ភ្នំពេញ៖ ​អ្នក​ប្រដាល់​ចិត្ត​ធំ ជា​ម្ចាស់​ខ្សែ​ក្រវាត់​ ​២ ​ស្ថាប័ន ​​​របស់​សមាគម​កីឡា​​ប្រដាល់​កងយោធពល​ខេមរភូមិន្ទ​ ធន់ ចាន់តាក់ បាន​និង​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​សូវៀត ​បន្ទាប់​ពី​​មាន​​របួស​ធ្ងន់ធ្ងរ ​​ក្នុង​ការ​ប្រកួត​ជាមួយ​កីឡាករ​​ មុត​ ខ្លឹមខ្មៅ ​ដោយ ខ្លឹមខ្មៅ បាន​ទាត់​ត្រូវ​​ពងស្វាស​នៅ​សង្វៀន​បាយ័ន​ កាល​ពី​ថ្ងៃសៅរ៍ ទី​ ១២ ខែ​មិថុនា។​

បើ​ទោះបី​ជា ការ​ប្រកួត​នោះ ធន់ ចាន់តាក់ បាន​ស៊ូ​​រហូត​ដល់​បញ្ចប់​ទឹក​ទី​៥ និង​​ទទួល​បាន​លទ្ធផល​ឈ្នះ​លើ មុត ខ្លឹមខ្មៅ ប៉ុន្តែ​រូប​គេ​ត្រូវ​បែក​ឈាម​ ហើយ​លោក​គ្រូពេទ្យ​ប្រចាំ​សង្វៀន​ បាន​ជួយ​សង្គ្រោះ​ភ្លាមៗ ​និង​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​។​ គិត​មក​ដល់​ពេល​នេះ ​ធន់ ​ចាន់តាក់​ បាន​ធូរ​មួយ​កម្រិត​ហើយ ​ប៉ុន្តែ​ត្រូវ​បាន​កំពុង​តាម​ដាន​ពី​គ្រូ​ពេទ្យ ដោយ​​សង្ស័យ​ថា ​បែក​ប្លោក​នោម​ ខណៈ​ដែល​នោម​ចេញ​មក​នៅ​មាន​ឈាម​។

យ៉ាង​ណា​ក៏ដោយ លោក ​ធន់ ​សុភា​ ជាគ្រូ​បង្វឹក ធន់ ចាន់តាក់ បាន​​និយាយ​ថា​ ខាង​កម្មវិធី​ប្រដាល់​នៅ​សង្វៀន​បាយ័ន​គាត់​បាន​ជួយ​ជ្រោមជ្រែង​ដល់ ធន់ ចាន់តាក់ ហើយ ​ប៉ុន្តែ​នៅ​តែ​មិន​អាច​រ៉ាប់​រង​ឆ្លើយ​តប​បាន​នូវ​ការ​ខ្វះខាត ​ចំពោះការ​​ចំណាយ​ជាក់​ស្តែង​នៅ​ឡើយ​ ដោយ​លោក​ស្នើសុំ​មិត្ត​ភក្តិ និង​​សប្បុរស​ជន​មេត្តា​ជួយ​គ្នា​ផង​។​

លោក ​ធន់ ​សុភា​ បាន​​ប្រាប់​​ថា​៖ «ខ្ញុំ​​អាណិត​វា​ណាស់​ ព្រោះ​ជីវភាព​អ្នក​ប្រដាល់​ពេល​ប្រកួត​បាន​លុយ​ ប៉ុន្តែ​នៅ​ពេល​ឈឺ​ ពិត​ជា​គ្មាន​លុយ ​សម្រាប់​តម្កល់​ទុក​នៅ​ឡើយ​។ ​ខ្ញុំ​ស្នើ​សុំ​មិត្ត​រួម​អាជីព​មេត្តា​ចែក​រំលែក​គ្នា ​ពិសេស​សប្បុរសជន​ដែល​ស្រឡាញ់​គាត់ ​មេត្តា​ជួយ​គ្នា​បន្តិចបន្តួច​ផង​ ​ព្រោះ ធន់ ចាន់តាក់ ​មិន​ដឹង​ពេល​ណា​បាន​ជា ​និង​បាន​​ឡើង​ប្រកួត​វិញ​នោះ​ទេ»​​។​

បើ​តាម​ ធន់ ចាន់តាក់​ បាន​ឱ្យ​ដឹង​​ថា ​ចំពោះ​របួស​ដែល​កើត​ឡើង​ពេល​​​ប្រកួត​​ជាមួយ មុត​ ខ្លឹមខ្មៅ​ កាល​ពី​ថ្ងៃ​សៅរ៍​នោះ គឺ​​នៅ​ពេល​នេះ ​បាន​​ធូរ​ស្រាល​ខ្លះ​ហើយ ​ប៉ុន្តែ​នោម​ចេញ​ឈាម​ និង​មាន​អាការ​ឈឺ​ចុក​ចាប់​នៅ​ឡើយ ​មិន​ទាន់​អាច​ចេញ​បាន​ទេ​។​

ចំណែក​កីឡាករ​ មុត​ ខ្លឹមខ្មៅ ​និយាយ​ថា​៖ «​ខ្ញុំ​ទាត់​ចូល​តំបន់​ហាម​ឃាត់ ​គឺ​អចេតនា​ទេ ​ហើយ​ការ​ប្រកួត​នោះ ​បាន​អូស​បន្លាយ​ដល់​ចប់​ទឹក​ទី​៥ ​ទើប​ឃើញ​ ធន់ ចាន់តាក់ ​ហូរ​ឈាម​ចេញ​ពី​ពង ​ហើយ​ហៅ​ឡាន​ពេទ្យ​តែ​ម្តង​»។​ ​ខ្លឹមខ្មៅ បាន​​បន្ថែម​ថា៖​​ «​ឥឡូវ​ ខ្ញុំ​អាណិត​គាត់​ណាស់ ​តែ​មិន​ដឹង​បាន​អ្វី​ជួយ​គាត់​ទេ​ ​ព្រោះ​ជីវិត​អ្នក​ប្រដាល់​បាន​មួយ​គ្រា​ពេល​ប្រកួត តែ​​នៅ​ពេល​របួស ​គឺ​លំបាក​បែប​នេះ​ ហេតុ​នេះ​ខ្ញុំ​​ក៏​សូម​​អំពាវនាវ​ដល់​​សប្បុរសជន មេត្តា​​ជួយ​ដល់​គាត់​ផង​»។​​

កីឡាករ​ ធន់​ ចាន់តាក់​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង ​បច្ចុប្បន្ន​រូប​គេ​​មាន​សមត្ថភាព​លេច​ធ្លោ​ខ្លាំង។ នៅ​ក្នុង​ប្រវត្តិ​ប្រកួត​ចំនួន​ ៧១ ​ដង ចាន់តាក់ ​​ប្រកួត​ចាញ់​តែ​ ៧​ ដង​ទេ ហើយ​ក្នុង​ប្រវត្តិ​នេះ ចាន់តាក់ ​ធ្លាប់​ដណ្តើម​បាន​ខ្សែ​ក្រវាត់​ចំនួន​ ២ ​គឺ​ខ្សែ​ក្រវាត់​ស្រាបៀ​លីអូ​ទម្ងន់​ ៦០ ​គីឡូក្រាម​ នៅ​សង្វៀន​បាយ័ន​ និង​ខ្សែ​ក្រវាត់​ស្រាបៀរ​កម្ពុជា​ទម្ងន់​ ៦០ ​គីឡូក្រាម​នៅ​សង្វៀន​ CNC ​ព្រម​ទាំង​ឈ្នះ​បាន​​ពាន​រង្វាន់​ធំ​ជា​ច្រើន​ទៀត​៕