The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​ជំរុញ​ការកសាង​អគារ​រដ្ឋបាល​ «​ក្រុង​បូកគោ​» ខណៈ​ទីផ្សារ​អចលនទ្រព្យ​នៅ​ទ្រឹង




អាជ្ញាធរ​ជំរុញ​ការកសាង​អគារ​រដ្ឋបាល​ «​ក្រុង​បូកគោ​» ខណៈ​ទីផ្សារ​អចលនទ្រព្យ​នៅ​ទ្រឹង

Content image - Phnom Penh Post
អភិបាល​ខេត្តកំពត លោក ជាវ តាយ និង​ក្រុមការងារ​ចុះទៅពិនិត្យ និង​ជ្រើសរើស​ទីតាំង​សម្រាប់​សាងសង់​អគារ​រដ្ឋបាល​ក្រុង​បូកគោ​។ រដ្ឋបាល​ខេត្តកំពត

អាជ្ញាធរ​ជំរុញ​ការកសាង​អគារ​រដ្ឋបាល​ «​ក្រុង​បូកគោ​» ខណៈ​ទីផ្សារ​អចលនទ្រព្យ​នៅ​ទ្រឹង

ភ្នំពេញៈ បើទោះបី​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ប្រែក្លាយ​តំបន់ភ្នំ​បូកគោ​ឱ្យទៅជា​ក្រុង​ថ្មី​មួយ​ក្នុង​ខេត្តកំពត ក៏​សម្ទុះ​ទីផ្សារ និង​តម្លៃ​អចលនទ្រព្យ​នៅ​ទីនោះ​មិនទាន់​មាន​សញ្ញា​អ្វី​ប្រែប្រួល​គួរឱ្យកត់សម្គាល់​ទេ​នៅពេល​នេះ ខណៈ​អ្នកជំនាញ​អចលនទ្រព្យ​អះអាងថា ការរីករាលដាល​កូវីដ​ ១៩ បានធ្វើឱ្យ​ផែនការវិនិយោគ​ជាច្រើន​ត្រូវ​ពន្យារពេល​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៦ ខែ មីនា ឆ្នាំ​ ២០២១ បានចេញ​អនុក្រឹត្យ​បង្កើត​ក្រុង​បូកគោ​នៃ​ខេត្តកំពត ដោយ​កាត់​យក​ឃុំ​បឹងទូក កោះ​តូច និង​ឃុំ​ព្រែក​ត្នោត ពី​ស្រុក​ទឹកឈូ ឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល «​ក្រុង​បូកគោ​»​។

យោងតាម​រដ្ឋបាលខេត្ត​កំពត ទីតាំង​សម្រាប់​សាងសង់​អគារ​រដ្ឋបាល​ក្រុង​បូកគោ អាច​ស្ថិតនៅ​ជិត​ចំណុច​ប៉ុស្តិ៍​ត្រួតពិនិត្យ​ផ្លូវ​ឡើងទៅ​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​ឋានសួគ៌​បូកគោ​ (​អតីត​ស្នាក់ការ​មន្ទីរ​បរិស្ថាន​ខេត្ត​) ជាទី​តាំង​ផ្ដល់​ឱ្យ​ដោយ​ក្រុមហ៊ុន សុខាអូតែល ដែលជា​ក្រុមហ៊ុន​កំពុង​វិនិយោគ​គម្រោង​ធំៗ​ជាច្រើន​នៅលើ​ភ្នំ​បូកគោ​។

លោក ជាវ តាយ អភិបាល​ខេត្តកំពត​ដែល​បាន​ចុះទៅពិនិត្យ និង​ជ្រើសរើស​ទីតាំង​សម្រាប់​សង់​អគារ​រដ្ឋបាល​ក្រុង​បូកគោ​កាលពី​ថ្ងៃទី​ ៧ ខែមិថុនា បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន សុខាអូតែល ផ្តល់​កិច្ចសហការ​ឱ្យបាន​ល្អ​ដើម្បី​ផ្តល់​លទ្ធភាព​ដល់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​រៀបចំ​ដំណើរការ​សាងសង់​អគារ​រដ្ឋបាល​ក្រុង​បូកគោ​ឱ្យចេញ​ជា​រូបរាង​ក្នុងពេល​ឆាប់ៗ​។

លោក ប៉ូ អ៊ាវគង់ អគ្គនាយក​ក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត បាន​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៩ ខែមិថុនា​ថា ការអូសបន្លាយ​ពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​នៅ​តំបន់ «​ក្រុង​បូកគោ​ថ្មី​» ស្ថិតនៅ​ទ្រឹង​បើ​ធៀប​នឹង​ឆ្នាំមុន​។ ការរឹតត្បិត​ការធ្វើដំណើរ និង​ក្តីបារម្ភ​ពី​ការឆ្លង​កូវីដ​ ១៩ ជំរុញ​ឱ្យ​ក្រុម​អ្នកវិនិយោគ​ជាច្រើន​សម្រេច​ពន្យារពេល​បញ្ចេញ​ទុន​។ លោក​ប្រាប់ថា​៖ «​តម្លៃ​ដីធ្លី​នៅ​តំបន់​នោះ​មិនទាន់​ប្រែប្រួល​ទេ​មកដល់ពេលនេះ បើទោះបី​រដ្ឋាភិបាល​សម្រេច​បង្កើត​តំបន់​រដ្ឋបាល​ក្រុង​ថ្មី​នៅ​ទីនោះ​ក៏ដោយ​»​។

ទោះបីយ៉ាងណា លោក​អះអាង​ថា បន្ទាប់ពី​បង្កើត​ក្រុង​រដ្ឋបាល​ចេញ​ជា​រូបរាង​ច្បាស់លាស់ ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​នឹងមាន​សម្ទុះ​លឿន ហើយ​តម្លៃ​អចលនទ្រព្យ​ក៏​នឹង​កើន​ផងដែរ​។

អគ្គនាយក​ក្រុមហ៊ុន​ អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត លើក​បន្ថែមថា​៖ «​ដោយសារ​ខេត្តកំពត ជា​ប៉ូល​សេដ្ឋកិច្ច​មួយ​របស់​កម្ពុជា​ដែល​មាន​សក្តានុពល​ទាំង​ផ្នែក​ទេសចរណ៍ និង​ឧស្សាហកម្ម ហេតុនេះ​នៅពេល​ស្ថានភាព​កូវីដ​ ១៩ អាច​គ្រប់គ្រង​បាន​ចលករ​នៃ​ការទិញ​លក់ និង​តម្លៃ​អចលនទ្រព្យ​នៅ​ក្រុង​បូកគោ​នឹងមាន​សម្ទុះ​លឿន​»​។

លោក សំ សុខនឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល​បាន​និយាយថា ទោះ​ដឹងថា​ជាទី​តាំង​មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការវិនិយោគ ក៏​ភាពមិន​ច្បាស់លាស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍​ព្រឹត្តិការណ៍​ ២០ កុម្ភៈ ដែល​កំពុង​អូសបន្លាយ​ដល់ពេលនេះ បាន​ធ្វើឱ្យ​ការសម្រេចចិត្ត​នានា​ស្ថិតក្នុង​ភាព​រង់ចាំ​។ លោក​បន្តថា ទីផ្សារ​អចលនទ្រព្យ​នឹង​មាន​ការផ្លាស់ប្តូរ​ខ្លាំង​នៅពេល​ជំងឺ​កូវីដ​ ១៩ ត្រូវ​បញ្ចប់​ទាំងស្រុង​។

លោក​បញ្ជាក់ថា​៖ «​ទោះ​រដ្ឋាភិបាល​សម្រេច​បង្កើត​ឱ្យមាន​ក្រុង​បូកគោ​ក៏​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​នៅ​ទីនោះ​មិនបាន​ផ្ទុះឡើង ឬអ្វី​ប្រែប្រួល គួរឱ្យ​កត់សម្គាល់​ទេ​»​។

បើតាម​លោក អ៊ាវគង់ សព្វថ្ងៃ​ដី​ធំៗ​ (​ហិកតា​) ​នៅជាប់​ផ្លូវជាតិ​ចេញពី​ក្រុង​កំពត​ទៅ​ក្រុង​បូកគោ អាច​មាន​តម្លៃ​ពី ៥០-១៥០ ​ដុល្លារ​ ក្នុង​ ១ ​ម៉ែត្រការ៉េ ដី​នៅ​ផ្លូវ​តូចៗ​តម្លៃ​ក្រោម ៥០ ​ដុល្លារ និង​ដីចម្ការ តម្លៃ​ពី ៥-១៥ ​ដុល្លារ​៕LA

អត្ថបទគួរចាប់អារម្មណ៍