The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ចំណាត់ការ​ថ្ងៃនេះ ​នឹង​ទប់​កូវីដ​ ១៩ មិនឱ្យ​រុញ​ពលរដ្ឋ​កម្ពុជា​ច្រើន​នាក់​ទៀត ធ្លាក់​ចូលក្នុង​ភាពក្រីក្រ​វិញ




ចំណាត់ការ​ថ្ងៃនេះ ​នឹង​ទប់​កូវីដ​ ១៩ មិនឱ្យ​រុញ​ពលរដ្ឋ​កម្ពុជា​ច្រើន​នាក់​ទៀត ធ្លាក់​ចូលក្នុង​ភាពក្រីក្រ​វិញ

Content image - Phnom Penh Post
បុរស​ម្នាក់​ដឹក​ដៃ​កូនតូច​ ២ ​នាក់​ដើរ​សំលៀងកាំបិត ក្នុង​ក្រុងភ្នំពេញ​ពីថ្ងៃ​ទី​ ២៤ វិច្ឆិកា ២០២០​។ ហុង មិនា

ចំណាត់ការ​ថ្ងៃនេះ ​នឹង​ទប់​កូវីដ​ ១៩ មិនឱ្យ​រុញ​ពលរដ្ឋ​កម្ពុជា​ច្រើន​នាក់​ទៀត ធ្លាក់​ចូលក្នុង​ភាពក្រីក្រ​វិញ

មិន​ខុសពី​ប្រទេស​នានា​នៅលើ​ពិភពលោក​នេះ​ទេ ប្រទេស​កម្ពុជា​ បាន​រង​ការប៉ះទង្គិច​យ៉ាងដំណំ​ពី​វិបត្តិ​ដែល​ជំងឺ​កូវីដ​ ១៩ ​បាន​បង្កឡើង​។ ការរាតត្បាត​នៃ​ជំងឺ​នេះ​បាន​ធ្វើឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា និង​ដល់​ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ ហើយ​តាម​ការរំពឹងទុក ពលរដ្ឋ​ជិត​ ១ ​លាន​នាក់​នឹង​ធ្លាក់​ទៅក្នុង​ភាពក្រីក្រ​វិញ​ដោយសារ​តែ​ជំងឺ​នេះ​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញរួច​ហើយ​នូវ​វិធានការ​ឆ្លើយតប​គ្រប់​ជ្រុងជ្រោយ​មួយ អម​ជាមួយ​នឹង​កញ្ចប់​ជំនួយ​ថវិកា​ ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​នៃ​វិបត្តិ​នេះ​ទៅលើ​ផ្នែក​សុខាភិបាល សង្គម និង​សេដ្ឋកិច្ច​។

ចំណាត់ការ​នោះ​រួមមាន​ការផ្ទេរ​សាច់ប្រាក់​ទៅឱ្យ​គ្រួសារ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​, ជំនួយ​ឧបត្ថម្ភ​ប្រាក់កម្រៃ​, កម្ចី​មាន​ការប្រាក់ទាប និង​ការអនុគ្រោះ​ពន្ធ​ដល់​បណ្តា​អាជីវកម្ម​នៅតាម​វិស័យ​ដែល​រង​ការប៉ះទង្គិច​ខ្លាំង​, កម្មវិធី​ការងារ​ថ្នូរ​យក​សាច់ប្រាក់​នៅ​តាម​ទីជនបទ និង​ការឧបត្ថម្ភ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​។

ទន្ទឹមគ្នា​នេះដែរ រដ្ឋាភិបាល​ក៏បាន​ត្រៀម​ជាស្រេច​ហើយ​ដែរ​នូវ​ផែនការ​រយៈពេល​វែង​សម្រាប់​ស្តារ​សេដ្ឋកិច្ច​ឱ្យ​រើប​ឡើងវិញ​ និង​បង្កើន​ភាពប្រកួតប្រជែង តាមរយៈ​ការវិនិយោគ​ទៅលើ​ការកែទម្រង់​ផ្នែក​អាកាសធាតុ និង​ការទាញយក​អត្ថប្រយោជន៍​ពី​បច្ចេកវិទ្យា​ឌីជីថល​ឱ្យបាន​ពេញទំហឹង​។

នៅក្នុង​គោលបំណង​ជួយ​រដ្ឋាភិបាល​នៅក្នុង​កិច្ចខិតខំ​ទាំងនេះ ធនាគារ​ពិភពលោក ពេលនេះ កំពុងផ្តល់​កម្ចី​សម្រាប់​រៀបចំ​គោលនយោបាយ​ដែលមាន​តម្លៃ​ទឹកប្រាក់ ២០០ ​លាន​ដុល្លារ​អាមេរិក តាមរយៈ​គម្រោង​មាន​ឈ្មោះថា “​គម្រោង​សម្រាប់​ការជួយ​សង្គ្រោះ ការរើប​ឡើងវិញ និង​ការកសាង​ភាពធន់​របស់​កម្ពុជា (Cambodia Relief, Recovery and Resilience) ។ គម្រោង​នេះ​ផ្តោត​ខ្លាំង​ទៅលើ​ការជួយ​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ឱ្យបាន​ទាន់ពេលវេលា និង​ចំ​គោលដៅ ជួយ​សម្រួល​ឱ្យ​សេដ្ឋកិច្ច​រើប​ឡើងវិញ​យ៉ាង​ស្វាហាប់​តាមរយៈ​ការកែទម្រង់​ជា​ប្រព័ន្ធ និង​ការកសាង​ភាពធន់​សម្រាប់​ទប់ទល់​ជាមួយ​ស្ថានភាព​អង្រួន​សេដ្ឋកិច្ច​នាពេល​អនាគត​។

គម្រោង​នេះ​ត្រូវ​បានគ្រោង​រៀបចំ​ឡើង​ស្របតាម​អភិក្រម​អភិវឌ្ឍន៍​មាន​ភាពបៃតង ធន់ និង​បរិយាប័ន្ន​របស់​ធនាគារ​ពិភពលោក (Green, Resilient, and Inclusive Development) ដែល​រក​ដំណោះស្រាយ​ដល់​បញ្ហា​ចីរភាព​, ភាពធន់ និង​ភាព​បរិយាប័ន្ន តាមរយៈ​ការផ្តល់​ជំនួយ​សង្គ្រោះ​ភ្លាមៗ​នាពេល​បច្ចុប្បន្ន​។

បណ្តា​វិស័យ​ដែល​រង​ការប៉ះទង្គិច​ខ្លាំង​ពី​វិបត្តិ​នេះ​មាន​វិស័យ​កាត់ដេរ សំណង់ និង​ទេសចរណ៍ សុទ្ធតែ​ជា​ផ្នែក​ដែល​ផ្តល់​ការងារ​ច្រើន​បំផុត​នៅក្នុង​ប្រទេស​។ បើ​និយាយ​ពី​ការងារ​មិនមែន​កសិកម្ម​វិញ វិស័យ​កាត់ដេរ​មាន​ចំណែក​ការងារ ១៦ ​ភាគរយ វិស័យ​សំណង់ ១២ ​ភាគរយ និង​វិស័យ​ដឹកជញ្ជូន​ និង​បដិសណ្ឋារកិច្ច ១៣ ​ភាគរយ​នៃ​ចំនួន​ការងារ​សរុប​នៅ​ទូទាំង​ប្រទេស​។

ការធ្លាក់ចុះ​នៃ​ធុរកិច្ច​នៅតាម​ឧស្សាហកម្ម​ទាំងនេះ​បង្កើត​ជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​មួយ​ដល់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ប្រកប​ដោយ​និរន្តរភាព ហើយ​បើសិនជា​គ្មាន​វិធានការ​សម្រាល​ឱ្យបាន​ក្រាស់ក្រែល​ទេ ការរាតត្បាត​នៃ​ជំងឺ​នេះ​នឹង​ធ្វើឱ្យ​អ្នក​អត់​ការងារ​ធ្វើ​ និង​ភាពក្រីក្រ​កាន់តែ​មាន​ចំនួន​កើនឡើង​ថែមទៀត​ជាមិនខាន​។

ការស្ទង់​តាម​ទូរស័ព្ទ​ដែល​ធនាគារ​ពិភពលោក​បានធ្វើ​ជាច្រើន​លើក​កាលពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញថា អត្រា​ការងារ​បាន​ធ្លាក់ចុះ​ជិត ១០ ​ភាគរយ ចាប់តាំងពី​ផ្ទុះ​ការរាតត្បាត​នៃ​ជំងឺ​នេះ​។ ការធ្លាក់ចុះ​នេះ​អម​ជាមួយ​នឹង​ការដែល​មិនសូវ​មាន​តម្រូវការ​ផ្នែក​ទំនិញ​ និង​សេវាកម្ម​ផង​បាន​បណ្តាល​ឱ្យ​ចំណូល​ក្នុង​គ្រួសារ​ស្រុតចុះ​។

គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ​ ២០២១ ២ ​ភាគ​ ៥ ​នៃ​ផ្ទះ​គ្រួសារ​សរុប​បាន​ប្រាប់​ឱ្យ​ដឹង​អំពី​ការធ្លាក់ចុះ​នៃ​ចំណូល​សរុប​ប្រចាំ​គ្រួសារ ប្រៀបធៀប​ទៅនឹង​កម្រិត​កាលពី​មិនទាន់​មាន​ការរាតត្បាត​ជំងឺ រីឯ​ផ្ទះ​គ្រួសារ​ចំនួន​ ៤០ ​ភាគរយ​ផ្សេងទៀត​និយាយថា ចំណូល​របស់​ពួកគេ​មិនមាន​ការកើន​ទេ​។ អាជីវកម្ម​តាម​ផ្ទះ​ជា​ប្រភព​ធំ​មួយ​សម្រាប់​ការចិញ្ចឹម​ជីវិត តែ​វា​ក៏ត្រូវ​រង​ការប៉ះទង្គិច​យ៉ាងដំណំ​ផងដែរ​។ ការណ៍​នេះ​នឹង​រុញ​គ្រួសារ​រាប់ពាន់​ទៅរក​គែម​នៃ​រណ្តៅ​ភាពក្រីក្រ ហើយ​និន្នាការ​នេះ​ចេះតែ​រំកិល​ទៅមុខ ខណៈ​ដែល​ការរាលដាល​របស់​កូវីដ-១៩​ចេះ​តែ​អូសបន្លាយ​រក​ទីបញ្ចប់​មិនឃើញ​។ និយាយ​ឱ្យ​ចំ​ទៅ ពេលនេះ​មាន​ពលរដ្ឋ​ច្រើន​នាក់​ណាស់​ដែល​កំពុង​ត្រូវការ​ជំនួយ​។

នៅក្នុង​គោលដៅ​ជួយ​កម្ពុជា​កុំឱ្យ​បាត់បង់​ទៅវិញ​នូវ​វឌ្ឍនភាព​ដែល​ខ្លួន​សម្រេចបាន​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​កន្លងមក គម្រោង​នេះ​កំពុង​ជួយ​សម្រាល​បន្ទុក​ផ្នែក​ថវិកា និង​ជួយ​ពង្រឹង​សំណាញ់​សុវត្ថិភាព​សង្គម​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។ វា​ផ្តោត​ទៅ​លើ​ក្រុមគ្រួសារ​ដែល​មាន​ការបញ្ជាក់​ថា​ក្រ​ (IDPoor) តាមរយៈ​ការស្រង់​បញ្ជី​ជាច្រើនលើក​កន្លងមក​ក្នុង​នោះ​រួមមាន​កម្មវិធី​មួយ​ដែល​ត្រូវបាន​ដាក់ឱ្យ​អនុវត្ត​កាលពី​ពេល​ថ្មីៗ​ ដើម្បី​ជួយ​ដល់​បណ្តា​គ្រួសារ​ជាប់​ក្នុង​វិធានការ​បិទខ្ទប់​ផង​ដែរ​។

ចំណុច​ដៅ​ធំៗ​នៃ​គម្រោង​នេះ​សម្រាប់​ឆ្នាំ​ ២០២២ ​មាន​ការផ្ទេរ​សាច់ប្រាក់​ផ្នែក​កូវីដ​ ១៩ ​ទៅ​ឱ្យ​គ្រួសារ IDPoor ចំនួន ៦៩០ ០០០ ​គ្រួសារ​ និង​ការផ្ទេរ​សាច់ប្រាក់​ផ្នែក​សុខភាព​មាតា និង​កុមារ​ចំនួន ៣៦០ ០០០ ទៅឱ្យ​ស្ត្រី​ក្រីក្រ​មាន​ផ្ទៃពោះ និង​មាន​កូនតូច​។ គម្រោង​នេះ​នឹង​ជួយ​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច និង​បង្កើន​ភាពធន់​ទៅនឹង​ស្ថានភាព​កន្ត្រាក់​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នាពេល​អនាគត តាមរយៈ​ការលើក​កម្ពស់​ភាពប្រកួតប្រជែង​ពាណិជ្ជកម្ម និង​ការកែលម្អ​បរិយាកាស​ធ្វើ​ធុរកិច្ច​។ ឥណទាន​នឹង​មាន​ផ្តល់ជូន​សហគ្រាស​ធុនតូច​ និង​មធ្យម​ចំនួន​ ៥០០ សម្រាប់​ឆ្នាំក្រោយ តាមរយៈ​វិធីចែក​រំលែក​បន្ទុក​ហានិភ័យ​គ្នា​ក្នុង​ចំណោម​អ្នកពាក់ព័ន្ធ​។ ការសម្រួល​ពាណិជ្ជកម្ម​ត្រូវ​បានរៀបចំ​ឱ្យ​រលូន​អាច​នឹង​ជួយ​បន្ទាប​ថ្លៃ​លើ​ទំនិញ​នាំចូល​សម្រាប់​អ្នកប្រើប្រាស់​ដែល​ជា​ផ្ទះ​គ្រួសារ​ក្រីក្រ​។

គម្រោង​ថ្មី​នេះ​កសាង​ និង​ពង្រីក​បន្ថែម​ពីលើ​ការងារ​របស់​គម្រោង​ឆ្លើយតប​បន្ទាន់​ទៅនឹង​កូវីដ​ ១៩ (COVID-19 Emergency Response Project) ដែល​ទទួល​បាន​ការអនុម័ត​កាលពី​ខែមេសា​ឆ្នាំ​កន្លងទៅ អម​ជាមួយ​នឹង​គម្រោង​ដទៃទៀត​ដែល​គាំទ្រ​ដោយ​ធនាគារ​ពិភពលោក​ក្នុង​គោលដៅ​ជួយ​ពលរដ្ឋ​កម្ពុជា​ក្នុង​ការតទល់​ជម្នះ​ផលប៉ះពាល់​ដោយផ្ទាល់​ និង​ដោយ​ប្រយោល​ពី​ការរាតត្បាត​នៃ​ជំងឺ​នេះ​។

កម្មវិធី​ផ្ទេរ​សាច់ប្រាក់​កូវីដ​ ១៩ បានបង្ហាញ​ថា​មាន​ប្រសិទ្ធភាព ហើយ​កម្ពុជា​អាច​យក​បទពិសោធ​នេះ​ទៅប្រើ​ ដើម្បី​រៀបចំ​កម្មវិធី​ជំនួយ​សង្គម​នានា​ឱ្យបាន​កាន់តែ​រឹងមាំ​ថែមទៀត សម្រាប់​ជួយ​ដល់​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ខ្លាំង​បំផុត​ឱ្យ​មាន​ភាពធន់​ក្នុង​ការប្រឈម​ទៅនឹង​ហេតុការណ៍​អង្រួន​កន្ត្រាក់​នៅ​ថ្ងៃ​ខាងមុខ​។

គោលបំណង​នេះ​អាច​សម្រេចបាន​តាមរយៈ​ការបន្ត​អនុវត្ត​វិធានការ​ជំនួយ​ផ្នែក​សង្គម​នាពេល​បច្ចុប្បន្ន និង​ការពង្រឹង​វិសាលភាព​គ្របដណ្តប់​ជំនួយ​ និង​ប្រព័ន្ធ​ផ្តល់ជំនួយ ឧទាហរណ៍ ការពង្រីក​កម្មវិធី IDPoor និង​ការប្រែក្លាយ​វា​ឱ្យ​ទៅ​ជា​ការចុះបញ្ជិកា​ផ្នែក​សង្គម​មួយ​ សម្រាប់​ប្រើ​ក្នុង​កិច្ចអន្តរាគមន៍​ផ្សេងៗទៀត​។ អ្វីដែល​សំខាន់​ដូចគ្នា​ដែរនោះ​គឺថា ប្រព័ន្ធ​បង់ប្រាក់​ទៅ​ឱ្យ​អ្នកក្រីក្រ​ត្រូវមាន​ដំណើរការ​រលូន មាន​សុវត្ថិភាព និង​មាន​ភាពស័ក្តិសិទ្ធិ​។

ឧទាហរណ៍ ការធ្វើ​តាមរយៈ​អ្នកផ្តល់​សេវា​ច្រើន​គ្នា​ក្នុង​ការផ្ទេរ​ការប្រាក់​បង់ និង​ការប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ប្រាក់​បែប​ឌីជីថល​ជាដើម​។ ពេលនេះ​ជា​ឱកាស​មួយ​សម្រាប់​ប្រើ​ដើម្បី​រកមើល​ផ្នែក​នានា​ដែល​អាចធ្វើ​ឌីជីថលូបនីយកម្ម​ឱ្យ​កាន់តែខ្លាំង​ថែមទៀត​។

ការអនុវត្ត​ការកែទម្រង់​ទាំងនេះ​នឹង​នាំមក​នូវ​លទ្ធផល​ជាក់ស្តែង​ និង​អាច​វាស់វែង​បានរួម​ទាំង​ការអនុញ្ញាត​ឱ្យ​ពលរដ្ឋ​កាន់តែ​ច្រើន​អាច​មាន​លទ្ធភាព​រក​សេវា​ហិរញ្ញវត្ថុ​បាន ការកាត់បន្ថយ​ចំណាយ​លើ​ការទូទាត់ ការកែលម្អ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ឱ្យ​បាន​កាន់តែ​ប្រសើរ និង​ការកាត់បន្ថយ​ការលេចធ្លាយ​ថវិកា​ផងដែរ​។

ធនាគារ​ពិភពលោក​កំពុង​ជួយ​រាជរដ្ឋាភិបាល​នៅក្នុង​កិច្ចការ​ទាំងនេះហើយ​យើង​នៅ​រក្សា​ការប្តេជ្ញាចិត្ត​ថា​នៅ​បន្ត​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា​ឱ្យ​ជម្នះ​បាន​នូវ​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​នេះ ហើយ​ងើបឡើង​វិញ​កាន់តែ​រឹងប៉ឹង​ជាង​មុន​ក្នុង​ដំណើរ​ឆ្ពោះ​ទៅរក​អនាគត​មួយ​ដែល​កាន់តែ​មាន​ភាព​បៃតង​ និង​មាន​ផលិតភាព​កាន់តែ​ខ្ពស់​។ រួមគ្នា​យើង​ពិតជា​អាច​សម្រេច​បាន​គោលបំណង​នេះ​៕

ម៉ារីយែម ស្ហ៊ឺរមែន (Mariam Sherman) ប្រធាន​ធនាគារ​ពិភពលោក​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា កម្ពុជា និង ឡាវ

អត្ថបទគួរចាប់អារម្មណ៍