ធផលជាក់ស្តែង» ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ។
(ARDEX) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម គឺជាការហ្វឹកហ្វឺនឆ្លើយតបគ្រោះមហន្តរាយទ្រង់ទ្រាយធំដែលរៀបចំឡើងដោយមជ្ឈមណ្ឌល AHA (ASEAN) សហការជាមួយរដ្ឋសមាជិកអាស៊ាន និងដៃគូអន្តរជាតិ។
វាត្រូវបានបង្កើតឡើងដើម្បីហ្វឹកហ្វឺន និងបង្កើនសមត្ថភាពក្នុងតំបន់ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិធំៗ ដូចជាការរញ្ជួយដី រលកយក្សស៊ូណាមិ និងព្យុះទីហ្វុងជាដើម៕