ក្រុង​ឡុងដ៍៖ ការ​វិល​មក​កាន់​​ឆាក​នៃ​កម្មវិធី​​ប្រកួត​ធំៗ​របស់​ក្រុម​ជម្រើសជាតិ​ស្កុតឡេន ប្រហែល​ចាប់​ផ្ដើម​មិន​សូវ​​រលូន​ប៉ុន្មាន​ឡើយ តែ​ការ​ធ្វើ​ដំណើរ​ទៅ​​ពហុកីឡដ្ឋាន Wembley ដើម្បី​សួរ​សុខ​ទុក្ខ​ក្រុម​​អង់គ្លេស​នឹង​ផ្ដល់​ឱកាស​ឱ្យ​កូន​ក្រុម​របស់​លោក Steve Clarke ក្នុង​ការ​កត់ត្រា​ខ្លួន​ឯង​ចូល​ទៅ​ក្នុង​សៀវភៅ​​រឿង​និទាន សម្រាប់​ក្មេង​ជំនាន់​ក្រោយ​​​។​

បរាជ័យ​ក្នុង​លទ្ធផល ២-០ ក្រោម​ថ្វី​ជើង​របស់​ក្រុម​សា.ឆែក អំឡុង​ការ​ប្រកួត​ដំបូង​ នៅ​កីឡដ្ឋាន Hampden កាល​ពី​ថ្ងៃ​ចន្ទ ​ធ្វើ​ឱ្យ​ក្រុម​ស្កុតឡេន ​ជាក់ស្ដែង​ចាំបាច់​ត្រូវ​តែ​គេច​ឱ្យ​ផុត​ពី​​ការ​ចាញ់​ជា​លើក​ទី២ ពេល​ប៉ះ​ក្រុម​តោកំណាច​នេះ ដើម្បី​​រក្សា​ក្ដី​សង្ឃឹម​ ក្នុង​ការ​បាន​ឆ្លង​ផុត​ពី​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ជាលើក​ដំបូង​។​

នៅ​លើ​ក្រដាស​នៃ​បណ្ដាញ​សារព័ត៌មាន​ទំនង​ជា​លើក​ឡើង​ថា ​​​មិនមាន​ចន្លោះ​សម្រាប់​ឱ្យ​ក្រុម​របស់​លោក Clarke ធ្វើ​ស្ពាន ដើម្បី​បាន​ផ្ទឹម​នឹង​ក្រុម​ចំណាត់​ថ្នាក់​លេខ ៤ ពិភព​លោក ដែល​កំពុង​មាន​មហិច្ឆតា​ចង់​​ឈ្នះ​ពាន​របស់​អឺរ៉ុប​ជាលើក​ដំបូង​។ តែ​សម្រាប់​ក្រុម​ស្កុតឡេន នឹង​គ្មាន​ហ្គេម​ណា ដែល​មាន​ន័យ​ជាង​បាន​ប្រកួត​ឈ្នះ​ក្រុម​គូស​ត្រូវ​ចាស់​នោះ​ឡើយ​។​​

ក្រុម​ស្កុតឡេន​ក្នុង​ឆ្នាំ​ ១៩៦៧ និង​ឆ្នាំ​ ១៩៧៧ នៅ​តែ​ត្រូវ​បាន​ចង​ចាំ​គ្មាន​ថ្ងៃ​ភ្លេច សម្រាប់​ការ​​ឈ្នះ នៅ Wembley នេះ ក្នុង​ការ​ប្រកួត​កាល​ពី​កម្មវិធី​ចាស់ British Home Championship។ ការ​ធ្វើ​បែប​ហ្នឹង​បាន​ពី​ការ​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​ធំ​ជាលើក​ដំបូង ក្នុង​រយៈ​ពេល ២៣ ​ឆ្នាំ នឹង​នាំ​ឱ្យ​កីឡាករ​ស្កុតឡេន ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្នុង​នាម​ជាវីរបុរស​។​

ខ្សែ​បម្រើ​របស់​ក្រុម​ស្កុតឡេន John McGinn របស់​ក្រុម​ Aston Villa បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​៖ «បណ្ដាញ​សារព័ត៌មាន​នៅ​អង់គ្លេស​នឹង​ធ្វើ​ឱ្យ​អ្នក​យល់​ថា គម្លាត​រវាង​ក្រុម​ទាំង ២ គឺ​ធំ​ណាស់​។ វា​ស្ថិត​នៅ​លើ​យើង​ ដែល​ត្រូវ​បង្ហាញ​ឱ្យ​ឃើញ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ពួក​គេ​គិត​ខុស​»​។

ខ្សែ​ការពារ​ Andy Robertson ឈ្នះ​ទាំង​ពាន​ក្របខ័ណ្ឌ Champions League និង Premier League ជាមួយ​ក្រុម​ហង្សក្រហម Liverpool ហើយ​ខ្សែ​បម្រើ Scott McTominay អភិវឌ្ឍ​ខ្លួន​ឱ្យ​កា្លយ​ជា​កីឡាករ​បាន​លេង​យ៉ាង​ទៀង​ទាត់​នៅ​ក្រុមបិសាច​ក្រហម Manchester United ខណៈ​ខ្សែ​ការពារ​ Kieran Tierney របស់​ក្រុម​កាំភ្លើង​ធំ Arsenal សង្ឃឹម​ថា​ អាច​ជា​សះស្បើយ​ទាន់​ពេល​សម្រាប់​ការ​ប្រកួត​នេះ។

កីឡាករ​ McGinn បាន​បន្ថែម​ទៀត​ថា​៖ «​យើង​មាន​ប្រជាជន​ចំនួន ៥ លាន​នាក់ ខណៈ​ពួក​គេ មាន ៥៥ លាន​នាក់​។ ពួក​គេ​សម្បូរ​ទៅ​ដោយ​ស៊ុបភើស្តារ (កីឡាករ​ឆ្នើមៗ) នៅ​ទូទាំង​ពិភព​លោក​ក្នុង​ក្រុម​របស់​គេ​ ដូច្នេះ​វា​ជា​រឿង​ធម្មតា​ដែល​ពួក​យើង​ត្រូវ​មើល​រំលង តែ​យើង​មាន​ស៊ុប​ភើស្តារ​តូចៗ ដោយ​ខ្លួន​យើង​ផ្ទាល់​»​៕ AFP/VN