ភ្នំពេញៈ គម្រោង​អភិវឌ្ឍន៍​បុរីអង្គរ​លែនម៉ាក្ស (Angkor Land Mark) ដំណាក់កាល​ទី​១ ដែលមាន​ផ្ទៃដី​ជាង ២០០ ​ហិកតា ចម្ងាយ ១៥ ​គីឡូម៉ែត្រ​ពី​ក្នុង​ក្រុង​សៀមរាប គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​ ២០២១ នេះ បន្ទាប់ពី​ក្រុមហ៊ុន​ទទួលបាន​អនុក្រឹត្យ និង​ ស.ជ.ណ ពី​រដ្ឋាភិបាល​កាលពី​ពេល​ថ្មីៗ​នេះ​។ នេះ​បើតាម​លោក ទូស សាភឿន អគ្គនាយក​ក្រុមហ៊ុន Angkor Land Mark​។

Angkor Land Mark មាន​ទីតាំងនៅ​ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ គម្រោង​នេះ​នឹង​ចែកចេញ​ជា​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​ ១ នឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ ២១៧ ​ហិកតា រួមមាន លំនៅឋាន​បែប​លម្ហែ ភោជនីយដ្ឋាន កន្លែង​កម្សាន្ត​កម្រិត​ផ្កាយ​​ ៥ និង​ផ្សារ​បណ្តែត​ទឹក​ (​សហការ​ជាមួយ​វិនិយោគិន​មកពី​ប្រទេស​ថៃ​)​។ សម្រាប់​ផ្ទៃដី​គម្រោង​ទាំងមូល មាន​ជាង ៥០០ ​ហិកតា​។

លោក ទូស សាភឿន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៨ ខែកញ្ញា​ថា បន្ទាប់ពី​ទទួលបាន​ការយល់ព្រម​ពី​រដ្ឋាភិបាល​លោក​នឹង​ចាប់ផ្តើម​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សាងសង់​តាម​ប្លង់​មេ​របស់​ក្រុមហ៊ុន ដោយ​ការសាងសង់​នឹងធ្វើ​ឡើងជា ៥ ​ជំហាន​ ផ្សេងគ្នា​រួមមាន លំនៅឋាន​ប្រណីត អាហារដ្ឋាន សួនកម្សាន្ត និង​ផ្សារ​នៅលើ​ទឹកជាដើម​។ លោក​បន្តថា Angkor Land Mark នឹង​ក្លាយជា​គម្រោង​អភិវឌ្ឍន៍​លេចធ្លោ​មួយ​ក្នុង​ខេត្ត​សៀមរាប ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​យើង​កំពុង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្ទះ​គំរូ​ជា​បណ្តើរៗ ដោយ​យើង​នឹង​ចាប់ផ្តើម​សាងសង់​លំនៅឋាន​ប្រណីត​នៅក្នុង​គម្រោង​នេះ​ជា​ផ្លូវការ​នៅ​អំឡុង​ចុងឆ្នាំ​ ២០២១ នេះ​។ ការអភិវឌ្ឍ​គម្រោង​ដំណាក់កាល​ទី១ នេះ​នឹងត្រូវ​ប្រើពេល​សាងសង់​ប្រហែល ២ ​ឆ្នាំ​»​។

លោក​ប្រាប់ទៀត​ថា ក្រៅពី​ផ្តល់នូវ​កន្លែង​រស់នៅ​ដ៏ស្រស់បំព្រង​ប្រកប​ដោយ​ភាពទាក់ទាញ Angkor Land Mark ក៏​នឹង​ជួយ​បង្កើត​ការងារ​សម្រាប់​ប្រជាជន​ក្នុង​តំបន់ និង​សេដ្ឋកិច្ចជាតិ​បាន​មួយកម្រិត​ដែរ​។

លោក​អះអាង​ថា​៖ «​មិន​ត្រឹមតែ​ជួយ​ដល់​ប្រជាជន​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ Angkor Land Mark ក៏​អាច​បង្កើន​ភាពទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ឱ្យមក​កម្សាន្ត​នៅ​កម្ពុជា​កាន់តែច្រើន​ផងដែរ​»​។

ដើម្បី​លើកកម្ពស់​សក្តានុពល​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប រដ្ឋាភិបាល​កាលពី​ចុងឆ្នាំ​ ២០២០ បាន​បញ្ចេញ​ថវិកាជាតិ​ប្រមាណ ១៥០ ​លាន​ដុល្លារ ​សម្រាប់​កែលម្អ​ផ្លូវ​ចំនួន ៣៨ ​ខ្សែ​ក្នុង​ក្រុង​សៀមរាប​។ តាម​ផែនការ​គម្រោង​នេះ​នឹងត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​ ២០២១​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA លោក នួន រិទ្ធី បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​ថ្មី និង​ការប្រកាស​ពី​គម្រោង​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ គឺជា​សញ្ញា​វិជ្ជមាន​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​វិស័យ​អចលនទ្រព្យ​នៅ​ខេត្តសៀមរាប​។

លោក​បន្តថា ពេល​មាន​ផ្លូវ​ល្អ ការធ្វើដំណើរ​ពី​កន្លែង​ ១ ​ទៅ​កន្លែង​ ១ ​កាន់តែ​ងាយ ដូច្នេះ​តម្រូវការ​អចលនទ្រព្យ​ក៏មាន​ច្រើន​ដែរ​។

លោក​ប្រាប់ថា​៖ «​អចលនទ្រព្យ​នៅ​ខេត្តសៀមរាប​នឹង​មាន​សម្ទុះ​ឡើងវិញ​ឆាប់ៗ ពិសេស​បន្ទាប់ពី​វិស័យ​ទេសចរណ៍​មាន​ចលនា​ឡើងវិញ​»​។

បច្ចុប្បន្ននេះ​ក្រសួង​ទេសចរណ៍ និង​វិស័យ​ឯកជន​កំពុង​សហការ​គ្នា​យ៉ាងសកម្ម​ក្នុង​ការរៀបចំ​ផែនការ ក៏ដូចជា​ដាក់ចេញ​វិធានការ​ថ្មីៗ​ជាច្រើន​ដើម្បី​ត្រៀម​បើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​ក្នុងពេល​ឆាប់ៗ​។

ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ ឃី រៀលអ៊ីស្ទេត ឱ្យដឹងថា នៅ​ដើមឆ្នាំ​ ២០២១ ដី​ក្នុង​ក្រុង​សៀមរាប​មានតម្លៃ ១ ៥២០ ​ដុល្លារ​ ក្នុង​ ១ ​ម៉ែត្រការ៉េ ធ្លាក់ចុះ​ ៥,០ ​ភាគរយ​ធៀប​នឹង​ដើមឆ្នាំ​ ២០២០៕ LA