ស្ថិតនៅ​កណ្តាល​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ ដែល​ទើប​សាងសង់​រួច​រាល់​ថ្មីៗ នឹង​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​ការ​លើកកម្ពស់​គុណភាព​នៃ​សេវា​ថែទាំ​សុខភាព ក្នុង​ប្រទេស​ដែល​ស្ថិតនៅ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ។

ត្រូវ​បាន​សាងសង់​ឡើង​ដោយក្រុម​ហ៊ុន State Construction Engineering Corporation Ltd. ក្រោម​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មន្ទីរពេទ្យ​មាន​កម្ពស់ ១១ ជាន់​មួយ​នេះ មាន​កន្លែង​សម្រាប់​ឧទ្ធម្ភាគចក្រ​ចុះចត​នៅ​លើដំបូល​នៃ​អគារ មាន​គ្រែ​សម្រាក​ព្យាបាល​ចំនួន ៤០០ គ្រែ និង​ត្រូវ​បាន​បំពាក់​ដោយ​ឧបករណ៍​បរិក្ខារ​ពេទ្យ​ប្រកបដោយ​បច្ចេក​វិទ្យា​ទំនើបៗជាច្រើន។

អគារ​សម្រាក​ព្យាបាល​នេះ ត្រូវ​បាន​បែងចែក​ចេញ​ជា​ផ្នែក​ផ្សេងៗគ្នា​ជាច្រើន រួមមាន អគារ​វះកាត់ កន្លែង​ផ្តល់​សេវា​ដល់​អ្នកជំងឺ​ស្រាល​ដែល​មិន​ចាំបាច់​សម្រាក អគារ​សង្គ្រោះ​បន្ទាន់ អគារ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ អគារ​សម្រាក​ព្យាបាល និង​អគារ​ភ័ស្តុភារ​ជាច្រើន​ទៀត។

អំឡុង​ពេល​នៃ​ពិធី​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មួយ​នេះ លោក​ម៉ម ប៊ុ​នហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​មាន ប្រសាសន៍​ថា៖«មន្ទីរពេទ្យ​នេះ នឹង ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​លើកកម្ពស់​ដល់​គុណភាព​នៃ​សេវា​ថែទាំ​សុខភាព និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស សម្រាប់​វិស័យ​សុខាភិបាល​នៅក្នុង​ប្រទេស»។

លោក​បាន​បន្ត​ថា ៖ «មន្ទីរពេទ្យ​នេះ មិន​ត្រឹមតែ​ជា​មជ្ឈមណ្ឌល​សង្គ្រោះ​ជីវិត​មនុស្ស​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ជា​កន្លែង​សម្រាប់​បណ្តុះបណ្តាល​និស្សិតពេទ្យ និង​មន្ត្រី​សុខាភិបាល​ផង​ដែរ» ។

មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ គឺជា​មន្ទីរពេទ្យ​រដ្ឋ ដែល​ផ្តល់​សេវា​ព្យាបាល​គ្រប់​ប្រភេទ​ជំងឺ​ទាំងអស់។ លើស​ពីនេះ​ទៀត មន្ទីរពេទ្យ​នេះ ក៏​ជា​មន្ទីរពេទ្យ​ឯកទេស​លើ​ការវះកាត់​ខួរក្បាល ក៏ដូចជា​ការវះកាត់​ឆ្អឹង និង​ការ​បាក់ឆ្អឹង​ខ្នង​ផង​ដែរ។

វេជ្ជបណ្ឌិត តាន់ សុគន្ធ ប្រធានមន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ជ្រើសរើស​យក​មន្ទីរពេទ្យ​នេះ​ដើម្បី​ទទួល​សេវា​ព្យាបាល ជំនួស​ឱ្យ​ការស្វែងរក​សេវា​ព្យាបាល​នៅ​ក្រៅប្រទេស ដោយ​លោក​វេជ្ជបណ្ឌិត​បាន​ថ្លែង​ថា មន្ទីរពេទ្យ​នេះ មាន​ឯកទេស​គ្រប់គ្រាន់​ក្នុង​ការ​ផ្តល់​សេវា​ព្យាបាល​ជំងឺ​ជាច្រើន​ប្រភេទ​ប្រកបដោយ​គុណភាព ហើយ​លោក​ថា តម្លៃ​នៃ​ការ​ព្យាបាល​ក៏​ទាប​ជាង​មន្ទីរពេទ្យ​នៅ​ក្រៅប្រទេស​ផង​ដែរ។

លោក​ថ្លែង​ថា៖ «រាល់​បរិក្ខារ​ពេទ្យ​ទាំងអស់ គឺជា​ឧបករណ៍​ថ្មី និង​ទំនើប ហើយ​គ្រូពេទ្យ​ជំនាញ​របស់​យើង​ទាំង​កម្ពុជា និង​ចិន សុទ្ធសឹង​ជា​គ្រូពេទ្យ​មាន​សមត្ថភាព​ខ្ពស់ ហេតុនេះ ខ្ញុំ​ជឿជាក់​ថា មន្ទីរពេទ្យ​នេះ​នឹង​ផ្តល់​សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព​ខ្ពស់ និង​មានប្រសិទ្ធភាព ដល់​គ្រប់​អ្នកជំងឺ​ទាំងអស់»។

លោក​សុគន្ធ បាន​បន្ថែម​ថា៖ «នេះ​គឺជា​មន្ទីរពេទ្យ​ស្តង់​ដា​អន្តរជាតិ ហេតុនេះ សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​យើង មិនចាញ់​សេវា​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៅ​ក្រៅប្រទេស​ឡើយ» ។

អគារ​ព្យាបាល​ជំងឺ​មួយ​នេះ គឺជា​គម្រោង​ដ៏​ធំ​បំផុត នៅក្នុង​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​សុខាភិបាល​រវាង​កម្ពុជា និង​ចិន ហើយ​វា​ក៏​ជាស​មិទ្ធ​ផល​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ក្រោម​ក្របខ័ណ្ឌ​ការងារ​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ និង​គំ​និ​តផ្តូច​ផ្តើម​ខ្សែក្រវាត់ ១ ផ្លូវ ១ ។

វេជ្ជបណ្ឌិត ទ្រី លឹម​ទី​ទី វ័យ ២៩ ឆ្នាំ ដែល​ជា​វេជ្ជបណ្ឌិត​ម្នាក់​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ បាន​ថ្លែង​ថា៖ «នេះ​គឺជា​អំណោយ​ដ៏​ធំ​មួយ​សម្រាប់​វិស័យ​សុខាភិបាល ដែល​ចិន​បាន​ផ្តល់​ឱ្យ​កម្ពុជា។ មន្ទីរពេទ្យ​ថ្មី​មួយ​នេះ នឹង​បម្រើ​ជូន​ប្រជាពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ ១ កម្រិត​ទៀត ខណៈ​ដែល​មន្ទីរពេទ្យ​នេះ ត្រូវ​បាន​បំពាក់​ដោយ​គ្រឿងបរិក្ខារ​ពេទ្យ​ប្រកបដោយ​បច្ចេក​វិទ្យា​ទំនើបៗ» ។

ប្រជាពលរដ្ឋ​ក្នុង​តំបន់ ក៏​សម្តែង​នូវ​ក្តី​រំភើប​រីករាយ​ចំពោះ​ការ​ឃើញ​វត្តមាន​មន្ទីរពេទ្យ​ដ៏​ធំ និង​ទំនើប​មួយ​ផុស​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ ផង​ដែរ ដោយ​ពួក​គាត់​ជឿជាក់​ថា មន្ទីរពេទ្យ​នេះ នឹង​ផ្តល់​សេវា​ព្យាបាល​ប្រកបដោយ​គុណភាព និង​ផ្តល់​អត្ថ​ប្រយោជន៍​បន្ថែម​ទៀត ដល់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង និង​មក​ពី​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស។

លោក ស ស្រី​វីរៈ អាយុ ៣៦ ឆ្នាំ ដែល​ជា​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ឱ្យ​ដឹង​ថា ៖ «មន្ទីរពេទ្យ​នេះ គឺជា​ទ្រព្យ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​របស់​កម្ពុជា» ។ លោក​ថ្លែង​ថា៖ «ខ្ញុំ​ជឿជាក់​ថា មន្ទីរពេទ្យ​នេះ នឹង​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​ការ​ការពារ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ពីព្រោះ​មន្ទីរពេទ្យ​នេះ មាន​ទាំង​វេជ្ជបណ្ឌិត​កម្ពុជា និង​ចិន ដែល​មាន​បទ​ពិសោធ​ខ្ពស់ ក៏ដូចជា​គ្រឿងបរិក្ខារ​ពេទ្យ​ទំនើបៗ»៕