លោក កែវ ភារិន ប្រធានផ្នែក បច្ចេកវិទ្យារបស់ក្រុមហ៊ុន LASTMILE WORKS Cambodia កំពុងជំរុញឱ្យក្លាយជាការពិតនូវចក្ខុវិស័យឌីជីថល Virtual Reality (VR) របស់ក្រុមហ៊ុនលោក ដើម្បីផ្លាស់ប្តូរប្រព័ន្ធអេកូអាជីវកម្មរបស់ព្រះរាជាណាចក្រកម្ពុជា។
ដោយមានការជួយគាំទ្រពីក្រុមការងាររបស់លោកទាំងជនជាតិខ្មែរ និងជប៉ុនដ៏មានទេពកោសល្យ លោក ភារិន វ័យ ២៩ ឆ្នាំ គឺកំពុងបង្កើតកម្លាំងការងារនៅក្នុងបច្ចេកវិទ្យាឌីជីថល Virtual Reality (VR) ខណៈពេលដែលតម្រូវការអ្នកជំនាញបច្ចេកវិទ្យាមួយនេះកំពុងកើនឡើងនៅលើទីផ្សារក្នុងស្រុក និងក្រៅប្រទេស។
«គោលដៅសំខាន់របស់យើងគឺលើកទឹកចិត្តយុវជនជំនាន់ក្រោយ ដែលស្រលាញ់បច្ចេកវិទ្យាឱ្យស្វែងយល់បន្ថែមអំពីវិស័យនេះ និងមើលការផ្លាស់ប្តូរដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជា»។
លោក ភារិន បានបន្ថែមថា៖ «ជាមួយអ្នកប្រើប្រាស់ទូរស័ព្ទដៃប្រមាណ ២៣ លាននាក់ដោយមិនរាប់បញ្ចូលអ្នកប្រើប្រាស់កុំព្យូទ័រ នោះប្រទេសកម្ពុជានឹងក្លាយជាមណ្ឌលបច្ចេកវិទ្យាដ៏សំខាន់ និងមានសក្តានុពលមួយសម្រាប់ពេលអនាគត ហើយគោលដៅមួយរបស់ក្រុមហ៊ុន LASTMILE WORKS គឺបណ្តុះបណ្តាលធនធានមនុស្សប្រកប ដោយគុណភាពខ្ពស់សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យានេះ»។
បច្ចេកវិទ្យាកំពុងដើរតួនាទីឈានមុខយ៉ាងសកម្មក្នុងការផ្លាស់ប្តូររបៀបរស់នៅ នឹងរបៀបធ្វើការរបស់យើងគ្រប់គ្នា ជាពិសេសនៅក្នុងអំឡុងពេលនៃការរីករាលដាលយ៉ាងគំហុកនៃមេរោគកូវីដ១៩។ ក្នុងឋានៈជាប្រធានផ្នែកបច្ចេកវិទ្យា លោក កែវ ភារិន និងក្រុមការងារបានខិតខំយ៉ាងខ្លាំងក្នុងការបង្កើតនូវបច្ចេកវិទ្យាថ្មីៗដើម្បីសម្រួលដល់ការប្រាស្រ័យទាក់ទងគ្នាឱ្យបានរហ័ស និងងាយស្រួលជាងមុន ធ្វើយ៉ាងណាកាត់បន្ថយការជួបផ្ទាល់។ ជាលទ្ធផលក្រុមហ៊ុនបានបង្កើតកម្មវិធីមួយ ឈ្មោះថា Comony ដែលកម្មវិធីអាចឱ្យយើងជួបជុំគ្នាដូចធម្មតានៅតាមទីតាំងផ្សេងៗ ដែលយើងចង់បានតាមរយៈ Virtual Reality ទូរស័ព្ទ ឬ កុំព្យូទ័។
ក្រោយពីបានចូលបម្រើការងារនៅចុងឆ្នាំ ២០១៦ លោក កែវ ភារិន ក៏បានចាប់ផ្តើមស្គាល់បច្ចេកវិទ្យា Virtual Reality ជាលើកដំបូង។ ក្នុងរយៈពេលនេះ លោកបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង គួបផ្សំជាមួយការជួយជ្រោមជ្រែងពីស្ថាបនិក និងជាអគ្គនាយក្រុមហ៊ុន LASTMILE WORKS លោក Yu Kobayashi លោកក៏បានសម្រេចនូវសមិទ្ធផលជាច្រើនសម្រាប់ភ្ញៀវក្នុងស្រុក និងក្រៅប្រទេស ហើយលោកក៏ត្រូវបានតែងតាំងជានាយកផ្នែកបច្ចេកវិទ្យា ប្រចាំក្រុមហ៊ុន LASTMILE WORKS Cambodia។
នៅក្នុងប្រតិបត្តិការអស់រយៈពេលជាង ៦ ឆ្នាំមកនេះ ក្រុមហ៊ុន LASTMILE WORKS គឺជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ជប៉ុន ឯកទេសខាងបច្ចេកវិទ្យាការពិតនិម្មិត (Virtual Reality) សម្រាប់ការអភិវឌ្ឍឧស្សាហកម្មអចលនទ្រព្យ ដែលអ្នកជំនាញ IT ជប៉ុន និងកម្ពុជា បានរួមគ្នាផ្តល់នូវសេវាកម្មឌីជីថលល្អបំផុត សម្រាប់អតិថិជន។
បុគ្គលិកប្រចាំប្រទេសកម្ពុជាប្រមាណ ៦៥ នាក់កំពុងបម្រើការងារនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន LASTMILE WORKS ក្នុងរាជធានីភ្នំពេញ ហើយក្រុមហ៊ុនក៏មានការិយាល័យនៅប្រទេសជប៉ុន និងប្រទេសវៀតណាមផងដែរ។
បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងធនធានមនុស្សពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុបក្នុងរាជធានីភ្នំពេញ លោក ភារិន បានបន្ថែមការសិក្សាមុខវិជ្ជាមួយទៀតគឺការគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យាពីវិទ្យាស្ថាន ស៊ីតិក រយៈពេល ២ ឆ្នាំ ដើម្បីពង្រឹងសមត្ថភាពរបស់លោកបន្ថែមនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ដែលវិស័យនេះជួយជំរុញការផ្លាស់ប្តូរយ៉ាងខ្លាំង ក្នុងវិស័យ E-Commerce ទាំងនៅក្នុងស្រុក និងក្រៅប្រទេស ។
ជំនាញរបស់លោក ភារិន គឺអភិវឌ្ឍបច្ចេកវិទ្យា VR ដែលលោកចូលរួមនៅក្នុងការបង្កើតកម្មវិធី (VR Applications) ដោយភាគច្រើនគឺសម្រាប់អតិថិជនក្នុងវិស័យអចលនទ្រព្យ ដែលអាចបង្កើតផ្ទះឬ អគារជាលក្ខណៈ 3D។ អ្នកប្រើប្រាស់អាចប្រើឧបករណ៍ VR ដើម្បីចូលទៅកាន់ផ្ទះ ឬ អគារពិភពនិម្មិត 3D នោះបានពីគ្រប់ទីកន្លែង ជាពិសេសក្នុងអំឡុងពេលនៃការផ្ទុះឡើងជំងឺកូវីដ ១៩។
«ក្រៅពីតួនាទីសំខាន់របស់ខ្ញុំក្នុងនាមជាអ្នកអភិវឌ្ឍន៍កម្មវិធី VR ខ្ញុំក៏ចូលរួមនៅក្នុងផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ ជាមួយក្រុមការងាររបស់ខ្ញុំដែលជាជនជាតិខ្មែរ និងជប៉ុន។ ភារកិច្ចចម្បងផ្សេងទៀតរបស់ខ្ញុំ រួមមានក្នុងការដឹកនាំក្រុម ដើម្បីសម្រេចគម្រោងប្រកបដោយប្រសិទ្ធភាព សម្រាប់អតិថិជនរបស់យើងឱ្យបានជោគជ័យ»។
លោក ភារិន បានបន្ថែមថា៖ «ខ្ញុំក៏ជួយបណ្តុះបណ្តាលមិត្តរួមការងារនូវបច្ចេកវិទ្យា VR នេះ ហើយខ្ញុំក៏ត្រូវតាមដាននិងពិនិត្យមើលការវិវឌ្ឍថ្មីៗ ដើម្បីតាមឱ្យទាន់នូវបច្ចេកវិទ្យាដែលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅពេលខាងមុខនេះ»។
ការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា កំពុងប្រព្រឹត្តទៅយ៉ាងរលូនក្នុងនោះគេឃើញធនាគារ ស្ថាប័ន ហិរញ្ញវត្ថុ និងសហគ្រាសធុនតូច និងមធ្យម កំពុងប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ដោយចាប់យកការធ្វើទំនើបកម្មឌីជីថល ដើម្បីបង្កើនផលិតភាព ផ្តល់ភាពងាយស្រួលដល់អតិថិជនក៏ដូចជាជួយកាត់បន្ថយចំណាយប្រតិបត្តិការជាដើម។
លោក ភារិន បានលើកឡើងថា ជាមួយនឹងការផ្លាស់ប្តូរនេះ វាត្រូវបានពន្លឿនយ៉ាងឆាប់រហ័ស ខណៈពេលដែលជំងឺកូវីដ ១៩ ផ្ទុះឡើង ដែលមានតម្រូវការអ្នកជំនាញក្នុងវិស័យព័ត៌មានវិទ្យាកាន់តែច្រើន ប៉ុន្តែទោះបីមានអ្នកមានទេពកោសល្យនៅក្នុងស្រុកក្តី ក៏កង្វះការបណ្តុះបណ្តាល នៅតែជាបញ្ហាចោទដដែល។
«ពិតណាស់ ទីផ្សារកម្ពុជាគឺមានសក្តានុពលយ៉ាងខ្លាំងក្លា ដោយសារតម្រូវការសម្រាប់គម្រោងក្នុងស្រុក និងការងារកំពុងកើនឡើង នេះហើយជាមូលហេតុដែលយើងត្រូវការអ្នកដែលមានជំនាញផ្នែក Game Engine ផ្នែក CAD ជំនាញរចនា 3D និង Adobe Photoshop។ ប៉ុន្តែដោយសារតែកង្វះធនធានមនុស្សបច្ចុប្បន្ន ការងារមួយចំនួនត្រូវបាន ហូរទៅក្រៅប្រទេស»។
«ដូច្នេះគោលដៅចម្បងរបស់យើង គឺមិនមែនត្រឹមតែឱ្យយុវជនយើងបានដឹង និងមើលឃើញតែប៉ុណ្នឹងទេ គឺចង់ឱ្យពួកគាត់មានចំណង់ចំណូលចិត្ត ចំពោះបច្ចេកវិទ្យា ហើយចូលរួម និងសិក្សារៀនសូត្រ ដើម្បីបង្កើតអ្វីៗដែលថ្មី ដែលកំពុងមានតម្រូវការក្នុងទីផ្សា ខណៈក្រុមហ៊ុន LASTMILE WORKS បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីផ្តល់ឱ្យយុវជននូវជំនាញពិតក្នុងសម័យទំនើបនេះ»។
លោក ភារិន បានមានប្រសាសន៍ថា៖ «បំណងប្រាថ្នារបស់ខ្ញុំ និងចក្ខុវិស័យរបស់លោក Yu Kobayashi គឺចង់ធ្វើឱ្យប្រទេសកម្ពុជាក្លាយជាមជ្ឈមណ្ឌលឌីជីថល ដែលបង្កើតបច្ចេកវិទ្យា VR សម្រាប់ពិភពលោកទាំងមូល»៕
វីដេអូ៖