ភ្នំពេញៈ ការផ្តល់ឥណទានរបស់វិស័យធនាគារទៅវិស័យអចលនទ្រព្យ និងសំណង់ គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២១ មានតម្លៃប្រមាណ ១០,៥ ពាន់លានដុល្លារ ស្មើនឹង ៣១ ភាគរយនៃទំហំឥណទានសរុបនៅកម្ពុជា។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC)។
របាយការណ៍ប្រចាំឆមាសទី ១ និងលើកទិសដៅការងារឆមាសទី ២ ឆ្នាំ ២០២១ របស់ NBC បានឱ្យដឹងថា គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២១ វិស័យធនាគារនៅកម្ពុជាបានផ្តល់ឥណទានសរុបចំនួន ៣៣,៩ ពាន់លានដុល្លារទៅដល់អតិថិជនដោយក្នុងនោះការផ្តល់ឥណទានទិញផ្ទះជាកម្មសិទិ្ធផ្ទាល់ខ្លួនមានចំនួន ១៣,១ ភាគរយនៃចំណែកឥណទានសរុប ស្មើនឹងទឹកប្រាក់ ៤,៤៤ ពាន់លានដុល្លារ, ឥណទានសំណង់ ៩,៥ ភាគរយ ស្មើ ៣,២២ ពាន់លានដុល្លារ និងឥណទានការជួញដូរអចលនទ្រព្យមានចំនួន ៨,៤ ភាគរយ ស្មើនឹង ២,៨៤ ពាន់លានដុល្លារ។
NBC បានលើកឡើងថា បើទោះបីការអូសបន្លាយពេលនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ បានបន្តគំរាមកំហែងលើសេដ្ឋកិច្ចជាតិ ប៉ុន្តែតាមរយៈការដាក់ចេញគោលនយោបាយជាបន្តបន្ទាប់របស់រដ្ឋាភិបាលបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាអាចរក្សាបានភាពវិជ្ជមានជាបន្តបន្ទាប់។
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកលបានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី ២៨ ខែកក្កដាថា ការផ្តល់ឥណទានឱ្យផ្នែកធំៗក្នុងវិស័យអចលនទ្រព្យ និងសំណង់ ដែលមានទឹកប្រាក់ដល់ជាង ១០ ពាន់លានដុល្លារនេះ បង្ហាញថាទីផ្សារមួយនេះនៅតែបន្តឈរ-ជើងយ៉ាងរឹងមាំ ទោះស្ថិតក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ ១៩ ក៏ដោយ ព្រោះមុនពេលសម្រេចផ្តល់ឥណទានឱ្យសំណើណាមួយ គ្រឹះស្ថានហិរញ្ញវត្តុតែងធ្វើការសិក្សាយ៉ាងលម្អិតទៅលើលំហូរហិរញ្ញវត្ថុរបស់អ្នកស្នើ។
លោកបញ្ជាក់ថា៖ «បើទោះវិបត្តិការឆ្លងរាលដាលកូវីដ ១៩ នៅកម្ពុជានៅបន្តអូសបន្លាយពេល ប៉ុន្តែខ្ញុំបានមើលឃើញថា សកម្មភាពសាងសង់ ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន និងការវិនិយោគនៅតែមានដំណើរការទៅមុខជាធម្មតា។ ភាពល្អប្រសើរនៃវិស័យនេះនឹងចូលរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសបន្ទាប់ពីស្ថានភាពការឆ្លងរាលដាលកូវីដ ១៩ មានភាពធូរស្រាលឡើងវិញ»។
ទន្ទឹមនឹងនេះលោកក៏បានលើកឡើងថា បញ្ហាចម្បងដែលលោកក៏ដូចជាអតិថិជនទូទៅនៅកម្ពុជាប្រាថ្នាចង់ទទួលបានពីវិស័យធនាគារនាពេលនេះ គឺការទម្លាក់អត្រាការប្រាក់ឱ្យទាបជាងពេលនេះ ខណៈអត្រាការប្រាក់នៅកម្ពុជាត្រូវគេដឹងថាខ្ពស់ បើធៀបនឹងប្រទេសជាច្រើនលើពិភពលោក។
លោកលើកឡើងថា៖ «ខ្ញុំសូមស្នើឱ្យធនាគារជាតិ ពិនិត្យលទ្ធភាព ក៏ដូចជារកវិធីសាស្ត្រថ្មីៗដើម្បីជួយទម្លាក់អត្រាការប្រាក់ក្នុងវិស័យសំណង់ និងអចលនទ្រព្យឱ្យទាបជាងពេលនេះ។ នៅពេលអត្រាការប្រាក់ចុះទាប វានឹងបង្កើតលទ្ធភាពកាន់តែច្រើនសម្រាប់ប្រជាជនក្នុងការវិនិយោគ និងអភិវឌ្ឍសមត្ថភាព ក៏ដូចជាជួយលើកកម្ពស់កម្រិតជីវភាពគ្រួសារពួកគេផងដែរ»។
យោងតាម លោក សុខនឿន បច្ចុប្បន្នអត្រាការប្រាក់សម្រាប់ឥណទានក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ស្ថិតនៅចន្លោះពីជាង ៦ ភាគរយ ដល់ ១២ ភាគរយក្នុង ១ ឆ្នាំ។
ទាក់ទងទៅនឹងទីផ្សារវិស័យអចលនទ្រព្យ និងសំណង់ក្នុងឆមាសទី ២ ឆ្នាំនេះ ប្រធានសមាគមអចលនទ្រព្យសកលបានអះអាងថា សម្ទុះកំណើនវិស័យសំណង់ និងអចលនទ្រព្យនឹងកាន់តែមានភាពល្អប្រសើរ ព្រោះយុទ្ធនាការនៃការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលនឹងក្លាយជាកម្លាំងចលករដ៏ចម្បងក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចកម្ពុជាឱ្យបានសម្ទុះឡើងវិញឆាប់រហ័ស។
លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance Real Estate បាននិយាយថា វិស័យធនាគារបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញវិស័យអចលនទ្រព្យ និងសំណង់ ដោយបច្ចុប្បន្ននេះនិន្នាការនៃការប្រើប្រាស់ឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ទិញលំនៅឋានរបស់ប្រជាជនខ្មែរកំពុងកើនឡើងជាលំដាប់។ លោកប្រាប់ទៀតថា អ្នកប្រើប្រាស់ឥណទានធនាគារភាគច្រើនជាប្រជាជនវ័យក្មេង ដែលទើបរៀបការរួច ហើយចង់មានជីវិតឯកជនពីក្រុមគ្រួសារ។
លោកលើកឡើងថា៖ «ការទិញលំនៅឋានបច្ចុប្បន្ន អ្នកខ្លះបានជ្រើសយកការបង់រំលស់តាមរយៈក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទាល់ ប៉ុន្តែខ្លះទៀតប្រើប្រាស់ឥណទានរបស់ធនាគារ»។
យោងតាម NBC ក្នុងឆមាសទី ១ ឆ្នាំ ២០២១ គម្រោងសំណង់ដែលមិនទាន់បញ្ចប់ការសាងសង់នៅបន្តមានសកម្មភាពជាប្រក្រតី ទាំងគម្រោងសំណង់សាធារណៈ និងឯកជន ដែលឆ្លុះបញ្ចាំងតាមរយៈកំណើននៃការនាំចូលសម្ភារ និងបរិក្ខារសំណង់ ១៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ ទោះយ៉ាងណា គម្រោងសំណង់ថ្មីៗថយចុះគួរឱ្យកត់សម្គាល់ដោយចំនួនគម្រោង តម្លៃ និងផ្ទៃក្រឡាសំណង់បានធ្លាក់ចុះ ១១,៤ ភាគរយ, ៣៤,៣ ភាគរយ និង ២៩,៩ ភាគរយរៀងគ្នា។
របាយការណ៍និន្នាការសេដ្ឋកិច្ចសង្គមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីដើមខែកក្កដាឱ្យដឹងថា ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២១ រដ្ឋាភិបាលកម្ពុជាបានអនុម័តលើគម្រោងសាងសង់សរុប ១ ៨២៣ គម្រោង បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២០ គឺធ្លាក់ចុះប្រមាណ ២៧៨ គម្រោង។ ក្នុងនោះគម្រោងសំណង់លំនៅឋានមាន ១ ៦០៧ គម្រោងស្មើនឹងប្រមាណ ៨៧,៩ ភាគរយនៃសំណើសុំសាងសង់សរុបធ្លាក់ចុះ ១៣៩ គម្រោងធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ គម្រោងលំនៅឋាន ដែលបានអនុញ្ញាតសាងសង់ គិតជាទឹកប្រាក់មានប្រមាណ ២ ៣៤៩ លានដុល្លារធ្លាក់ចុះ ៣២,៦ ភាគរយ៕ LA