The Vine គឺជាភោជនីយដ្ឋាន បារ និងកន្លែងកាត់សក់ដ៏ពិសេសនៅក្នុងរាជធានីភ្នំពេញ ដែលនៅតែមានដំណើរការដោយរលូន ទោះបីមានការរំខានពីការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ ពីព្រោះហាងនេះផ្តល់នូវបទពិសោធដ៏អស្ទារ្យសម្រាប់អតិថិជនដែលធ្វើឱ្យពួកគេមានអារម្មណ៍ថា ដូចនៅផ្ទះ។
ដោយបានបើកបម្រើម្ហូបអាហារនៅក្នុងទីក្រុងភ្នំពេញចាប់តាំងពីឆ្នាំ ២០១៨ លោក Joel Shipsides និង អ្នកស្រី Sara Collins ដែលជាម្ចាស់រួម មានគម្រោងផ្លាស់ប្តូរទីតាំងហាង The Vine ពីផ្លូវ ១៧២ ទៅកាន់ទីតាំងធំជាងដែលនៅមិនឆ្ងាយប៉ុន្មានពីផ្លូវ ២៤៤។
លោក Shipsides បានឱ្យដឹងថាការផ្លាស់ប្តូរទីតាំងនេះគឺគ្រោងធ្វើឡើងនៅមុនខែធ្នូ ហើយសន្យាថាវានឹងមានបរិយាកាសដ៏រស់រវើក ខណៈហាង The Vine មានទីតាំងល្អ ដែលជាផ្នែកមួយនៃភាពជោគជ័យនៃគំរូពហុអាជីវកម្មរបស់ខ្លួន។
«ហាង The Vine គឺជាកន្លែងដំបូងសម្រាប់ដៃគូរបស់ខ្ញុំគឺអ្នកស្រី Sara ដែលគាត់គឺជាជាងកាត់សក់ដ៏មានបទពិសោធមកពីបស្ចិមប្រទេស ដើម្បីបើកហាងសាឡន ដោយយើងមានគំនិតចង់បើករួមបញ្ចូលគ្នាជាមួយហាងបារស្រាក្រឡុក។ ការមានគំនិតបែបនេះគឺដើម្បីបំពេញតម្រូវការរបស់អតិថិជន ខណៈមិត្តភក្តិរបស់ពួកគេអាចផឹកស្រាក្រឡុក ពេលរង់ចាំមិត្តភក្តិពួកគេកាត់សក់»។
«ចំណុចនេះបានធ្វើឱ្យវាមានការពេញនិយមយ៉ាងឆាប់រហ័ស ដោយហាង The Vine មានការរីកចម្រើន និងវិវត្តទៅយ៉ាងរលូន។ នៅពេលអតិថិជនចង់យកអាហារចូមមកញុំាក្នុងហាង ពេលនោះយើងគិតថា យើងអាចផ្តល់អាហារដ៏ឈ្ងុយឆ្ងាញ់សម្រាប់ពួកគេដោយផ្ទាល់ ដូច្នេះយើងក៏រៀបចំផ្ទះបាយ»។
បុរសជនជាតិអូស្ត្រាលីរូបនេះបានបន្តថា៖ «ចំណុចនេះធ្វើឱ្យយើងទទួលបានភាពទាក់ទាញភ្លាមៗ ហើយនៅតែមានការគាំទ្រច្រើន ទោះបីអំឡុងពេលជំងឺកូវីដ ១៩ ហើយយើងនឹងផ្លាស់ទៅទីតាំងធំជាងនេះ»។
អ្នកស្រី Sara ដែលធ្លាប់ធ្វើការនៅហាងសាឡនដ៏ល្បីល្បាញមួយ កន្លែងក្នុងទីក្រុងមែលប៊នអស់រយៈពេល ១៨ ឆ្នាំបានលើកឡើងថា វិធីសាស្ត្រកាត់សក់របស់គាត់គឺបានឆ្លុះបញ្ចាំងពីទស្សនៈរបស់ហាង The Vine ទាំងមូល ដែលយើងផ្តោតលើសេវាកម្មដ៏ជំនាញ និងគួរឱ្យជឿទុកចិត្ត។
«ស្តាយកាត់សក់តែងតែមានការផ្លាស់ប្តូរជានិច្ចជាមួយនឹងនិន្នាការ និងស្ទីលថ្មីៗ ដែលមានន័យថា អ្នកត្រូវតាមឱ្យទាន់និន្នាការបច្ចុប្បន្ន ប៉ុន្តែអ្វីដែលមិនផ្លាស់ប្តូរនោះគឺការផ្តល់សេវាកម្មដ៏ល្អបំផុតសម្រាប់អតិថិជនរបស់ខ្ញុំ ដែលមានទាំងជនជាតិខ្មែរ និងជនបរទេស ទាំងស្ត្រី និងបុរស»។
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំសុខចិត្តបដិសេធទទួលលុយរបស់នរណាម្នាក់ ប្រសិនបើខ្ញុំផ្តល់សេវាកម្មមិនតាមអ្វីដែលពួកគេចង់បាន ឬធ្វើឱ្យខួចសក់របស់ពួកគេ ហើយខ្ញុំជឿជាក់ថាទំនុកចិត្តបែបនេះគឺជារឿងចាំបាច់»។
លោក Shipsides បញ្ជាក់ថា គំរូពហុអាជីវកម្មបែបនេះគឺបានបង្ហាញឱ្យឃើញនូវដំណើរដ៏ជោគជ័យរបស់ The Vine ទោះបីជួបវិបត្តិជំងឺរាតត្បាតជាសកល ខណៈឧស្សាហកម្មទេសចរណ៍ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាតនេះ។
«វាជារឿងគួរឱ្យរំភើបណាស់នៅក្នុងរយៈពេល ៣ ឆ្នាំកន្លងមក ដែលយើងបានដំណើរការគំរូអាជីវកម្មដ៏ពិសេសនេះ។ សម្រាប់ផ្នែកម្ហូបអាហារ មានអតិថិជនទាំងខ្មែរ និងបរទេសប្រមាណ ៥០-៥០ ខណៈផ្នែកកាត់សក់ និងបារ៍ភាគច្រើនគឺជនបរទេស»។
លោក Shipsides បន្តថា៖ «យើងមើលឃើញថាទស្សនៈអាជីវកម្មនេះគឺមាននិរន្តរភាព ជាពិសេសអំឡុងពេលជំងឺរាតត្បាតនេះ ហើយយើងមានសំណាងដែលមានអតិថិជនប្រចាំហាង រួមជាមួយបុគ្គលិករបស់យើង ដែលយើងតែងចាត់ទុកដូចជាគ្រួសាររបស់ហាង The Vine»។
«មុនពេលមានវិធានការទប់ស្កាត់ជំងឺកូវីដ ១៩ ប្រហែល ៣០ ភាគរយនៃអាជីវកម្មម្ហូបអាហាររបស់យើងគឺតាមរយៈការដឹកជញ្ជូន។ ហើយចំនួននេះគឺបានកើនឡើងប្រហែល ៥០ ភាគរយ គិតចាប់តាំងពីជំងឺរាតត្បាតបានផ្ទុះឡើង»។
លោក Shipsides បានបញ្ចាក់ថា៖ «ខណៈដែលយើងរំពឹងថាវានឹងវិលទៅរកភាពប្រក្រតីឡើងវិញនៅពេលការរឹតត្បិតត្រូវបានបញ្ចប់ យើងក៏ប្រមើលឃើញថាការទទួលទានអាហារនៅខាងក្រៅនឹងពេញនិយមឡើងវិញនៅក្រោយជំងឺរាតត្បាតនេះត្រូវបានបញ្ចប់ ហើយទីតាំងថ្មីរបស់យើងគឺមានទីធ្លាធំទូលាយ»។
ម្ហូបបស្ចិមប្រទេសនៅហាង Vine គឺផ្តោតលើម្ហូបពិសេសដ៏ឈ្ងុយឆ្ងាញ់ ដែលទទួលបានការពេញនិយមក្នុងចំណោមជនបរទេសនៅក្នុងទីក្រុងភ្នំពេញ ជាពិសេសគឺប៊ឺហ្គឺរដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ។
«ខ្ញុំពិតជាចូលចិត្តប៊ឺហ្គឺរម៉ាក Big Mac ហើយដោយសារហាង McDonald មិនមាននៅកម្ពុជា ខ្ញុំក៏បានសម្រេចសាកល្បងបង្កើតរសជាតិដោយខ្លួនឯង ហើយការឆ្លើយតបពីអតិថិជនគឺវិជ្ជមាន»។
ខណៈគំរូអាជីវកម្មពិសេសរបស់ ហាង The Vine បានជួយឱ្យហាងរីកចម្រើន លោក Shipsides បានបន្តថា ភាពជោគជ័យរបស់ខ្លួនត្រូវបានបង្កើតឡើងដោយផ្តោតលើគុណភាព និងស្ថិរភាព។
«ខ្ញុំគិតថា អាជីវកម្មរបស់យើងគឺមានភាពច្នៃប្រឌិត ហើយខ្ញុំជឿជាក់ថា ភាពច្នៃប្រឌិតនេះអាចជាកត្តាជំរុញដ៏អស្ចារ្យ ប្រសិនបើអ្នកមានមូលដ្ឋានគ្រឹះត្រឹមត្រូវ»។
«យើងមានស្តាយរបស់យើង ហើយខ្ញុំគិតថា មានកន្លែងប្លែកៗជាច្រើននៅក្នុងទីក្រុង។ ប៉ុន្តែអ្នកមិនគួរខ្វល់ខ្វាយច្រើនពេកអំពីអ្វីដែលអ្នកដទៃកំពុងធ្វើនោះទេ ប៉ុន្តែត្រូវផ្តោតលើភាពខ្លាំងរបស់អ្នក ហើយខិតខំធ្វើវាឱ្យបានល្អបំផុត»។
លោក Shipsides បានបន្ថែមទៀតថា៖ «ដោយបានធ្វើការងារផ្នែកបដិសណ្ឋារកិច្ចនៅប្រទេសអូស្ត្រាលីអស់រយៈពេលជាង ១ ទសវត្សរ៍ អ្វីដែលខ្ញុំចង់នាំមកប្រទេសកម្ពុជាគឺគុណភាព និងស្ថិរភាព ហើយខ្ញុំគិតថា នេះគឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់យើង»៕