The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រទេស​ភាគ​ច្រើន មិន​គាំទ្រ​ការ​​​ពន្យារពេល​​​ស៊ីហ្គេម​នៅ​វៀតណាម




ប្រទេស​ភាគ​ច្រើន មិន​គាំទ្រ​ការ​​​ពន្យារពេល​​​ស៊ីហ្គេម​នៅ​វៀតណាម

Content image - Phnom Penh Post
Logo និងនិមិត្តសញ្ញា ​ដែលត្រូវ​ប្រើ​នៅស៊ីហ្គេម លើក​ទី​៣១ តែ​​ការ​ប្រកួតនេះ អាច​ត្រូវ​លើកពេល។ សហ​ការី

ប្រទេស​ភាគ​ច្រើន មិន​គាំទ្រ​ការ​​​ពន្យារពេល​​​ស៊ីហ្គេម​នៅ​វៀតណាម

ភ្នំពេញ៖ ​សំណើ និង​គោល​បំណង​ចង់​ពន្យារពេល​​​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី៣១ ឆ្នាំ​ ២០២១​ របស់​ម្ចាស់​ផ្ទះ​វៀតណាម​បាន​ស្ថិត​នៅ​ក្នុង​ភាព​មិន​ទាន់​ច្បាស់លាស់ ដែល​ទាមទារ​ឱ្យ​គណៈកម្មាធិការ​អូឡាំពិក​វៀតណាម ត្រូវ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​​របស់​ខ្លួន​ជា​ថ្មី​ម្តង​ទៀត ព្រោះ​ប្រទេស​ជា​សមាជិក​នៅ​ក្នុង​តំបន់​អាស៊ាន​ភាគ​ច្រើន មិន​គាំទ្រ​ឱ្យ​មាន​ការ​លើក​ពេល​ការ​ប្រកួត​ស៊ីហ្គេម​នេះ​ទេ។

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​វៀតណាម កាល​ពី​ពេល​ថ្មីៗ​នេះ បាន​​ផ្ញើ​លិខិត​ផ្លូវ​ការ​ទៅ​កាន់​គណៈកម្មាធិការជាតិ​អូឡាំពិក​របស់​ប្រទេស​ទាំង​អស់​នៅ​ក្នុង​តំបន់អាស៊ាន ដើម្បី​ប្រាប់​ពី​បំណង​របស់​ខ្លួន ដែល​ចង់​ពន្យារពេល​ការ​ប្រកួត​​ស៊ីហ្គេម​លើក​ទី​៣១ នៅ​ចុង​ឆ្នាំ​ ២០២១ ​នេះ ទៅ​ធ្វើ​នៅ​ក្នុង​​ខែ​កក្កដា ឆ្នាំ​ ២០២២ វិញ ដោយសារ​បាន​ជួប​វិបត្តិ​ការ​ផ្ទុះ​ឡើង​ខ្លាំង​នៃ​ជំងឺ​កូវីដ ​១៩។

ជាមួយ​សំណើ​នេះ គណៈ​អចិន្រ្តៃយ៍​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​បាន​រៀបចំ​ឱ្យ​មាន​ការ​ប្រជុំ​តាម​អនឡាញ Zoom ភ្លាមៗ។ ប៉ុន្តែ​តាម​​កិច្ច​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​នៅ​ក្នុង​កិច្ច​ពិភាក្សា ​កាល​ពី​រសៀល​ ថ្ងៃ​ពុធ​ម្សិលមិញ ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក តំណាង​ឱ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន​ភាគ​ច្រើន មិន​គាំទ្រ​ឱ្យ​លើក​ពេល​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​ ២០២១ ​នេះ​ទេ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​ថ្លែង​ប្រាប់​ ក្រោយ​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ពុធ​នោះ​ថា៖​ «នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​កីឡា​អាស៊ាន នៅ​ថ្ងៃ​នេះ ប្រទេស​សមាជិក​អាស៊ាន​ភាគ​ច្រើន ​មិន​គាំទ្រ​ឱ្យ​មាន​ការ​លើក​ពេល ឬ​ពន្យារពេល​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ​២០២១ ​នៅ​វៀតណាម​នេះ​ទេ ដោយ​សំអាង​​លើ​ហេតុផល​មួយ​ចំនួន ​ដូច​ជា​ជាន់​ពេល​វេលា​នៃ​​សកម្មភាព​​ប្រកួត​កីឡា​​ជា​ច្រើន​ទៀត ​នៅ​ឆ្នាំ​ ២០២២ និង​ទាក់ទង​គម្រោង​ចំណាយ​ថវិកា»។

យ៉ាង​ណា​ក៏​ដោយ អង្គ​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​កីឡា​អាស៊ាន ​​​បាន​សម្រេច​​ដាក់​ចេញ​នូវ​សេណារីយោ​ ចំនួន​ ៣ ដល់​ភាគី​ប្រទេស​វៀតណាម ដែល​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ការ​ប្រកួត​ស៊ីហ្គេម លើក​នេះ គឺ​ទី​១ សុំ​ឱ្យ​វៀតណាម​រក្សា​កាលបរិច្ឆេទ​ការ​ប្រកួត​ស៊ីហ្គេម នេះ​នៅ​​ដដែល ទី២ ពន្យារ​ពេល​ទៅ​ធ្វើ​នៅ​​ឆ្នាំ​២០២៥ និង​ ០២៧ តែ​ត្រូវ​យល់ព្រម​ពី​ប្រទេស​ថៃ ​និង​ប៊្រុយណេ ហើយ​ទី៣​ លើក​ទៅ​ឆ្នាំ​ ២០២២ អ៊ីចឹង​​អូឡាំពិក​វៀតណាម​ នឹង​លើក​យក​​សំណើ​នេះ ​​ទៅ​ពិភាក្សា​​ជាមួយ​រដ្ឋាភិបាល​របស់​ខ្លួន​ជា​បន្ត​ទៀត។

លោក វ៉ាត់ ចំរើន ដែល​ជា​អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​ប្រកួតកីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​ ២០២៣ ផង​នោះ បាន​ប្រាប់​​បន្ថែម​ថា៖​ «សម្រាប់​លទ្ធផល​នៃ​កិច្ច​ប្រជុំ លើក​នេះ គឺ​ត្រូវ​រង់ចាំ​ ២ សប្តាហ៍​ទៀត ដើម្បី​ឱ្យ​អូឡាំពិក​វៀតណាម​ស្នើ​ទៅ​រដ្ឋាភិបាល​វៀតណាម​សិន​ថា ​ត្រូវ​លើក​ពេល​ ឬ​ក៏​អត់ ហើយ​បើ​លើក​ពេល​ត្រូវ​​លើក​ទៅ​ឆ្នាំ​ក្រោយ ឬ​លើក​ទៅ​ ២ ​ឆ្នាំ​ទៀត គឺ​ឆ្នាំ​ ២០២៥ ឬ ២០២៧»។

អ្នក​ជំនាញ​កីឡា​រូប​នេះ ​បញ្ជាក់​ថា៖​ «​​នេះ​ជា​សេណារីយោ ដែល​ភាគី​ទាំង​អស់​បាន​សំណូម​ពរ ដោយ​​សុំ​ឱ្យ​អូឡាំពិក​វៀតណាម​ស្នើ​ទៅ​រដ្ឋាភិបាល​គាត់​សិន អ៊ីចឹង​រឿង​នេះ មិន​ទាន់​សម្រេច​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ហើយ​ ២ ​អាទិត្យ​ទៀត នឹង​ប្រជុំ​ក្នុង​ការ​យក​សំណើ​ពី​រដ្ឋាភិបាល​វៀតណាម​មក​ដាក់​ឱ្យ​ក្រុម​ប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ធ្វើ​ការ​ប្រជុំ​សម្រេច​ជា​ចុង​ក្រោយ គឺ​នៅ​ថ្ងៃទី​ ២៤ ខែ​មិថុនា នឹង​ធ្វើ ការ​សម្រេច»។

តាម​គម្រោង​ចាស់ ការ​ប្រកួត​ស៊ីហ្គេម​នៅ​វៀតណាម​ឆ្នាំ​នេះ ​​នឹង​ត្រូវ​​ធ្វើ​ចាប់​ផ្តើម​ពី​ថ្ងៃទី ២១ ខែ​វិច្ឆិកា ​​ដល់​ថ្ងៃទី​ ២ ខែ​ ធ្នូ​ ឆ្នាំ​ ២០២១ ហើយ​ព្រឹត្តិការណ៍​នេះ ​ម្ចាស់​ផ្ទះ​វៀតណាម​បាន​​ដាក់​ប្រភេទ​កីឡា​ចំនួន​​ ៤០​ សរុប​​មាន​​​៥២៦ វិញ្ញាសា៕

អត្ថបទគួរចាប់អារម្មណ៍