លោក ពូ​ទីន បាន​ជ្រើស​យក​ការធ្វើ​សង្គ្រាម​។ យើង​នៅតែ​មានការ​រួបរួមគ្នា​ជាមួយ​អ៊ុយ​ក្រែ​ន​។ ​ពេលនេះ​ គឺជា​ពេល​ដ៏​មាន​គ្រោះ​ថ្នាក់​សម្រាប់​មនុស្ស​ដែល​ស្រឡាញ់​សេរីភាព​នៅ​ទូទាំង​សកលលោក​។ ដោយ​ធ្វើការ​វាយប្រហារ​ទាំង​​កម្រោល​ទៅលើ​ប្រជាជន​អ៊ុយ​​ក្រែ​ន លោក Vladimir Putin បានធ្វើការ​វាយប្រហារ​ទៅលើ​គោលការណ៍​ដែល​ទ្រទ្រង់​បូ​រណ​​ភាព​ទឹកដី និង​សន្តិភាព​សកល​លោក​។ ទោះយ៉ាងណា ប្រជា​​ជន​អ៊ុយ​ក្រែ​ន​នៅតែមាន​ស្មារតី​រឹងប៉ឹង​។ ពួកគេ​ជា​អ្នក​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ឯករាជ្យ អស់​រយៈពេល​រាប់​ទសវត្សរ៍​មកហើយ ហើយ​ភាពក្លាហាន​របស់គេ​ធ្វើឱ្យ​ពិភពលោក​មានការ​ស្ញប់ស្ញែង​ជាខ្លាំង​។

លោក ​Vladimir Putin បាន​មាន​ផែនការ​ធ្វើការ​វាយ​​ប្រហារ​នេះ​ជា​យូរ​មកហើយ​។ គាត់​បាន​ចល័ត​ទ័ព​ចំនួន​ជាង ១៥០ ០០០ នាក់ និង​បរិក្ខារ​យោធា​ជាច្រើន ទៅកាន់​ព្រំដែន​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​។ គាត់​បាន​បដិសេធ​ការខិតខំ​ដោយស្មោះ​​ត្រង់ ដើម្បី​ដោះស្រាយ​កង្វល់​ដែល​គាត់​បាន​ប្រឌិត​ឡើង​នេះ​របស់គាត់ និង​ដើម្បី​បញ្ចៀស​ជម្លោះ និង​ការឈឺចាប់​ទទេៗ របស់​មនុស្សជាតិ​។ ដោយ​មិន​គោរព​ដល់​អធិបតេយ្យភាព និង​ច្បាប់​អន្តរជាតិ គាត់​បានធ្វើការ​​ឈ្លានពាន ដែល​បណ្តាលឱ្យ​មនុស្ស​ចំនួន​ជាង ៣ លាន​នាក់ ​ត្រូវ​ផ្លាស់​ទី​ធ្វើឱ្យ​ជន​ស៊ីវិល​បាត់​​បង់ជីវិត​ជាច្រើន ហើយ​បាន​បំផ្លាញ​ជា​ប្រព័ន្ធ នូវ​អ្វីដែល​ប្រជា​​ជន​អ៊ុយ​ក្រែ​ន​ដ៏​ឧស្សាហ៍​ព្យាយាម ខិតខំ​សម្រេចបាន​។​

​បំណង​របស់លោក Putin ក្នុងការ​បំបែក​ពិភពលោក​បាន​បរាជ័យ​។ នៅ​ចំពោះមុខ​បញ្ហា​ប្រឈម​ដ៏​ធំ ចំពោះ​សន្តិសុខ បទ​​ដ្ឋា​ន និង​ច្បាប់​អន្តរជាតិ គិត​តាំងពី​សង្គ្រាមលោក​លើក​ទី២ មក សហគមន៍​អន្តរជាតិ​មានការ​រួបរួមគ្នា ក្នុងការ​ថ្កោលទោស​ការ​លុក​លុយ​របស់​រុស្ស៊ី ធ្វើឱ្យ​រុស្ស៊ី​ទទួល​​ខុសត្រូវ គាំទ្រ​អ៊ុយ​ក្រែ​ន ហើយ​ធ្វើការ​ឆ្លើយតប​ទាំងស្រុង​។​

​ប្រទេស​កម្ពុជា ​បាន​ចូលរួម​ជា​មួយ​សហរដ្ឋអាមេរិក រដ្ឋ​ជាស​មា​​ជិ​ក​ទាំង ២៧ នៃ​សហភាព​អឺរ៉ុប និង​ប្រទេស​ដទៃ​ជាច្រើន​ទៀត នៅក្នុង​តំបន់ និង​ប្រទេស​ផ្សេងទៀត ក្នុងការ​ការពារ​ធម្ម​នុ​ញ្ញ​អង្គការសហប្រជាជាតិ និង​សណ្តាប់ធ្នាប់​ច្បាប់​អន្តរជាតិ ហើយ​បាន​ចូលរួម​ឧបត្ថម្ភ​លើ​ដំណោះស្រាយ​របស់​អង្គការសហប្រជាជាតិ ដែល​ថ្កោលទោស​ការឈ្លានពាន​រប​ស់​ប្រទេស​រុស្ស៊ី ហើយ​ទាមទារ​ឱ្យ​បញ្ឈប់​សង្គ្រាម​ប្រឆាំង​លើ​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​គ្មាន​ការបង្ក​ហេតុនេះ​។​

​សកម្មភាព​ដូចគ្នានេះ​កើតឡើង​នៅក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ដែល​ក្នុងនោះ សមាជិក ដែល​រួមមាន​ប្រទេស​អាស៊ាន​ផងដែរ​បាន​យល់ព្រម​បង្កើត​គណៈកម្មាការ​ស្រាវ​ជ្រាវ​ឯករាជ្យ​មួយ ដើម្បី​ធ្វើការ​​ស៊ើបអង្កេត​លើ​បទ​រំលោភសិទ្ធិ​មនុស្ស​ដោយ​ប្រទេស​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។

លោក Putin មិនអាច​បំផ្លាញ​ជំនឿ​រួម​របស់​យើង​ទៅលើ​សិទ្ធិ​ជា​មូលដ្ឋាន របស់​រដ្ឋ​អធិបតេយ្យ​ក្នុងការ​ជ្រើស​​រើស​វាសនា ដៃគូ និង​សម្ព័ន្ធមិត្ត​របស់គេ​ទេ​។ គាត់​នឹង​បរាជ័យ ក្នុងការ​លុបបំបាត់​ប្រទេស​អ៊ុយ​​ក្រែ​ន ដ៏​មាន​មោទនភាព​ចំពោះ​ជាតិ​គេ​។ ជាការ​ឆ្លើយតប​នឹង​ការឈ្លានពាន​ដោយ​គ្មាន​ការបង្ក​ហេតុនេះ សហរដ្ឋអាមេរិក ចក្រ​​ភព​អង់គ្លេស​សហភាព​អឺរ៉ុប ជប៉ុន អូស្ត្រាលី សាធារណរដ្ឋ​កូរ៉េ សិង្ហ​បុរី និង​ប្រទេស​ដទៃទៀត ដែល​តំណាងឱ្យ​ជាង​ពាក់កណ្តាល​នៃ​សេដ្ឋកិច្ចពិភពលោក​បាន​ដាក់ទណ្ឌកម្ម​ជា​អន្តរជាតិ​មាន​ទំហំ​មិន​ធ្លាប់​មានមក ហើយ​បានធ្វើឱ្យ​មានការ​ខាត​​បង់​យ៉ាងច្រើន​លើ​លោក Putin លើ​ឧស្សាហកម្ម​រុស្ស៊ី និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដែល​ទ្រទ្រង់​សង្គ្រាម​នេះ​។​

​ប៉ុន្មាន​ថ្ងៃ សប្តាហ៍ និង​ខែ​ទៅមុខទៀត​ គឺជា​ពេល​លំបាក​ខ្លាំង​សម្រាប់​ប្រជាជន​អ៊ុយ​ក្រែ​ន​។ នៅពេល​គេ​សរសេរ​ប្រវត្តិ​នៃ​យុគ​​សម័យនេះ វា​នឹង​បង្ហាញថា ការ​ជ្រើសរើស​របស់លោក Putin ក្នុងការ​ធ្វើការ​វាយប្រហា​រ​ដែល​គ្មាន​ការបង្ក​ហេតុ មិន​ត្រឹមត្រូវ និង​ដោយ​គិតទុក​ជាមុន​លើ​ប្រទេស​អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​រុស្ស៊ី​ចុះខ្សោយ​យ៉ាងខ្លាំង​ទាំង​ផ្នែក​សេដ្ឋកិច្ច​ទាំង​ជា​យុទ្ធសាស្ត្រ​។ ប្រជាជន​រុស្ស៊ី​មិនគួរ​រង​ការខាតបង់​ដ៏​សម្បើម​នេះ​ចំពោះ​អនាគត​របស់គេ​ដោយ​​សារ​ការឈ្លានពាន​នេះ ដែល​បង្កដោយ​រដ្ឋាភិបាល​របស់គេ​។ សេរីភាព​លទ្ធិប្រជាធិបតេយ្យ និង​កិត្តិយស​របស់​មនុ​ស្ស គឺ​ជា​កម្លាំង​ខ្លាំង​ជាង​ការភ័យខ្លាច និង​ការ​​គាបសង្កត់​ឆ្ងាយ​ណាស់​។ នៅក្នុង​ការ​ប្រឈម​គ្នា​រវាង​លទ្ធិ​ប្រជា​ធិ​ប​​តេ​យ្យ និង​របប​ផ្តាច់ការ រវាង​​អធិបតេយ្យភាព និង​រំលោភ​ជិះជាន់ សេរីភាព​នឹង​ឈ្នះ​៕

W. Patrick Murphy, ឯក​​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា និង Carmen Moreno, ឯក​​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​