ព្រឹកដែលខ្ញុំចាប់ផ្តើមសរសេរអត្ថបទនេះ មានធាតុអាកាសល្អណាស់។ ព្រះអាទិត្យក៏រះចែងចាំង ប៉ុន្តែខ្ញុំបើកភ្លើងបន្ថែមមួយទៀត ព្រោះថាពេលខ្លះបើមានពន្លឺថែមតែបន្តិចនឹងធ្វើឱ្យយើងឃើញអ្វីៗកាន់តែច្បាស់។ នេះមិនខុសពីការព្យាយាមចង់យល់ពីច្បាប់ប្រកួតប្រជែងទេ ជាពិសេសទាក់ទិននឹងអ្វីដែលអ្នកហៅថា ទីផ្សារ។ អ្នកអាចមើលឃើញផ្សារបាន ប៉ុន្តែអំណាចទីផ្សារតែងស្ថិតក្នុងទីងងឹត មិនអាចមើលឃើញភ្លាមៗទេ។
អ្នកខ្លះនិយាយថា ដើម្បីស្វែងយល់ពីអំណាចទីផ្សាររបស់ក្រុមហ៊ុនណាមួយ គេគ្រាន់តែត្រូវដឹងពីទំហំនៃចំណែកទីផ្សារជាការស្រេច។ បានន័យថា សារៈសំខាន់គឺនៅលើតួលេខ។ បើក្រុមហ៊ុននោះគ្រប់គ្រងលើសច្រើនលើពាក់កណ្តាលនៃចំណែកទីផ្សារទាំងមូល ក្រុមហ៊ុននោះអាចធ្វើភ្លៀងធ្វើផ្គរលើទីផ្សារបាន។ ផ្អែកតាមទ្រឹស្តីទំនាក់ទំនងរវាងតម្រូវការ និងការផ្គត់ផ្គង់ ក្រុមហ៊ុននោះអាចលេងជាមួយតម្លៃបានតាមរយៈការបង្កើន ឬការបន្ថយទំហំផលិតកម្មរបស់ខ្លួន និងអាចទទួលបានផលចំណេញយ៉ាងហោចណាស់បានមួយរយៈដែរទម្រាំអ្នកមានសក្តានុពលផ្សេងទៀតចង់ចូលមកប្រកួតប្រជែងក្នុងទីផ្សារនោះដែរ។ ខ្ញុំគ្មានបំណងសរសេរអត្ថបទនេះសម្រាប់អ្នកជំនាញខាងសេដ្ឋកិច្ចទេ ប៉ុន្តែដើម្បីស្វែងយល់ពីរឿងរ៉ាវចាក់ស្រែះក្នុងទីផ្សារប្រកួតប្រជែងបាន អ្នកច្បាប់ដែលប្រយ័ត្នប្រយែងមិនអាចមើលរំលងចំណេះដឹងមូលដ្ឋានខាងវិស័យសេដ្ឋកិច្ចបានឡើយ ទោះជាត្រូវរៀនតាមរបៀបណាក៏ដោយ។ នេះហើយដែលចៅក្រមជាតិអាមេរិកឈ្មោះ Hand បានសរសេរ (មើលទៅដូចជប់) ក្នុងសេចក្តីសម្រេចរបស់គាត់នាឆ្នាំ ១៩៤៥ ថាចំណែកទីផ្សារត្រឹម ៣៣% មិនគ្រប់គ្រាន់សម្រាប់ចោទក្រុមហ៊ុនមួយថាកំពុងគ្រប់គ្រងទីផ្សារដោយផ្តាច់មុខឡើយ។
ទោះជាយ៉ាងណាក៏ដោយ យើងអាចយល់ចិត្តចៅក្រម Hand ត្រង់ថា នាពេលនោះភាគច្រើននៃហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់វិស័យសេដ្ឋកិច្ចនៅមានជាលក្ខណ:ជារូបិយនៅឡើយ ហើយចង់មិនចង់តួលេខក៏ជួយឱ្យយើងអាចយល់បានភ្លាមៗជាជាងឃ្លាប្រយោគដែរ។ ប៉ុន្តែសម័យកាលបច្ចុប្បន្នជាសម័យសេដ្ឋកិច្ចឌីជីថលដែលចំណេះដឹងអ្វីៗតែងផ្លាស់ប្តូររហ័សគ្មានស្ថិតស្ថេរទេ ដូចនេះសាស្ត្រាចារ្យសេដ្ឋកិច្ចរបស់អ្នកត្រូវចាប់ផ្តើមបង្រៀនទ្រឹស្តីអំណាចទីផ្សារដោយត្រូវប្រើឧបករណ៍នានាផ្សេងទៀតបន្ថែមពីលើពាក្យថា ចំណែកទីផ្សារ។
ខ្ញុំសង្កត់ធ្ងន់លើពាក្យអំណាចទីផ្សារជាជាងពាក្យចំណែកទីផ្សារ ព្រោះច្បាប់ប្រកួតប្រជែងឆ្នាំ ២០២១ របស់កម្ពុជាហាមឃាត់សកម្មភាពបំពានដោយប្រើឧត្តមភាពលើទីផ្សារ និងអំពើ ៣ ប្រភេទទៀតដែលអាចកើតតាមការព្រមព្រៀងខ្សែដេក (រវាងក្រុមហ៊ុនដែលធ្វើប្រតិបត្តិការក្នុងកម្រិតស្មើគ្នានៃផលិតកម្ម និងចែកចាយ) ការព្រមព្រៀងខ្សែឈរ (រវាងក្រុមហ៊ុនដែលធ្វើប្រតិបតិ្តការក្នុងកម្រិតខុសៗគ្នានៃផលិតកម្ម និងចែកចាយ) ឬការរួមបញ្ចូលគ្នានៃធុរកិច្ចដែលអាចបង្កើតជាក្រុមហ៊ុនធំសម្បើមមួយ។ ដូចនេះយើងឃើញថាទោះបីជាទំហំចំណែកទីផ្សារដែលគិតជាតួលេខ (៥៥% ៦៥% ជាដើម) អាចបង្ហាញពីអំណាចទីផ្សារបានដោយងាយក៏ដោយ តាមពិតទៅលទ្ធភាពក្នុងការបង្អាក់ (ឬបញ្ឈប់) បុគ្គលថ្មីមានសក្តានុពលមិនឱ្យចូលមកប្រកួតប្រជែង ក៏មានសារៈសំខាន់មិនចាញ់ការគ្រប់គ្រងចំណែកទីផ្សារដែរប្រសិនបើវាធ្វើឱ្យការចង់ចូលមកប្រកួតប្រជែងត្រូវចំណាយហួសប្រមាណ ឬជួបការលំបាកជ្រុលនោះ។
ឈប់សិន អ៊ីចឹងមានន័យថា មានចំណែកទីផ្សារធំក៏ជាបញ្ហា ការបង្កើតនូវឧបសគ្គរារាំងក៏ជាបញ្ហា។ ត្រឹមត្រូវហើយប្រសិនបើអ្នកអនុវត្តតាមគំនិតទ្រឹស្តីច្បាប់របស់អាមេរិក។ នៅទីនោះភាពស្មុគស្មាញចាក់ស្រែះកាន់តែកើនឡើងទៀតនៅពេលដែលអនាគតក៏អាចត្រូវបានគេយកមកប្រើជាមូលដ្ឋានបានដែរហាក់បីដូចជាយើងកំពុងជិះក្នុងយានឆ្លងភព ឆ្លងកាលអ៊ីចឹង។
ជាក់ស្តែងក្រុមហ៊ុនតូចល្មមសោះក៏អាចត្រូវបានចោទថាមានអំណាចទីផ្សារដែរ បើក្រុមហ៊ុននោះកំពុងប្រើនូវបច្ចេកវិទ្យាដ៏អស្ចារ្យមួយដែលអាចធ្វើឱ្យតួអង្គសេដ្ឋកិច្ចធំៗក្រឡាប់ចាក់បាន។ និយាយឱ្យចំ គឺក្រុមហ៊ុនតូចតែមានបច្ចេកវិទ្យាធំ មុខតែក្លាយជាតួអង្គសំខាន់នាពេលអនាគតដ៏ខ្លីបាន។ ម្យ៉ាងទៀតពេលខ្លះការប៉ាន់ស្មានពីតួលេខសម្រាប់អនាគតក៏មានឥទ្ធិពលធំដែរ។ ប្រសិនបើទិន្នន័យនានាចង្អុលបង្ហាញច្បាស់ពីគន្លងពិតមួយដែលអាចសើរើឋានានុក្រមអំណាចរវាងក្រុមហ៊ុនបាន នោះចៅក្រមអាមេរិកអាចសន្និដ្ឋានថា មានអំណាចទីផ្សារហើយដោយពួកគាត់ផ្តល់សារៈសំខាន់ដល់ការប៉ាន់ស្មានសម្រាប់អនាគតខ្លាំងជាងដល់តួលេខចាស់ដែលកើតរួចហើយ។
និយាយឱ្យចំ ចៅក្រមពេលខ្លះចាត់ទុកខ្លួនឯងជាអ្នកសេដ្ឋកិច្ចដែរ។ តាមពិតខ្ញុំចង់ឈប់សរសេរត្រឹមនេះតែម្តងមុនពេលដែលអ្វីៗមើលទៅកាន់តែស្មុគស្មាញ តែអ្នកគួរដឹងបន្ថែមថា គេនៅអាចរកឃើញអំណាចទីផ្សារផងដែរក្នុងកាល:ទេស:ដែលការកើនតម្លៃពុំបានបន្ថយបរិមាណតម្រូវការ។ និយាយម្យ៉ាងទៀតគឺថាអ្នកលក់នៅតែរក្សាបាននូវទំហំចំណូលពីការលក់ដដែលទោះបីជាតម្លៃបានកើនឡើងយ៉ាងណាក្តី។ អ្នកលក់នេះពិតជាមានអំណាចទីផ្សារហើយ មិនថាតាមវិធីណាទេ។
យើងមិនទាន់ដឹងនៅឡើយទេថា តើទ្រឹស្តីអាមេរិកនឹងជះឥទ្ធិពលប៉ុនណានៅកម្ពុជា។ ប៉ុន្តែមុនពេលដែលអ្នកស្បថថាស្អប់ច្បាប់ប្រកួតប្រជែងជាពិសេសទាក់ទងនឹងការព្យាយាមផ្តល់ពន្លឺដល់ទីអាប់អួនៃអំណាចទីផ្សារ អ្នកអាចរីករាយនឹងទ្រឹស្តីមួយទៀតដែលថា ការក្តោបក្តាប់អំណាចទីផ្សារដែលតាមធម្មតាគេចាត់ទុកថាផ្ទុយនឹងការប្រកួតប្រជែងអាចត្រូវរលាយបាត់ទៅវិញបើសិនអ្នកលក់អាចបង្ហាញថា តាមពិតគាត់គ្មានអំណាចចរចាអ្វីទេ ដោយសារគាត់ត្រូវលក់ទៅឱ្យបណ្តាញអ្នកទិញដែលមាន ឫទ្ធានុភាពដ៏មហិមា។
ការក្រឡេកមើលមួយភ្លែតរបស់យើងឃើញថា តួលេខ បច្ចេកវិទ្យាដ៏អស្ចារ្យ ការប៉ាន់ស្មានជាមុន ក៏ដូចជា ការបង្កជាឧបសគ្គរារាំងសុទ្ធតែអាចជួយយើងក្នុងការរុករកអត្ថិភាពនៃអំណាចទីផ្សារបាន។ ឱ្យតែព្យាយាម អ្នកនឹងស្វែងយល់បន្ថែមទៀតជាបន្តបន្ទាប់។ ពេលណារាងចាប់ផ្តើមងងឹតហើយ សូមបើកភ្លើងបំភ្លឺបន្ថែម៕
ដោយ ព្រំម វីរ: LL.B, LL.M, PhD Dr. (2006 Nagoya University) បង្រៀនច្បាប់នៅ CamEd Business School (គំនិតក្នុងអត្ថបទនេះជារបស់តែអ្នកនិពន្ធប៉ុណ្ណោះ)