ក្រុង​រ៉ូម៖ ការ​ស៊ុត​បញ្ចូល​ទី ២ គ្រាប់​របស់ Manuel Locatelli និង​ការ​ថែម ១ គ្រាប់​ នៅ​ចុង​ម៉ោងពី Ciro Immobile បាន​ជួយ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​កក់​កៅអី​ក្នុង​វគ្គ ១៦ ​ក្រុម​ចុង​ក្រោយ នៅ Euro 2020 មុន​គេ ជាមួយ​នឹង​ការ​នៅ​សល់ ១ ហ្គេម​ទៀត​ ក្រោយ​ឈ្នះ​ក្រុម​ស្វ៊ីស ៣-០ អំឡុង​ការ​ប្រកួត​ទី២ ប្រចាំ​ពូល A នា​ក្រុង​រ៉ូម កាល​ពី​ថ្ងៃ​ពុធ​។

ខ្សែ​បម្រើ Locatelli របស់​ក្រុម Sassuolo បាន​ស៊ុត​បញ្ចូល​ទី​​ឱ្យ​ក្រុម​រហស្សនាម «Azzurri» (ពណ៌​ខៀវ) នាំ​មុខ​នៅ​នាទីទី​២៦​ ហើយ​មាន​ឱកាស​បន្ថែម​គ្រាប់​ទី២ ពេល​ការ​ប្រកួត​វគ្គ​ទី២ ចាប់​ផ្ដើម​ប្រមាណ​ជា​ ៧ នាទី ខណៈ​ខ្សែ​ប្រយុទ្ធ Immobile របស់​ក្រុម Lazio មាន​ឱកាស​អាច​ទម្លុះ​សំណាញ់​​ទី​ ២ ជា​បន្ត​បន្ទាប់​​ប្រមាណ​ជា ១ នាទី មុន​ដល់​នាទី​ទី​៩០​។

ក្រុម​របស់​លោក Roberto Mancini ឈរ​លើ​គេ​ក្នុង​ពូល A ដោយ​មាន ៦ ​ពិន្ទុ ពី​ការ​ប្រកួត ២ ​ដង​ ក្នុង​នោះ​ស៊ុត​បញ្ចូល​ទី​ ៦ ​គ្រាប់ ហើយ​អត់​របូត​គ្រាប់​បាល់​សូម្បី ១ គ្រាប់​ ពោល​គឺ​នាំ​មុខ​ដាច់ ២ ពិន្ទុ​លើ​ក្រុម​វេលស៍ ដែល​យក​ឈ្នះ​តួកគី ២-០ ពី​ការ​ប្រកួត​នៅ​មុន​ហ្នឹង​ នាក្រុង​បាគូ។

គ្រូបង្វឹក​របស់​អ៊ីតាលី លោក Mancini បាន​ថ្លែង​ថា​៖ «​គ្រប់​ការ​ប្រកួត​ គឺ​សុទ្ធ​តែ​លំបាក​ទាំង​អស់។ ក្រុម​ខ្លះ​មើល​ទៅ​រាង​​ខ្សោយ​ជាង​យើង​បន្តិច តែ​ពួក​គេ​តែងតែ​​ប្រឹងប្រែង​លេង ដើម្បី​ឈ្នះ​ជានិច្ច​។ ស្វ៊ីស ​គឺ​ជា​ក្រុម​ដ៏​ខ្លាំង ១​។ វា​ជា​ហ្គេម​​តឹងតែង​ណាស់​។ យើង​អាច​ស៊ុត​បញ្ចូលទី​បាន​លឿន​ ហើយ​​ចុង​ក្រោយ ​​​វា​ជា​ជ័យ​ជម្នះ​ដែល​សម​នឹង​ទទួល​បាន​»​។

ក្រុម​អ៊ីតាលី​ នឹង​ធ្វើ​ដំណើរ​ទៅ​វគ្គ​បន្ត​ក្នុង​នាម​ជា​ប្រធាន​ពូល ប្រសិន​បើ​ពួក​គេ​គេច​ផុត​ពី​បរាជ័យ អំឡុង​ការ​ប្រកួត​ចុង​ក្រោយ​នៅ​កីឡដ្ឋាន Stadio Olimpico នៅ​ថ្ងៃ​អាទិត្យ ពេល​លេង​ទល់​នឹង​ក្រុម​វេលស៍ ដែល​ធ្លាប់​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដោយ​ការ​ឡើង​ដល់​វគ្គ ៤ ក្រុម​ចុង​ក្រោយ កាល​ពី​ព្រឹត្តិការណ៍​ Euro 2016 នៅ​ប្រទេស​បារាំង​។

លោក Mancini បន្ថែម​ថា​៖ «មក​ទល់​ពេល​នេះ កីឡាករ​​ទាំង​អស់​លេង​បាន​ល្អ តែ​ដំណើរ​ផ្លូវ​នៅ​វែង​ឆ្ងាយ​ទៀត​។ មាន​ក្រុម​ជាតិ​ផ្សេង​ៗ​ ដែល​នាំ​មុខ​យើង​ក្នុង​ការ​អភិវឌ្ឍ​ក្រុម​ តែ​ក្នុង​ការ​ប្រកួត​បាល់​ទាត់ អ្វី​ក៏​អាច​កើត​ឡើង​បាន​ដែរ​»​។

សម្រាប់​ក្រុម​ស្វ៊ីស​ ពេល​ប៉ះ​ជាមួយ​ក្រុម​តួកគី​ក្នុង​ក្រុង​បាគូ នា​ចុង​សប្ដាហ៍​នេះ ចាំបាច់​ត្រូវ​តែ​ឈ្នះ​ឱ្យ​បាន ដើម្បី​អាច​រក្សា​ឱកាស​ក្នុង​ការ​បាន​ឡើង​ទៅ​វគ្គ​ចាញ់​ធ្លាក់​។

អ្នក​ចាត់​ការ​របស់​ក្រុម​ស្វ៊ីស លោក Vladimir Petkovic បាន​ប្រាប់​ថា​៖ «​គ្រប់​គ្នា​សម​នឹង​បាន​នូវ​ការ​ខក​ចិត្ត នៅ​យប់​នេះ តែ​ថ្ងៃ​ស្អែក ចាប់​ពី​ពេល​ធ្វើ​ការ​ហ្វឹកហាត់​លើក​ទី១ យើង​ត្រូវ​តែ​ធ្វើ​ដំណើរ​ទៅមុខ​។ ខ្ញុំ​បាន​ប្រាប់​ទៅកូន​ក្រុម​ទាំង​អស់​ថា នៅ​សល់​ការ​ប្រកួត ១ ដង​ទៀត ហើយ​ការ​ដណ្ដើម​បាន ៣ ពិន្ទុ អាច​នាំ​ពួក​យើង​ទៅ​វគ្គ​បន្ទាប់​បាន​»​។​​

សម្រាប់​ក្រុម​អ៊ីតាលី ដំណឹង​អាក្រក់​តែ ១ គត់ ក្នុង​ហ្គេម ដែល​ពួក​គេ​មាន​ប្រៀប​នេះ គឺ​ការ​បាត់បង់​កីឡាករ​ប្រធាន​ក្រុម Giorgio Chiellini ដែល​ដើរ​ដំណើរ​ខ្ញើចៗ​ចេញ​ពី​ទីលាន ដោយសារ​មាន​បញ្ហា​របួស​សាច់​ដុំ​នៅ​វគ្គ​ទី១​។​

ខ្សែ​ការពារ​វ័យ ៣៦ ​ឆ្នាំ​​របស់​ក្រុម Juventus រូប​នេះ ក៏​បាន​រក​គ្រាប់​បាល់​បាន ១ គ្រាប់​ដែរ នៅ​នាទីទី​២០ តែ​ត្រូវ​បាន​បដិសេធ​ចោល​វិញ ក្រោយ​មាន​ការ​ពិនិត្យ​វីដេអូ​ជំនួយ​ការ​អាជ្ញា​កណ្ដាល (VAR) ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា មាន​ការ​ប៉ះ​ដៃ​មុន ខណៈ ៤ ​នាទី​ក្រោយ​មក ត្រូវ​បាន​សុំ​ឱ្យ​ប្ដូរ​ចេញ ដោយសារ​មាន​បញ្ហា​ភ្លៅ​។

ពាក់ព័ន្ធ​របួស​របស់​កីឡាករ​ Chiellini លោក​ Mancini បាន​បន្ថែម​ខ្លី​ៗ​ថា​៖ «​យើង​សង្ឃឹម​ថា នឹង​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ទៅ​ចុះ​»​។

Chiellini ត្រូវ​បាន​​ដូរ​ជំនួស​ដោយ​ខ្សែ​ការពារ Francesco Acerbi របស់​ក្រុម Lazio ដែល​វា​​ជា​ការ​​បង្ហាញ​ខ្លួន​លើក​ដំបូង​ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ប្រជែង​ធំៗ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ក្នុង​វ័យ ៣៣​ ឆ្នាំ ខណៈ​ស្លាកដៃ​ប្រធាន​ក្រុម​ត្រូវ​ប្រគល់​ឱ្យ​មិត្ត​រួម​ក្រុម​ Juventus គឺ​ខ្សែ​ការពារ Leonardo Bonucci​។

សម្រាប់​កីឡាករ Locatelli ដែល​មក​ឈរ​ក្នុង​តំណែង​នេះ​ជំនួស​កីឡាករ​មាន​របួស គឺ Marco Verratti រក​បាន ៣ ​គ្រាប់​ហើយ ក្នុង​ចំណោម​ការ​ចូល​លេង ១២ ​លើក​ឱ្យ​ក្រុម​អ៊ីតាលី គិត​តាំង​ពី​បាន​បង្ហាញ​ខ្លួន​​លើក​ដំបូង កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ​៕ AFP/VN