ភ្នំពេញៈ ក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)បានចុះហត្ថលេខាលើឯកសារគម្រោង ស្តីពី «ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន» នាថ្ងៃទី ២៧ ខែកុម្ភៈនេះ ដើម្បីលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់ប្លាស្ទិកប្រកបដោយនិរន្តរភាព ក្នុង៧រាជធានីខេត្ត។

គម្រោងស្តីពី «ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន» នឹងកំណត់គោលដៅតំបន់ទីក្រុង នៅរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ សៀមរាប និងខេត្តជាប់មាត់សមុទ្រ មានខេត្តកែប កំពត កោះកុង និងខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់ប្លាស្ទិកប្រកបដោយនិរន្តរភាព។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបានថ្លែងក្នុងឱកាសនោះថា បន្ទាប់ពីចំនួនថង់ប្លាស្ទិក ត្រូវបានមើលឃើញថា មានការបោះចោល និងមានការប្រើប្រាស់កាន់តែច្រើន នាពេលកន្លងមក ដើម្បីកម្ពុជាស្អាត ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។

ការដាក់ចេញនូវយុទ្ធនាការនេះ គឺដើម្បីគ្រប់គ្រង និងកាត់បន្ថយ​សំណល់ប្លាស្ទិក ប្រើប្រាស់ឡើងវិញ កែច្នៃ និងទាញយកជាថាមពល ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«បរិមាណសំណល់ប្លាស្ទិក ដែលកំពុងកើនឡើងច្រើន និងកំពុងបន្ថែមសម្ពាធយ៉ាងខ្លាំងទៅលើប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងបរិស្ថានរបស់យើង។ ដូច្នេះ យើងចាំបាច់ត្រូវរួមគ្នាប្រយុទ្ធនឹងសត្រូវនេះ ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា និងជំរុញឱ្យកម្ពុជាមានភាពស្អាត»។

លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ ចំពោះគម្រោង ដែលបានចុះហត្ថលេខារួមគ្នានាពេលនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក ដល់ភាពស្អាត នៅក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។ ជាពិសេសកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតែម្តងបោះចោល។

គម្រោងស្តីពី "ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន" បានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសជប៉ុន និងការគាំទ្របច្ចេកទេសពីUNDP ។

លោកស្រី Alissar Chaker តំណាងUNDP ប្រចាំកម្ពុជា បានសំដែងនូវសេចក្តីសង្ឃឹមថា គម្រោងនេះ នឹងចូលរួមជួយឱ្យមានការផ្លាស់ប្តូរឥរិយាបថបន្ថែមទៀត ឆ្ពោះទៅរកផលិតកម្មស្អាត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រ​កបដោយនិរន្តរភាព និងបង្កើនសេដ្ឋកិច្ចចក្រានៅកម្ពុជា។ គម្រោងលើកទឹកចិត្តផ្តល់ការគាំទ្រទុន លើការចូលរួមរបស់ស្ត្រី និងយុវជន ក្នុងការអនុវត្តគម្រោងផងដែរ។

ក្នុងឱកាសនោះផងដែរ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក UENO Atsushi បានសាទរចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងគុណភាពបរិស្ថាន និងបានប្រកាសគាំទ្រពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។

ជាពិសេសជាមួយក្រសួងបរិស្ថាន និងដៃគូសហការផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាសំណល់ប្លាស្ទិកនៅទីប្រជុំជននៅកម្ពុជា។

កម្ពុជាមាន​សំរាម ជាង១ម៉ឺនតោនក្នុងមួយថ្ងៃ។ ក្នុងនោះរាជធានីភ្នំពេញបាន​បង្កើតសំរាមប្រមាណចន្លោះពីជាង៣ពាន់តោន ទៅ៥ពាន់តោន ក្នុងមួយថ្ងៃ ដែលសំណល់ទាំងនោះរួមមាន ម្ហូបអាហារមានចំនួន ៦០ភាគរយ សំ​ណល់​​​ថង់​ប្លាសស្ទិក មានប្រមាណ ២០ភាគរយ និងក្រៅពីនេះ គឺជាសំណល់ផ្សេងៗ ដូចជាកៅស៊ូ ក្រដាស កំណាត់ឈើជាដើម។

ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លាស្ទិក​ទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ នៅដើមឆ្នាំ២០២៥នេះ យុទ្ធនាការ«ផ្លូវជាតិគ្មានសំរាមប្លាស្ទិក ក៏ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ផងដែរ។

មន្ទីរបរិស្ថានខេត្តស្វាយរៀង បានចុះផ្សព្វផ្សាយ និងធ្វើយុទ្ធនាការ ''ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ'' និង "កម្ពុជាស្អាត ខ្មែរធ្វើបាន" នៅរោងចក្រ Shieco(Cambodia) និងរោងចក្រ Waho Technology (Cambodia) ក្នុងក្រុងបាវិតនាពេលថ្មីៗនេះ។ រូបថត ក្រសួងបរិស្ថាន

តាមរយៈយុទ្ធនាការទំាងនេះ ​ក្រសួងជឿជាក់ថា ​ពលរដ្ឋជាង ៨០​ភាគរយនឹង​ចូលរួម ប្តេជ្ញា​ចិត្ត​មិន​ប្រើ​ថង់ប្លាស្ទិក​ ​អាចនៅ​ត្រឹម​ចុង​ឆ្នាំ​២០២៥ ឬ​ក៏​ពាក់​កណ្តាល​អាណត្តិ​នេះ។

រដ្ឋមន្រ្តីបានណែនាំឱ្យពង្រឹងការអប់រំបរិស្ថាន តាមរយៈយុទ្ធនាការរបស់ក្រសួងបន្តទៀត នៅតាមសាលារៀន វត្តអារាម រោងចក្រ សហគ្រាស និងសហគមន៍មូលដ្ឋាន និងការផ្តល់ធុងសំរាមដល់មូលដ្ឋាន ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងបែងចែកសំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ។

បន្ថែមពីនេះត្រូវពិនិត្យរៀបចំលិខិតបទដ្ឋានគតិយុត្តិ ដើម្បីគ្រប់គ្រងប្លាស្ទិក ពិសេសប្លាស្ទិកដែលប្រើតែម្តង ព្រមទាំងជំរុញវិធានលើកកម្ពស់ផលិតផលជំនួសប្លាស្ទិក ការប្រើប្រាស់ប្លាស្ទិកឡើងវិញ ការកែច្នៃប្លាស្ទិក ការសាកល្បងគំនិតផ្តួចផ្តើម ទំនួលខុសត្រូវបន្ថែមរបស់អ្នកផលិត ទាក់ទងនឹងឥណទានប្លាស្ទិកសម្រាប់កម្ពុជា៕