​ភ្នំពេញៈ កម្មវិធី​ប្រកួត​ដណ្តើមពាន​រង្វាន់ PropertyGuru Cambodia Property Awards លើក​ទី​៨ បានប្រកាស​ពី​ការចាប់ផ្តើម​ចុះឈ្មោះ​សម្រាប់​គម្រោង​វិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា ដើម្បី​ស្វែងរក​គម្រោង​/​ស្នាដៃ​ល្អៗ​តាម​ផ្នែក​នីមួយៗ សម្រាប់​ឈានឆ្ពោះ​ទៅ​ការប្រកួតប្រជែង​ចុងក្រោយ​ដែល​នឹងត្រូវ​រៀបចំ​នៅក្នុង​ប្រទេស​ថៃ នា​ខែធ្នូ ឆ្នាំ​ ២០២៣ នេះ​។​

​ក្នុង​ពិធី​ប្រកាស​បើកទទួល​ចុះឈ្មោះ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នានា​នៅ​កម្ពុជា នា​ថ្ងៃទី ​២៣ ខែកុម្ភៈ លោក សន សៀ​ប ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ​(CVEA) និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ឯករាជ្យ​ចៅក្រម​នៃ​ពានរង្វាន់ PropertyGuru Cambodia Property Awards បាន​លើកឡើងថា បន្ទាប់ពី​ស្ងប់ស្ងាត់​ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ បច្ចុប្បន្ន​ទីផ្សារ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា​បានចាប់ផ្តើម​កម្រើក​ឡើង​វិញ​បណ្តើរៗ​ហើយ​។ ការផ្សព្វផ្សាយ​ពី​វិស័យ​អចលនទ្រព្យ​កម្ពុជា​ទៅកាន់​ទីផ្សារ​ពិភពលោក គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ព្រោះ​នៅពេល​វិស័យ​សំណង់ និង​អចលនទ្រព្យ​មានដំណើរ​ការល្អ កំណើនសេដ្ឋកិច្ច និង​ទេសចរណ៍​ក៏​ល្អប្រសើរ​ដែរ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿថា​កម្មវិធី​នេះ​ពិតជា​ពិសេស ដែល​នឹង​នាំយក​គម្រោង​ល្អ​ដាច់​គេ​នៅ​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​ជាមួយ​គម្រោង​មកពី​ប្រទេស​ផ្សេងៗ​ទៀត​នៅក្នុង​ទ្វីបអាស៊ី​»​។​

​លោក​បន្តថា ឆ្នាំ​ ២០២៣ ​នេះ គឺជា​លើក​ទី​៨ ដែល​ពានរង្វាន់ PropertyGuru Cambodia Property Awards ត្រូវបាន​រៀបចំ​នៅ​កម្ពុជា ខណៈ​ពានរង្វាន់​មួយ​នេះ​បានចាប់ផ្តើម​ដំបូង​ក្នុង​ឆ្នាំ ​២០០៥​។ នៅក្នុង​ការប្រកួតប្រជែង​ដណ្តើមពាន​រង្វាន់​នេះ គឺមាន​ចៅក្រម​ចំនួន ១០ ​រូប ដែល​មកពី​ផ្នែក​ផ្សេងៗ ដូចជា អ្នកជំនាញ​អចលនទ្រព្យ​, អ្នកស្រាវជ្រាវ​, វិស្វករ​,​ស្ថាបត្យករ និង​មេធាវី ជាដើម​។​

​លោក​បញ្ជាក់ថា​៖ «​ការដាក់បញ្ចូល​អ្នកជំនាញ​ច្រើន​ផ្នែក​ទៅក្នុង​ក្រុម​គណៈកម្មការ​វាយតម្លៃ គឺ​ដើម្បី​ផ្តល់​ភាព​សុក្រឹត និង​មាន​តម្លាភាព​»​។​

​បើតាម​លោក សន សៀ​ប ពានរង្វាន់ PropertyGuru Cambodia Property Awards ត្រូវបាន​ចែកចេញជា​ច្រើន​ផ្នែក​ដូចជា Best Developer Awards, Development Awards, Residential Awards, Commercial Awards, Design Awards ដោយ​សរុប​ទាំងអស់​មាន​ជាង ៣០ ពានរង្វាន់​។​

​លោក Jules Kay ប្រធាន​គ្រប់គ្រង PropertyGuru Asia Property Awards and Events បាន​និយាយថា ក្នុងឆ្នាំនេះ​ព្រឹត្តិការណ៍ PropertyGuru Cambodia Property Awards ត្រឡប់មកវិញ​ជាមួយនឹង​ភាពរឹងមាំ​ជាង​មុន ខណៈពេល​ចរន្ត​នៃ​ការធ្វើដំណើរ​របស់​ប្រជាជន និង​សេដ្ឋកិច្ចពិភពលោក​ដែល​រង​ការគំរាមកំហែង​ដោយសារ​កូ​វីដ​ ១៩ កាន់តែ​មាន​ភាព​ធូរស្រាល​ជាង​មុន​។ លោក​បន្តថា វិស័យ​សំណង់​នៅ​កម្ពុជា​នៅពេលនេះ គឺមាន​ការរីកចម្រើន​លឿន​បើ​ធៀប​បណ្តា​ប្រទេស​ក្នុង​តំបន់​។​

​លោក​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​កម្ពុជា​អាច​ចាត់ទុកជា​កន្លែង​ដែល​វិស័យ​សំណង់ និង​អចលនទ្រព្យ​កំពុងមាន​សម្ទុះ​រីកចម្រើន​ខ្លាំង​នៅ​ទ្វីបអាស៊ី​»​។​

​យោងតាម​គេហទំព័រ AsiaPropertyAwards.com. ​សម្រាប់​ប្រទេស​កម្ពុជា​ការដាក់​ពាក្យ​ចូលរួម​ប្រកួត គឺ​គិត​ចាប់ពីពេលនេះ ​(​ថ្ងៃទី​ ២៣ ខែកុម្ភៈ​)​ រហូតដល់​ថ្ងៃទី​ ១២ ខែឧសភា​។ ចាប់ពី​ថ្ងៃទី​ ២៩ ខែឧសភា ដល់​ថ្ងៃទី​ ១៦ ខែមិថុនា ក្រុម​គណៈកម្មការ​នឹង​ចុះ​ពិ​និត្យនៅ​កន្លែង​ដោយផ្ទាល់ និង​នៅ​ថ្ងៃទី​ ២០ ខែមិថុនា គណៈកម្មការ​នឹងធ្វើ​ការវាយតម្លៃ​ចុងក្រោយ មុននឹង​ធ្វើ​ពិធី​ប្រកាស​នៅ​ថ្ងៃទី​ ១៨ ខែសីហា​។ អ្នកឈ្នះ​តាម​ផ្នែក​នីមួយៗ​នឹងមាន​សិទ្ធិ​ទៅ​ចូលរួម​ការប្រកួត​ជាមួយ​គម្រោង​មកពី​ប្រទេស​មួយចំនួនទៀត​ក្នុង​ទ្វីបអាស៊ី ដែល​នឹង​ធ្វើឡើង​នៅក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ នា​ថ្ងៃទី​ ៨ ខែធ្នូ ឆ្នាំ​ ២០២៣៕