The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Benzema ត្រូវ​ដូរ​ចេញ​យ៉ាង​លឿន ខណៈ​បារាំង ឈ្នះប៊ុលហ្គារី ៣-០




Benzema ត្រូវ​ដូរ​ចេញ​យ៉ាង​លឿន ខណៈ​បារាំង ឈ្នះប៊ុលហ្គារី ៣-០

Content image - Phnom Penh Post
Mbappe (ស្ដាំ) របស់​ក្រុមបារាំង កំពុង​ឈ្ងោកមើល​មិត្ត​រួម​ក្រុមមាន​របួស Benzema អំឡុង​ការ​ប្រកួត​មិត្ត​ភាព​ទល់​នឹង​ក្រុម​ប៊ុលហ្គារី កាល​ពី​ថ្ងៃ​អង្គារ​។

Benzema ត្រូវ​ដូរ​ចេញ​យ៉ាង​លឿន ខណៈ​បារាំង ឈ្នះប៊ុលហ្គារី ៣-០

ក្រុង​ប៉ារីស​: ខ្សែប្រយុទ្ធ Karim Benzema ត្រូវ​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​​ទីលាន ព្រោះមាន​បញ្ហា​ស្ពឹកសាច់ដុំ​ភ្លៅ​​ កាល​ពី​ថ្ងៃ​អង្គារ ខណៈ​ក្រុម​ជើង​ឯក​ពិភព​លោកបារាំង បំបាក់​ប៊ុលហ្គារី ៣-០ អំឡុង​ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់​ដុំ​ចុង​ក្រោយ​ ១ សប្ដាហ៍​ មុន​ការ​ចាប់​ផ្ដើម​យុទ្ធនាការ​ក្នុងព្រឹត្តិការណ៍ Euro 2020​។

កីឡាករ Benzema ត្រូវ​បាន​ប្ដូរ​ចេញ នៅ​ទីទី​៣៩ សម្រាប់​ការ​ប្រកួត នៅ​កីឡដ្ឋាន Stade De France ដែល​ជា​ការ​សម​ជើង​ចុង​ក្រោយ​របស់​ក្រុម​មាន់​គកបារាំង មុន​នឹង​ពួក​គេ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​​ក្រុម​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​ ដើម្បី​តទល់​គ្នា ក្នុង​ជំនួប​បើក​ឆាក នៅ​ពូល F សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ប្រជែង​ជើង​ឯក​អឺរ៉ុប នា​ថ្ងៃ​ទី ​១៥ ខែ​មិថុនា​។

កីឡាករ​វ័យ ៣៣ ​ឆ្នាំ ត្រូវ​បាន​កោះ​ហៅ​ចូល​ក្រុម​ជម្រើស​វិញ​ជាមួយ​នឹង​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ បន្ទាប់​ពី​មិន​ត្រូវ​បាន​អើ​ពើ​រយៈ​ពេល ៦ ឆ្នាំ តែ​កីឡាករ​ចូល​ជំនួស​​ Olivier Giroud បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ​ហេតុ​អ្វី ដែល​ក្រុម​រហស្សនាម «Les Bleus» ត្រូវ​បាន​ចាត់​ទុក​ថា ជាក្រុម​ស្ថិត​ក្នុង​ចំណោម​ក្រុម​មានសិទ្ធិ​ខ្ពស់ ក្នុង​ការ​ឈ្នះពាន​ក្នុង​កម្មវិធី​ធំ​របស់​អឺរ៉ុបនេះ ជាមួយ​នឹង​ការ​ទម្លុះ​សំណាញ់​ទី ២គ្រាប់​នៅ​វគ្គ​ទី ២​។

ខ្សែ​ប្រយុទ្ធ​ Antoine Griezmann ជា​អ្នក​ស៊ុត​គ្រាប់​ដំបូង​ឱ្យ​ក្រុម​របស់​លោក Didier Deschamps នៅ​ចំពោះ​មុខអ្នក​គាំទ្រពោរ​ពេញ​ដោយ​ក្ដី​រីក​រាយចំនួន ៥ ពាន់​នាក់ ដែល​កំពុង​ធ្វើ​ការ​អបអរ​ផងដែរ​ចំពោះ​ការ​វិល​មក​វិញ​នៃ​ការ​ប្រកួត​បាល់​ទាត់ នៅ​ក្នុង​កីឡដ្ឋាន​។

Charlene Lecuir គឺ​ជា​ម្នាក់ ក្នុង​ចំណោម​អ្នក​គាំទ្រទាំងឡាយ ដែល​​មាន​សំណាង​ល្អគ្រប់​គ្រាន់ ក្នុង​ទទួល​បាន​សំបុត្រសម្រាប់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អង្គារ​នេះ ហើយ​បាន​ប្រាប់ AFP ថា នាង​ស្រែក​ដោយ​ពេញ​ទំហឹងជាមួយ​នឹង​ក្ដី​រីក​រាយ នៅ​ពេល​ដឹង​ថា នាង​នឹង​បាន​ចូល​រួម​មើល​ការ​ប្រកួត​នេះ​។​​

អ្នក​គាំទ្រត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​កីឡដ្ឋាន ប្រសិន​បើ​ពួក​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​ចំពោះ​ជំងឺ​កូវីដ ១៩ ក្នុង​រង្វង់​ ៤៨ ម៉ោង មុន​ហ្នឹង ឬ​ក៏​មាន​លិខិត ដែល​បញ្ជាក់​ថា ពួក​គេ​បាន​ចាក់​វ៉ាក់​សាំង​រួ​ច​រាល់​ហើយ​។

គ្រូបង្វឹក​របស់​បារាំង លោក Deschamps បាន​ថ្លែង​ពាក់​ព័ន្ធ​នឹង​របួស​របស់កីឡាករ Benzema ថា វា​គឺ​​ជាការ​មាន​បញ្ហា​ស្ពឹក​សាច់ដុំ​ភ្លៅ។​​

លោក​ Deschamps បាន​ប្រាប់​ទៅ​ទូរទស្សន៍ M6 ថា​៖ «​រូបគេ (Benzema) ទទួលការ​ប៉ះ​ពាល់សាច់​ដុំលើ​ក្បាល​ជង្គង់​រាង​ធ្ងន់​បន្តិច​។ គេ​ឈប់​លេង ព្រោះ​គេ​មាន​អារម្មណ៍​ថា វា​កាន់​តែ​រឹង​ឡើង​ៗ​។ ក្រុម​គ្រូពេទ្យ កំពុង​នៅ​ជាប់​ជាមួយ​នឹង​គេ​»​។​​

កីឡាករ Benzema ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ក្រៅ​ក្រុម​បារាំង តាំង​ពី​ឆ្នាំ​ ២០១៥ ដោយ​មាន​ករណី ដែល​ត្រូវ​បាន​​ចោទ​ថា មាន​ពាក់​ព័ន្ធ​នឹង​គម្រោង​ជំរិត​មួយ​ចំពោះ​អតីត​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ Mathieu Valbuena​។

រូប​គេត្រូវ​បាត់​មុខ​ពី​ព្រឹត្តិការណ៍ដែល​បារាំង​ឈ្នះពាន World Cup 2018 និង​អវត្តមាន​ពី​ការ​រៀប​ចំ Euro 2016 នៅ​ប្រទេស​កំណើត​ខ្លួន​ឯង​ផ្ទាល់​។ Benzema ស៊ុត​បញ្ចូល​ទី​ឱ្យ​ក្រុម​បារាំង ២៧​គ្រាប់ ហើយ​កាល​ពី​ខែមុន ត្រូវ​បាន​ជ្រើសរើស​ជា​កីឡាករ​ឆ្នើម​បំផុត​ ដែល​ប្រកប​អាជីព​នៅ​ក្រៅ​ប្រទេស​បារាំង ​ប្រចាំ​រដូវកាល​នេះ ដោយ​សមាគម​កីឡាករ​អាជីព​របស់​ប្រទេស​។

រដូវកាល​កន្លង​ទៅ ចំនួន​គា្រប់​បាល់ ដែល​គេ​រក​បាន​ឱ្យ​ក្រុម Real Madrid គឺ ២៩ គ្រាប់ ដោយ​រក​បាន​លើស ២០ ​គ្រាប់​ ទាំង ៣ ​រដូវកាល គិត​តាំង​ពី​តារា​ឆ្នើម Cristiano Ronaldo ចាក​ចេញ​ទៅ​ចូល​រួម​ជាមួយ​ក្រុម Juventus ក្នុង​ឆ្នាំ​ ២០១៨​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍