របស់​នោះ​ល្អ​ណាស់​តែ​គាត់​មិន​ចង់បាន​វា​ទេ​។ គាត់​មាន​ច្រើន​គូ​ហើយ​។ “​យក​ទាំងអស់​ទើប​លក់​ជូន​បាន​” អ្នកលក់​ដ៏​ស្រស់ស្អាត​បាន​ឆ្លើយតប​មកវិញ​ជាមួយនឹង​ស្នាមញញឹម​ដែល​ពិបាក​នឹង​ទប់ទល់​។ “​ទូរស័ព្ទ​នេះ​មាន​លក់​ភ្ជាប់​ជាមួយនឹង​កាស​ត្រចៀក​ដែល​ត្រូវ​នឹង​រាង​ទូរស័ព្ទ​នេះ​តែម្តង​។ បើ​បង​មិនត្រូវ​ការ​កាស​ត្រចៀក​ទេ បងអាច​ធ្វើជា​កាដូ​ឱ្យគេ​បាន​តើ​។ គ្រាន់តែ​ប៉ុណ្ណឹង ទិញ​បាត់​។

បញ្ហា​មិនមែន​មកពី​កាស​ត្រចៀក​នោះ​មិន​ស្អាត​ទេ គឺ​វា​ស្អាត​ណាស់​។ ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យ​អតិថិជន​ទើសចិត្ត​គឺ​នៅត្រង់ថា តម្លៃ​របស់​ទូរស័ព្ទ​នោះ​ថ្លៃ​ដោយសារ​តាមពិតទៅ​កាស​ត្រចៀក​ត្រូវបាន​បង្កប់​លក់​គួប​ជាមួយគ្នា​។ មិន​ថា អ្នក​ជឿ​លើ​សាសនា​អ្វី​ក៏ដោយ​សូមកុំ​គិត​ឱ្យសោះ​ថា អ្នកលក់​គេ​ចិត្តល្អ​ហើយ​ឱ្យ​របស់​មក​យើង​ដោយ​មិន​គិតថ្លៃ​នោះ​។ គាត់​ចង់​ទិញ​តែ​ទូរស័ព្ទ​សោះ តែ​ត្រូវ​បង្ខំចិត្ត​បង់ថ្លៃ​សម្រាប់​វត្ថុ​មួយ​បន្ថែមទៀត​ដែល​គាត់​មិន​ទាំង​ត្រូវការ​ផង​។

នៅពេលណា​ដែល​អតិថិជន​ត្រូវ​បង្ខំចិត្ត​ទិញ​វត្ថុ​មួយ​ដែលមាន​ភ្ជាប់​ដោយ​វត្ថុ​មួយទៀត យើង​ប្រឹង​ចៀស​មិន​គិត​មិន​បានទេ​ក្នុង​បរិបទ​ច្បាប់​ប្រកួតប្រជែង​។ តាម​ទ្រឹស្តី អ្នកច្បាប់​ដែល​ឆ្លាត​ត្រូវ​ចាប់ផ្តើម​ដោយ​សិក្សា​ពី​ទីផ្សារ​ចំនួន​ ២ ​ដោយ​សិក្សា​ថា​តើ​អ្នកលក់​នោះ​មាន​ជំហរ​ឧត្តមភាព​លើ​ទីផ្សារ​ឬទេ​?

សំណួរ​ដំបូង​គឺ​តើ​អ្នកលក់​នោះ​មាន​ជំហរ​ឧត្តមភាព​លើ​ទីផ្សារ​ក្នុង​ទីផ្សារ​ផលិតផល​គោល​ឬ​អត់​? មានន័យថា តើ​គាត់​អាច​ជះឥទ្ធិពល​គ្រប​លើ​ទីផ្សារ​នោះ​តាមរយៈ​តម្លៃ​ ឬ​តាមរយៈ​ចំនួន​ផលិតផល​ដែល​គាត់​បញ្ចេញ​មក​នោះ​ឬ​អត់​? បើ​គាត់​អាច​គ្រប់គ្រង​ធ្វើបែបនេះ​បាន​មែន នោះ​មានន័យថា គាត់​ពិតជា​មានអំណាច​លើ​ទីផ្សារ​នោះ​ហើយ​។ បើ​អ្នក​បាន​អាន​អត្ថបទ​មុនៗ​របស់ខ្ញុំ អ្នក​មុខតែ​បាន​ចាប់អារម្មណ៍​ភ្លាម​ថា ជំហរ​ឧត្តមភាព​លើ​ទីផ្សារ​អាចជា​បញ្ហា​ច្រើនជាង​ក្តី​សុខ តួ​យ៉ាងដូច​ក្រុមហ៊ុន Google និង Facebook ដែល​តែង​ស្ថិតនៅក្រោម​ការអង្កេត​យ៉ាង​ប្រកិត​ពី​បណ្តា​ស្ថាប័ន​អនុវត្ត​ច្បាប់​នៅ​​អាមេរិក​។ អ្នកលក់​ដែល​ប្រព្រឹត្ត​ខុស​ច្រើនតែ​ជា​អ្នកលក់​ដែលមាន​ជំហរ​ឧត្តមភាព​លើ​ទីផ្សារ​របស់​ផលិតផល​គោល​ព្រោះ​ថាបើ​មិន​ដូច្នោះ​ទេ​អ្នកទិញ​ប្រហែលជា​មិនមាន​សម្ពាធ​អ្វី​ត្រូវ​ទិញ​ពី​គាត់​ឡើយ ហើយ​ដូចនេះ​ក៏​មិនបាន​នាំទៅដល់​ការទិញ​វត្ថុ​ដែល​លក់​គួប​បន្ថែម​នោះដែរ​។

សំណួរ​ដែល​ត្រូវ​សួរ​បន្ទាប់​នោះ​គឺ​តើ​ការលក់​គួប​បន្ថែម​ពីលើ​នោះ​មាន​អានុភាព​រារាំង រឹតត្បិត​ ឬ​បង្ខូច​ដល់​ការប្រកួតប្រជែង​ក្នុង​ទីផ្សារ​របស់​ផលិតផល​ដែល​លក់​គួប​នោះ​ឬ​អត់​?

បទពិសោធ​នៅ​ប្រទេសក្រៅ​បានបង្ហាញ​ថា ទង្វើ​បែបនេះ​អាចមាន​អានុភាព​រារាំង រឹតត្បិត​ ឬ​បង្ខូច​ដល់​ការប្រកួតប្រជែង​ក្នុង​រូបភាព​ច្រើនយ៉ាង​។ ឧទាហរណ៍ អ្នកទិញ​ខ្លះ​តាមពិត​បាន​ប៉ង​ទិញ​កាស​ត្រចៀក​ពី​ក្រុមហ៊ុន​មួយ​ផ្សេង​សោះ តែ​បែរជា​ត្រូវ​ទិញ​ពី​អ្នកលក់​នោះដែរ ដោយសារតែ​ពួកគាត់​ត្រូវ​ទិញ​ទូរស័ព្ទ​នៅ​ទីនោះ​។

អ្នកច្បាប់​នៅ​អាមេរិក​ចាត់ទុក​ការទិញ​ជា​កញ្ចប់​ដោយ​បង្ខំ​បែបនេះ ថា​បាន​បង្ក​ការ​ខូចខាត​ (​ប្រឆាំងនឹង​ការប្រកួត​ប្រជែង​ត្រឹមត្រូវ​) ​ដល់​ទីផ្សារ​ផលិតផល​ដែល​ត្រូវបាន​លក់​គួប ព្រោះ​ការលក់​គួប​នេះ​អាចធ្វើ​បាន​ក៏​ដោយសារ​តែ​អ្នកលក់​នោះ​មាន​ជំហរ​ឧត្តមភាព​លើ​ទីផ្សារ​ទូរស័ព្ទ​ហើយ​គាត់​បាន​កេង​ទាញយក​ផលប្រយោជន៍​មក​លក់បាន​វត្ថុ​ ១ ​គួប​បន្ថែម​ពីលើ​ទៀត​។ លើសពី​នេះទៅទៀត ពេលខ្លះ ការលក់​គួប​នេះ​អាច​ថែមទាំង​ធ្វើឱ្យ​គូប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ផលិតផល​គួប​បន្ថែម​នោះ​ត្រូវ​ខាតបង់​បាត់​មុខ​ពី​ទីផ្សារ និង​ក៏​អាចជា​រនាំង​ឧបសគ្គ​មិនឱ្យ​សមាជិក​ថ្មី​ចូលមក​ប្រកួត​ក្នុង​ទីផ្សារ​នោះ​ផងដែរ​។

តើ​អ្នកនឹង​អាច​រក​ផលចំណេញ​ពី​ការលក់​កាស​ត្រចៀក​តាម​ណា​បាន​បើ​ភាគច្រើន​អតិថិជន​បាន​ទិញ​កាស​ត្រចៀក​ នៅពេល​ដែល​គាត់​ទិញ​ទូរស័ព្ទ​នោះ​រួចហើយ​ហ្នឹង​? បើ​និយាយ​ឱ្យ​ស្រួល​ស្តាប់ ការលក់​គួប​បន្ថែម​ជួយ​ដល់​អ្នកលក់​ក្នុងការ​បង្កើត ការការពារ​ ឬ​ការពង្រីក​ទីផ្សារ​របស់​ផលិតផល​ដែល​លក់​គួប​នោះ​ទៀតផង​។

តើ​នរណា​មិន​ចង់​គ្រប់គ្រង​ទីផ្សារ​ ២ ​ជាជាង​ទីផ្សារ​តែ​ ១ ​នោះ​? គិត​សព្វៗ​ទៅ​អ្នក​ទ្រឹស្តី​ច្បាប់​ចូលចិត្ត​តែ​ធ្វើឱ្យ​អ្វីៗ​មើលទៅ​ឃើញថា​ពិបាក​ជានិច្ច​។ ម្យ៉ាងទៀត ទ្រឹស្តី​ទាំងនោះ​តែង​ផ្លាស់ប្តូរ​ជា​ញយ​។ ខ្ញុំ​សោកស្តាយ​ណាស់​និយាយ​មែន​។ ប៉ុន្តែ​សូមកុំ​អស់សង្ឃឹម​។ តាមពិត​បើ​អ្នក​គ្រាន់តែ​ស្រឡាញ់​គណិតវិទ្យា​តែ​បន្តិច អ្នក​អាច​ស្វែងយល់​ពី​បញ្ហា​នេះ​បាន​ដោយ​ងាយ​ដោយ​គ្រាន់តែ​ត្រូវ​រកឱ្យឃើញ​នូវ​ចំនួន​អ្នកទិញ​ដែល​មិន​ចង់​ទិញ​ផលិតផល​ដែលមាន​ភ្ជាប់​ដោយ​ផលិតផល​ផ្សេង​លក់​គួប​បន្ថែម​។ បើ​ភាគរយ​នៃ​ចំនួន​អ្នក​មិន​ចង់​ទិញ​បែបនេះ​មានការ​កើនឡើង នោះ​វា​ជា​អំណះអំណាង​មួយ​ដែល​បង្ហាញ​ពី​អត្ថិភាព​នៃ​ការលក់​ទិញ​គួប​ដោយ​បង្ខំ​ហើយ​។

មូលហេតុ​ច្បាស់ក្រឡែត​មួយ​ដែល​ធ្វើឱ្យ​ការលក់​ទិញ​គួប​ដោយ​បង្ខំ​ក្លាយជា​ប្រភព​នៃ​បញ្ហា​នោះ​គឺ​នៅត្រង់ថា ផលិតផល​ទាំង​ ២ ​នោះ​ជា​ផលិតផល​ ”​ផ្សេង​ដាច់ពីគ្នា​”​ និង​អាច​លក់​រៀងៗ​ខ្លួន​បាន​ដោយ​មិនចាំបាច់​បង្ខំ​ម្តាយមីង​របស់​អ្នក​ឱ្យ​ទិញ​ទាំង​ ២ ​ទេ​ពេលដែល​គាត់​ត្រូវការ​របស់​តែ​ ១​ សោះ​។ ជាការ​ពិតណាស់ ស្ទើរតែ​គ្មាន​អ្នកណា​ទៅ​ទិញ​ម៉ូតូ​ដោយ​មិន​ទិញ​ម៉ាស៊ីន​បានឡើយ​។ ទោះបីជា​តួ​ម៉ូតូ និង​ម៉ាស៊ីន​ជា​ផ្នែក​ផ្សេង​ដាច់ពីគ្នា​ និង​អាច​លក់ដាច់​ពីគ្នា​បាន​ក៏ពិតមែន ភាគច្រើន​លើសលប់​នៃ​អ្នកទិញ​ក្នុង​លោក​តែងតែ​ចង់បាន​ម៉ូតូ​ដែល​អាច​ជិះ​បាន​ភ្លាមៗ​ជា​មធ្យោបាយ​ធ្វើដំណើរ​។

តួ​ទទេ​មិនអាច​ជិះ​ទៅ​មុខជា​យានជំនិះ​បានទេ បើ​គ្មាន​ម៉ាស៊ីន​នោះ​។

អ្នក​នៅ​ចង់​អាន​បន្ថែម​ទេ​? នៅ​មានរឿង​ច្រើនណាស់​ដែល​មិត្តភក្តិ​អាមេរិក​របស់​យើង​អាច​រៀបរាប់​ឱ្យ​យើង​ស្តាប់​ពីអ្វី​ដែល​ពួកគេ​គិត​ដូចគ្នា​និង​អ្វីដែល​ពួកគេ​គិត​ខុសគ្នា​ បន្ទាប់ពី​បាន​អនុវត្ត​ច្បាប់​ប្រកួតប្រជែង​អស់​ពេល​ជាង​ ១០០ ​ឆ្នាំ​កន្លងទៅនេះ​។

ពី​ស្រុក​យើង​ឯណេះ​វិញ យើង​គ្រាន់តែ​គួរ​ចាប់អារម្មណ៍​ថា​ច្បាប់​ប្រកួតប្រជែង​ឆ្នាំ​ ២០២១​ តាមរយៈ​មាត្រា​ ៨​ បាន​ផ្តន្ទា​ទង្វើ​លក់​គួប​នូវ​ទំនិញ​ ឬ​សេវា ​"​ដែល​មិន​ពាក់ព័ន្ធ​" ​បន្ថែម​ពីលើ​ទំនិញ​ ឬ​សេវា​ដែល​អ្នកទិញ​ចង់​ទិញ (​ឧទាហរណ៍​ដូចជា ខ្ទះ​ឆា​លក់​គួប​ជាមួយ​ស្ករ​?)​។

គ្រាន់តែ​ការព្យាយាម​ពន្យល់​អត្ថន័យ​នៃ​ឃ្លា​ "​ដែល​មិន​ពាក់ព័ន្ធ​" ​ប្រហែលជា​ត្រូវ​ប្រើពេល​រាប់​ឆ្នាំ​បាត់ទៅហើយ ក្នុងខណ:​ដែល​ទស្សនទាន​ក៏​អាច​ប្រែប្រួល​ដែរ​នាពេល​អនាគត​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ការលក់​គួប​បន្ថែម​ការលក់​លក្ខណ:​ជា​កញ្ចប់​ជាដើម​នឹង​នៅ​បន្ត​ជា​បញ្ហា​ដែល​មិន​បាត់​ទៅណា​ទេ​។ ខ្ញុំ​ហ៊ាន​និយាយថា ទ្រឹស្តី​អាមេរិក​ទាក់ទង​នឹក​ការលក់​ផលិតផល​ផ្សេង​គួប​គ្នា​ខាងលើនេះ​នឹង​ជួយ​ឱ្យ​យើង​មើលឃើញ​ច្បាស់​ជាង​មុន​នូវ​ការពិត​ដែល​នៅ​បាំង​ខាងក្រោយ​ស្នាមញញឹម​របស់​ថៅកែ​ពេលដែល​យើង​ទៅ​ទិញ​ខ្ទះ​ឆា​លើក​ក្រោយ​។

ព្រំម វីរ: LL.B, LL.M, PhD (2006 Nagoya University) បង្រៀនច្បាប់​នៅ CamEd Business School (​គំនិត​ក្នុង​អត្ថបទ​នេះ ជា​របស់​តែ​អ្នក​និពន្ធ​ប៉ុណ្ណោះ​)