The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Immobile ចង់​កម្ទេច​សំណាង​អាក្រក់ ខណៈ​អ៊ីតាលី​ចាប់​ផ្ដើម Euro 2020 ទល់​នឹង​តួក​គី​




Immobile ចង់​កម្ទេច​សំណាង​អាក្រក់ ខណៈ​អ៊ីតាលី​ចាប់​ផ្ដើម Euro 2020 ទល់​នឹង​តួក​គី​

Content image - Phnom Penh Post
Immobile (ខាងមុខ) របស់​អ៊ីតាលី ព្យាយាម​គ្រប់​គ្រង​បាល់​ដោយមាន​ការ​ប្រជែង​ពី Zima របស់​សារ.ឆែក អំឡុង​ការ​ប្រកួត​មិត្ត​ភាព​ កាល​ពី​ថ្ងៃ​ទី ៤ ខែ​មិថុនា។​

Immobile ចង់​កម្ទេច​សំណាង​អាក្រក់ ខណៈ​អ៊ីតាលី​ចាប់​ផ្ដើម Euro 2020 ទល់​នឹង​តួក​គី​

ក្រុង​រ៉ូម​: ខ្សែ​ប្រយុទ្ធ​ឆ្នើម Ciro Immobile របស់​ក្រុមបាល់​ទាត់​​ជម្រើស​ជាតិ​អ៊ីតាលី នឹង​កំពុង​សម្លឹង​រក​ ក្នុង​ការ​កម្ទេច​នូវ​សំណាង​អាក្រក់ ដែល​នាំ​ឱ្យ​មិន​ទទួល​បាន​ជោគ​ជ័យ​នៅ​​ World Cup ខណៈ​ក្រុមរហស្សនាម «Azzurri» (ពណ៌ខៀវ) របស់​គេ ត្រឡប់​មក​កាន់​ឆាក​ប្រយុទ្ធ​ដ៏​ធំ​វិញ ​ក្នុង​​ព្រឹត្តិការណ៍​ប្រកួត​ប្រជែង​​ជើង​ឯក​អឺរ៉ុប​​ សម្រាប់​ហ្គេម​បើក​ឆាកទល់​នឹង​ក្រុម​តួកគី នា​ក្រុង​រ៉ូម​។​

ក្រុម​ជើង​ឯក​ពិភពលោក ៤​ ដង​ ដែល​កំពុង​ឡើង​ជើង​របស់​លោក Roberto Mancini កំពុង​ត្រូវបាន​ដាក់​ឈ្មោះ​ថា ជា​សេះ​ក្នុង​ទី​ងងឹត (ក្រុម​ដែល​អាច​ឈ្នះ​ពាន​ដោយ​នឹកស្មាន​មិនដល់) បន្ទាប់​ពី​មិន​អាច​ដណ្ដើម​បាន​សិទ្ធិ​ទៅលេង​ក្នុង​ព្រឹត្តិការណ៍ World Cup 2018​។

តែ​ក្រុម​អ៊ីតាលី ខ្វះ​កីឡាករ​ដៃ​គូ​ប្រយុទ្ធ​ឆ្នើម​ៗ ដូច​ក្រុមគូ​បដិបក្ខ​ផ្សេង​ៗ ដែល​មាន​ដូច​ជា Cristiano Ronaldo និង Joao Felix របស់​ប្រទេស​ព័រទុយហ្គាល់​ Kylian Mbappe និង Karim Benzema របស់​បារាំង ព្រម​ទាំង Harry Kane និង Marcus Rashford​ របស់​អង់គ្លេស​។

ហើយ​ទោះ​បី​ជា​មាន​កំណត់​ត្រា​រក​បាន ១៥០ ​គ្រាប់​ឱ្យ​ក្រុម​ Lazio ក្នុង​រយៈ​ពេល ៥ ​រដូវកាល ក៏​កីឡាករ​ Immobile នៅ​មិន​អាច​បំផ្លាញ​ឧបសគ្គ​រារាំង​ ក្នុង​ការ​មិន​ឱ្យអាច​​ស៊ុត​បញ្ចូល​ទី​បាន​​សម្រាប់​ក្រុម​ជម្រើស​ជាតិ នៅ​ក្នុង​ពេល​ចាំ​បាច់​។

កីឡាករ​វ័យ ៣១​ ឆ្នាំ​ បាន​ទ្រាំ​ទ្រ​នឹង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ក្លា ដោយសារ​មិន​អាច​រក​គ្រាប់​បាល់​បាន អំឡុង​ការ​ប្រកួត​វគ្គជម្រុះ​​ចាញ់​ធ្លាក់ World Cup រហូត​ចាញ់​ក្រុម​ស៊ុត​អែត កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧​។​

«​ខ្ញុំ​មិន​ចង់​លេង​ទៀត​ទេ ដោយ​វា​មាន​ភាព​សោក​សៅជ្រុលពេក រហូត​ពិបាក​គ្រប់​គ្រង​ ហើយ​វា​មាន​គំនិត​អវិជ្ជមាន​ច្រើន​ណាស់​»​។ នេះ​ជា​ការ​និយាយ​ពាក្យ​ក្នុង​ចិត្ត​ឡើង​វិញ​របស់ Immobile​។
តែ​ចាប់​តាំង​ពី​ពេល​នោះ​មក លោក​ Mancini បាន​អភិវឌ្ឍ​​ក្រុម​អ៊ីតាលី​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ៗ ដោយ​មក​ទល់​ពេល​នេះ លេង​មិន​ទាន់​ចាញ់​ទាល់​តែ​សោះរហូត​ដល់​ ២៧​ ការ​ប្រកួត​ហើយ​។

កីឡាករ Immobile ឈ្នះ​ពានរង្វាន់​ស្បែក​ជើង​មាស​ប្រចាំ​ទ្វីប​អឺរ៉ុប (European Golden Shoe) ក្នុង​រដូវកាល ២០១៩-២០២០ ជាមួយ​នឹង​ចំនួន​គ្រាប់បាល់ ៣៦​គ្រាប់ នៅ​លីគ ហើយ​រដូវកាល​ទើប​បញ្ចប់​​ទៅ​ថ្មី​ៗ​នេះ រក​បាន ២០ គ្រាប់ ខណៈ​ក្រុម​ Lazio បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ ៦​។

ជាមួយ​គ្នា​នេះ​ អតីត​កីឡាករ​របស់​ក្រុម Borussia Dortmund និង Sevilla មិន​យល់​ស្រប​ចំពោះ​ការ​លើក​ឡើង​ថា នេះ​អាច​ជា​ឱកាស​ចុង​ក្រោយរបស់​គេ ក្នុង​បាន​លេច​មុខ​នៅ​លើ​​ឆាក​នៃ​ព្រឹត្តិការណ៍​​ធំ​ៗ​។

Immobile បាន​អះអាង​ថា​៖ «​ខ្ញុំ​មាន​បុគ្គលិក​លក្ខណៈ​រឹង​មាំ​។ ខ្ញុំ​មិន​មាន​ទេពកោសល្យ​ខាង​ទិច​និក​​នោះ​ទេ តែខ្ញុំ​បាន​ទៅ​ឈរ​​ដល់​ចំណុច​នោះ មិន​មែន​ដោយសារ​​ទិចនិក​នោះ​ឡើយ ពោល​គឺ​ខ្ញុំ​ទៅ​ដល់​ដោយសារ​ថាម​ពល ការ​តស៊ូ​មិន​បោះ​បង់ និង​ភាព​វៃ​ឆ្លាត​ប៉ិន​ប្រសប់ទៅ​វិញ​ទេ​»​។​​​​

ក្រោយ​ពន្យារ​ពេល​រយៈ​ពេល ១ ឆ្នាំ ដោយសារ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ ១៩ ឥឡូវ​នេះ ការ​ប្រកួត​ប្រជែង ដែលត្រូវ​ចំ​ឡើង​ ក្នុង​​​ ១១ ទីលាន នៅ​ទូ​ទាំង​អឺរ៉ុប ដោយ​មាន ២៤ ​ក្រុម​​ចូល​រួម នឹង​ចាប់​ផ្ដើម​ដំណើ​រ​ការ​ផ្លូវ​ការ​ នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ខ្ទង់ ១៦ ០០០ នាក់ នា​កីឡដ្ឋាន​ Stadio Olimpico​។

សម្រាប់​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ដែល​ឈ្នះ​ជើង​ឯក​អឺរ៉ុប​តែ​ម្ដង​គត់ កាល​ពី​ឆ្នាំ​ ១៩៦៨ វានឹង​ក្លាយ​ជា​ការ​ប្រកួត​សំខាន់​ដំបូង​របស់​ខ្លួន គិត​តាំង​ពី​បរាជ័យ ក្នុង​វគ្គ​ ៨​ ក្រុម​ចុង​ក្រោយ នៅ Euro 2016 ក្រោម​ថ្វី​ជើង​របស់​ក្រុម​អាល្លឺម៉ង់ ក្នុង​វគ្គ​ប៉េណាល់​ទី​កាត់​ក្ដី​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍