ភ្នំពេញៈ ភាព​មិនប្រាកដប្រជា​សេដ្ឋកិច្ច​ពិភពលោក​បាន​ធ្វើឱ្យ​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​ដែល​ភាគច្រើន​ពឹងផ្អែក​លើ​អតិថិជន​បរទេស​មិនមាន​ដំណើរការ​ល្អ​នោះទេ ដោយ​ពុំមាន​គម្រោង​អភិវឌ្ឍន៍​ខុនដូ​ណាមួយ​បាន​បញ្ចប់ និង​ដាក់ចូល​ទីផ្សារ​ឡើយ​នៅក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​ ២០២២ នេះ​។

របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia ដែល​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​បាន​រកឃើញថា បញ្ហា​វិបត្តិ​សកល​កំពុង​ធ្វើឱ្យ​ទីផ្សារ​ខុនដូ​នៅ​រាជធានី​ភ្នំពេញ​បន្ត​ជួប​បញ្ហា ទាំង​ដំណើរការ​សាងសង់ និង​សកម្មភាព​ទិញ លក់ ឬ​ជួល​។

របាយការណ៍​បង្ហាញ​ទៀតថា នៅ​រាជធានី​ភ្នំពេញ​ក្នុង​ត្រីមាស​ទី​ ៣ ឆ្នាំ ​២០២២ មិនមាន​គម្រោង​អភិវឌ្ឍន៍​អគារ​ខុនដូ​ណា​បញ្ចប់​ការសាងសង់​ឡើយ ដោយ​ចំនួន​បន្ទប់​ខុនដូ​នៅ​ភ្នំពេញ​នាពេល​នេះ​មាន​ចំនួន​ជាង ៣៦ ០០០ ​យូនីត​។

បើតាម CBRE Cambodia សម្រាប់​តម្លៃ​លក់​ខុនដូ​ក្នុង​ត្រីមាស​ទី៣ ឆ្នាំនេះ​ធៀប​នឹង​ត្រីមាស​ទី​២ ឆ្នាំ​ ២០២២ គឺ​បន្ទប់​ខុនដូ​ប្រណីត​មាន​តម្លៃ​លក់​ជា​មធ្យម ២ ៦៣៩ ​ដុល្លារ​ក្នុង ១ ​ម៉ែត្រការ៉េ ធ្លាក់ចុះ​ប្រមាណ ១,២​ ភាគរយ​, ខុនដូ​ប្រភេទ​មធ្យម មានតម្លៃ ២ ០៧៨ ​ដុល្លារ ធ្លាក់ចុះ ០,៨ ​ភាគរយ និង​ប្រភេទ​តម្លៃ​សមរម្យ មានតម្លៃ ១ ៤០៨ ​ដុល្លារ​ធ្លាក់ចុះ ០,២ ​ភាគរយ​។

ដោយឡែក​សម្រាប់​តម្លៃ​ជួល គឺ​ខុនដូ​ប្រណីត មាន​តម្លៃ​ជា​មធ្យម ១១ ​ដុល្លារ​ក្នុង ១ ​ម៉ែត្រការ៉េ​សម្រាប់​រយៈពេល​ ១​ ខែ ធ្លាក់ចុះ ០,៣​ ភាគរយ​, ប្រភេទ​តម្លៃ​មធ្យម មានតម្លៃ ៩,៥ ​ដុល្លារ ធ្លាក់ ០,៩ ភាគរយ និង​ប្រភេទ​តម្លៃ​សមរម្យ មានតម្លៃ ៧,៨ ​ដុល្លារ ធ្លាក់ ២,៣ ​ភាគរយ​។

អ្នកនាង គឹម គិនកេសា នាយិការង​ផ្នែក​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់​នៅ​ក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍ ​ក្នុង​ថ្ងៃទី​ ១២ ខែតុលា​ថា តម្លៃ​លក់ និង​ជួល​ខុនដូ​ក្នុង​ត្រីមាស​ទី​៣ បាន​ធ្លាក់ចុះ​បន្ទាប់ពី​ការងើបឡើង​បន្តិច​កាលពី​ត្រីមាស​ទី​២​។ យ៉ាងណា​អត្រា​បម្រែបម្រួល​មាន​កម្រិត​តិចតួច​ប៉ុណ្ណោះ ហើយ​និន្នាការ​នេះ​អាច​នៅ​បន្ត​រហូត​ដល់​ដំណាច់ឆ្នាំ​។

អ្នកនាង គិនកេសា ថ្លែងថា​៖ «​ក្នុង​ឆ្នាំ​ ២០២៣ យើង​រំពឹងថា​សកម្មភាព​ទិញ លក់ ជួល អាច​នឹង​មាន​កំណើន​ល្អ​ជាង​ឆ្នាំ​ ២០២២ ដោយសារ​មិន​មាន​ការបើក​លក់​គម្រោង​ថ្មីៗ​ច្រើន ហើយ​តម្លៃ​នៅ​បន្ត​មាន​ស្ថិរភាព​»​។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល​លោក សំ សុខនឿន បាន​និយាយ​ថា​បើទោះបី​ប្រទេស​កម្ពុជា​បាន​បើក​ដំណើរការ​សង្គម និង​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើងវិញ​ពី​វិបត្តិ​ជំងឺ​កូវីត​ ១៩ ជិត ​១​ ឆ្នាំ​ហើយក៏​ដោយ ប៉ុន្តែ​ស្ថានភាព​ទីផ្សារ​ខុនដូ​ក្នុង​ត្រីមាស​ទី​៣ កន្លងមក​មិនទាន់​ល្អ​វិញ​នោះទេ ដោយ​តម្រូវការ​របស់​វា​នៅមាន​កម្រិត​ទាប ហើយ​តម្លៃ​ក៏​ធ្លាក់ចុះ​តិចតួច​ដែរ​។ ការធ្លាក់ចុះ​តម្លៃ​ខុនដូ​ក្នុង​រាជធានី​-​ភ្នំពេញ​នៅពេល​នេះ ក៏​ផ្តល់​ឱកាស​ឱ្យ​ប្រជាជន​ខ្មែរ​ដែល​ចង់​រស់នៅ ឬ​មាន​បំណង​វិនិយោគ​លើ​ខុនដូ​មាន​លទ្ធភាព​ក្នុង​ការទិញ​ខុនដូ​កាន់តែ​ច្រើន​។

លោក​និយាយ​ថា​៖ «​ចាប់តាំងពី​មាន​វត្តមាន​កូវីដ​ ១៩ ដែល​ធ្វើឱ្យ​ចំនួន​ជនបរទេស​នៅ​កម្ពុជា​ធ្លាក់​ចុះមក ខ្ញុំ​សង្កេតឃើញ​មាន​គម្រោង​អភិវឌ្ឍន៍​ខុនដូ​មួយ​ចំនួន​បាន​ទម្លាក់​តម្លៃ​ខ្លះៗ និង​បាន​ប្តូរ​ទិសដៅ​មករក​អតិថិជន​ក្នុងស្រុក​»​។

សម្រាប់​ត្រីមាស​ទី​៤ ឆ្នាំនេះ និង​ត្រីមាស​ទី១ ឆ្នាំ​ ២០២៣ លោក សុខនឿន បាន​អះអាង​ថា ផល​អវិជ្ជមាន​សម្រាប់​ទីផ្សារ​ខុនដូ​នឹង​នៅតែ​បន្ត​មាន​។

ទិន្នន័យ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឱ្យ​ដឹងថា នៅក្នុង​រយៈពេល ៨ ​ខែ​ឆ្នាំ ​២០២២ ចំនួន​គម្រោង​ដែល​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​សាងសង់​មាន​ចំនួន ២ ៨១១ ធ្លាក់ចុះ ៩០ គម្រោង និង​មាន​តម្លៃ​វិនិយោគ ១ ៦៦២ ​លាន​ដុល្លារ ធ្លាក់ចុះ ៥៦,៧ ​ភាគរយ ក្នុងនោះ​ប្រភេទ​សំណង់​លំនៅឋាន មាន​ចំនួន ២ ៥២១ ​គម្រោង (​ស្មើនឹង ៨៩,៧ ​ភាគរយ​នៃ​សំណើសុំ​សាងសង់​សរុប ធ្លាក់ចុះ​ ៩ ​គម្រោង​បើ​ធៀបនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១)៕