ភ្នំពេញៈ ការបញ្ចប់​ការសាងសង់ និង​ដាក់ចូល​ទីផ្សារ​របស់​គម្រោង​អភិវឌ្ឍន៍​ខុនដូ​ធំៗ ២ ដែល​មាន​បន្ទប់​ស្នាក់នៅ​ជិត ១ ៦០០ ​យូនីត​បាន​ធ្វើឱ្យ​ចំនួន​បន្ទប់​ខុនដូ​ក្នុង​រាជធានី​ភ្នំពេញ គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​៣ ឆ្នាំ​ ២០២១ កើន​ដល់​ប្រមាណ​ ៣០ ០០០ ​យូនីត​។ នេះ​បើតាម​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia​។

របាយការណ៍ CBRE Cambodia ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១២ ខែតុលា បង្ហាញថា ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​ ២០២១ មាន​ខុនដូ​ចំនួន ២ បានបញ្ចប់​ការសាងសង់​គឺ The Peak (​ជិត​កោះពេជ្រ​) និង The Gateway (​មហាវិថី​សហព័ន្ធរុស្ស៊ី​) ​ដោយ​គម្រោង​ទាំង ២ នេះ​មាន​បន្ទប់​សរុប ១ ៥៨៦ ​យូនីត​។ ចំនួន​នេះ​ស្មើនឹង​អត្រាកំណើន ៥,៦ ​ភាគរយ​​ បើ​ធៀប​ទៅនឹង​ចំនួន​យូនីត​កាលពី​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២១​។

បើតាម​ការស្រាវជ្រាវ​របស់ CBRE Cambodia ទាំង​តម្លៃ​លក់ និង​ជួល​របស់​ខុនដូ​ក្នុង​ត្រីមាស​ទី​៣ ធៀប​នឹង​ត្រីមាស​ទី​២ ឆ្នាំ​ ២០២១ គឺ​នៅ​បន្ត​ធ្លាក់ចុះ​ដូចគ្នា​។ មូលហេតុ​ចម្បង​គឺ​បណ្តាលមកពី​វិបត្តិ​កូវីដ​ ១៩ ដែល​ធ្វើឱ្យ​អត្រា​ប្រើប្រាស់​ធ្លាក់ចុះ​យ៉ាងច្រើន​។ ក្នុងនោះ​តម្លៃ​លក់ ធ្លាក់ចុះ​ជា​មធ្យម​ចន្លោះ​ពី ១,៨-៣ ​ភាគរយ និង​តម្លៃ​ជួល ធ្លាក់​ពី ៥,៦-៧,៨ ​ភាគរយ​។

បច្ចុប្បន្ន​ទីផ្សារ​ខុនដូ​ត្រូវបាន​គេ​ចែកចេញ​ជា ៣​ ប្រភេទ គឺ​ខុនដូ​ប្រណីត​ (High-end) មានតម្លៃ​លក់​មធ្យម ២ ៧៥០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ ប្រភេទ​មធ្យម​ (Mid-Range) ​មានតម្លៃ ២ ០៥០ ​ដុល្លារ និង​ប្រភេទ​តម្លៃ​សមរម្យ (Affordable) មាន​តម្លៃ ១ ៤៦០ ​ដុល្លារ​។

ចំណែក​តម្លៃ​ជួល​ក្នុង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២១ គឺ​ខុនដូ​ប្រណីត​មានតម្លៃ​មធ្យម ១១,៤​ ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​សម្រាប់​រយៈពេល ១ ​ខែ​, ប្រភេទ​មធ្យម ៩,៤ ​ដុល្លារ និង​ប្រភេទ​តម្លៃ​សមរម្យ​មានតម្លៃ ៧,៩ ​ដុល្លារ​។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ កាលពី​ថ្ងៃទី​ ១៣ ខែតុលា ថា ដើម្បីឱ្យ​ទីផ្សារ និង​តម្លៃ​របស់​ខុនដូ​នៅ​កម្ពុជា​ហក់ឡើង​វិញ​គេ​ត្រូវការ​ពេល​យ៉ាងតិច​ ៦ ​ខែ បន្ទាប់ពី​ការបើក​ដំណើរការ​សេដ្ឋកិច្ច​ទូលំទូលាយ​ឡើងវិញ​។ អ្នកនាង​បាន​បន្ថែមថា ដោយសារ​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា ពឹងផ្អែក​ភាគច្រើន​លើ​អតិថិ​ជនបរទេស ហេតុនេះ​ការបិទ ឬ​រឹតបន្តឹង​ការធ្វើដំណើរ​ឆ្លង​ប្រទេស ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ទីផ្សារ​មួយ​នេះ​ទទួល​រងផលប៉ះពាល់​យ៉ាងខ្លាំង​។

អ្នកនាង គិនកេសា អះអាងថា​៖ «​ការធ្លាក់ចុះ​អត្រាកំណើន​សេដ្ឋកិច្ច​ពិភពលោក និង​ឧបសគ្គ​នៃ​ការធ្វើដំណើរ​បាន​ធ្វើឱ្យ​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ចាប់តាំងពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ មក​»​។

ការសិក្សា​ខាងលើ​ក៏បាន​រកឃើញថា ក្នុងចំណោម​គម្រោង​ទាំង ៦ ដែល​គ្រោង​បញ្ចប់​ការសាងសង់​នៅក្នុង​ត្រីមាស​ទី​ ៣ ​កន្លងមក គឺ​មានតែ​គម្រោង ២ ខាងលើ​ដែល​បញ្ចប់​ការកសាង​តាម​ផែនការ ខណៈ​ ៤ ទៀត​ត្រូវ​ពន្យារពេល​ទៅ​ឆ្នាំក្រោយ​។

ប្រធាន​ផ្នែក​លក់ និង​ជួល​លំនៅឋាន​របស់​ក្រុមហ៊ុន CBRE Cambodia លោក ប៉ែន ដាវីត បាន​លើកឡើងថា ផល​រំខាន​ដោយសារ​ចង្វាក់​ផ្គត់ផ្គង់​ក្នុង​តំបន់ គឺ​មានន័យថា ការបញ្ចប់​គម្រោង​ជាច្រើន​នឹង​ត្រូវបាន​ពន្យារពេល​៕ LA