ត​ភ្ជាប់​រវាង​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កណ្តាល​នៅ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា ផ្លូវជាតិ​លេខ ៥១ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​សម្រួល​ដល់​លំហូរ​នៃ​ការ​ធ្វើដំណើរ និង​ការ​ដឹកជញ្ជូន​ទំនិញ។​ ​

សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (China Road and Bridge Corporation) ក្រោម​កម្ចី​សម្បទាន​ពី​រដ្ឋាភិបាល​ចិន ផ្លូវ​នេះ​ក្រាល​កៅស៊ូ​ប្រវែង ៣៧,៩ គីឡូម៉ែត្រ និង​ទទឹង ១២ ម៉ែត្រ គឺជា​ផ្លូវ​យុទ្ធសាស្ត្រ​តភ្ជាប់​ផ្លូវជាតិ​លេខ ៥ ក្នុង​ខេត្ត​កំពង់ស្ពឺ និង​ផ្លូវជាតិ​លេខ ៤ ក្នុង​ខេត្ត​កណ្តាល។

​អ្នកស្រុក​បានឱ្យដឹងថា កន្លងមក​ផ្លូវ​នេះ​រលាក់ និង​ពិបាក​ធ្វើដំណើរ​ខ្លាំង​ណាស់ ដោយសារ​មាន​គ្រលុក​ធំៗ ហើយ​មាន​ធូលី​ដី​ហុយ​ខ្លាំង​នៅ​រដូវប្រាំង ហើយ​រអិល​និង​លិច​ទឹក​នៅ​ក្នុង​រដូវវស្សា។

​លោក មុត សុខ​លាង អ្នកលក់​បន្លែ​តាម​ដងផ្លូវ​នោះបាន​ឱ្យដឹងថា​៖ «​កាល​ពីមុន គាត់​ត្រូវ​ចំណាយ​ពេល​ស្ទើរតែ​ពេញ​មួយ​ព្រឹក ដើម្បី​ធ្វើដំណើរ​ក្នុង​ផ្លូវ​ចម្ងាយ​នេះ ប៉ុន្តែ​ឥឡូវ​គាត់​ចំណាយ​ពេល​ត្រឹម​តែ ៣០ ទៅ ៤០ នាទី​ប៉ុណ្ណោះ ដោយសារ​ផ្លូវ​មាន​ស្ថានភាព​ល្អប្រសើរ​។ «​ផ្លូវ​ដែល​សាងសង់​ដោយ​ចិន​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​សម្រួល​ដល់​ការធ្វើ​ដំណើរ និង​ការ​ដឹកជញ្ជូន​ទំនិញ និង​កសិផល​កសិកម្ម ដូចជា ស្រូវ ចេក ស្វាយ និង​បន្លែ​ពី​កសិដ្ឋាន​ទៅកាន់​ទីផ្សារ»។​

​លោក ឆែម ថា​ត​ថា​យ អាយុ ២១ ឆ្នាំ ដែលជា​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ បាន​និយាយថា ចាប់តាំង​ពី​ផ្លូវ​នេះ​ត្រូវបាន​សាងសង់​រួចមក តម្លៃ​ដី​នៅ​តំបន់​ជុំវិញ​បាន​ឡើងថ្លៃ​យ៉ាងខ្លាំង។

​លោក​ថ្លែងថា ៖ «​សូម​អរគុណ​ប្រទេស​ចិន សម្រាប់​ការ​សាងសង់​ផ្លូវ​នេះ ដែល​បាន​នាំមក​នូវ​ក្តីសង្ឃឹម​ថ្មី​ដល់​ពួកយើង»។ ផ្លូវ​នេះ​មិន​ត្រឹមតែ​ជួយ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ថែមទាំង​រួម​ចំណែក​ធ្វើឱ្យ​ចំណង​មិត្តភាព​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង ២ កាន់តែ​ស៊ីជម្រៅ​ថែមទៀត»។​

​នៅក្នុង​ពិធី​សម្ពោធ​ផ្លូវ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រទេស​ចិន ដែល​បាន​ផ្ដល់​ហិរញ្ញប្បទាន​ដល់​គម្រោង​នេះ ដោយ​លោក​មាន​ប្រសាសន៍​ថា ហេដ្ឋា​រចនាសម្ព័ន្ធ​ដឹកជញ្ជូន គឺជា​កត្តា​ដ៏សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍​ថា ៖«​ផ្លូវ​នេះ​នឹង​ដើរតួ​យ៉ាង​សំខាន់​ក្នុងការ​សម្រួល​ដល់​ការធ្វើ​ដំណើរ និង​ការ​ដឹកជញ្ជូន​ទំនិញ ព្រោះ​ជា​តំបន់​ដែល​មាន​រោងចក្រ និង​សហគ្រាស​ធំៗ​ច្រើន ក៏ដូចជា​គម្រោង​លំនៅឋាន​ផងដែរ​។ ទោះបី​ជា​កូវីដ ១៩ បាន​រំខាន​យើង​ក៏ដោយ ប៉ុន្តែ​វា​មិន​អាច​រារាំង​ការ​អភិវឌ្ឍ​របស់​យើង​បានទេ ជាពិសេស​គម្រោង​អភិវឌ្ឍន៍​ដែល​ធ្វើឡើង​ដោយ​ប្រទេស​ចិន»។​

​ទន្ទឹមនឹងនោះ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន (CCFTA) និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ដោយ​លោក​មាន ប្រសាសន៍​ថា កិច្ច​ព្រមព្រៀង​ទាំង ២ គឺជា​ការ​ជំរុញ​ថ្មី​មួយ​សម្រាប់​កំណើន​ពាណិជ្ជកម្ម​របស់​កម្ពុជា។

​លោក Wu Guoquan ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា កិច្ចសហ​ប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព​រវាង​ចិន និង​កម្ពុជា​បាន​ទទួល​ផ្លែផ្កា​ថ្មីៗ​ជា​បន្តបន្ទាប់។​

​លោក​បាន​គូសបញ្ជាក់ថា ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ គម្រោង​ដែលជា​ជំនួយ​របស់​ចិន​មួយ​ចំនួន ដូចជា​ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ និង​ពហុកីឡដ្ឋាន​ជាតិ​ថ្មី​ត្រូវបាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​បន្តបន្ទាប់។

​លោក​ថ្លែង​នៅក្នុង​ពិធី​នោះ​ថា ៖«​ទោះបីជា​មានការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ ក៏ដោយ ក៏​កិច្ច​សហ​ប្រតិបត្តិការ​ជាក់ស្តែង​របស់​យើង បាន​ផ្តល់​លទ្ធផល​ជា​ផ្លែផ្កា​កាន់តែ​ច្រើន ដែល​ពិតជា​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​មិត្តភាព​ដែកថែប​រវាង​ចិន និង​កម្ពុជា»។​

​លោក​បន្តថា​៖ «​យើង​នឹង​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​ដែល​មេដឹកនាំ​នៃ​ប្រទេស​ទាំង ២ សម្រេច​បាន និង​អនុវត្ត​ឱ្យបាន​ល្អ​នូវ​កិច្ច​ព្រមព្រៀង CCFTA និង RCEP ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​របស់​យើង​ឱ្យ​ឡើង​ដល់​កម្រិត​ខ្ពស់​ថ្មី​មួយ​ទៀត»។

​រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បាន​ថ្លែងថា ផ្លូវ​នេះ​បាន​ធ្វើឱ្យ​ប្រសើរ ឡើង​ទាំង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំង ២ ។

​លោក​បាន​មានប្រសាសន៍​ថា​៖ «​វា​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត និង​ជា​អំណោយ ដ៏​មាន​តម្លៃ​របស់​រដ្ឋាភិបាល​កម្ពុជា​និង​ចិន និយាយ​ជារួម​គឺ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​កណ្តាល ជាពិសេស​សម្រាប់​ប្រជាជន​ទូទាំង​ប្រទេស»៕

XINHUA