ថ្ងៃ​ ៧ ខែមករា ឆ្នាំ​ ២០២២ ឆ្នាំនេះ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៤៣ ​ឆ្នាំ​នៃ​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍​ខ្មែរ-ក្រហម​។ ក្នុង​បរិបទ​ដែល​កម្ពុជា​កំពុង​ធ្វើ​ដំណើរ​លើ​គន្លង​វិថី​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ពហុមតិ​ទៅលើ​បញ្ហា​នានា​ក៏មាន​ទៅតាម​នោះដែរ​។ អត្ថន័យ​នៃ​ថ្ងៃ​ ៧ ​មករា​ហាក់​ត្រូវបាន​កំណត់​ដោយ​ផ្អែកលើ​ទស្សនៈ និង​គោល​ជំហរ​នយោបាយ​ជា​ជាង​តម្លៃ​នៃ​សច្ចភាព​ប្រវត្តិសាស្ត្រ​។

សម្រាប់​ខ្ញុំ “​ថ្ងៃ​ ៧ មករា​” ជា​ថ្ងៃ​រស់រាន​មាន​ជីវិត​ជាថ្មី ថ្ងៃ​កំណើត​នៃ​ការអភិវឌ្ឍ និង​ជា​ប្រភព​កំណើត​នៃ​សន្តិភាព​នៅ​កម្ពុជា​ក្រោយពេល​ដែល​ភ្លើង​សង្គ្រាមស៊ីវិល​បាន​ឆាបឆេះ​តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៧០ ​។ ថ្ងៃ​ ៧ ​មករា គឺ​នៅតែ​ជា​ថ្ងៃ​ដែលមាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជាជាតិ​កម្ពុជា​ទាំងមូល​។ អ្នកណា​ដែល​បដិសេធ “៧ ​មករា​” គឺ​អ្នកនោះ​បដិសេធ​ការរស់រាន​មាន​ជីវិត​របស់ខ្លួន និង​ក្រុមគ្រួសារ​របស់ខ្លួន​។

អ្នក​ដែល​កើតមុន​ឆ្នាំ​ ១៩៧៩ ទាំងអស់ គឺ​សុទ្ធតែ​បាន​យកកំណើត​ជាថ្មី នៅ​ថ្ងៃទី​ ៧ ខែមករា ឆ្នាំ​ ១៩៧៩​។ ខ្ញុំ​បានកើត​មុន​របប​ខ្មែរក្រហម ហើយ​ក្លាយជា​កុមារ​នៅក្នុង​របប​ខ្មែរក្រហម ក្រោយ​មកជា​កុមារ និង​ជា​យុវជន​នៅក្នុង​សម័យ​ក្រោយ​រំដោះ​ ៧ ​មករា ដូច្នេះ ខ្ញុំ​គឺជា​សាក្សី​ម្នាក់​ដែល​បានឃើញ​ការរីកចម្រើន និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។

បើ​យើង​ពិបាក​ក្នុង​ការប្រៀបធៀប​អំពី​ការរីកចម្រើន​របស់​ប្រទេស​ជាតិ​ទាំងមូល​សូម​ប្រៀបធៀប​តែ​ក្នុង​រង្វង់​គ្រួសារ​យើង​នីមួយៗ​ទៅ​ក៏​យើង​អាច​ដឹងបាន​ដែរ​ថា តើ​ពី​ឆ្នាំ​ ១៩៧៩ មកដល់​ឥឡូវ​មានការ​ប្រែប្រួល​ផ្លាស់ប្តូរ​អ្វីខ្លះ​ក្នុងសង្គម​គ្រួសា​របស់ខ្លួន​?

អ្វីដែល​យើង​អាច​និយាយ​បាន​មុនគេ គឺ​យើង​ទទួលបាន​មកវិញ​នូវ​សិទ្ធិ​រស់រាន​មាន​ជីវិត គឺជា​រឿង​មួយ​ដ៏សំខាន់​បំផុត ពីព្រោះ​នៅក្នុង​របប​ខ្មែរក្រហម សូម្បីតែ​សិទ្ធិ​ក្នុង​ការ​រស់រាន​មានជីវិត​ក៏​គ្មាន​ផង​។ ជីវិត​របស់​យើង​មិនមែន​ជា​របស់​យើង​ទេ​គឺ​ជីវិត​យើង​ផ្ញើ​នៅ​ជាមួយនឹង​អង្គការ ដែល​មិនដឹងថា តើ​នៅពេលណា​អង្គការ​ដកហូតយក​ជីវិត​យើង​នោះទេ ហើយ​អង្គការ​ជា​នរណា ក៏​យើង​មិន​ស្គាល់​ដែរ​។

យើង​គ្រាន់តែ​យក​ត្រី យក​ដំឡូង​ដែល​យើង​រកបាន​ទៅ​ហូប ក៏​អង្គការ​បេះយក​ជីវិត​របស់​យើង​ដែរ​។ សព្វថ្ងៃនេះ​យើង​មាន​សិទ្ធិសេរីភាព​សព្វបែបយ៉ាង​រាប់​តាំងពី​សិទ្ធិ​គោរព​ប្រតិបត្តិ​តាម​ប្រពៃណី ទំនៀមទម្លាប់ សាសនា សព្វបែបយ៉ាង ដែល​នៅក្នុង​សម័យ​ខ្មែរក្រហម​មិនមាន​ឡើយ សូម្បី​ការអប់រំ​។ ការអប់រំ​យើង​មាន​តាំងពី​កម្រិត​កុមារ​តូច ថ្នាក់​បឋម​រហូត​ដល់​ឧត្តមសិក្សា និង​ក្រោយ​ឧត្តមសិក្សា​។

ទាំងអស់នេះ​គឺជា​អ្វីដែល​យើង​បានឃើញ​អំពី​ការប្រែប្រួល​នៃ​សិទ្ធិ​ផ្នែក​ស្មារតី​។

រីឯ​ផ្នែក​រូបវន្ត​វិញ អ្វីៗ​ដែល​យើង​បានឃើញ​នៅពេលនេះ រួមមាន​ស្ពាន ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម សំណង់​អគារ​តូចធំ​រីក​ដូច​ផ្សិត ភាព​ស៊ីវិល័យ​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ជាដើម​គឺ​មិនមែនជា​ការប្រទាន​រប​ស់​អាទិទេព​ទេ តែ​វា​កើតឡើង​ពី​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​។

ពីមុន​នៅពេល​ដែល​យើង​ចង់​ធ្វើដំណើរ​ពី​ខេត្ត​ ១ ទៅ​ខេត្ត​ ១ ពី​តំបន់​ ១ ទៅ​តំបន់​ ១​ នៅ​ទូទាំងប្រទេស ឬ​សូម្បីតែ​ការធ្វើ​ដំណើរ​ពី​ផ្ទះ​ទៅ​សាលារៀន តើ​យើង​ត្រូវ​ចំណាយពេល​ប៉ុន្មាន​? ឥឡូវនេះ​ការធ្វើដំណើរ​ទៅគ្រប់​ខេត្ត​ទាំងអស់​នៅ​ទូទាំងប្រទេស​គឺ​សុទ្ធតែ​អាច​វិល​ល្ងាច​បាន​។ ស្ពាន ផ្លូវ ថ្នល់​សាលារៀន​មន្ទីរពេទ្យ វត្តអារាម សំណង់​អគារ​នានា គឺជា​ភ័ស្តុតាង​ដែល​មិនអាច​បដិសេធ​នូវ​សមិទ្ធផល​ក្រោយ ៧ ​មករា​ ១៩៧៩​។

និយាយ​ពី​រាជធានី​ភ្នំពេញ​វិញ តើ​នៅ​សម័យ​កាលណា ដែល​យើង​អាច​ឃើញ​ភ្នំពេញ​មានការ​រីកចម្រើន​បែបនេះ​។ ភ្នំពេញ​ឥឡូវ​រីក​ធំ មាន​សំណង់​អគារ​ស្កឹមស្កៃ​ច្រើន​ស្អេកស្កះ​មហាវិថី រុក្ខវិថី និង​ផ្លូវ​តូចធំ​ខ្វាត់ខ្វែង និង​ភ្លើងពណ៌​ដ៏ស្រស់​ឆើតឆាយ​បំភ្លឺ​រាត្រី​។ ម្យ៉ាងទៀត យើង​មើលឃើញ​អំពី​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​យើង​។ យើង​រក្សាបាន​នូវ​ស្ថិរភាព​នៃ​ម៉ាក្រូសេដ្ឋកិច្ច រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​ជាង​ ៧ ​ភាគរយ​ពិត​ ២​ ទសវត្សរ៍​មកហើយ​,​ប្រាក់ចំណូល​របស់​ពលរដ្ឋ​ម្នាក់ៗ ដែល​ពីមុន​យើង​ធ្លាប់បាន​ក្រោម ១០០ ​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ ១ ​ឆ្នាំ តែ​ឥឡូវនេះ​កើន​ដល់​ទៅជិត ២ ០០០ ​ដុល្លារ​។ ជា​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិ​បាល គឺ​យើង​នឹង​ក្លាយជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត ខ្ពស់​ក្នុង​ឆ្នាំ​ ២០៣០ និង​ក្លាយជា​ប្រទេស​ដែលមាន​ប្រាក់​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៥០​។

កម្ពុជា​ដែល​ពីមុន​ជា​ប្រទេស​ត្រូវ​ទទួលរង​ការហ៊ុមព័ទ្ធ និង​ឯកោ​ទាំង​ខាង​នយោបាយ និង សេដ្ឋកិច្ច ឥឡូវ​បាន​ក្លាយជា​ប្រទេស​មួយ​ដែល​កំពុង​សមាហរណ​ខ្លួន​យ៉ាងសកម្ម ទៅក្នុង​រចនាសម្ព័ន្ធ និង​និម្មាបនកម្ម​តំបន់ និង​ពិភពលោក និង​ជា​ប្រទេស​ដែល​កំពុងតែ​ដើរតួនាទី​យ៉ាងសកម្ម​ដោយ​ស្មើ​សិទ្ធិ និង​ស្មើភាព ក្នុង​គ្រប់​កិច្ចការ​តំបន់ និង​នៅលើ​ឆាក​អន្តរជាតិ​។

ទាំងអស់នេះ គឺជា​សូចនាករ​ដែល​អាច​វាស់​វែង​បាន​អំពី​ការរីកចម្រើន និង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩​។ ដូច្នេះ ថ្ងៃ​ ៧ មករា ជា​សច្ចភាព​ប្រវត្តិសាស្ត្រ​និង​ជា​មេរៀន​ដែល​ត្រូវ​ចងចាំ​, ចងចាំ​ពី​ស្ថាបនិក​ ៧ ​មករា​ដែលជា​ទេវតា​រំដោះជាតិ និង​ប្រជាជន​, អ្នក​ស្តារ កសាង និង​អភិវឌ្ឍ​ជាតិ​,​ត្រូវ​ចងចាំ​ពី​ទស្សនវិជ្ជា​ឯកភាព​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​, ត្រូវ​ចងចាំ​បិតា​ស្ថាបនិក​សន្តិភាព និង​ចារិក​ទុក​នូវ​វប្បធម៌​សន្តិភាព​យូរអង្វែង​ទៅមុខទៀត​។ ទន្ទឹមនឹង​នោះដែរ អ្នកស្នង​មរតក ៧ ​មករា ត្រូវតែ​បន្ត​រក្សា​នូវ​សមិទ្ធផល ៧ ​មករា ឱ្យបាន និង​ដាក់ចេញ​នូវ​ទស្សន​វិស័យ​ថ្មី យុទ្ធសាស្ត្រ​ថ្មី និង​ចក្ខុវិស័យ​ថ្មី​ឱ្យ​ស្របតាម​ការវិវឌ្ឍ​នៃ​ចរន្ត​សកលភាវូបនីយកម្ម​ ដើម្បី​​បង្កើត​មរតក និង​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​សម្រាប់​អ្នក​ជំនាន់​ក្រោយ​,​គេ​មិនត្រូវ​ស្កប់ស្កល់​តែ​នឹង​សមិទ្ធផល ៧ ​មករា​បច្ចុប្បន្ន ហើយ​សូត្រ​មេសូត្រ​រត់មាត់ ៧ ​មករា រហូត​ទេ បើ​ពុំ​នោះទេ គេ​នឹង​ក្លាយជា​អ្នកនយោបាយ​ស៊ីកេរ លក់​កេរ​/​កេរ្តិ៍​៕

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​