កាលពី​ថ្ងៃទី​ ២ ខែ ​មិថុនា ឆ្នាំ​​ ២០២១ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចេញ​សេចក្តី​ជូនដំណឹង​មួយ ដែល​តម្រូវ​ឱ្យ​មាន​ការរុះរើ​ ឬ​ចល័ត​ចេញ​ជាបន្ទាន់​នូវ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្ដែត​ទឹក ផ្ទះ​ទូក​តូចៗ និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទន្លេ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ដោយ​ទុក​រយៈពេល​ ១ ​សប្ដាហ៍​។

សេចក្តី​ជូនដំណឹង​ដដែល​នេះ​បានបញ្ជាក់​ផងដែរ​ថា បើសិន​ផុត​រយៈពេល​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់វិធានការ​រដ្ឋបាល​ដោយ​ពុំ​ទទួល​ខុសត្រូវ​រាល់​ការខូចខាត ឬ​ការបាត់បង់​ណាមួយ​ឡើយ​។

ក្នុងករណី​រឹងរូស អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាមផ្លូវ​ច្បាប់​។ ក្នុង​យុត្តិកម្ម​នៃ​ចំណាត់ការ​របស់ខ្លួន រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​លើកឡើង​ថា បែចិញ្ចឹម​ត្រី ផ្ទះ​បណ្ដែត​ទឹក ផ្ទះ​ទូក​តូចៗ និង​សំណង់​អនាធិបតេយ្យ​ទាំងនោះ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ ផ្លូវ​នាវាចរណ៍ ប្រព័ន្ធ​អេកូឡូស៊ី ចរន្តទឹក​ហូរ​គោក​រាក់ ពិសេស​ការប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី និង​ការបញ្ចេញ​កាកសំណល់ ការបន្ទោបង់ ធ្វើឱ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវចម្រុះ​ក្នុង​ទឹក​ខូច​គុណភាព​ទឹក បំពុលបរិស្ថាន និង​ប៉ះពាល់​ដល់​សោភណភាព​រាជធានី​ភ្នំពេញ ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹក​នោះ​ផងដែរ​។

ចំណាត់ការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ទទួល​ការគាំទ្រ​យ៉ាង​ទូលំទូលាយ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ និង​គ្រប់​និន្នាការ​នយោបាយ​។ ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋ​ខ្មែរ​ជំរុញ​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​បំផុត ដោយ​មិនគួរ​អនុញ្ញាត​ឱ្យ​មាន​ការតាំង​ទីលំនៅ​ដោយ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​តាម​ដង​ទន្លេ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ដែលជា​បេះដូង​នៃ​ប្រទេស​កម្ពុជា​ តទៅ​ទៀត​នោះ​ទេ​។

អ្វីដែល​កាន់តែ​ធ្ងន់ធ្ងរ​បំផុត នោះ​ទឹក​ដែល​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ប្រើប្រាស់ គឺជា​ទឹក​ដែល​អ្នក​តាំងទីលំនៅ​ដោយ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​តាម​ដង​ទន្លេ​ទាំងនោះ​បន្ទោបង់​ដាក់​ជា​រៀងរាល់​ថ្ងៃ​។

ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្រឡាំងកាំង និង​នឹក​ហួសចិត្ត​គ្រប់គ្នា​នោះ​គឺ​វោហារស័ព្ទ​របស់​ឯកអគ្គរដ្ឋទូត​ដែល​ជិត​ផុត​អាណត្តិ​របស់​វៀតណាម​ប្រចាំ​កម្ពុជា​លោក វូ ក្វាងមិញ ដែល​បាន​ថ្លែង​ប្រតិកម្ម​ចំពោះ​វិធានការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

នៅ​ថ្ងៃទី​ ៤ ខែ មិថុនា ឆ្នាំ ២០២១ តាមរយៈ​ហ្វេសប៊ុក​របស់ខ្លួន លោក វូ ក្វាងមិញ ​បាន​អះអាងថា ចំណាត់ការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ដាក់​កំហិត​រយៈពេល​ ៧ ​ថ្ងៃ​ ឱ្យ​ប្រជាជន​ដែលជា​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ផ្ទះបណ្ដែត​ទឹក ផ្ទះ​ទូក​តូចៗ និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទន្លេ​ចាកចេញ​ពី​ផ្ទៃ​ទឹក​នៅ​រាជធានី​ភ្នំពេញ​ឱ្យអស់​ក្នុង​រយៈពេល​ ១ ​សប្តាហ៍ ដោយ​ឱ្យ​សំណង់​ទាំងនោះ​ចាកចេញ​ពី​ផ្ទៃ​ទឹក​គឺ​លឿន​ពេក និង​មិនអាច​អនុវត្ត​បានឡើយ​។

លោក វូ ក្វាងមិញ និង​ប្រធាន​សមាគម​វៀតណាម​នៅ​កម្ពុជា​បាន​ចុះទៅ​ជួប​ផ្ទាល់​អ្នក​តាំងទីលំនៅ​តាម​ដង​ទន្លេ​ដែល​ត្រូវឱ្យ​រុះរើ​ចេញ​នោះ​។ វិទ្យុ​សំឡេង​វៀតណាម និង​ទូរទស្សន៍ប៉ុស្តិ៍​លេខ​ ៤ ​វៀតណាម ដែល​បាន​ចូលរួម​យក​ព័ត៌មាន​ដែរនោះ បានធ្វើ​សេចក្តី​រាយការណ៍​ថា អ្នក​រស់​លើទឹក​គឺ​ភាគច្រើន​ជា​ប្រជាជន​ដែល​មាន​ដើមកំណើត​វៀតណាម ដែលមាន​ប្រហែល​ ១ ០០០ ​គ្រួសារ​។

វោហារស័ព្ទ​របស់លោក​ទូត​វៀតណាម​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ចោទ​ជា​សំណួរ​ថា តើ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្ថិតក្រោម​រដ្ឋាភិបាល​ក្រុង​ហាណូយ​ ឬ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ទើប​លោក​ទូត​មាន​ប្រតិកម្ម​បែបនេះ​?

កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ និង​អធិបតេយ្យ​ដែលមាន​សិទ្ធិផ្តាច់មុខ​លើ​អធិបតេយ្យ​ផ្ទៃក្នុង​ក៏​ដូច​អធិបតេយ្យ​ខាងក្រៅ​របស់ខ្លួន​ដែល​មិន​ស្ថិតក្រោម​ចំណុះ​របស់​រដ្ឋ​បរទេស​ណាមួយ​នោះឡើយ​។ ការអនុវត្ត​នូវ​វិធាន​ផ្ទៃក្នុង​ឬ​ច្បាប់​ផ្ទៃក្នុង​របស់​កម្ពុជា​ក៏ដូចជា​ការកំណត់​នយោបាយ​ក្រៅប្រទេស​របស់​កម្ពុជា ជា​សិទ្ធិផ្តាច់មុខ​របស់​កម្ពុជា ដែល​រដ្ឋ​បរទេស​គ្មាន​សិទ្ធិមក​លូកលាន់​បានទេ​។

ជាក់ស្តែង​ចំណាត់ការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​សុទ្ធសាធ គ្មាន​ពាក់ព័ន្ធ​អ្វី​បន្តិច​ណា​សោះ​ជាមួយ​វៀតណាម​។ វោហារស័ព្ទ​របស់លោក​ទូត​រូបនេះ​ជា​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ឯករាជ្យ និង​អធិបតេយ្យ​របស់​កម្ពុជា​។

បើ​លោក​ទូត​ទទួលស្គាល់ថា អ្នក​តាំង​ទីលំនៅ​ដោយ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​តាម​ដង​ទន្លេ​ទាំងនោះ​ជា​ជនជាតិ​វៀតណាម អ្វីដែល​លោក​ទូត​អាច​ធ្វើបាន គឺ​រៀបចំ​ធ្វើ​មាតុភូមិនិវត្តន៍​ពួកគេ​ឱ្យទៅ​កាន់​ប្រទេស​វៀតណាម​វិញ ដើម្បី​បង្ហាញ​ពី​ភាពថ្លៃថ្នូរ​របស់​វៀតណាម​ផង និង​បង្ហាញ​ពី​ការគោរព​ដល់​តម្លៃ​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាព​ជា​អ្នកជិតខាង​ល្អ​រវាង​ប្រទេស​ទាំង ២ ​ផង​។ លោក​ទូត​មិនគួរ​ធ្វើ​អត្ថាធិប្បាយ​ដែល​នាំឱ្យ​ខូចខាត​ដល់​មិត្តភាព និង​ធ្វើឱ្យ​ឈឺចាប់​ដល់​បេះដូង​ប្រជាពលរដ្ឋ​ខ្មែរ​នោះទេ​។

វោហារស័ព្ទ​របស់លោក​ទូត​ហាក់​បង្កប់​នូវ​ភាពពិសពុល​ដែល​ធ្វើឱ្យ​ប្រជាជាតិ​ខ្មែរ​បែកបាក់ បង្កើត​គម្លាត​នៃ​ទំនុកចិត្ត​រវាង​ប្រជាពលរដ្ឋ​កម្ពុជា និង​រាជរដ្ឋាភិបាល​របស់ខ្លួន​ក្នុង​ន័យ​បង្កប់​មួយ​ថា រាជរដ្ឋាភិបាល​កម្ពុជា​ស្ថិតក្រោម​បង្គាប់​វៀតណាម ឬ​អាយ៉ង​វៀតណាម ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ស្អប់​រាជរដ្ឋាភិបាល​ខ្លួនឯង​។

ជា​ការណ៍​ពិត រាជរដ្ឋាភិបាល​កម្ពុជា​មិន​ស្ថិតក្រោម​បង្គាប់​នៃ​រដ្ឋ​បរទេស​ណាមួយ​នោះទេ​។ រាជរដ្ឋាភិបាល​កម្ពុជា​យក​ប្រជាជន​កម្ពុជា​ធ្វើជា​ម្ចាស់ អ្វីៗ​ដើម្បី​បុព្វហេតុ​នៃ​ឧត្តមប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា​។

គ្រប់ពេលវេលា គ្រប់​ទីកន្លែង និង​គ្រប់​ជំនួប​រវាង​ថ្នាក់ដឹកនាំ​កម្ពុជា និង​វៀតណាម​គ្រប់​លំដាប់ថ្នាក់​ទាំង​ស្ថាប័ន​នីតិបញ្ញត្តិ ទាំង​ស្ថាប័ន​នីតិប្រតិបត្តិ ព្រមទាំង​អ្នកការទូត​វៀតណាម តែងតែ​ស្នើ​សុំឱ្យ​អាជ្ញាធរ​កម្ពុជា​ផ្តល់​ភាពស្របច្បាប់ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ជនជាតិ​វៀតណាម​ដែល​មក​តាំង​ទីលំនៅ​នៅ​កម្ពុជា​។ ពួកគេ​មិន​ដែល​ពិភាក្សា​ពី​លទ្ធភាព​ធ្វើ​មាតុភូមិនិវត្តន៍​ជនអន្តោប្រវេសន៍​ទាំងនោះ​ឱ្យ​ទៅ​រស់នៅ​ប្រទេស​វៀតណាម​ខ្លួនឯង​វិញ​នោះទេ​។

ជាក់ស្តែង​ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ប្រាក់ សុខុន នៅឯ​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន-ចិន​លោក​ បួយ ថាញ់សឺន រដ្ឋមន្ត្រី ការបរទេស​វៀតណាម​បាន​ស្នើឱ្យ​កម្ពុជា​បន្ត​ដោះស្រាយ​ពី​ភាពស្រប​ច្បាប់​ជូន​ពលរដ្ឋ​ដើមកំណើត​វៀតណាម និង​បាន​ស្នើឱ្យ​អាជ្ញាធរ​កម្ពុជា​ធានា​ពី​ផលប្រយោជន៍ និង​សុខុមាលភាព​ដល់​ពលរដ្ឋ​ដើមកំណើត​វៀតណាម​ផងដែរ ក្នុង​ដំណាក់កាល​ដែល​កម្ពុជា​កំពុង​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​។

ពាក់ព័ន្ធ​នឹង​ចំណាត់ការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នោះដែរ​លោកស្រី Lê Thị Thu Hằng អ្នកនាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​ ១០ ខែមិថុនា ឆ្នាំ​ ២០២១ ​ក៏​បាន​រំឭក​ពី​ការស្នើសុំ​របស់​រដ្ឋមន្ត្រី​ខ្លួន​ទៅកាន់​ភាគី​កម្ពុជា មាន​ផែនទី​បង្ហាញផ្លូវ​សមស្រប​សម្រាប់​សហគមន៍​ពលរដ្ឋ​ដើមកំណើត​វៀតណាម ដើម្បី​ធានាបាន​នូវ​សិទ្ធិ និង​សុខុមាលភាព​ពេញលេញ​។

ស្ត្រី​អ្នកនាំពាក្យ​រូបនោះ​បាន​សង្កត់ធ្ងន់ថា ការរៀបចំ​ទីតាំង​ថ្មី​សម្រាប់​ពលរដ្ឋ​ដើមកំណើត​វៀតណាម​ត្រូវ​ឈរលើ​ហេតុផល​អាច​ទទួល​យក​បាន​ជាមួយ​នឹង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដែល​ធានា​ឱ្យ​ជីវិត​របស់​ពួកគេ​មាន​ស្ថិរភាព និង​ការគាំទ្រ​សុខុមាលភាព​ពី​សង្គម​។

ទន្ទឹមនឹង​នោះដែរ នៅ​ថ្ងៃទី​ ៨ ខែ​មិថុនា ឆ្នាំ​ ២០២១ លោក ស៊ឹម ជី ប្រធាន​សមាគម​វៀតណាម​បាន​និយាយថា សមាគម​របស់លោក​បាន​ដាក់​លិខិត​ទៅកាន់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​បាន​ស្នើសុំ​ ៣ ​ចំណុច​គឺ​ទី​ ១ ស្នើសុំ​ពន្យារពេល​សមស្រប​បំផុត​ ដើម្បី​ផ្លាស់ប្តូរ​ទីតាំង​,​ទី​ ២ ​ស្នើសុំ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​រក​ទីតាំង​ថ្មី ដែល​ពួកគេ​អាច​ចិញ្ចឹម​ត្រី​បាន និង​ទី​ ៣ ស្នើឱ្យ​មាន​ថវិកា​ដើម្បី​ជួយ​ផ្គត់ផ្គង់​ឱ្យ​ពួកគេ​មានលទ្ធភាព​នៅពេល​ចេញ​ទៅ​។

នេះ​ជា​ការស្នើ​មួយ​ដែលមាន​ការគិតគូរ​ខ្ពស់​សម្រាប់​ជនជាតិ​វៀតណាម​ទាំងនោះ​។

សំណួរ​សួរថា តើ​រដ្ឋបាល​រាជធានី​ភ្នំពេញ​អាច​ដោះស្រាយ​សំណើ​នោះ​បាន​ដែរ​ទេ​? ទោះ​ដោះស្រាយបាន​ឬ​មិនបាន រដ្ឋបាល​រាជធានី​ភ្នំពេញ​ហាក់​កំពុង​ប្រឈម​នឹង​ទ្វេ​គ្រោះ​។ បើ​រដ្ឋបាល​រាជធានី​ភ្នំពេញ​អាច​ដោះស្រាយ​សំណើ​របស់​ពួកគេ​បាន បញ្ហា​ ២ ​នឹង​ចោទឡើង​ទី​១ គឺ​មានន័យថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ទទួល​ស្គាល់​ជនអន្តោប្រវេសន៍​ខុសច្បាប់​វៀតណាម​ឱ្យ​តាំងទី​លំនៅ​នៅ​កម្ពុជា និង​អាច​ត្រូវបាន​ចោទប្រកាន់ថា ស្តាប់បង្គាប់​វៀតណាម និង​ទី​២ ​សំណួរ​ជាច្រើន​នឹង​លេចចេញ​ពី​មាត់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវបាន​តម្រូវឱ្យ​ផ្លាស់​ទី​ដូចគ្នា​ក្រោម​ផែនការ​អភិវឌ្ឍន៍ តើ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​បាន​ដោះស្រាយ​សំណើ​ ៣ ​យ៉ាងដូច​ខាងលើ​ជូន​ពួកគេ​ដោយ​សមរម្យ​ដែរឬទេ​?

ប៉ុន្តែ​បើ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិនអាច​ដោះស្រាយបាន តើ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​អនុវត្ត​ច្បាប់​ចំពោះ​ពួកគេ​ដោយ​របៀប​ណា​? តើ​ពួកគេ​នឹង​ទៅ​រស់​នៅ​ឯណា​? ឬ​គ្រាន់តែ​ចេញពី​ទន្លេ​ខ្មែរ​ ១ ​ទៅ​កាន់​ទន្លេ​ខ្មែរ​ ១ ​ទៀត​ដដែល​? ឬ​ចេញពី​ដី​ខ្មែរ​ ១ ​កន្លែង ទៅ​នៅ​ដី​ខ្មែរ​ ១ ​កន្លែង​ទៀត​? ឬ​ចេញពី​កណ្តាល​ប្រទេស​ទៅ​រស់នៅ​តំបន់​ព្រំដែន​? តើ​ច្បាប់​អន្តោប្រវេសន៍​អាច​ត្រូវបាន​អនុវត្ត​ដែរឬទេ​?

ទាំងនេះ​សុទ្ធតែ​ជា​សំណួរ​ដែល​ស្មុគស្មាញ​ពិបាក​រក​ចម្លើយ​។ តាមពិតទៅ​អាជ្ញាធរ​ភ្នំពេញ​បាន​ដាក់​ឱសានវាទ​ត្រឹម​ថ្ងៃទី​ ៩ ខែ​មិថុនា ប៉ុន្តែ​ក្រោយមក​បានសម្រេច​ពន្យារ​ពេល​បន្ថែម​ទៀត​រហូតដល់​ថ្ងៃទី​ ១២ ខែមិថុនា​។

មែនទែន​ទៅ ថ្វីបើ​កម្ពុជា​ជា​រដ្ឋ​តូច ប៉ុន្តែ​មាន​បេះដូង​ធំ​ទូលំទូលាយ​, កម្ពុជា​តែង​គោរព និង​ផ្តល់​តម្លៃ​ចំពោះ​មិត្តភាព​ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិតខាង​ក៏ដូចជា​បណ្ដា​ប្រទេស​នានា​លើ​សកលលោក​។ កម្ពុជា​ពោរពេញ​ដោយ​បេះដូង​មនុស្សធម៌ និង​គោរព​នូវ​គុណធម៌​ជាប់​ជានិច្ច​។ ដូច​ឃើញស្រាប់​ហើយ នៅ​គ្រប់​រាជធានី​ខេត្ត​នៃ​ប្រទេស​កម្ពុជា​សុទ្ធតែ​មាន​សមាគម​វៀតណាម​, តើ​មាន​ដូចគ្នា​ទេ សមាគម​កម្ពុជា​នៅ​ប្រទេស​វៀតណាម​?

កម្ពុជា​ពិតជា​ទទួលស្គាល់​វៀតណាម​ក្នុង​ការចូលរួម​ជួយ​រំដោះប្រជាជន​កម្ពុជា​ចេញពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​។ ជាការ​ឆ្លើយតប ស្តូប​អនុស្សាវរីយ៍​កម្ពុជា-វៀតណាម ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សាងសង់​ស្ទើរ​គ្រប់​រាជធានី​- ខេត្ត​នៃ​ប្រទេស​កម្ពុជា​, តើ​មាន​ស្តូប​អនុស្សាវរីយ៍​ដូចគ្នានេះ​នៅ​វៀតណាម​ដែរឬទេ​?

តើ​វៀតណាម​មាន​ធ្លាប់​បាន​រំឭក​គុណ​កម្ពុជា​ដែល​បានរួម​ចំណែក​ក្នុង​បុព្វហេតុ​បង្រួបបង្រួម​ទឹកដី​វៀតណា​ម​ដែរឬទេ​? ការជួយ​របស់​កម្ពុជា​ដើម្បី​បុព្វហេតុ​បង្រួបបង្រួម​ទឹកដី​វៀតណាម​បាន​ធ្វើឱ្យ​សហរដ្ឋអាមេរិក​ទម្លាក់​គ្រាប់បែក​រាប់លាន​តោន​នៅលើ​ទឹកដី​កម្ពុជា និង​បាន​ធ្វើឱ្យ​ប្រជាជន​កម្ពុជា​ស្លាប់ និង​រងរបួស​រាប់សែន​នាក់​, ស្លាកស្នាម​ផ្លូវលំ​ហូជីមិញ​ឆ្លងកាត់​ប្រទេស​កម្ពុជា​មិនទាន់​រលុប​នៅឡើយ​, តើ​នេះ​ជា​គុណ​ដែល​វៀតណាម​គួរ​រំឭក​ដែរ​ឬ​ទេ​? ប្រជាជន​កម្ពុជា​ហាក់​មាន​អារម្មណ៍​ចាញ់​ប្រៀប​វៀតណាម​ខ្លាំងណាស់​។

ប្រជាជន កម្មាភិបាល និង​ថ្នាក់ដឹកនាំ​វៀតណាម គួរ​គិតដល់​តម្លៃ​នៃ​ទំនាក់ទំនង និង​មិត្តភាព​ក្នុង​ភាព​ជា​អ្នក​ជិតខាង​ល្អ មិនគួរ​ចាក់​ទឹកត្រី​ទៅលើ​ស្នាមរបួស​ដែលនាំឱ្យ​មាន​ការឈឺចាប់​បន្ថែម​នោះទេ​។ ក្នុង​ប្រវត្តិសាស្ត្រ កម្ពុជា​បាន​បាត់បង់​ទឹកដី​ច្រើនណាស់​ទៅហើយ​ទៅ​ប្រទេស​វៀតណាម​។

ដែនដី​កម្ពុជា​ក្រោម​រាប់សិប​ខេត្ត រួមទាំង​ក្រុង​ព្រៃនគរ​ផង ដែល​មាន​ពលរដ្ឋ​ជាដើម​កំណើត​ខ្មែរ​រាប់លាន​នាក់​រស់នៅ​ទីនោះ​, កោះត្រល់​ជា​កោះគជ់​ដ៏ឆើតឆាយ ដែល​មាន​ចម្ងាយ​តែ​បន្តិច​សិប​គីឡូ​ពី​ក្រុងកែប បាន​ត្រូវ​បាត់បង់​ទៅ​ប្រទេស​វៀតណាម​ដែរ​។

កម្ពុជា​ក្រោម​ក្តី កោះត្រល់​ក្តី ទោះបី​បាត់បង់​ក្នុង​សម័យ​កាលណា​ក៏ដោយ ក៏​ប្រជាជន​កម្ពុជា​ជំនាន់​នេះ​ និង​ជំនាន់​ក្រោយៗ​ទៀត នៅ​តែ​មាន​ការឈឺចាប់ និង​ស្តាយស្រណោះ​ដែរ គឺ​ប្រៀបដូចជា​ការបាត់បង់​អវយវៈ​ចេញ​ពី​រាងកាយ​ដូច្នោះ​ដែរ​។

ដូច្នេះ វៀតណាម​មិនគួរ​យក​បញ្ហា​ជនអន្តោប្រវេសន៍​របស់ខ្លួន​បង្ក​ឱ្យ​មាន​ការឈឺចាប់​បន្ថែម​ដល់​ប្រជាជន​ខ្មែរ​នោះទេ​។ វៀតណាម​គួរតែ​រៀបចំ​ផែនការ​មាតុភូមិនិវត្តន៍ ជនជាតិ​របស់ខ្លួន​ទៅកាន់​ប្រទេស​ខ្លួន​វិញ ហើយ​មិន​គួរ​គិតតែ​ពី​សុំ​ភាពស្រប​ច្បាប់​ដល់​ពួកគេ​ពី​ប្រទេស​កម្ពុជា​នោះទេ​។

វា​ល្មម​ដល់ពេល​បញ្ចប់​នយោបាយ​ដំណើរ​ឆ្ពោះ​មក​ទិស​ខាងលិច​របស់​អ្នក​ហើយ​, អ្នកទទួល​បាន​ទឹកដី​ពី​កម្ពុជា​ច្រើនណាស់​ហើយ​។ ប្រទេស​ទាំង​ ២ ​ត្រូវ​ចេះ​រួមរស់​ជាមួយ​គ្នា​ដោយ​សុខ​សន្តិភាព ការគោរព​អធិបតេយ្យ ឯករាជ្យ និង​បូរណភាព​ទឹកដី​របស់​គ្នា និង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ផង​គ្នា​ទៅវិញ​ទៅមក ឱ្យ​ស័ក្តិសម​នឹង​ពាក្យស្លោក​នៃ​ទំនាក់ទំនង​ដែល​ប្រទេស​ទាំង​ ២ ​បានអនុម័ត​គឺ​ «​ភាពជា​អ្នកជិតខាង​ល្អ មិត្តភាព ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​»៕

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា រាជបណ្ឌិត្យសភា​កម្ពុជា (​ទស្សនៈ​ក្នុង​អត្ថបទ​នេះ​ជា​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​អ្នកនិពន្ធ​)