ក្រុង​ឡុងដ៍៖ លោក Gareth Southgate បាន​ទទួល​ស្គាល់​ថា ក្រុម​តោ​កំណាច​អង់គ្លេស​អាច​មិន​មាន​ការ​តវ៉ា​អ្វី​ឡើយ​ចំពោះ​ការ​មាន​ប្រតិកម្ម​ទាំង​កំហឹង​ពី​អ្នក​គាំទ្រ ដែល​បាន​ហ៊ោ​ចំអក (សម្ដែង​ការ​មិន​ពេញ​ចិត្ត) ដល់​ក្រុម​របស់​លោក បន្ទាប់​ពី​លេង​​ត្រឹម​ស្មើ​ដោយ​​​គ្មាន​គ្រាប់​បាល់​ជាមួយ​ក្រុម​គូ​ប្រជែង​ស្លាប់​រស់​ស្កុតឡេន​ក្នុង​ព្រឹត្តិការណ៍ Euro 2020​។

ក្រុម​របស់​លោក Southgate ត្រូវ​បាន​អ្នក​គាំទ្រ​ស្រែក​ដាក់​ដោយ​ការ​មិន​ពេញ​ចិត្ត​នៅ​ពេល​ដែល​សំឡេង​កញ្ចែ​ចុង​ក្រោយ​បន្លឺ​ឡើង​ក្នុង​កីឡដ្ឋាន Wembley កាល​ពី​ថ្ងៃ​សុក្រ ដោយសារ​ការ​លេង​ទល់​នឹង​ក្រុម​ស្កុត​ឡេន​នោះ មិន​សូវ​បាន​ល្អ ដោយ​មានការ​ស៊ុត​ចំ​គោលដៅ​តែ​ម្ដង​ប៉ុណ្ណោះ​។

៥ ​ថ្ងៃ​ក្រោយ​ពី​ការ​ចាប់​ផ្ដើម​យុទ្ធនាការ​ក្នុង​ពូល D របស់​ខ្លួន​ជាមួយ​នឹង​ជ័យជម្នះ​ប្រផិតប្រផើយ ១-០​ លើ​ក្រុម​ក្រូអាស៊ី ជា​ថ្មី​ម្ដង​ទៀត ក្រុម​តោ​កំណាច មិន​អាច​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​នៅ​តំបន់​ប្រយុទ្ធ​របស់​ខ្លួន​នោះ​ឡើយ​។​

ក្រុម​អង់គ្លេស​នៅ​តែ​ស្ថិត​លើ​ផ្លូវ​នៃ​ការ​បាន​ឆ្លង​ទៅ​វគ្គ ១៦ ក្រុម​​ចុង​ក្រោយ មុន​នឹង​ទៅ​ធ្វើ​ការ​​ប្រកួត​ចុង​ក្រោយ​ប្រចាំ​ពូល​របស់​ខ្លួន​ទល់​ក្រុម​លេខ ១ សា.ឆែក នា​ថ្ងៃ​អង្គារ​នេះ​។​

ប៉ុន្តែ​ពួក​គេ​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ ​បើ​ចង់​ឈ្នះ​ជើងឯក​ពី​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ហើយ​អ្នក​ចាត់​ការ​ក្រុម​អង់គ្លេស លោក Southgate បាន​ថ្លែង​ថា​​ លោក​រំពឹង​នឹង​មាន​ការ​​តបត​យ៉ាង​រហ័ស ដែល​ទទួល​បាន​ពី​អារម្មណ៍​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ស្កុតឡេន​នេះ​។

លោក​ Southgate បាន​ប្រាប់​ថា​៖ «​នេះ​ គឺ​ការ​ប្រកួត​ប្រជែង​មួយ ហើយ​​រឿង​សំខាន់​អ្នក​មិន​​ឈ្នះ តែ​មិន​ចាញ់​។ ពិត​មែន​វា​មាន​អារម្មណ៍​តឹងតែង នៅ ១៥ ​នាទី​ចុង​ក្រោយ ក្នុង​​ហ្គេម​មួយ ដែល​អ្នក​គាំទ្រ​ចង់​បាន​យ៉ាង​ខ្លាំង​ឱ្យ​អ្នក​តម្រង់​ឆ្ពោះ​ទៅ​មុខ ហើយ​កុំ​ខ្វល់​ពី​អ្វី​ទាំង​អស់​ ព្រោះ​នោះ​ គឺ​ស្កុតឡេន ដូច្នេះ​មាន​អារម្មណ៍​​ដូច​​ស្ថិត​ក្នុង​ឱកាស​ដ៏​ពិសេស​មួយ​»​។

គ្រូបង្វឹក​វ័យ ៥០ ​ឆ្នាំ បាន​បន្ត​ថា​៖ «​តែ​យើង​នៅ​តែ​​ត្រូវ​ចូល​ឱ្យ​ដល់​បរិបទ​នោះ ដែល​ថា ១ ពិន្ទុ គឺ​នៅ​តែ​ជា​ជំហាន​ដ៏​សំខាន់ ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ការ​បាន​ឆ្លង​ផុត​ពី​វគ្គ​ក្នុង​ពូល ហើយ​ចុង​ក្រោយ​ ការ​បាន​សិទ្ធិ​ទៅ​ជុំ​បន្ត​ឯណោះ​ទេ ដែល​ជា​គោលដៅ​ចម្បង​របស់​ពួក​យើង​»​។

លោក​ Southgate ទទួល​អារម្មណ៍​ដឹង​ថា មាន​ការ​មិន​ពេញ​ចិត្ត​ពី​អ្នក​គាំទ្រ នៅ​ពេល​ដែល​គាត់​ប្ដូរ​កីឡាករ​ដ៏​សំខាន់ Phil Foden របស់​ក្រុម Manchester City នៅ​ដើម​វគ្គ​ទី២ ក៏​ដូច​ជា​ដាក់​កីឡាករ​ Marcus Rashford ជំនួស​ខ្សែ​ប្រយុទ្ធ​ធ្លាក់​ទម្រង់ Harry Kane ផង​ដែរ​​។ លើស​ពី​នេះ​ទៀត លោក​ក៏​ដឹង​ដែរ សម្ពាធ​នឹង​កាន់​តែ​កើន​ឡើង​លើ​ក្រុម​អង់គ្លេស​ ប្រសិន​បើ​រក​មិន​ឃើញ​ចង្វាក់​នៃ​ការ​លេង​ដ៏​ល្អ​ប្រសើរ​ទល់​នឹង​ក្រុម​សា.ឆែក​ទេ​នោះ​។

លោក Southgate ​បាន​បន្ថែម​​​ទៀត​ថា​៖ «នេះ​ គឺ​តែងតែ​ជា​​បញ្ហា ដែល​ខ្ញុំ​ដឹង​ថា យើង​នឹង​ត្រូវ​តែ​ធ្វើ​ការ​ដោះ​ស្រាយ ហើយ​នោះ​នឹង​កា្លយ​ជា​បទ​ពិសោធ​មួយ ​​សម្រាប់​កីឡាករ​ទាំង​អស់​ប្រឈម​​​ជាមួយ​។ ខ្ញុំ​បាន​​និយាយ​ពី​មុន​រួច​ហើយ មិនមែន​ព្រោះ​តែ​អ្នក​លេង​ក្នុង​ផ្ទះ​ខ្លួន​ឯង ហើយ​មាន​ន័យ​ថា អ្នក​ឈ្នះ​រួច​ហើយ​នោះ​​ទេ។ ​អ្នក​ត្រូវ​តែ​ឈ្នះ​»​។

លោក​ Southgate ប្រាប់​ទៀត​ថា​៖ «កាល​ពី​ថ្ងៃ​អាទិត្យ យើង​លេង​បាន​ល្អ ហើយ​បាន​លទ្ធផល ដែល​សម​នឹង​ទទួល​បាន​។ តែ​លើក​នេះ យើង​លេង​អត់​ល្អ ដូច្នេះ យើង​ត្រូវ​ទទួល​យក​លទ្ធផល​នេះ។ ខ្ញុំ​ទទួល​យក​លទ្ធផល​នោះ ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ក្រុម​។ យើង​ត្រូវ​រៀន​សូត្រ​ពី​បទ​ពិសោធ​នេះ ហើយ​យើង​នឹង​យក​ទៅ​កែ​លម្អ​ទល់​នឹង​ក្រុម​ឆែក​»​៕ AFP/VN