The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ខុនដូ ១ ២៧៣ ​យូនីត បានបញ្ចប់​ការសាងសង់​នៅក្នុង​ឆមាស​ទី​១




ខុនដូ ១ ២៧៣ ​យូនីត បានបញ្ចប់​ការសាងសង់​នៅក្នុង​ឆមាស​ទី​១

Content image - Phnom Penh Post
អគារ​ខុនដូ​ជាច្រើន​កំពុង​សាងសង់​នៅក្នុង​រាជធានី​ភ្នំពេញ​។ ហុង មិនា

ខុនដូ ១ ២៧៣ ​យូនីត បានបញ្ចប់​ការសាងសង់​នៅក្នុង​ឆមាស​ទី​១

ភ្នំពេញៈ បន្ទប់​ខុនដូ​សរុប ១ ២៧៣ ​យូនីត ​បានបញ្ចប់​ការសាងសង់ និង​ដាក់ចូល​ទីផ្សារ​នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ ដែល​ធ្វើឱ្យ​ចំនួន​បន្ទប់​ខុនដូ​ក្នុង​រាជធានី​ភ្នំពេញ​គិត​ត្រឹម​ដំណាច់​ឆមាស​ទី​១ ឆ្នាំ​ ២០២១ កើន​ដល់​ជាង ២៧ ០០០ ​យូនីត​។ នេះ​បើ​យោងតាម​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia​។

របាយការណ៍​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ៦ ខែកក្កដា បង្ហាញថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ មាន​គម្រោង​ខុនដូ​ចំនួន​ ៥ ដែលមាន​បន្ទប់​ស្នាក់នៅ​សរុប ១ ២៧៣ ​យូនីត​ បាន​បញ្ចប់​ការសាងសង់​ដែល​ធ្វើឱ្យ​ចំនួន​ខុនដូ​នៅ​រាជធានី​ភ្នំពេញ​កើន​ដល់​ជាង ៩០ ​គម្រោង និង​មាន​បន្ទប់​ជាង ២៧ ០០០ ​យូនីត​។

ការស្រាវជ្រាវ​បាន​រកឃើញ​ថា វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​ផ្តាសាយ​កូវីដ ១៩ ដែលមាន​វត្តមាន​លើ​ភពផែនដី​ជាង ១ ​ឆ្នាំ​មកនេះ​បាន​ធ្វើឱ្យ​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​ដែល​ពឹងផ្អែក​ភាគច្រើន​លើ​អតិថិជន​ជា​ជនបរទេស​នោះ មិនមាន​ដំណើរការ​ល្អ​ប្រសើរ​ទេ ទាំង​តម្លៃ​ទិញ លក់ និង​ជួល​។

បើ​យោងតាម CBRE Cambodia តម្លៃ​លក់​ជា​មធ្យម​របស់​ខុនដូ​ទាំង ៣ ប្រភេទ​បាន​ធ្លាក់ចុះ​ព្រមៗ​គ្នា​ចន្លោះ​ពី ០,៣-៧,១ ​ភាគរយ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ ធៀប​នឹង​ឆមាស​ទី​ ២ ឆ្នាំ​ ២០២០ ដោយ​ប្រភេទ​ខុនដូ​ប្រណីត​ (High-end) មានតម្លៃ​ជា​មធ្យម ២ ៨០២ ​ដុល្លារ​ក្នុង ១ ​ម៉ែត្រការ៉េ ធ្លាក់ចុះ ៦,២ ​ភាគរយ ប្រភេទ​មធ្យម​ (Mid-Range) តម្លៃ ២ ១១៣ ​ដុល្លារ ធ្លាក់ ៧,១ ​ភាគរយ និង​ប្រភេទ​តម្លៃ​សមរម្យ (Affordable) មានតម្លៃ ១ ៤៩២ ​ដុល្លារ ធ្លាក់ចុះ ០,៣ ​ភាគរយ​។

ចំណែក​ការជួល​នៅក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ ខុនដូ​ប្រណីត​មាន​តម្លៃ​ជា​មធ្យម ១២,៣ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​សម្រាប់​រយៈពេល ១ ​ខែ ធ្លាក់ចុះ ២,៧ ​ភាគរយ និង​ប្រភេទ​មធ្យម​មាន​តម្លៃ ១០,១ ​ដុល្លារ ធ្លាក់ចុះ ០,៧ ​ភាគរយ​។ ដោយឡែក​ប្រភេទ​តម្លៃ​សមរម្យ​មាន​តម្លៃ ៨,៤ ​ដុល្លារ កើន ៧ ​ភាគរយ​។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៧ ខែកក្កដា​ថា ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ គឺជា​មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យ​ទីផ្សារ​ខុនដូ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ជាពិសេស​រលក​នៃ​ការឆ្លង​រាលដាល​កូវីដ​ ១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០​ កុម្ភៈ​បាន​ជះឥទ្ធិពល​កាន់តែ​ខ្លាំង​បន្ថែមទៀត​ដល់​អ្នក​អភិវឌ្ឍន៍ និង​ភ្នាក់ងារ​លក់​ក្នុង​ការឈានដល់​កិច្ចព្រមព្រៀង​ទិញ-លក់​ជាមួយ​អតិថិជន​។

អ្នកនាង គិនកេសា បាន​និយាយថា​៖ «​ក្តីព្រួយបារម្ភ​អំពី​សុវត្ថិភាព​សុខភាព បាន​ធ្វើឱ្យ​ចំនួន​អតិថិជន​មក​ទស្សនា​កន្លែង​លក់​មិនសូវមាន​ទេ​»​។

សម្រាប់​រយៈពេល ៦ ​ខែ​ទៀត តម្លៃ​ទំនងជា​នឹងមាន​ស្ថិរភាព​។ ការចាក់​វ៉ាក់សាំង​នឹង​ផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន​ផងដែរ​។

តាម​ការព្យាករ​ក្នុង​ឆមាស​ទី​ ២ ឆ្នាំ​ ២០២១ នេះ​នឹង​មាន​ខុនដូ​ប្រមាណ ១២ ​គម្រោង ដែល​ស្មើនឹង​បន្ទប់​សរុប ៦ ៦៣៦ ​យូនីត​បញ្ចប់​ការសាងសង់ និង​ដាក់ចូល​ទីផ្សារ​។ នេះ​បើ​យោងតាម CBRE Cambodia​។

របាយការណ៍​និន្នាការ​សេដ្ឋកិច្ចសង្គម​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញផ្សាយ​នៅ​ដើមខែ​កក្កដា​ឱ្យ​ដឹងថា ក្នុង​រយៈពេល​ ៥ ​ខែ ដើមឆ្នាំ​ ២០២១ រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​គម្រោង​សាងសង់​សរុប​ ១ ៨២៣ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ធ្លាក់ចុះ​ប្រមាណ ២៧៨ ​គម្រោង​។ ក្នុងនោះ​គម្រោង​សំណង់​លំនៅឋាន​មាន​ចំនួន ១ ៦០៧ ​គម្រោង​ស្មើនឹង ៨៧,៩ ​ភាគរយ​នៃ​សំណើសុំ​សាងសង់​សរុប​ធ្លាក់ចុះ ១៣៩ ​គម្រោង ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ គម្រោង​លំនៅឋាន​ដែល​បាន​អនុញ្ញាត​សាងសង់ គិត​ជា​ប្រាក់​មាន​ប្រមាណ ២ ៣៤៩ ​លានដុល្លារ​ធ្លាក់ ៣២,៦ ​ភាគរយ​៕ LA

អត្ថបទគួរចាប់អារម្មណ៍