សឹងតែមិនជឿ នៅពេលដែលគេនិយាយថា ផ្កា និងត្រួយស្តៅ ក៏ត្រូវបានគេបាញ់ថ្នាំឱ្យដុះលឿនដែរ នៅពេលដែលស្តៅចាប់ផ្តើមចេញត្រួយ និងផ្កាបន្តិចៗ ដើមដៃហ្នឹង គឺលក់បានថ្លៃដល់ទៅ ៥ ពាន់ ទៅ ១ ម៉ឺនរៀលក្នុងស្តៅ ១ ដុំ ហើយមានអ្នកចង់ហូបច្រើនគ្នាដំបូងៗហ្នឹង។ តែនៅពេលដែលដល់ខែសម្បូរហូរហៀរទៅ គេលែងបាញ់ថ្នាំវិញហើយ ព្រោះអ្នកហូបនឿយណាយវាសម្បូរ តម្លៃក៏ចុះថោកផងដែរ។
ខណៈដែលមានការបិទច្រកព្រំដែនកម្ពុជា-វៀតណាម ព្រោះខ្លាចឆ្លងកូវីដ ១៩ ដែលក៏ជាការបិទការនាំចូលបន្លែពីប្រទេសវៀតណាមផងដែរនោះ តម្រូវការបន្លែក្នុងស្រុកកាន់តែខ្លាំងបង្ខំឱ្យកសិករបញ្ចេញផលិតផលបន្លែរបស់ខ្លួនមកក្នុងទីផ្សារគឺមានតែបាញ់ថ្នាំសម្លាប់សត្វល្អិត និងដាក់ជីគីមី ដើម្បីផ្គត់ផ្គង់ទីផ្សារដែលជាតម្រូវការចាំបាច់។
ពួកគាត់មួយចំនួនកំពុងតែមានហានិភ័យកាន់តែខ្ពស់ក្នុងការទទួលរងផលប៉ះពាល់ពីការប្រើប្រាស់សារធាតុគីមីកសិកម្ម ជាពិសេសអ្នកដែលស៊ីឈ្នួលបាញ់ថ្នាំសម្លាប់ស្មៅក្នុងស្រែ ឬក៏ចម្ការ បាញ់ថ្នាំឱ្យឆាប់ធំ ហើយស្រស់ៗល្អ។
នៅឆ្នាំ ២០១៥ នាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យនៃក្រសួងកសិកម្ម បានសិក្សាទៅលើការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត រកឃើញថាមាន ៦៧ ភាគរយ ប្រជាកសិករបានប្រើថ្នាំសម្លាប់សត្វល្អិតយ៉ាងហោចណាស់ម្តងក្នុង ១ ឆ្នាំ។
រីឯផលប៉ះពាល់ពីការប្រើសារធាតុគីមីក្នុងវិស័យកសិកម្មមាន ២ ចម្បងគឺសុខភាពមនុស្ស និងបរិស្ថាន តាមរយៈរបាយការណ៍ឆ្នាំ ២០០៤ របស់ក្រសួងបរិស្ថានស្តីពីការគ្រប់គ្រងសារធាតុគីមីនៅប្រទេសកម្ពុជា បានរកឃើញថា ប្រជាកសិករ និងអ្នកស៊ីឈ្នួលបាញ់ថ្នាំរងផលប៉ះពាល់ទៅនឹងប្រព័ន្ធសុខភាពចុះខ្សោយ ជំងឺសើស្បែក ជំងឺក្អក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។
ជាក់ស្តែង បើតាមបទពិសោធកសិករធ្លាប់ជួបប្រទះនូវការប្រើប្រាស់ថ្នាំ និងជីគីមីច្រើន ជាពិសេសអ្នកប្រកបរបរស៊ីឈ្នួលដើរបាញ់ថ្នាំឱ្យគេនៅតាមស្រែ និងតាមចម្ការបន្លែដើម្បីកុំឱ្យសត្វល្អិតស៊ីផង និងប្រមូលផលបានរហ័សទាន់ចិត្ត តែអ្នកបាញ់ថ្នាំគីមីខ្លះ ធ្លាប់ធ្លាក់ខ្លួនឈឺផងដែរ។
ដូចដែលកសិករ ១ រូបអាយុ ៥០ ឆ្នាំបានរៀបរាប់ពីអ្វីដែលគាត់ធ្លាប់ជួបប្រទះនៅឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងពីការងារកសិកររបស់គាត់ថា៖
«គាត់ក៏កំពុងប្រើជីគីមី និងថ្នាំដែរ ដើម្បីឱ្យស្រូវវាលូតលាស់ដាក់គ្រាប់ល្អ។ តែសារធាតុគីមីទាំងនេះមានក្លិនឆួលខ្លាំងពិបាកទ្រាំ បើទោះបីជាប្រើស្រោមដៃ និងពាក់ម៉ាស់ក៏ដោយ គឺនៅពេលដោះម៉ាស់ចេញហូបអីមិនចង់កើតទេ ក្លិនឆួលជាប់ច្រមុះ ហើយឃុំស្វាយធំ ឃុំឈើទាល ដែលនៅក្បែរហ្នឹងក៏ប្រើប្រាស់ថ្នាំបាញ់សម្លាប់សត្វល្អិតខ្លាំងណាស់ដែរ»។
លោកបន្តទៀតថា៖ «កាលពីមុននៅពេលរដូវវស្សាភ្លៀងធា្លក់មកទឹកដក់តាមថ្លុក ទឹកថា្លអាចហូបបាន ឥឡូវទឹកដក់ក្រហម ចេញពីសារជាតិគីមីកសិកម្មមិនហ៊ានហូបទេ ហើយរស់ជាតិអង្ករមិនក្រអូបឈ្ងុយដូចមុនទេ»។
ជាងនេះទៅទៀត លោកព្រួយបារម្ភខ្លាំងទៅលើផលប៉ះពាល់ទៅនឹងសុខភាពថា៖ «កន្លងមកនៅក្នុងភូមិមានបងស្រីម្នាក់ អាយុជិត ៥០ ឆ្នាំ គាត់ប្រើជីគីមីខ្លាំងនៅលើបន្លែគាត់ដាំ ដើម្បីឱ្យឆាប់ដុះលឿន ហើយឃើញនៅខ្ចីល្អទាំងពណ៌សម្បុរផងដែរ ស្រួលយកទៅលក់ឃើញស្រស់»។
តែនៅពេលដែលគាត់ធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃពេលពេទ្យខេត្តមើលមិនជា ក៏បញ្ជូនទៅពេទ្យនៅភ្នំពេញ ហើយក៏បានជាសះស្បើយ តែមានជាតិពុលនៅក្នុងខ្លួនច្រើន ឥឡូវគាត់ឈប់ប្រើហើយ គាត់ព្យាយាមចំណាយពេលប្រើជីធម្មជាតិវិញ។ ពេលនៅក្មេងៗមានកម្លាំងដើរស៊ីឈ្នួលបាញ់ថ្នាំឱ្យគេ មិនទាន់បញ្ហាទេ តែគ្រាន់តែអាយុជាង ៣០ ឡើង គឺចាប់ផ្តើមធ្លាក់ខ្លួនឈឺហើយ»។
ជាផលវិបាកនៅពេលកសិករធ្លាក់ខ្លួនឈឺនៅពេលប្រើប្រាស់សារជាតិគីមីច្រើន ហើយវាក៏អាចធ្វើឱ្យស៊ាំទៅនឹងមេរោគមួយចំនួនដាក់ថ្នាំពេទ្យទៅមិនជាសះស្បើយ បង្កឱ្យមានជំងឺរ៉ាំរ៉ៃនៅក្នុងខ្លួន។ ជាមធ្យមមនុស្សប្រហែល ២០ ម៉ឺននាក់បានស្លាប់ ដោយសារការប៉ះពាល់ជាតិពុលនៃថ្នាំសម្លាប់សត្វល្អិតក្នុង ១ ឆ្នាំនៅទូទាំងពិភពលោកហើយ ៩៩ ភាគរយនៃពួកគេ រស់នៅប្រទេសកំពុងអភិវឌ្ឍន៍ (UN, 2017)។
ឧទាហរណ៍នៅប្រទេសវៀតណាម ការពុលធ្ងន់ធ្ងរ ដោយសារការប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលទៅនឹងថ្នាំសម្លាប់សត្វល្អិតការពុលថ្នាំសម្លាប់សត្វល្អិត ទៅជាជំងឺរ៉ាំរ៉ៃ ត្រូវបានគេប៉ាន់ប្រមាណថា បានប៉ះពាល់ដល់កសិករវៀតណាម ២ លាននាក់ (PAN Asia Pacific, 2018)។
បើតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកឆ្នាំ ២០១៩ បង្ហាញថា ក្នុងឆ្នាំ ២០១៨ ជំងឺមិនឆ្លងរ៉ាំរ៉ៃមានចំនួន ៦៤ ភាគរយនៃការស្លាប់ទាំងអស់នៅកម្ពុជា (១)។ ប្រជាជនកម្ពុជាម្នាក់ក្នុងចំណោមប្រជាជន ៤ នាក់ (២៣%) បានស្លាប់មុនអាយុ ៧០ ឆ្នាំដោយជំងឺរ៉ាំរ៉ៃនេះ។
សរុបមកការប្រើជីគីមី និងថ្នាំសម្លាប់សត្វល្អិតហួសហេតុពេក មិនត្រឹមតែធ្វើឱ្យប៉ះពាល់បរិស្ថានដីស្រែចម្ការនោះទេ គឺថែមទាំងប៉ះពាល់សុខភាពទាំងអ្នកប្រើប្រាស់សារជាតិគីមីផ្ទាល់ផង និងអ្នកទទួលទានបន្លែបង្ការពីផលិតផលកសិកម្មផងដែរ ជាពិសេសអ្នកទទួលលក់បន្តហ្នឹង បានថែមសារជាតិគីមីលើបន្លែឱ្យនៅស្រស់ៗមួយសាទៀតទៅ ដូចជាគល់ស្លឹកគ្រៃ និងខ្ញីហាន់រួចហើយជាដើម។
ហេតុដូច្នេះសមត្ថកិច្ចបច្ចេកទេសកសិកម្ម សហការជាមួយអាជ្ញាធរដែនដី គួរពង្រឹងបញ្ហា ប្រើប្រាស់សារធាតុគីមីឱ្យបានត្រឹមត្រូវទៅតាមកម្រិត និងកាលកំណត់ដែលសារធាតុគីមីឥឡូវតម្រូវឱ្យមានអក្សរខ្មែរនៅលើស្លាកដប ឬក៏កញ្ចប់ក្នុងការប្រើប្រាស់នីមួយៗ ជាមួយនឹងកាលបរិច្ឆេទ ដោយផ្អែកទៅតាមច្បាប់ការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មតម្រូវឱ្យមានជាភាសាខ្មែរថ្មីៗនេះ។
ភ្នំពេញប៉ុស្តិ៍បានដកស្រង់ប្រសាសន៍លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញតួនាទីសំខាន់របស់មន្ទីរពិសោធន៍ថ្មីរបស់ក្រសួង ដែលបានចូលរួមចំណែកវិនិច្ឆ័យ បញ្ជាក់ ឬផ្ទៀងផ្ទាត់ចុងក្រោយថាផលិតផលដូចជាបន្លែផ្លែឈើ ត្រី សាច់ស្រស់ ឬជាលក្ខណ:កែច្នៃបឋម មានគុណភាពល្អ និងសុវត្ថិភាព។
យ៉ាងណាមិញ ស្ថាប័នពាក់ព័ន្ធដូចជាមន្ទីរអភិវឌ្ឍន៍ជនបទក៏ចូលរួមផ្សាយពីការកំណត់នៃការប្រើប្រាស់សារធាតុគីមីឱ្យបានត្រឹមត្រូវទៅតាមច្បាប់កំណត់ ជាពិសេសអប់រំអ្នកលក់ជី និងថ្នាំត្រូវណែនាំពីរបៀបប្រើឱ្យបានច្បាស់។ ជាពិសេសជំរុញអ្នកស្រាវជ្រាវបន្ថែមទៅលើចំនួនជាក់លាក់ ចំពោះផលប៉ះពាល់ពីការប្រើប្រាស់សារធាតុគីមីក្នុងវិស័យកសិកម្មនេះ។
រីឯមន្ទីរសុខាភិបាលរាជធានី-ខេត្តគួរពង្រឹងបន្ថែម ក្នុងការចុះផ្សព្វផ្សាយតាមសហគមន៍អំពីជំងឺរ៉ាំរ៉ៃដែលបណ្តាលមកពីការប្រើប្រាស់ជីគីមី និងថ្នាំកសិកម្ម ទាំងអ្នកលក់និងអ្នកទទួលផល៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com