ភ្នំពេញ៖ ឆាក​ជីវិត​តស៊ូ​ក្នុង​ជីវភាព​ដ៏​លំបាក​​ ដែល​មិន​បាន​សិក្សា​ខ្ពស់​ និង​គ្មាន​ជំនាញ​អ្វី​នោះ​​ លោក គៀង​ សាម៉ន ​បាន​សម្រេច​ចិត្ត​ចូល​ហ្វឹកហាត់​​ជា​កីឡាករ​អត្ត​ពលកម្ម ​ផ្នែក​រត់​ប្រណាំង​ចម្ងាយ​មធ្យម ​ក្នុង​វិញ្ញាសា ​៨០០ ​ម៉ែត្រ​ ដល់​ ១ ៥០០ ​​ម៉ែត្រ ​ក្នុង​ឆ្នាំ​ ២០០៥​ ស្រប​ពេល​ដែល​ការងារ​រក​ប្រាក់​​ចំណូល​ ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ ​បាន​មក​ពី​មុខ​របរ​ ជា​អ្នក​ឡើង​បេះដូង​លក់​។

ដោយ​មាន​ការ​ប្រឹងប្រែង និង​​​ហ្វឹកហាត់​ជា​ប្រចាំ​ ធ្វើ​ឱ្យ គៀង សាម៉ន មាន​កម្រិត​បច្ចេកទេស​ល្អ​ ហើយ​បាន​​​ជាប់ជា​កីឡាករ​ជម្រើស​ជាតិ​នៅ​ឆ្នាំ ​២០០៦​។ ​ការ​ហ្វឹកហាត់​ និង​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​តូច​ធំ ​ជា​បន្ត​បន្ទាប់​អស់​​រយៈពេល​ ១១ ​ឆ្នាំ ​ក្នុង​ថ្នាក់​ជាតិ សាម៉ន ​តែងតែ​ទទួល​បាន​លទ្ធផល​ល្អ​ លំដាប់​ជួរ​មុខ ​ប៉ុន្តែ​ការ​ប្រកួត​នៅ​​លើ​ឆាក​អន្តរជាតិ ​ដែល​បាន​ចូលរួម​​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ​ជា​ច្រើន​នោះ គេ​មិន​ទទួល​បាន​លទ្ធផល​ចំណាត់​ថ្នាក់​ជយលាភី​ទេ ​គឺ​ធ្លាប់​បាន​ត្រឹម​លេខ​ ៥ ​ប៉ុណ្ណោះ​ លើ​​វិញ្ញាសា​ ៨០០ ​ម៉ែត្រ​។​

យ៉ាងណា​ក្ដី ការ​ទទួល​បាន​នូវ​ចំណេះ​ជំនាញ និង​បទពិសោធ​យ៉ាង​ច្រើន​ពី​អាជីព​ជា​អ្នក​រត់​ប្រណាំង​នេះ លោក​ គៀង​ សាម៉ន​ វ័យ​ ៤៩ ​ឆ្នាំ​ ត្រូវ​បាន​សហព័ន្ធ​ខ្មែរ​កីឡា​​អត្តពលកម្ម ​ផ្តល់​តួនាទី​ជា​គ្រូ​ជម្រើស​ជាតិ ​ ដើម្បី​បង្វឹក​វិញ្ញា​សា ​៨០០ ម៉ែត្រ ​ទៅ ​១ ៥០០ ​ម៉ែត្រ​ តាំង​ពី​ឆ្នាំ​ ២០១៩ ​មក​ម្ល៉េះ។ ​មាន​លំនៅ​នៅ​​ភូមិ​ខ្សុំ​ ឃុំ​បន្ទាយដែក ​ស្រុក​កៀនស្វាយ ​ខេត្ត​កណ្តាល​ ​គៀង ​សាម៉ន មាន​ភរិយា​ និង​កូនៗ​ចំនួន​ ៦ ​នាក់ ហើយ​​តាមរយៈ​ការ​​លេង​កីឡា​ក៏​ទទួល​បាន​​ក្រប​ខ័ណ្ឌ​ជា​មន្ត្រី​កង​យោធពល​ខេមរភូមិន្ទ​ ដែល​មិន​ទាន់​បាន​ស័ក្តិ​ ១ ​ផង ​ហើយ​បច្ចុប្បន្ន​លោក​កំពុង​ពេញ​ចិត្ត​ និង​តួនាទី​បន្ថែម​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ ​ផ្នែក​រត់​ប្រណាំង​នេះ។​

លោក​ គៀង​ សាម៉ន ​​និយាយ​ថា​៖ «​ខ្ញុំ​រៀន​បាន​តិចតួច​ណាស់ តែ​​​ខ្ញុំ​​បាន​តស៊ូ​ក្នុង​ឆាក​ជីវិត​ ​មក​ដល់​ពេល​នេះ ដោយ​​ខ្ញុំ​បាន​ចាប់​យក​អាជីព​ជា​អត្តពលិក​រត់​ប្រណាំង​ ដែល​បាន​​ជាប់​ជម្រើស​ជាតិ​ ១១ ​ឆ្នាំ​។​ បើ​និយាយ​ពី​ការ​ចូលរួម​ប្រកួត​ក្នុង​ស្រុក​វិញ ​ខ្ញុំ​នៅ​លំដាប់​ជួរ​មុខ ​ក្នុង​ប្រភេទ​ ៨០០ ​ម៉ែត្រ​ គឺ​ឈ្នះ​ជយ​លាភី​រាប់​ភ្លេច ​សម្រាប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ។ ​ក្នុង​វិញ្ញាសា​ចម្ងាយ​ ៤០០ ម៉ែត្រ​, ៨០០ ​ម៉ែត្រ​ ឬ​ ១ ៥០០ ​ម៉ែត្រ​ ហើយ​សូម្បី​តែ​ជើង​ខ្លាំង​លោក​ ហែម ​ប៊ុន​ទីង ​ក៏​មិន​ឈ្នះ​ខ្ញុំ​ដែរ ​តែ​ខ្ញុំ​មិន​មែន​ជា​ដៃ​គូ​​ប្រជែង​គាត់​ឡើយ ​លើ​វិញ្ញាសា​ឆ្ងាយ​ចាប់​ពី​ ៥ ​គីឡូម៉ែត្រ​ឡើង​ទៅ​​»។

«ចំណែក​លើ​ឆាក​អន្តរជាតិ​ ខ្ញុំ​ធ្លាប់​បាន​ចូលរួម​ប្រកួត​ច្រើន​មាន​វៀតណាម​ ឡាវ​ ថៃ​ រុស្ស៊ី, ផ្នែក​ទ្វីប​អាហ្វ្រិក និង​ប៉ែក​អឺរ៉ុប​ផង​ដែរ ​តែ​លំបាក​ឈ្នះ​គេ​ណាស់ ​ដោយ​បេក្ខជន​ប្រកួត​មក​ពី​ច្រើន​ប្រទេស ​គឺ​ខ្ញុំ​មាន​លទ្ធផល​ក្នុង​កម្រិត​មធ្យម​។​ បន្ថែម​ពី​លើ​នេះ ខ្ញុំ​ធ្លាប់​បាន​ចូលរួម​អូឡាំពិក ​នៅ​ប្រទេស​អង់គ្លេស​ ឆ្នាំ​ ២០១២​ ព្រម​​ទាំង​ធ្លាប់​​តំណាង​ឱ្យ​កម្ពុជា​នៅ​​ស៊ីហ្គេម​ជា​ច្រើន​លើក ហើយ​ខ្ញុំ​ធ្លាប់​បាន​ចំណាត់​ថ្នាក់​លេខ​ ៤ ​ពេល​ស៊ីហ្គេម​នៅ​ឥណ្ឌូណេស៊ី​ ឆ្នាំ​ ២០១១»​។

គៀង សាម៉ន បាន​បន្ថែម​ថា៖​ «ក្រៅ​ពី​នេះ​ ខ្ញុំ​ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​​ព្រឹត្តិការណ៍​​ច្រើន​ទៀត ​ប៉ុន្តែ​បេក្ខជន​ច្រើន​ណាស់ ​យើង​មិន​អាច​ដណ្តើម​បាន​ចំណាត់​ថ្នាក់​ជយលាភី​​ទេ​ តែ​សម្រាប់​​​កម្រិត​បច្ចេកទេស​ យើង​ធ្វើ​បាន​​កាន់​តែ​ល្អ ជា​បន្ត​បន្ទាប់​។ ​យ៉ាង​ណា​ក្តី ​ខ្ញុំ​ពេញ​ចិត្ត​នឹង​លទ្ធផល​ប៉ុណ្ណឹង​ ​ព្រោះ​សមត្ថភាព​បាន​ប៉ុណ្ណឹង ​ហើយ​អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត​ខ្លាំង ​ក្នុង​សកម្មភាព​កីឡា​ជិត​ ២០ ​ឆ្នាំ​នេះ​ គឺ​ខ្ញុំ​ទទួល​បាន​ជាប់​ជា​គ្រូ​ជម្រើស​ជាតិ​ ព្រោះខ្ញុំ​ប៉ង​ប្រា​ថ្នា​យូរ​មក​ហើយថា ​ពេល​​រត់​លែង​កើត ​គឺ​ចង់​ធ្វើ​គ្រូ​បង្វឹក»​។​

លោក​ សាម៉ន​ ​លម្អិត​ថា​៖ «​ខ្ញុំ​បាន​ឆ្លង​វគ្គ​បណ្តុះបណ្តាល​ជា​គ្រូ​បង្វឹក​កម្រិត​ទី​១ ​ហើយ​​​ចង់​បន្ត​វគ្គ​​នេះ​បន្ថែម​ទៀត​ ក្នុង​កម្រិត​២ ​ឬទី​៣​​ ​ឬ​ក្នុង​វិញ្ញាសា​ផ្សេង​ទៀត​ ​ព្រោះ​​កីឡា​អត្តពលកម្ម​នេះ ​មាន​​ច្រើន​វិញ្ញាសា​​​ណាស់ ​គឺ​ច្រើន​​ជាង​ប្រភេទ​កីឡា​ដទៃ​»៕