បន្ទាប់​ពី​បាន​បើក​ដំណើរ​ការ​ជាង​ ១​ឆ្នាំ មជ្ឈមណ្ឌល​សិក្សា​ទំនើប​ទាំង​១២​កន្លែង​ដែល​បាន​បើក​នៅ​សាលា​រដ្ឋ​ចំនួន ១២ នៅ​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាស​ឲ្យ​បិទ​វិញ​នៅ​ពេល​​ឆ្នាំ​សិក្សា​បច្ចុប្បន្ន​បាន​បញ្ចប់។

ការ​បិទ​មជ្ឈមណ្ឌល​សិក្សា​ទំនើប​នេះ លោក ហ៊ុន ម៉ាណែត លើក​ហេតុ​ផល​ថា វា​បាន​ធ្វើ​ឲ្យ​មាន​ស្តង់ដារ​ពីរ​នៅ​ក្នុង​សាលា​តែ​មួយ ហើយ​ក្រសួង​អប់រំ​បាត់​ភាព​ម្ចាស់​ការ​ក្នុង​ការ​គ្រប់គ្រង​មូលដ្ឋាន​របស់​ខ្លួន​១០០​ភាគ​រយ ហើយ​ប្រព័ន្ធ​នេះ​បាន​ផល​មួយ​ផ្នែក​ប៉ុណ្ណោះ។

មជ្ឈមណ្ឌល​សិក្សា​ទំនើប​មាន​ចំនួន ១៨ ប៉ុន្តែ លោក​បញ្ជា​ឲ្យ​ផ្អាក​​ចំនួន​១២​ដែល​បើក​ក្រោយ ចំណែក​ចំនួន ៦ ទៀត​ដែល​បើក​យូរ​ហើយ​ត្រូវ​ចរចា​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ព្រោះ​មិន​អាច​បង្កើត​ស្តង់ដារ​ពីរ​ក្នុង​សាលា​​មួយ​បាន​ទេ។ អាហ្នឹង​គឺ​ត្រូវ​ឲ្យ​ច្បាស់»។

លោក​បន្ត​ថា ភាព​ជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន​មិន​អាច​ធ្វើ​ឡើង​ក្នុង​រូបមន្ត​ដែល​រដ្ឋ​បាត់​ភាព​ជា​ម្ចាស់​ការ​នោះ​ទេ ហើយ​ថា​ ការ​ផ្អាក​នេះ​គឺ​ដើម្បី​ពង្រឹង​វិស័យ​អប់រំ។

លោក​ស្រី ឃួន វិច្ឆិកា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង កីឡា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មជ្ឈមណ្ឌល​សិក្សា​ទំនើប គឺ​ជា​ការ​អនុវត្ត​កម្មវិធី​ក្រៅ​ម៉ោង​សិក្សា​ដែល​អនុវត្ត​នៅ​សាលា​បឋម​សិក្សា​របស់​រដ្ឋ។ មជ្ឈមណ្ឌល​នេះ​មិន​មែន​ជា​សាលា​ជំនាន់​ថ្មី​របស់​រដ្ឋ​នោះ​ទេ ប៉ុន្តែ មាន​កម្មវិធី​ប្រហាក់​ប្រហែល​គ្នា។

លោកស្រី​ពន្យល់​ថា៖ «មជ្ឈមណ្ឌល​សិក្សា​ទំនើប គឺ​ជា​ករ​អនុវត្ត​កម្មវិធី​ក្រៅ​ម៉ោង​សិក្សា​ដើម្បី​ជំរុញ​លើក​កម្ពស់​បំណិន​សតវត្សរ៍​ទី២១ នៅ​ក្នុង​នោះ​មាន​ដូចជា​ភាសា​បរទេស ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ ICT ការ​រៀន​សរសេរ​កូដ និង​មុខ​វិជ្ជា​ដទៃ​ទៀត​ដែល​ជា​តម្រូវការ​របស់​ប្អូនៗ​សិស្សានុសិស្ស​ និង​មាតា​បិតា​នៅ​តាម​សាលា​ដែល​មាន​កម្មវិធី​នោះ»។

លោក​ស្រី​បន្ត​ថា៖ «កម្មវិធី​នេះ​ខុស​ពី​សាលា​ជំនាន់​ថ្មី ដែល​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ដាក់​ចេញ​ ដែល​មក​ទល់​បច្ចុប្បន្ន​នេះ​មាន​សាលា​រៀន​ចំនួន ១៣ ដែល​អនុវត្ត​កម្មវិធី​នេះ​ពី​កម្រិត​បឋម​សិក្សា​រហូត​ដល់​មធ្យម​សិក្សា។ សាលា​កម្មវិធី​ថ្មី​គឺជា​កម្មវិធី​ដែល​សាលារៀន​មាន​ឯករាជ្យភាព​ក្នុង​កម្មវិធី​សិក្សា​ដើម្បី​ជំរុញ​បំណិន​សតវត្សរ៍​ទី១ របស់​ប្អូនៗ​សិស្សានុសិស្ស​ក្នុង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ ICT និង​ការ​សិក្សា​ស្ទឹម (STEM)»។

សាលាបឋមសិក្សា​ភ្នំពេញ​ថ្មី គឺជា​សាលា​មួយ​ដែល​មាន​វត្តមាន​មជ្ឈមណ្ឌល​សិក្សា​ទំនើប ចាប់​ពី​ថ្នាក់​មត្តេយ្យ​ រហូត​ដល់​ថ្នាក់​ទី៤ នៅ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ។ ការ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាលា​នេះ​ ត្រូវ​ធ្វើ​ឡើង​ជាមួយ​នាយក​សាលា​ផ្ទាល់។

វេន​សិក្សា​នៅ​មជ្ឈមណ្ឌល​នេះ​បែង​ចែក​ជា​ពីរ គឺ​កម្មវិធី​សិក្សា​របស់​សាលា​រដ្ឋ​ដែល​បង្រៀន​ដោយ​គ្រូ​នៃ​សាលា​រដ្ឋ​ពាក់​កណ្ដាល​ថ្ងៃ​ និង​កម្មវិធី​បន្ថែម​របស់​មជ្ឈមណ្ឌល​ដែល​មាន​ដូចជា ថ្នាក់​រ៉ូបូទិក ថ្នាក់​ភាសា​អង់គ្លេស​សម្រាប់​គណិតវិទ្យា​ វិទ្យាសាស្ត្រ ថ្នាក់​កុំព្យូទ័រ និង​ភាសា​ចិន និង​កីឡា។

សម្រាប់​ការ​ចំណាយ​របស់​ឪពុក​ម្ដាយ គឺ​ ៤៥០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ដោយ​មិន​ទាន់​បញ្ចូល​តម្លៃ​ចុះ​ឈ្មោះ និង សម្ភារៈ​សិក្សា។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ថ្លែង​ថា តាម​អ្វី​ដែល​លោក​ដឹង មជ្ឈមណ្ឌល​សិក្សា​ទំនើប​គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់​​កាល​សាក​ល្បង ដើម្បី​ឲ្យ​សិស្ស​អាច​សិក្សា​បាន​ពេញ​មួយ​ថ្ងៃ។

លោក​ថា ការ​បង់​ថ្លៃ​សិក្សា​និង​កម្មវិធី​បន្ថែម​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មាន​វិសមភាព​រវាង​ឪពុក​ម្ដាយ​ដែល​មាន​លទ្ធភាព និង ឪពុក​ម្ដាយ​ដែល​គ្មាន​លទ្ធភាព ដែល​ជា​ស្តង់ដារ​ពីរ​នៅ​ក្នុង​សាលា​រដ្ឋ ដែល​អាច​មាន​ការ​តវ៉ា​ពី​ឪពុក​ម្ដាយ​ដែល​គ្មាន​លទ្ធភាព។

លោក​ថ្លែង​ថា បើ​តាម​ការ​សាកសួរ​របស់​លោក​ទៅ​ឪពុក​ម្ដាយ​មួយ​ចំនួន​ ពួកគេ​ពេញ​ចិត្ត​ឲ្យ​កូន​បន្ត​នៅ​សាលា​ពេញ​មួយ​ថ្ងៃ ដោយ​សារ​តែ​មជ្ឈមណ្ឌល​មាន​បង្រៀន​ភាសា​ ជំនាញ​ទន់ និង កុំព្យូទ័រ។ ដូច្នេះ​ការ​បិទ​ធ្វើ​ឲ្យ​បាត់​បង់​ឱកាស​សម្រាប់​សិស្ស​ដែល​ចង់​រៀន។

ប៉ុន្តែ លោក​ថា ការ​ធ្វើ​បែប​នេះ​នាំ​ឲ្យ​មាន​ភាព​អយុត្តិធម៌​សម្រាប់​សិស្ស​ដទៃ​ទៀត​ដែល​ឪពុក​ម្ដាយ​គ្មាន​លទ្ធភាព។

លោក​បន្ត​ថា ជា​ដំណោះ​ស្រាយ ការ​បន្ថែម​ម៉ោង​ឲ្យ​សិស្ស​បាន​រៀន​នៅ​សាលា​ពេញ​មួយ​ថ្ងៃ​ចាប់ពី​ថ្នាក់​បឋម រហូត​ដល់​វិទ្យាល័យ​គឺ​ជា​រឿង​ល្អ សម្រាប់​ទាំង​សិស្ស​និង​គ្រូ​ដែល​បង្រៀន​បាន​ច្រើន​ជាង​មុន ដោយ​មាន​មុខ​វិជ្ជា​បន្ថែម។

លោក​ថា៖ «ខ្ញុំ​គាំទ្រ​ឲ្យ​មាន​កម្មវិធី​សិក្សា​បន្ថែម​ម៉ោង ដោយ​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​យើង​រៀន​ជំនាញ​ទន់ រៀប​បែប​ស្វ័យ​សិក្សា​បន្ថែម ឬ​រៀន​បំប៉ន ដោយ​មិន​បាច់​ទៅ​រៀន​គួរ​នៅ​ក្រៅ​ទេ និង​រៀន​ជំនាញ​កុំព្យូទ័រ​ជា​ដើម។ ប៉ុន្តែ វា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​មាន​ធនធាន​គ្រប់គ្រាន់​ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​បង្កើន​ម៉ោង​រៀន​និង​បង្រៀន​បន្ថែម។ នេះ​ជា​អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​ដោះ​ស្រាយ។ បើ​ធ្វើ​បាន វា​នឹង​ជួយ​ពង្រឹង​គុណភាព​អប់រំ​បាន​មួយ​កម្រិត»។

លោក ឈត ប៊ុនថង អ្នក​ជំនាញ​ផ្នែក​អប់រំ​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​ថា បច្ចុប្បន្ន​នេះ សាលា​ឯកជន​បាន​ជួយ​បំពេញ​បន្ថែម​ដល់​ការ​ខ្វះ​ចន្លោះ​ក្នុង​សាលា​រដ្ឋ​ ដូចជា​ការ​ខ្វះ​ខាត​បុគ្គលិក គ្រូ សាស្ត្រាចារ្យ អាគារ​រដ្ឋ ថវិកា​និង​មូលនិធិ​របស់​រដ្ឋ​សម្រាប់​ការ​បណ្ដុះ​បណ្ដាល។

លោក​ថា បច្ចុប្បន្ន​នេះ​មាន​សាលា​ឯកជន​ដែល​នៅ​ដាច់​ដោយឡែក និង​មាន​សាលា​ឯក​ជន​ជាប់​នឹង​រដ្ឋ ជាពិសេស​នៅ​កម្រិត​សាកល​វិទ្យាល័យ។

លោក​ថា សូម្បី​សាលា​ជំនាន់​ថ្មី​ដែល​មាន​បដិភាគ​ពី​ឪពុក​ម្ដាយ​ក៏​នៅ​សុខដុម​ជាមួយ​គ្នា ដែល​យើង​ឃើញ​មក​មួយ​រយៈ​ហើយ។

លោក​ថ្លែង​ថា៖ «ជា​ធម្មតា នាយក​រដ្ឋមន្ត្រី ឬ ក្រសួង​អប់រំ​មាន​ឆន្ទានុសិទ្ធិ​សម្រេច​ធ្វើ​បែប​ណា​មួយ។ ប៉ុន្តែ ការ​សម្រេច​មិន​គួរ​សម្រេច​មួយ​ករណីៗ ប៉ុន្តែ​ជា​ការ​សម្រេច​មាន​លក្ខណៈ​ជា​ទូទៅ។ គួរ​តែ​មាន​ការ​ស្រាវជ្រាវ​មួយ​ថា​តើ​វា​យ៉ាង​ម៉េច។ វា​នាំ​ឲ្យ​មាន​បញ្ហា​អ្វី​កើត​ឡើង​សម្រាប់​កូន​អ្នក​ដែល​អត់​មាន​លុយ​ឬ​យ៉ាង​ម៉េច​ ឬ​ក៏​មាន​បាតុភាព ឬ ប្រតិកម្ម​អ្វី​មួយ​ដែល​ឮ​ទៅ​ដល់​ថ្នាក់​ដឹកនាំ​ដែល​ចេញ​សេចក្ដី​សម្រេច​នេះ»។

លោក​ថា នៅ​កម្ពុជា​មាន​សាលា​ឯកជន​នៅ​គ្រប់​កម្រិត​ រួម​មាន​ទាំង​សាលា​អន្តរជាតិ​ទៀត ប៉ុន្តែ​មិន​ដឹង​ថា ក្រសួង​គ្រប់គ្រង​សាលា​ទាំង​នោះ​យ៉ាង​ដូច្នេះ​ទេ។

ការ​លុប​តែ​សាលា​ខ្លះ ហើយ​ទុក​សាលា​ខ្លះ នាំ​ឲ្យ​មាន​ការ​ប្រៀបធៀប។ ដូច្នេះ​គួរ​តែ​មាន​ការ​សិក្សា​ទូទាំង​ប្រទេស​និង​គ្រប់​កម្រិត​ថា​តើ​ត្រូវ​លុប​ចោល​ទាំង​អស់ ឬ​លុប​តែ​កន្លែង​មាន​បញ្ហា ឬ​ត្រូវ​កែ​តម្រូវ​ហើយ​បើក​ឡើង​វិញ ដើម្បី​ឲ្យ​សាលា​មាន​ការ​គ្រប់គ្រង ឬ ស្តង់ដារ​តែ​មួយ»៕