The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Djokovic ត្រៀម​ប្រឈម​ជាមួយ​គូ​បដិបក្ខដ៏​ខ្លាំង​បំផុត Nadal ជាលើក​ទី៥៨




Djokovic ត្រៀម​ប្រឈម​ជាមួយ​គូ​បដិបក្ខដ៏​ខ្លាំង​បំផុត Nadal ជាលើក​ទី៥៨

Content image - Phnom Penh Post
​កីឡាករ Nadal និង Djokovic ដែល​ទាំង ២ នាក់​ត្រូវ​តទល់​គ្នា​ ក្នុង​វគ្គ​ ៤ នាក់​ចុង​ក្រោយនៃ​កម្ម​វិធី French Open 2021 នៅ​ថ្ងៃ​សុក្រ​នេះ​។

Djokovic ត្រៀម​ប្រឈម​ជាមួយ​គូ​បដិបក្ខដ៏​ខ្លាំង​បំផុត Nadal ជាលើក​ទី៥៨

ក្រុងប៉ារីស: Novak Djokovic បាន​ប្រាប់​ថា ការ​ប្រឈម​នឹង Rafael Nadal ជាលើក​ទី៥៨ នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​​កៅ​អី​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​វាយ​កូន​បាល់ (តិន្នីស) ក្នុង​កម្មវិធី​ French Open 2021 ស្ថិត​ក្នុង​ហានិភ័យ​ នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​អាស្ចារ្យ​ទល់​នឹង​គូបដិបក្ខ​ដ៏​ធំ​បំផុត​របស់​ខ្លួន​។​

កីឡាករ​សញ្ជាតិ​ស៊ែប៊ី Djokovic អាច​ដណ្ដើម​បាន​សិទ្ធិសម្រាប់​​ការ​ប្រកួត​ប្រជែង ដែល​រង់​ចាំ​ដោយ​អន្ទះ​អន្ទែងនេះ នៅ​ពេល​ដែល​រូប​គេ​បាន​ឆ្លង​ទៅ​វគ្គ ៤​នាក់​ចុង​ក្រោយ ក្នុង​កម្ម​វិធី​ប្រកួត​លំដាប់ Grand Slam ជា​លើក​ទី៤០ ជាមួយ​នឹង​ការ​យក​ឈ្នះក្នុង​លទ្ធផល ៦-៣ ៦-២ ៦-៧ និង ៧-៥ លើ​កីឡាករ​វ័យ​ក្មេង​ Matteo Berrettini របស់​អ៊ីតាលី​។

វា​នឹង​ជា​ការ​បង្ហាញ​វត្តមាន​​លើក​ទី១១ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ នៅ​ក្រុង​ប៉ារីស​ ដែល​កីឡាករ​លំដាប់​លេខ ១ ពិភពលោក​ គឺ​ជា​ជើង​ឯក​ ក្នុង​ឆ្នាំ​ ២០១៦​។

ក្រោយ​ត្រូវ​ឡើង​ទៅ​ជួប​គូ​ប្រជែង​ដ៏​ខ្លាំង​បំផុត​របស់​ខ្លួន Nadal កីឡាករ Djokovic បាន​និយាយ​ថា​៖ «​ខ្ញុំ​ប្រហែល​ជាអាច​​ជ្រើស​រើស Rafa ​​(Nadal) ជា​គូ​ប្រកួតដ៏​ខ្លាំង​បំផុត​ ដែល​ខ្ញុំ​ធ្លាប់​បាន​តទល់​ជាមួយ​ ក្នុង​អាជីព​របស់ខ្ញុំ​»​។

«​ការ​រំពឹង​ចង់​ឱ្យ​មាន​ការ​ប្រកួត​ទល់​នឹង​រូប​គេ ទោះ​ជា​ការ​ប្រកួត​ក្នុងកម្មវិធី​​ណាមួយ ក្នុង​ទិដ្ឋភាព​ណាមួយ ឬ​ក្នុង​កាលៈ​ទេសៈ​ណាក៏ដោយ គឺ​តែង​តែ​ប្លែក​ជាង​ប៉ះ​ជាមួយ​គូ​បដិបក្ខ​ដទៃ​ទៀត​ជានិច្ច​។ សូម​មើល​ការ​ប្រកួត​ដ៏​អស្ចារ្យ​នេះ​»​។ នេះ​ជាការ​បន្ថែម​របស់ Djokovic​។

ទោះ​ជា​កីឡាករ Djokovic មាន​ប្រៀប​ដោយ​ការ​ឈ្នះ ២៩ ទល់នឹង ២៨ ក្នុង​ការ​ប្រឈម​មុខ​គ្នា​ដោយ​រួម មាន​តាំង​ពី ១៥​ ឆ្នាំ​មុនក៏​ដោយ តែ Nadal មាន​ស្ថិតិ​ ឈ្នះ ៧ ដង និង​ចាញ់ ១ ដង សម្រាប់​ការ​ជួប​គ្នា ក្នុង​កម្ម​វិធី​​ French Open ហើយ​​មាន​កំណត់​ត្រា​ ឈ្នះ ១៩ ​ដង និងចាញ់ ៧ ​ដង សម្រាប់​ការ​ប៉ះ​គ្នា​ជារួម​ នៅ​លើ​ទីលាន​ដីឥដ្ឋ​។

ជ័យ​ជម្នះ​ចុង​ក្រោយ​របស់ Djokovic លើ​កីឡាករ​លំដាប់​លេខ ៣ ពិភពលោក​សញ្ជាតិ​អេស្ប៉ាញ សម្រាប់​ការ​ប្រកួត​ប្រជែង​នៅ​លើ​ទីលាន​ដី​ឥដ្ឋ​នេះ គឺ​កើត​មាន នៅ​ទីក្រុង​រ៉ូម​ ប្រទេស​អ៊ីតាលី កាល​ពី ៥​ ឆ្នាំ​មុន​។​

សម្រាប់​កីឡាករ Nadal ដែល​ត្រូវ​បាន​ឱ្យ​ឈ្មោះ​ថា ជា​ស្ដេច​ទីលាន​ដី​ឥដ្ឋ និង​ដែល​ជា​ម្ចាស់​ពាន​កម្ម​វិធី​នេះ ១៣​ សម័យ​កាល បាន​ធ្វើ​ដំណើរ​ទៅ​វគ្គ ៤ ​នាក់ ជា​លើក​ទី១៤ ដោយ​ការ​យក​ជ័យ​ជម្នះ​លើ​កីឡាករ​អាហ្សង់​ទីន Diego Schwartzman ជាមួយ​នឹង​លទ្ធផល ៦-៣ ៤-៦ ៦-៤ និង​ ៦-០​។​

កីឡាករ​វ័យ​ ៣៥ ​ឆ្នាំ នឹង​ធ្វើ​ការ​ប្រកួត​ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជាលើក​ទី៣៥ គិត​គ្រប់​កម្មវិធី Grand Slam ហើយ​ស្ថិតិឈ្នះ​​នៅ​ក្រុង​ប៉ារីស​របស់​ Nadal គឺ​ចំនួន ១០៥ ​ដង ដោយ​ចាញ់​តែ ២លើកប៉ុណ្ណោះ​​ ខណៈ​ការ​បរាជ័យ ១ លើក ក្នុង​ចំណោម ២​ដង​នោះ គឺ​ចាញ់​ក្រោម​ថ្វី​ដៃ​របស់ Djokovic ក្នុង​ឆ្នាំ​ ២០១៥​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍