សិង្ហបុរីៈ អ្នកជំនាញ​បាន​លើកឡើង​ថា ភាពប្រឈម​នៃ​ឧស្សាហកម្ម​សាងសង់​អាច​បន្ត​កើតមាន​យ៉ាងហោចណាស់​ក្នុង​ពេលវេលា​សេសសល់​រហូតដល់​ចុងឆ្នាំ​នេះ បើទោះបី​មាន​ការគាំទ្រ​ពី​រដ្ឋាភិបាល សមាគម​ពាណិជ្ជកម្ម និង ធនាគារ​។ រឿងនេះ​ត្រូវបាន​គេ​រំពឹងថា នឹង​បន្ត​ជំរុញ​តម្រូវការ​ និង​តម្លៃ​អចលនទ្រព្យ​ងើបឡើង​វិញ​។

ប្រហែល​ ៨៨ ​ភាគរយ​នៃ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​ត្រូវបាន​ស្ទង់​មតិ​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី (NUS) បាន​ឆ្លុះ​បញ្ជាំង​ថា ពួកគេ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការចំណាយ​លើ​កម្លាំង​ពលកម្ម​ខ្ពស់​ក្នុង​រយៈពេល​ ៥ ​ខែ​ខាងមុខនេះ ដែល​ខ្ពស់ជាង​ ៧១ ​ភាគរយ​ក្នុង​ត្រីមាស​ទី​ ១ ​។

ប្រហែល​ ៥៨ ​ភាគរយ​បាន​លើកឡើងថា ពួកគេ​ព្រួយបារម្ភ​អំពី​ការចំណាយ​លើ​សម្ភារ​សាងសង់​ដែល​កើនឡើង ប្រៀបធៀប​ជាមួយ​ ៤៥,៨ ​ភាគរយ​ក្នុង​ត្រីមាស​ដំបូង​។

លោក​សាស្ត្រាចារ្យ Sing Tien Foo ប្រធាន​ផ្នែក​អចលនទ្រព្យ​នៃ​មហាវិទ្យាល័យ​ពាណិជ្ជកម្ម​នៅ​សាកលវិទ្យាល័យ NUS បាន​និយាយថា វា​ជា​លើកដំបូង​ចាប់តាំងពី​សាកលវិទ្យាល័យ​ចាប់ផ្តើម​ប្រមូល​ទិន្នន័យ​ដែល​អ្នក​ឆ្លើយតប​បានបង្ហាញ​ក្តី​ព្រួយបារម្ភ​កម្រិត​ខ្ពស់​បែបនេះ​ជុំវិញ​ការចំណាយ​លើ​ការសាងសង់​។

លោក​សាស្ត្រាចារ្យ បាន​កត់សំគាល់​ថា ជាធម្មតា​ការចំណាយ​គឺ​ថេរ ដោយ​បន្ថែមថា​៖ «​វា​នឹង​ត្រូវការ​ពេលវេលា មុន​ការរឹតបន្តឹង​តាម​ព្រំដែន​ត្រូវបាន​លើក​ចេញ សម្រាប់​កម្មករ​ចំណាកស្រុក​។ នៅពេលនោះ យើង​នឹង​ត្រូវការ​ផងដែរ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​សម្រាប់​កម្លាំង​ពលកម្ម​»​។

លោក Ian Teo ប្រធាន​សមាគម​អ្នក​សាងសង់​ខ្នាតតូច​នៅ​ប្រទេស​សិង្ហបុរី បាន​និយាយថា វា​អាច​ត្រូវការ​ពេល​ពី​ ១ ​ទៅ​ ៣ ​ឆ្នាំ​សម្រាប់​រឿងនេះ​ត្រឡប់​ទៅរក​ភាពប្រក្រតី​វិញ​។

សមាគម​ពាណិជ្ជកម្ម និង​រដ្ឋាភិបាល​បាន​ពង្រីក​ការគាំទ្រ​។ វិធានការ​រួមបញ្ចូល​ទាំង​ការអនុញ្ញាត​ឲ្យ​កម្មករ​បរទេស​ក្នុង​វិស័យ​សាងសង់ ការសាងសង់​នាវា​សមុទ្រ និង​ផ្នែក​កែច្នៃ ដើម្បី​កែសម្រួល​លក្ខខណ្ឌ​ការងារ​ដែល​ផុត​សុពលភាព​របស់​ពួកគេ​មាន​រយៈពេល​រហូតដល់​ ២ ​ឆ្នាំ សូម្បីតែ​ពួកគេ​មិន​បំពេញ​លក្ខខណ្ឌ​ការងារ​ថ្មី​ក៏ដោយ​។

អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ត្រូវបាន​ផ្តល់​ការពន្យាពេល​ដើម្បី​បញ្ចប់​គម្រោង​លំនៅដ្ឋាន​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​សំខាន់ៗ​ទាំងឡាយ ខណៈ​ធនាគារ​បានផ្តល់​ភាពងាយស្រួល​ដល់​វិស័យ​សំណង់​៕ ST-ANN/RR