ភ្នំពេញៈ ឥទ្ធិពល​នៃ​ការអូសបន្លាយ​ពេល​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ទុន​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា ដែល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អនុម័ត​ក្នុង​រយៈពេល ៨ ​ខែ ឆ្នាំ​ ២០២១ មាន​ទឹកប្រាក់​ជិត ៤ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ២៤,៤ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ នេះ​បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

ទិន្នន័យ​បង្ហាញថា ចាប់ពី​ខែមករា​ដល់​ខែសីហា ឆ្នាំ​ ២០២១ គម្រោង​សាងសង់​ដែល​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​សាងសង់​មាន​ចំនួន ២ ៩០១ ធ្លាក់ចុះ ៤៤៩ ​គម្រោង ចំណែក​ទុនវិនិយោគ​មានតម្លៃ​សរុប ៣ ៨៤៣ ​លាន​ដុល្លារ ធ្លាក់ចុះ ២៤,៤ ​ភាគរយ​។

ទិន្នន័យ​ឱ្យដឹងទៀតថា ក្នុងនោះ​ប្រភេទ​សំណង់​លំនៅឋាន​មាន ២ ៥៣០ គម្រោង​ស្មើនឹង ៨៧,២ ​ភាគរយ​នៃ​សំណើសុំ​សាងសង់​សរុប ធ្លាក់ចុះ ៤៤៥ គម្រោង​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឱ្យដឹងថា សេដ្ឋកិច្ច​កម្ពុជា​នៅតែ​បន្ត​ទទួល​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ជាពិសេស​ពី​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដែល​បាន​អូសបន្លាយ​ពេល​រហូត​ដល់ពេល​បច្ចុប្បន្ន និង​បានដាក់​សម្ពាធ​មកលើ​សូចនាករ​សំខាន់ៗ​នៃ​វិស័យ​ជំរុញ​កំណើន​សេដ្ឋកិច្ច​។

លោក ជីវ ស៊ីវផេង អ្នក​គ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា វិធានការ​របស់​ប្រទេស​នីមួយៗ​ក្នុង​ការរឹតបន្តឹង​ការធ្វើដំណើរ​ឆ្លង​ប្រទេស​របស់​មនុស្ស​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូវីដ​ ១៩ បាន​បង្អាក់​ដល់​ក្រុម​វិនិយោគិន​បរទេស​ក្នុង​ការចូល​មក​វិនិយោគ​លើ​វិស័យ​សំណង់​ធំៗ​នៅ​កម្ពុជា​។

ការធ្លាក់ចុះ​ចំនួន​គម្រោង និង​ទុនវិនិយោគ​ភាគច្រើន កើត​មាន​តែ​ចំពោះ​គម្រោង​វិនិយោគ​ធំៗ ដែលមាន​វិនិយោគិន​ជា​ជនជាតិ​បរទេស ខណៈ​ការវិនិយោគ​លើ​សំណង់​ផ្ទះល្វែង និង​សំណង់​លក្ខណៈ​បុរី ដែល​មាន​ម្ចាស់​ជា​វិនិយោគិន​ក្នុងស្រុក គឺ​មិនមាន​បញ្ហា​អ្វី​នោះទេ​។

លោក​បន្តទៀត​ថា​៖ «​ចំនួន​គម្រោង និង​ទឹកប្រាក់​វិនិយោគ​វិស័យ​សំណង់ នឹង​កើន​ឡើងវិញ នៅពេល​ការធ្វើដំណើរ​ឆ្លង​ប្រទេស​បាន​បើកទូលាយ​»​។

លោក​ប្រាប់ទៀតថា អ្វី​ជា​ការកត់សម្គាល់​នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ នេះ គឺ​ការវិនិយោគ​របស់​វិនិយោគិន​ក្នុងស្រុក បាន​ចាប់ផ្តើម​កើនឡើង​ជា​បន្តបន្ទាប់​។

កម្ពុជា​កំពុងមាន​ផែនការ​បើកទទួល​ភ្ញៀវ​បរទេស​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ រួច​នាពេល​ឆាប់ៗ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ខ្លួន​ឡើងវិញ​។

ក្នុង​ឆ្នាំ​ ២០២០ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​តម្លៃ​សរុប ៧,៨ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៣២,១ ​ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០១៩​។ ដោយឡែក​ចំនួន​គម្រោង​ដែល​ត្រូវ​ក្រសួង​បានអនុម័ត​ក្នុង​ឆ្នាំ​ ២០២០ មាន ៤ ៨៤១ កើន ១ ​ភាគរយ​។ នេះ​បើ​យោងតាម​របាយការណ៍ ធនាគារជាតិ​នៃ​កម្ពុជា​៕ LA