ភ្នំ​ពេញៈ ​សារព័ត៌មាន​ ភ្នំពេញ​ ប៉ុស្តិ៍​ គឺជា​ស្ថាប័ន​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​នៅ​កម្ពុជា ដែល​មាន​វ័យ ៣០ ឆ្នាំ​មក​ហើយ ដែល​កាសែត​នេះ​នៅតែ​បន្ត​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ស្នូល​ដើម្បី​នាំមក​នូវ​ព័ត៌មាន​ប្រកបដោយ​គុណភាព​ដល់​មិត្ត​អ្នកអាន​ទាំង​ខ្មែរ និង​បរទេស និង​បាន​រួមចំណែក​ក្នុង​វិជ្ជាជីវៈ​ដល់​ការ​កសាង​ប្រទេសជាតិ ជា​អ្វី​ដែល​ស្ថាប័ន​មួយ​នេះ​បាន​ខិតខំ​ប្រឹងប្រែង​កន្លងមក​នេះ។

ក្នុង​ខួប ៣០ ឆ្នាំនេះ​ដែរ មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល អ្នកនយោបាយ អ្នកវិភាគ​សង្គម​សេដ្ឋកិច្ច រួម​នឹង​សាស្ត្រា​ចារ្យ​ផ្នែក​សារព័ត៌មាន​បាន​ផ្តល់​នូវ​ចំណាប់​អារម្មណ៍​ផ្ទាល់ខ្លួន​ពី​ដំណើរការ​នៃ​កាសែត​ ភ្នំពេញ ​ប៉ុស្តិ៍​ តាំងពី​ដំបូង​រហូតមកដល់​បច្ចុប្បន្ន​នេះ​ដែល​មានខ្លឹមសារ​ដូច​ខាងក្រោម៖

លោក ​ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌៖កាសែត​ ភ្នំពេញ​ ប៉ុស្តិ៍ ​ជា​កាសែត​មួយ​ប្រកបដោយ​វិជ្ជាជីវៈ​ដែល​បាន​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក៏ដូចជា​ចំណេះដឹង​ជូន​ដល់​សាធារណជន​បាន​ច្រើន និង​មានប្រយោជន៍​ដល់​សង្គមជាតិ។ជាពិសេស​កាសែតនេះ​បាន​ផ្សាយ​ព័ត៌មាន​ជា ២ ភាសា គឺ​ភាសាខ្មែរ និង​អង់គ្លេស​ហើយ​វា​ក៏​ជា​កាសែត​មួយ​ដែល​មាន​ទំនាក់ទំនង​ល្អជា​មួយ​នឹង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់។ មានន័យថា កាសែត​ភ្នំពេញ​ប៉ុស្តិ៍​អាច​ធ្វើការ និង​មាន​កិច្ចសហការ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​បញ្ជូន​នូវ​ព័ត៌មាន​ពិត ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ​ក៏ដូចជា​ការចែក​រំលែក​នូវ​ចំណេះ​ដឹង​ផ្សេងៗដែល​មាន​សារប្រយោជន៍ដល់​សង្គមជាតិ។

លោក​ថា៖ «ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​បន្ត​នូវ​សកម្មភាព​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ការចែក​រំលែក​ចំណេះដឹង​ប្រកបដោយ​វិជ្ជាជីវៈ​នេះ​បន្ត​ទៀត​ ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គមជាតិ និង​ប្រជាពលរដ្ឋ​របស់​យើង»។

រី​ឯលោក ប៉ា ចន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា៖សម្រាប់​ខ្ញុំ​ផ្ទាល់ កាសែត ​ភ្នំពេញ ​ប៉ុស្តិ៍​ ដែល​មាន​ទាំង​ភាសាខ្មែរ​ និង​ភាសាអង់គ្លេស​ ជា​ស្ថាប័ន​សារព័ត៌មាន​មួយ​ដែល​មាន​វ័យ​ចំណាស់​ក្នុងចំណោម​សារព័ត៌មាន​មួយចំនួន​ដែល​បាន​បង្កើត​ឡើង​តាំងពី​កំណើត​ទី២ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​និង​ការបោះឆ្នោត​ដែល​រៀបចំ​ដោយ​អ៊ុន​តាក់​ឆ្នាំ ១៩៩៣។

លោក​ថា៖ «ខ្ញុំ​មើលឃើញ​ថា ​កាសែត​ ភ្នំពេញ​ ប៉ុស្តិ៍​ បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​ដំណើរការ​ប្រជាធិបតេយ្យ ជាពិសេស​ការ​ផ្តល់​នូវ​ព័ត៌មាន​ត្រឹមត្រូវ​ដែល​អាចយ​កជា​ការបាន ពីព្រោះ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ព័ត៌មាន​មាន​សារៈសំខាន់​ណាស់។ខ្ញុំ​នៅតែ​ជឿ​ថា សារព័ត៌មាន ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅតែ​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​ភាព​កាន់តែ​ល្អ​ប្រសើរ»។

លោក​បន្ថែម​ថា៖ «ទោះបីជា​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​មានការ​ធ្លាក់ចុះ​ជាបន្តបន្ទាប់​ប៉ុន្មាន​ឆ្នាំ​មក​ក្តី តែ​កាសែត​ ភ្នំពេញ​ ប៉ុ​ស្ដិ៍ ​នៅ​ប្រកាន់​ជំហរ​អព្យាក្រឹត ឯករាជ្យ និង​អត្ថបទ​មាន​ប្រភព​ចម្រុះ​ទាំង​គណបក្យ​កាន់អំណាច គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល ទាំង​វិស័យ​ឯកជន»។

ចំណែក​លោក ឆាយ សុផល សាស្ត្រា​ចារ្យ​ផ្នែក​សារព័ត៌មាន​និង​ជា​អ្នកនិពន្ធ​សៀវភៅ មើលឃើញ​ថា កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍​ គឺជា​កាសែត​មួយ​ដែល​មាន​អាជីព​វិជ្ជាជីវៈ​ក្នុង​ការងារ​របស់​ខ្លួន​តាំងពី​យូរ​មក​ហើយ ហើយ​ជា​សារព័ត៌មាន​មួយ​មាន ២ ភាសា ​និង​ដែល​អាច​នៅ​បន្ត​បោះពុម្ព​រហូត​មកទល់​សព្វថ្ងៃ ខណៈ​ដែល​កាសែត​ក្នុង​ស្រុក​ដទៃទៀត​ភាគច្រើន​លែង​បោះពុម្ព​ហើយ។

ដូច្នេះ​កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅតែ​ក្រាញននៀល ស្វិតស្វាញ ធ្វើការ​បោះពុម្ព ហើយ​ក្នុង​នោះ ក៏​មាន​អន​ឡាញ​ផង​ដែរ។ លោក​បញ្ជាក់​ថា៖ «ខ្ញុំ​អាន​កាសែត ​ភ្នំពេញ ​ប៉ុស្តិ៍​ ហើយក៏​ធ្លាប់​យក​អត្ថបទ​ខ្លះ ធ្វើជា​គន្ថនិទ្ទេស​ជាឯក​សារ​យោង​ផង​ដែរ។

ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​ស្ថាប័ន​កាសែត​ ភ្នំពេញ​ ប៉ុស្តិ៍ បន្ត និង​លើកទឹកចិត្ត​ឱ្យ​អ្នកសារព័ត៌មាន​របស់​យើង​ខិតខំ​ប្រឹងប្រែង​បន្ត​កិច្ចការងារ​ក្នុង​បេសកកម្ម​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា»។

លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ថ្លែង​ថា៖ ខ្ញុំ​មើលឃើញ​ថា ការ​ផ្តល់​សេវាកម្ម​ផ្នែក​ព័ត៌មាន​ល្អ ក្នុង​ន័យ​ជា​សារព័ត៌មាន​អង់គ្លេស​ដែល​ជា​ការ​រួមចំណែក​មួយ​ដ៏​ធំ​ហើយ​ខ្ញុំ​ឃើញ​មានការ​យកចិត្ត​ទុកដាក់ និង​យក (ប្រភព) ពី​កាសែត ​ភ្នំពេញ ​ប៉ុស្តិ៍​ ច្រើន​ទៅ​ប្រើប្រាស់​ទូទាំង​ពិភពលោក។

ក្នុងនាម​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល «យើង​សូម​ថ្លែងអំណរគុណ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​វិជ្ជាជីវៈ​របស់​កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍ ហើយ​ខ្ញុំ​តាមមើល​ជា​រៀងរាល់​ពេល​ផង​ដែរ។ ចំណែក​ការ​រាយការណ៍​ គឺ​អាច​ទទួលយក​បាន ការ​រាយការណ៍​ប្រកបដោយ​វិជ្ជាជីវៈ មិន​មានការ​ខ្វះចន្លោះ​នោះ​ទេ»។

លោក គី សិរី​វឌ្ឍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា៖ ខ្ញុំ​ចូលចិត្ត​អាន ស្តាប់ និង​តាមដាន​ព័ត៌មាន ​ដើម្បី​ស្វែងរក​ព័ត៌មាន​បាន​ទទួល​នូវ​ចំណេះដឹង​ទូទៅ​បន្ថែម និង​ជា​រឿង​ជាក់ស្តែង​មួយ​នៅក្នុង​ប្រទេស​សម្រាប់​ធ្វើការ​សម្រេចចិត្ត សម្រាប់​ឱ្យ​យើង​រៀបចំ​យុទ្ធសាស្ត្រ និង​តាក់​ទិច​ក្នុង​ការអនុវត្ត​ការងារ។

លោក​ថា៖ «ខ្ញុំ​យល់ថា​កាសែត ​ភ្នំពេញ ​ប៉ុស្តិ៍ ​ជា​កាសែត​មួយ​ដែល​បាន​សរសេរ​នូវ​រឿងរ៉ាវ​ដែល​មាន​ភាព​ពិត​ច្រើន ហើយ​បាន​យកគំនិត​របស់​អ្នកស្រាវជ្រាវ​ទៅ​ផ្សព្វផ្សាយ​ ដើម្បី​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ជ្រាប បានដឹង ហើយ​ការ​ជ្រើសរើស​អ្នក​ដែល​ផ្តល់​បទ​សម្ភាស​មិន​លម្អៀង​ដោយ​បាន​ជ្រើសរើស​ប្រភព​ជា​អ្នក​ដែល​មាន​និន្នាការ​ឯករាជ្យ​នៅក្នុង​ការវិភាគ​នៅក្នុង​ការ​ផ្តល់​បទ​សម្ភាស​ជាជាង​ការ​សម្ភាស​ទៅលើ​អ្នក​ដែល​មានការ​ផ្អៀង​ឬលម្អៀង​ទៅ​ខាង​គាំទ្រ​រដ្ឋាភិបាល ឬប្រឆាំង​រដ្ឋាភិបាល។

លោក មាស សុភ័​ណ្ឌ អនុរដ្ឋ​លេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងព័ត៌មាន៖ ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ចំពោះ​ខួប ៣០ ឆ្នាំ​នៃ​ការបង្កើត​អង្គភាព​សារព័ត៌មាន​ ភ្នំពេញ ​ប៉ុស្តិ៍ និង​សូមជូនពរ​ឱ្យ​អង្គភាព​សារព័ត៌មាន​ ភ្នំពេញ​ ប៉ុស្តិ៍​កាន់តែ​រីកចម្រើន និង​ទទួល​បាន​ជោគ​ជ័យ​ថ្មីៗបន្ថែម​ទៀត។

លោក​លើកឡើង​ថា នៅ​កម្ពុជា​សារព័ត៌មាន បាន​និង​កំពុង​បំពេញ​តួនាទី​ភារកិច្ច​យ៉ាង​សំខាន់ និង​យ៉ាងសកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​ដល់​ប្រជាជន​កម្ពុជា​នៅ​គ្រប់ទិសទី​ទាំង​ក្នុង និង​ក្រៅប្រទេស។ក្នុង​នោះ​សារព័ត៌មាន​ភ្នំពេញ ​ប៉ុស្តិ៍ ក៏​ជា​អង្គភាព​សារព័ត៌មាន​មួយ​ដែល​បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​ប្រកបដោយ​វិជ្ជាជីវៈ​ផង​ដែរ។

លោក​ថ្លែង​ថា៖​ «អង្គភាព​សារព័ត៌មាន​នេះ​ក៏អាច​និយាយ​បាន​ថា ជា​អង្គភាព​សារព័ត៌មាន​ដ៏​ចំណាស់​និង​ពោរពេញ​ទៅ​ដោយបទ​ពិសោធ​មួយ​ក្នុង​ការ​លើកស្ទួយ​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា និង​ក៏បាន​ចូលរួម​ចំណែក​ក្នុង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សារព័ត៌មាន​ដល់​អ្នកសារព័ត៌មាន​មួយចំនួន​នៅ​កម្ពុជា​ផង​ដែរ»។

ចំណែក​លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​លើកឡើង​ថា ភ្នំពេញ​ ប៉ុស្តិ៍​ បាន​និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ព័ត៌មាន និង​ជា​ភ្នាក់ងារ​នាំ​បញ្ហា​សង្គម នយោបាយ​និង​សេដ្ឋកិច្ច​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រកបដោយ​វិជ្ជាជីវៈ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​បាន​ត្រឹមត្រូវ​តាមរយៈ​ព័ត៌មាន​ពី​កាសែត​នេះ។

លោក​ថ្លែង​ថា៖«ក្នុងរយៈពេល ៣០ ឆ្នាំ​កន្លងមក​នេះ ប្រជាពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​ច្រើន​សូម្បីតែ​ក្នុង​ការស្រាវជ្រាវ​របស់ខ្ញុំ ទិន្នន័យ​ព័ត៌មាន​មួយចំនួន ក៏​ខ្ញុំ​ទទួល​បាន​ពី​ ភ្នំពេញ​ ប៉ុស្តិ៍​ ដែរ ខ្ញុំ​យោង​បាន​ច្រើន​ដោយសារ ​ភ្នំពេញ ​ប៉ុស្តិ៍​ មាន​វិស័យ​ច្រើន»។

ចំពោះ​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​វិញបានឱ្យ​ដឹង​ដែរ​ថា កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍ បើ​ប្រៀបធៀប​ជាមួយ​សារព័ត៌មាន​ផ្សេងទៀត ជាពិសេស​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេឡិចត្រូនិកឃើញថា មាន​លក្ខណៈ​ប្រកបដោយ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ល្អ​បង្គួរ​សម្រាប់​ជាទី​ទុកចិត្ត​ដល់​មហាជន​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន។

លោក​ថ្លែង​ថា៖ «ខ្ញុំ​យល់ថា ភាគច្រើន ភ្នំពេញ ​ប៉ុស្តិ៍ ​និយាយពិត និយាយត្រង់​ច្រើន មិន​មានការ​បំផ្លើស មិន​មានការ​ពង្រីក​ឬបំប៉ោង ​ឬមួយ​ប្រឌិត​ព័ត៌មាន​អី​ទេ។ នេះ​ខ្ញុំ​និយាយ​ដោយ​សុទ្ធចិត្ត ពីព្រោះ​ភ្នំពេញ​ប៉ុស្តិ៍​មិនដែល​សូកប៉ាន់​អី​ខ្ញុំ​ទេ។ក្នុងនាម​យើង​ជា​អ្នក​ព័ត៌មាន​យើង​មិនបាច់​អួតខ្លួន​ឯង​ថា​ល្អ និង​មាន​វិជ្ជាជីវៈ និង​ក្រមសីលធម៌​អី​ទេ​បញ្ហា​សំខាន់​គឺ​ខ្លឹមសារ​អត្ថបទ​របស់​យើង​ដែល​ផ្សាយ​ទៅ​ផ្សារភ្ជាប់​នឹង​ការពិត​ជាក់ស្តែង ព្រឹត្តិ​ការណ៍​ដែល​កើតឡើង​ដែរ ឬទេ»។

លោក​បន្ត​ថា៖ «បើ​យើង​មិន​ផ្សារភ្ជាប់​នូវ​ព្រឹត្តិ​ការណ៍​ដែល​កើតឡើង​ណាមួយ​ទេ ហើយ​យើង​ទៅ​ស្រែក​ថា យើង​មាន​ក្រមសីលធម៌ អាហ្នឹង ក៏​គ្មាន​អ្នកណា​ជឿ​ដែរ ហើយ​វា​បាត់បង់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​ក៏ដូចជា​កេរ្តិ៍ឈ្មោះ​របស់​កាសែត​យើង​ដែរ។ ខ្ញុំ​យល់ថា ដើម្បី​ឱ្យ​មហាជន និង​ប្រជាជន​មានការ​ទុកចិត្ត​មានតែ​ប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ហើយ​សរសេរ​ព័ត៌មាន​មក​តាម​ព្រឹត្តិ​ការណ៍​ដែល​កើតឡើង យើង​កុំ​ប្រឌិត អាហ្នឹង​អត់មាន​បញ្ហា​អី​ទេ»។

លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន​ក៏បាន​លើកឡើង​ដែរ​ថា លោក​បាន​គាំទ្រ​កាសែត ​ភ្នំពេញ ​ប៉ុស្តិ៍​ តាំងពី​ដើម​រៀងមក។

លោក​ថ្លែង​ថា៖ «ពីមុន​យើង​ឃើញ​ព័ត៌មាន​ទាំងអស់​ដែល ​ភ្នំពេញ​ ប៉ុ​ស្ដិ៍​ ចុះផ្សាយ យើង​ទុកចិត្ត និង​យកជាការ​បាន ព្រោះ​មាន​មូលដ្ឋាន​គ្រប់គ្រាន់ និង​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ»។

ជាមួយគ្នា​នេះ​លោក​បាន​ស្នើ​ឱ្យ​កាសែត​ ភ្នំពេញ​ ប៉ុស្តិ៍​ បន្ត​ចុះផ្សាយ​នូវ​ព័ត៌មាន​ពិត និង​មិន​លម្អៀង​ប្រកបដោយ​វិជ្ជាជីវៈ​ក្នុង​ការ​ផ្តល់​ឱ្យ​ប្រជាពលរដ្ឋ និង​អ្នកនយោបាយ​ក្នុង​ការសម្រេច​ចិត្ត និង​ប្រើប្រាស់​ជា​មូលដ្ឋាន​ផ្សេង​ឱ្យ​បាន​ត្រឹមត្រូវ។

ដោយឡែក​លោក ឡឹក សុ​ធារ អ្នកនាំពាក្យ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​បាន​កោតសរសើរ​កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍​ ដែល​បាន​បង្ហាញ​នូវ​ជំហរ​អព្យាក្រឹត​និង​វិជ្ជាជីវៈ​ខ្ពស់​ដែល​មិន​លម្អៀងទៅ​គណបក្ស​នយោបាយ​ណាមួយ ហើយ​តែងតែ​ប្រើប្រាស់​ព័ត៌មាន​គ្រប់​ប្រភព និង​គ្រប់ជ្រុងជ្រោយ​ដើម្បី​ផ្តល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ពិតជា​រីករាយ ខ្ញុំ​គិតថា វត្តមាន​របស់​កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​កម្ពុជា​គឺ​ជួយ​បាន​យ៉ាង​ធំធេង​ទៅដល់​ការ​កសាង​នូវ​លទ្ធិប្រជាធិបតេយ្យ​និង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ផង​ដែរ»។

រី​ឯលោក អំ សំអាត នាយករង​អង្គការ​លី​កាដូ​បាន​ថ្លែង​ថា កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍ ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការចែក​រំលែក​ព័ត៌មាន​ទៅ​ប្រជាពលរដ្ឋ​គ្រប់ស្រទាប់វណ្ណៈ។ ទោះបីជា​មានការ​ផ្លាស់​ប្តូរ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ក៏ដោយ ក៏ប៉ុន្តែ​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅតែ​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុងនាម​កាសែត​អន្តរជាតិ​ក្នុង​ស្រុក។

លោក​ថា៖ «ព័ត៌មាន​ ភ្នំពេញ​ ប៉ុស្តិ៍ ខ្ញុំ​ឃើញថា គេ​ចូលចិត្ត​មើល​ច្រើន ហើយ​បើ​និយាយ​ពីមុន​មក គេ​ចាត់ទុកថា កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍​នេះ ជា​កាសែត​ឯករាជ្យ ប៉ុន្តែ​បន្ទាប់ពី​មានការ​ផ្លាស់​ប្តូរ​ក្រុមហ៊ុន​មក​ក៏​ទទួលរង​នូវ​ការរិះគន់​ខ្លះ ប៉ុន្តែ​យ៉ាងណាក៏ដោយ ភ្នំពេញ ​ប៉ុស្តិ៍​ នៅតែ​ដើរតួ​នាទី​សំខាន់​ដែរ​សម្រាប់​សារព័ត៌មាន​អន្តរជាតិ​ក្នុង​ស្រុក»។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ និង​អ្នក​តាមដាន​បញ្ហា​នយោបាយ​នៅ​កម្ពុជា​បានឱ្យ​ដឹង​ដែរ​ថា លោក​គឺជា​អ្នក​តាមដាន​សារព័ត៌មាន​ជាពិសេស​ឧស្សាហ៍​អាន​ព័ត៌មាន​ពី​កាសែត​ ភ្នំពេញ​ ប៉ុ​ស្ដិ៍​ ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការវិភាគ និង​ក៏ដូចជា​ស្រាវជ្រាវ​ព្រោះ​កាសែត​នេះ​ផ្តល់​នូវ​ព័ត៌មាន​ពិត និង​គ្រប់ជ្រុងជ្រោយ​៕